គណបក្សសង្គ្រោះជាតិ ថ្កោលទោសរបបក្រុងភ្នំពេញ ចំពោះការបន្តចាប់ខ្លួនសកម្មជនបក្សប្រឆាំងចំនួន ៦នាក់ថែមទៀត កាលពីថ្ងៃទី១៣ និង១៤ កញ្ញា។ មន្ត្រីរបបក្រុងភ្នំពេញ អះអាងថា ការចាប់ខ្លួនមនុស្សទាំង ៦នាក់នោះ ជាការអនុវត្តច្បាប់។ សមត្ថកិច្ចចោទប្រកាន់សកម្មជនទាំងនោះពីបទទៅទទួលយកផែនការប្រឆាំងសាលដីកា និងផ្ដួលរំលំរបបក្រុងភ្នំពេញ ពី លោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី។
គណបក្សប្រឆាំង ហៅការចាប់ខ្លួនសកម្មជនទាំង ៦នាក់ បន្ថែមទៀតនេះ ជាទង្វើរំលោភបំពានច្បាប់យ៉ាងកំរោល និងជាសកម្មភាពព្រៃផ្សៃ ដូចរបបខ្មែរក្រហម ដែលប្រើប្រាស់វិធីបង្ក្រាបលើមនុស្សស្លូតត្រង់គ្មានកំហុស ឱ្យបាក់ស្បាត លែងហ៊ានងើបតវ៉ាទាមទាររកយុត្តិធម៌ និង សិទ្ធិសេរីភាពរបស់ខ្លួន។
សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៤ កញ្ញាបង្ហាញថា សមត្ថកិច្ចរបបក្រុងភ្នំពេញ បានចាប់សកម្មជនបក្សប្រឆាំងយ៉ាងហោចណាស់ ៦នាក់ថែមទៀត នៅរយៈពេល ២ថ្ងៃ ដោយគ្មានបង្ហាញដីកាចាប់ខ្លួន ឬមូលហេតុនៃការសម្រុកចូលចាប់ខ្លួនឡើយ។ មនុស្សទាំង ៦នាក់នោះ រួមមាន ប្រធានយុវជនគណបក្សសង្គ្រោះជាតិស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លោក យ៉ាត ភារម្យ ត្រូវចាប់ខ្លួននៅខេត្តបន្ទាយមានជ័យ សមាជិកទ្រទ្រង់គណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ លោក ទុំ ប៊ុនថន ត្រូវបានចាប់ខ្លួន នៅខេត្តសៀមរាប និងអតីតអ្នកអានព័ត៌មានក្នុងបណ្ដាញហ្វេសប៊ុក (facebook) របស់ លោក សម រង្ស៊ី គឺកញ្ញា យូ ចាន់ធានី ត្រូវបានចាប់ខ្លួន នៅកន្លែងធ្វើការក្នុងធនាគារ ABA នៅរាជធានីភ្នំពេញ។ អ្នកទាំង៣ ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ខ្លួន ថ្ងៃទី១៣ កញ្ញា។ ចំណែកសកម្មជន ៣នាក់ទៀត ជាសមាជិកបក្សប្រឆាំងនៅខេត្តកណ្ដាល គឺសមាជិកគណៈកម្មាធិការប្រតិបត្តិស្រុកស្អាង លោក លី ម៉េងឃាង មេឃុំជាប់ឆ្នោត ឃុំសំរោងធំ ស្រុកកៀនស្វាយ លោក លី លីន និងជំទប់ទី១ ជាប់ឆ្នោតនៅឃុំព្រែកស្ដី ស្រុកកោះធំ លោក ឈុន ថៃយុទ្ធ។ សកម្មជនបក្សប្រឆាំងខេត្តកណ្ដាលទាំង ៣នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅថ្ងៃទី១៤ កញ្ញា។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ លោក ម៉ន ផល្លា ប្រាប់ថា សកម្មជនជាស្ត្រីអ្នកអានព័ត៌មានម្នាក់ គឺកញ្ញា យូ ចាន់ធានី ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចដាក់ពន្ធនាគារព្រៃស (ម២) ហើយ នៅព្រលប់ថ្ងៃទី១៤ កញ្ញា។ លោកថា តុលាការ និងអាជ្ញាធរ ប្រើហេតុផលចោទមិនសមទំនង ដើម្បីធ្វើទុកបុកម្នេញសកម្មជនបក្សប្រឆាំង៖ «ម្សិលមិញ គឺដឹងតែម្នាក់ទេ គឺកញ្ញា យូ ចាន់ធានី ល្ងាចម៉ោង ៦ហ្នឹង ត្រូវបានគេបញ្ជូនទៅមណ្ឌលកែប្រែ "ម២" ហៅថា ពន្ធនាគារព្រៃស។ អ៊ីចឹងម្នាក់ទៀត គឺអត់បានដឹងទេ ដោយសារយើងទាក់ទងអត់បាន គឺបានដំណឹងតែម្នាក់ គឺកញ្ញា យូ ចាន់ធានី»។
សមត្ថកិច្ចនៃរបបក្រុងភ្នំពេញ បានចោទប្រកាន់សកម្មជនបក្សប្រឆាំងថា បានទៅទទួលយកផែនការប្រឆាំងសាលដីកាតុលាការកំពូល និងផែនការផ្ដួលរំលំរដ្ឋាភិបាល ពីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី កាលពីខែសីហា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់អាស៊ីសេរីនៅយប់ថ្ងៃទី១៥ កញ្ញា ហៅសេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ថាមានចេតនាបិទបាំងផែនការទុច្ចរិតរបស់គណបក្សខ្លួន ដែលលោក ជិន ម៉ាលីន ហៅថា ជាក្រុមចលនាក្រៅច្បាប់។ មន្ត្រីរបបក្រុងភ្នំពេញរូបនេះ ប្រាប់ថាដើមហេតុនៃការចាប់ខ្លួនសកម្មជនទាំងនោះ ដោយសារសកម្មជនទាំងនោះ បានធ្វើសកម្មភាពតាមការអំពាវនាវរបស់គណបក្សប្រឆាំង។ លោក ជិន ម៉ាលីន ណែនាំឱ្យគណបក្សសង្គ្រោះជាតិ រកមេធាវី និងជំនួយផ្នែកច្បាប់ដល់សកម្មជនទាំងនោះ ជាជាងការចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរដ្ឋាភិបាល៖ «គួរតែរៀបចំជំនួយផ្នែកច្បាប់ផ្ដល់ឱ្យសកម្មជនរបស់ខ្លួននៅកម្ពុជា ដូចជា ការផ្ដល់មេធាវីការពារក្ដី ដល់ពួកគេទាំងនោះ ជាដើម ល និង ល ពីព្រោះ ថា ពួកគេបានធ្វើសកម្មភាពបំពានច្បាប់នៅកម្ពុជា ដោយសារតែការអំពាវនាវ និងផែនការដែលខ្លួនរៀបចំ។ ដូច្នេះខ្លួនត្រូវមានកាតព្វកិច្ចផ្នែកសីលធម៌មួយ គួរតែផ្ដល់ជំនួយផ្នែកច្បាប់ និងមេធាវីការពារក្ដីដល់អ្នកទាំងអស់នោះ។ ជាគោលការណ៍ច្បាប់ សកម្មភាពរបស់សកម្មជនទាំងអស់នោះ មិនមែនជាការអនុវត្តសិទ្ធិសេរីភាពនៃការជួបជុំ ឬសម្ដែងមតិអ្វីទេ។ ប៉ុន្តែវាជាការបំពានច្បាប់នៅកម្ពុជា បានន័យថា សកម្មភាពទាំងឡាយណា ដែលធ្វើឡើងក្នុងចេតនាគាំទ្រដល់អង្គការចាត់តាំងខុសច្បាប់ណាមួយ ឬក៏ធ្វើឡើងតាមការអំពាវនាវ និងផែនការ ដែលរៀបចំដោយអង្គការចាត់តាំង ឬក៏ចលនាខុសច្បាប់ណាមួយ ជាការបំពានច្បាប់នៅកម្ពុជា»។
ប៉ុន្តែ ភរិយារបស់ប្រធានយុវជនគណបក្សសង្គ្រោះជាតិស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លោក យ៉ាត ភារម្យ គឺលោកស្រី មិន មុំ បដិសេធថា ប្ដីមិនដែលធ្វើអំពើខុសច្បាប់ ឬប្រឆាំងជាមួយរដ្ឋាភិបាលឡើយ។ លោកស្រីអះអាងថា គ្រួសារ លោកស្រីក្រីក្រណាស់ គ្មានលទ្ធភាពប្រឆាំងរដ្ឋាភិបាលទេ។ លោកស្រីថា កុំថាធ្វើលិខិតឆ្លងដែនចេញក្រៅប្រទេស សូម្បីអាហារហូបរាល់ថ្ងៃ ក៏មានការខ្វះខាតដែរ។ លោកស្រីអះអាងថា លោក យ៉ាត ភារម្យ មិនបានចេញក្រៅប្រទេសទៅជួបលោក សម រង្ស៊ី ទេ ហើយលោកស្រីបានទាមទារឱ្យប៉ូលិសដោះលែងស្វាមីវិញជាបន្ទាន់៖ «ថ្ងៃនេះ ខ្ញុំអត់ទាន់បានដឹងដំណឹងប្ដីខ្ញុំទេបង តែខ្ញុំបានស្ដាប់អាស៊ីសេរី ខាងប៉ូលិសស្អីគេ ដែលចោទប្ដីខ្ញុំថា ត្រៀមខ្លួនដើម្បីទៅទទួលលោក សម រង្ស៊ី ចុះមកអីឯណា នៅម៉ាឡេស៊ីអីឯណា គឺខ្ញុំសូមបដិសេធ ព្រោះខ្ញុំជាជនក្រីក្រគ្មានលុយធ្វើលិខិតឆ្លងដែន (Passport) សម្រាប់ទៅទទួលគាត់ទេ។ តែសុំជួយរកយុត្តិធម៌ឱ្យខ្ញុំផង។ ចា ! ប្ដីខ្ញុំអត់បានទៅម៉ាឡេស៊ីអ្វីទេ។ កុំចោទមនុស្ស ដែលស្មោះត្រង់ ចោទទម្លាក់កំហុសឱ្យគាត់អ៊ីចឹង ព្រោះខ្ញុំជាជនក្រីក្រ រកតែលុយទិញបាយស៊ីមិនគ្រប់ផង។ ខ្ញុំគ្មានលុយឯណា ទៅធ្វើប៉ាសស្ព័រ។ អ៊ីចឹងសូមជួយរកយុត្តិធម៌ឱ្យខ្ញុំផង ព្រោះដល់ខែបុណ្យទានហើយ ខ្ញុំចង់ជួបជុំគ្រួសារខ្ញុំ»។
គិតត្រឹមពាក់កណ្ដាលខែកញ្ញានេះ សកម្មជនបក្សប្រឆាំងមូលដ្ឋានចំនួន ២៦នាក់ហើយ ដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន ដោយសារពួកគេហ៊ានរិះគន់របបក្រុងភ្នំពេញ អំពីបញ្ហាលទ្ធិប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។