បក្ស​ប្រឆាំង​ថ្កោលទោស​របប​លោក ហ៊ុន សែន និង​ទាមទារ​ឱ្យ​ទទួលខុសត្រូវ​ករណី​រលំ​អគារ​នៅ​កែប

0:00 / 0:00

គណបក្ស​សង្គ្រោះ​ជាតិ ថ្កោលទោស​អាជ្ញាធរ​របប​លោក ហ៊ុន សែន និង​ទាមទារ​ឱ្យ​ទទួលខុសត្រូវ លើ​ករណី​សោកនាដកម្ម​បាក់​រលំ​អគារ នៅ​ខេត្ត​កែប​។ ចំណែក​សហព័ន្ធ​សហជីព​កម្មករ​សំណង់​ក៏​ស្នើ​ឱ្យ​របប​នេះ ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព ក្នុង​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់។

គណបក្សប្រឆាំង​សង្គ្រោះ​ជាតិ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ កាលពី​ថ្ងៃ​ទី៤ ខែ មករា ថា​គណបក្ស​នេះ មាន​សេចក្ដី​តក់ស្លុត និង​សោកស្ដាយ​យ៉ាង​ខ្លាំង ចំពោះ​ហេតុការណ៍​បាក់​រលំ​សំណង់​អគារ ដែល​បណ្ដាល​ឱ្យ​កម្មករ​សំណង់​ខ្មែរ ស្លាប់ ៧​នាក់ និង​របួស​២២ នាក់​បែបនេះ​។ គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ការទទួលខុសត្រូវ ទៅលើ​អាជ្ញាធរ​ក្រុងភ្នំពេញ ដែល​មិន​យកចិត្តទុកដាក់​ចំពោះ​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​សំណង់​អគារ និង​ការសាងសង់​សំណង់​គ្មាន​គុណភាព និង​គ្មាន​លិខិតអនុញ្ញាត​សាងសង់​តាមច្បាប់ ដែល​បង្ក​ឱ្យ​មាន​សោកនាដកម្ម​ដ៏​សោកសង្រេង​បែបនេះ កើតឡើង​ម្ដង​ហើយ​ម្តង​ទៀត។

គណបក្សប្រឆាំង​តែមួយគត់ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា តែ​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​រម្លាយ កាលពី​ឆ្នាំ២០១៧ នេះ ទាមទារ​ឱ្យ​រក​យុត្តិធម៌​ព្រហ្មទណ្ឌ ដោយ​ត្រូវ​ផ្ដន្ទាទោស​បុគ្គល​ដែល​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​អាជ្ញាធរ​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ក្នុង​ខេត្ត​កែប និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដទៃ​ផ្សេង​ទៀត ដែល​ចាំបាច់​ត្រូវ​លាលែង​ពី​ដំណែង ឬ​បញ្ចប់​មុខតំណែង ដើម្បី​បង្ហាញ​ពី​ការទទួលខុសត្រូវ និង​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ ដែល​បាន​រង​របួស និង​បាត់​បង់ជីវិត​ក្នុង​សោកនាដកម្ម​ដ៏​រន្ធត់​នេះ។

សោកនាដកម្ម​នេះ មិនមែន​ជា​លើកទីមួយ​ទេ​។ ក្នុង​រយៈពេល​ត្រឹមតែ​ជាង ៦ ខែ​សោះ ករណី​រលំ​បាក់​អគារ បាន​កើតឡើង​ចំនួន​បី​លើក នឹង​សម្លាប់​មនុស្ស​អស់​ជិត ៤០ នាក់ និង​របួស ពិការ​រាប់​សិប​នាក់​ផ្សេងទៀត​។ កាលពីដើម​ខែ​ធ្នូ ឆ្នាំ ២០១៩ កម្មករ​បី​នាក់​ស្លាប់​ក្នុង​ករណី​បាក់​សាលាឆាន់ និង​បណ្ដាល​ឱ្យ​កម្មករ​ជាង ១០​នាក់​រង​របួស នៅ​ខេត្ត​សៀមរាប។ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៩ នោះ​ដែរ អគារ​វិនិយោគ​របស់​ជនជាតិ​ចិន​កម្ពស់ ៧​ជាន់ ដែល​កំពុង​សាងសង់ គ្មាន​ច្បាប់​អនុញ្ញាត​នៅ​ខេត្ត​ព្រះសីហនុ បាន​បាក់​រលំ​បណ្ដាល​ឱ្យ​កម្មករ​សំណង់​ស្លាប់ ២៨​នាក់ និង​របួស ២៦​នាក់។

កាលណោះ​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ដក​អនុប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​លោក ញឹម វណ្ណដា ភ្លាមៗ ដោយសារតែ​លោក​ស្តី​បន្ទោស​ថា យឺតយ៉ាវ​នៅ​ក្នុង​ការ​បញ្ជូន​ក្រុម​ជួយសង្គ្រោះ​ទៅកាន់​ទីតាំង ដែល​មាន​ការ​រលំ​បាក់​អគារ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។ បន្ទាប់​មក​លោក ហ៊ុន សែន ក៏បាន​សម្រេច​ឱ្យ​លោក យន្ត មីន ដែល​ជា​អភិបាលខេត្ត​ព្រះសីហនុ​នៅ​ពេល​នេះ ចុះ​ចេញពី​តំណែង​ដែរ​។ លោក ហ៊ុន សែន ពេលនោះ​សម្ដែង​ការ​សោកស្ដាយ ដែល​សោកនាដកម្ម​បែបនេះ​កើតឡើង និង​សន្យា​ថា នឹង​ចាត់វិធានការ​យ៉ាងណា រក​អ្នក​ពាក់ព័ន្ធ​ទាំងអស់​មក​ផ្ដន្ទាទោស និង​កុំ​ឱ្យ​រឿង​នេះ​កើតឡើង​សាជាថ្មី​។ ប៉ុន្តែ ក្រៅពី​ដក​ចេញ​ពី​តំណែង មិន​មាន​មន្ត្រី​ពាក់ព័ន្ធ​ណា​ម្នាក់ ត្រូវ​ទទួលខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ ចំពោះ​ការ​ស្លាប់ និង​របួស​មនុស្ស​ទាំង​នោះ​នោះ​ទេ​។ ជាង​នេះទៅ​ទៀត ការ​បាក់​រលំ​អគារ​កម្ពស់ ៧​ជាន់ ដែល​សម្លាប់​មនុស្ស និង​ធ្វើ​ឱ្យ​របួស​រាប់​សិប​នាក់​នេះ កើតឡើង​សាជាថ្មី​ទៀត ក្នុង​រយៈពេល​ត្រឹមតែ​កន្លះ​ឆ្នាំ ពី​ការ​សន្យា​លើក​មុន។

អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថា​នេះ​ជា​រឿង​អកុសល​មួយ ដែល​កើតឡើង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដោយសារតែ​ការដឹកនាំ​ខ្វះ​ការទទួលខុសត្រូវ និង​ប្រទេស​ខ្វះ​ប្រព័ន្ធ​ត្រួតពិនិត្យ ដោយ​ខ្វះ​សំឡេង​បក្ស​ប្រឆាំង ក្នុង​ការ​ជួយ​ផ្ទៀងផ្ទាត់​អភិបាលកិច្ច​របស់​រដ្ឋាភិបាល ដែល​ធ្វើ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល ហ៊ាន​ជិះ​សេះ​លែងដៃ និង​រួចខ្លួន​ជា​ដរាប​។ ការ​ខ្វះ​យន្តការ​ផ្ទៀងផ្ទាត់​នេះ គឺ​ដោយសារតែ​ការ​ធ្វើទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង រហូត​រម្លាយ​គណបក្ស​ប្រឆាំង ពី​សំណាក់​របប​ក្រុងភ្នំពេញ​នេះឯង​។ ក្រោយ​កើត​សោកនាដកម្ម​ធំៗ​បែបនេះ មន្ត្រី​របប​លោក ហ៊ុន សែន ចាប់ផ្ដើម​ជះ​លុយ ដើម្បី​ធ្វើជា​អំណោយ​ទៅដល់​គ្រួសារ​ជន​គ្រោះ ស្រប​ពេល​ដែល​វប្បធម៌​និទ្ទណ្ឌភាព ឬ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ប្រព្រឹត្ត​កំហុស នៅតែ​បន្ត​រួច​ទោស៖ «ដូច្នេះ​ជា​ការ​បរាជ័យ​។ កុំ​យក​លុយ​ប៉ុន្មាន​ដុល្លារ មក​ដោះដូរ​ជាមួយ​ជីវិត​ប្រជាពលរដ្ឋ​។ ជីវិត​ប្រជាពលរដ្ឋ​ថ្លៃ​ណាស់​ ! ដូច្នេះ​នៅ​ក្នុង​គោលនយោបាយ​របស់​លោក ហ៊ុន សែន ដែល​ជំរុញ​វិស័យ​សាងសង់​សំណង់ វិស័យ​អភិវឌ្ឍន៍​សំណង់ គឺជា​វិស័យ​មួយ​ដែល​គ្រោះថ្នាក់ ដែល​ត្រូវ​ចាត់វិធានការ​។ អ្នក​ដែល​រងគ្រោះ គឺ​អ្នក​ដែល​ក្រ​បំផុត​។ ប៉ុន្តែ អ្នក​ដែល​ត្រូវតែ​ទទួលខុសត្រូវ​ក្នុង​រឿង​នេះ គឺ​អ្នក​កាន់​គោលនយោបាយ​សេដ្ឋកិច្ច​នៃ​ប្រទេសជាតិ​យើង»។

គណបក្ស​សង្គ្រោះ​ជាតិ ថា ដោយសារតែ​អំពើពុករលួយ​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​នៅ​កម្ពុជា​នេះ ក៏​ជា​ដើមចម​នៃ​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នេះ​ដែរ និង​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​បញ្ចប់​អំពើពុករលួយ​ទាំង​នេះ​ដែរ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ខាង​សហជីព​វិស័យ​សំណង់​ឯណោះ ខកចិត្ត​ដែល​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ មិន​យកចិត្តទុកដាក់​គ្រប់គ្រាន់ ក្នុង​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់​វិស័យ​សំណង់​។ អនុប្រធាន​ទី ១ នៃ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា លោក សួ ឆ្លូញ ថា អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ នៅតែ​ខកខាន​ក្នុង​ការ​ធ្វើ​យ៉ាងណា ឱ្យ​សារាចរណែនាំ រួម​ទាំង​ច្បាប់​ផ្សេងៗ ជុំវិញ​សុវត្ថិភាព និង​ស្តង់ដារ​គុណភាព​សំណង់ អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព។

លោក សួ ឆ្លូញ បន្ត​ថា អាជ្ញាធរ​នៅតែ​មិនបាន​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព ក្នុង​ការ​យកចិត្តទុកដាក់​លើ​សុវត្ថិភាព​របស់​កម្មករ​ជា​ចម្បង​ដដែល។ លោក​ថា ករណី​បាក់​រលំ​អគារ​ជា​បន្តបន្ទាប់​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា ច្បាប់​នៅតែ​ធូររលុង ជាពិសេស​គឺ​បញ្ហា​សុវត្ថិភាព​របស់​កម្មករ និង​ក្រុម​គ្រួសារ ដែល​មិន​គួរ​ណា​អ្នក​ទាំងនោះ នៅតែ​ប្រថុយ​នឹង​គ្រោះថ្នាក់ ដែល​អាច​បង្ការ​មុន​នេះ​សោះ​។ ម្យ៉ាងទៀត អាជ្ញាធរ​ពាក់ព័ន្ធ នៅតែ​ឆក​ល្វែង​ក្នុង​ការ​ត្រួតពិនិត្យ​គុណភាព​សំណង់​ឱ្យ​បាន​ត្រឹមត្រូវ ក្នុង​ពេល​កំពុង​សាងសង់៖ «រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ត្រូវតែ​គិត និង​ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ​។ កុំ​ធ្វើ​តែ​ច្បាប់ ឬ​ចេញ​សារាចរណ៍ ឬ​សេចក្ដី​ប្រកាស​ណែនាំ ឱ្យ​បានតែ​ល្អមើល រួចហើយ​ការអនុវត្ត​វា​ផ្ទុយ​។ ដូច្នេះ​ត្រូវ​ចាត់វិធានការ​ឱ្យ​បាន​តឹង​ទៅលើ​មេការ​សំណង់​ទាំងអស់​ហ្នឹង​។ ម្យ៉ាងទៀត ត្រូវ​បែងចែក​ឱ្យ​បាន​ច្បាស់​រវាង កន្លែងធ្វើការ និង​កន្លែង​ស្នាក់នៅ​របស់​កម្មករ»។

សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ កាល​ថ្ងៃ​ទី ៤ ខែ មករា​ដែរ ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល ពិនិត្យ និង​ពិចារណា​ក្នុង​ការ​បង្កើត​ច្បាប់​គ្រប់គ្រង​ការដ្ឋាន​សំណង់ និង​រៀបចំ​ឱ្យ​មាន​នូវ​ច្បាប់ ឬ​ប្រកាស​ស្ដីពី​សុខភាព និង​សុវត្ថិភាព​សម្រាប់​កម្មករ​ក្នុង​វិស័យ​សំណង់​។ សហជីព​កម្មករ​នេះ ក៏បាន​អំពាវនាវ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ជួយ​សម្រួល​ឱ្យ​ជនរងគ្រោះ​ទទួល​បាន​សេវា​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) និង​ចាត់វិធានការ​តឹងរ៉ឹង​លើ​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​ការដ្ឋាន ឱ្យ​ទទួលខុសត្រូវ​ក្នុង​ករណី​គ្រោះថ្នាក់​នេះ។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ និង​អ្នកនាំពាក្យ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​នៅ​ឡើយ​ទេ។

របប​ក្រុងភ្នំពេញ រង​ការរិះគន់​យ៉ាង​ខ្លាំង ថា រួម​រឹត​ទៅ​ដោយ​អំពើពុករលួយ និង​និទ្ទណ្ឌភាព (​ឬ​ដំណើរ​ប្រព្រឹត្ត​ខុស តែ​គ្មាន​ទោសពៃរ៍) ដែល​ធ្វើ​ឱ្យ​មាន​ភាព​ទន់ខ្សោយ ក្នុង​ការ​ត្រួតពិនិត្យ​គុណភាព​សំណង់ និង​ការ​ផ្តល់​សិទ្ធិ​អនុញ្ញាត​ឱ្យ​សាងសង់​សំណង់​ផ្សេងៗ​។ គ្រាន់តែ​ក្រោយ​កើតហេតុ​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ខែ មិថុនា ឆ្នាំ ២០១៩ ភ្លាម លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អះអាង​ថា គណៈកម្មការ​ពិសេស​រក​ឃើញ សំណង់ ៥​ទីតាំង​ផ្សេងៗ​គ្នា ដែល​កំពុង​សាងសង់​អត់​ច្បាប់ នៅ​ខេត្ត​នោះ​ភ្លាម​ដែរ​។ ចំណែក​ឯ អង្គការ​ចលនា​មាតា​ធម្មជាតិ បាន​រក​ឃើញ​សំណង់ ៥​ទីតាំង​ផ្សេងទៀត ឋិត​នៅ​ឆ្នេរ​ឯករាជ្យ ដែល​បាន​សាងសង់​រំលោភ​ឆ្នេរសមុទ្រ ផ្ទុយ​ពី​ច្បាប់​ធម្មនុញ្ញ និង​ច្បាប់​ភូមិបាល។

ប៉ុន្តែ អាជ្ញាធរ​មិនទាន់​បង្ហាញ ថា តើ​នៅ​មាន​សំណង់​ប៉ុន្មាន ដែល​សាងសង់​ខុសច្បាប់ នៅ​ខេត្ត​ផ្សេងៗ​ទៀត ដូចជា​ខេត្ត​សៀមរាប និង​ខេត្ត​កែប​នេះ ជាដើម​នោះ​ទេ។

មន្ត្រី​សហព័ន្ធ​សហជីព​កម្មករ​សំណង់​លោក សួ ឆ្លូញ ថា បើ​អាជ្ញាធរ​នៅ​តែ​មាន​ភាព​ឆក​ល្វែង ក្នុង​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ចាត់វិធានការ​បង្ការ​ឱ្យ​បាន​ម៉ឺងម៉ាត់ ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​នេះ​ទេ ជនរងគ្រោះ​នឹង​មិន​មែនមាន​ត្រឹមតែ​កម្មករ​សំណង់​នោះ​ទេ អ្នក​ដែល​ចូល​មក​ស្នាក់នៅ​អគារ​ដែល​សាងសង់​រួច ក៏​ប្រឈម​នឹង​គ្រោះថ្នាក់ និង​បាត់​ទំនុក​ចិត្ត​លើ​សំណង់​អគារ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។