គណបក្សសង្គ្រោះជាតិ ប្រកាសថា ព្រឹត្តិការណ៍រារាំងដំណើរថ្នាក់ដឹកនាំរបស់ខ្លួននៅតាមផ្លូវទៅស្រុកអន្លង់វែង នោះ ជាការគំរាមកំហែងផ្នែកនយោបាយ និងអាយុជីវិតថ្នាក់ដឹកនាំបក្សនេះដែលធ្វើឡើងជាលក្ខណៈប្រព័ន្ធ។
គណបក្សសង្គ្រោះជាតិ ចោទថា អាជ្ញាធរជាអ្នករៀបចំការរារាំងដំណើររបស់ថ្នាក់ដឹកនាំទៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី៨ មិថុនា នោះ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅព្រឹកថ្ងៃទី៩ មិថុនា បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម មានប្រសាសន៍ថា ព្រឹត្តិការណ៍នៅផ្លូវទៅស្រុកអន្លង់វែង នៅថ្ងៃទី៨ មិថុនា នោះ មិនត្រឹមតែជាការរារាំងដំណើរទេ គឺជាការបង្ខាំងបេក្ខជនអ្នកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ មួយរយៈ។
លោក ប៉ុល ហំម ចោទថា អ្នករារាំងទាំងនោះជាកម្លាំងប្រដាប់អាវុធ យោធា ហើយនៅក្រោមការទទួលខុសត្រូវរបស់គណៈបញ្ជាការខេត្ត និងស្រុក៖ «កុំនិយាយប្រាប់ខ្ញុំថា មនុស្សមិនដឹងមកពីណា ប្រជាពលរដ្ឋខ្មោចយក៍ស្អី! ប្រជាពលរដ្ឋមានអាយកូម (វិទ្យុទាក់ទង)? ប្រជាពលរដ្ឋមានកាំភ្លើងខ្លី? ប្រជាពលរដ្ឋមានរៀបប្រព័ន្ធសុទ្ធតែឡានទំនើប ក្បាលពោះស្អុយៗហ្នឹង? សាច់ឈាមហ្នឹង មិនមែនប្រជាពលរដ្ឋទេ ខ្ញុំដឹងហើយ។ ខ្ញុំសុំជម្រាបថា មុនពេលខ្ញុំទៅដល់ ខ្ញុំបានពិភាក្សាជាមួយឯកឧត្ដម ហុង សុខហួរ។ ខ្ញុំថា ឯកឧត្ដម ហុង សុខហួរ ជម្រាបលោកប្រធាន មានសមាជិកយើងម្នាក់ដែលមានកូនធ្វើយោធានៅកន្លែងហ្នឹង ខ្ញុំសុំមិនប្រាប់ទីកន្លែងទេ ព្រោះខ្ញុំរក្សាសុវត្ថិភាព យុទ្ធជនហ្នឹង និងឪពុកតេទៅខ្ញុំថា ជម្រាបលោកប្រធានកុំឱ្យទៅ។ ទាហាន ៤ ទៅ ៥ ឡាន គេទៅរារាំងនៅក្នុងព្រៃស្អាក»។
លោកទាមទារឱ្យអាជ្ញាធរខេត្តឧត្ដរមានជ័យ ស្រុកអន្លង់វែង អាជ្ញាធរជាតិ មានក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ទទួលខុសត្រូវចំពោះព្រឹត្តិការណ៍នោះ ហើយប្រគល់សម្ភារៈដែលរឹបអូស ដូចជាទូរស័ព្ទ និង iPad ប្រគល់មកគណបក្សសង្គ្រោះជាតិវិញ។
ការចោទប្រកាន់របស់គណបក្សសង្គ្រោះជាតិ ដែលថា អ្នករារាំងជាកម្លាំងយោធានោះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអាជ្ញាធរខេត្ត និងថ្នាក់ជាតិ ដើម្បីសុំការបញ្ជាក់បានទេ នៅថ្ងៃទី៩ មិថុនា នេះ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ហៅព្រឹត្តិការណ៍រារាំងនៅផ្លូវទៅស្រុកអន្លង់វែង ថា ជាការគំរាមកំហែងអាយុជីវិតថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ៖ «ការគំរាមកំហែងនេះ ខ្ញុំសន្និដ្ឋានថា ប៉ុនប៉ងដល់អាយុជីវិតមកលើពួកយើងខ្ញុំជាមេដឹកនាំពិតប្រាកដ ហើយអត្តសញ្ញាណនេះ អត់អាចគណបក្សប្រជាជនមកនិយាយថា ប្រជាពលរដ្ឋទេ។ គឺយើងឃើញហើយថា ជាកម្លាំងដែលសុទ្ធតែក្មេង ហើយមាននារី អត់មានស្រីទេ។ ចេញមកប្រុសៗ ទាំងអស់ ហើយសាហាវព្រៃផ្សៃណាស់បងប្អូន»។
លោកចាត់ទុកប្រទេសកម្ពុជា ថាកំពុងធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់។
លោក ប៉ុល ហំម ចោទប្រកាន់អាជ្ញាធរថា រៀបចំការរារាំងនោះជាប្រព័ន្ធ និងគ្រោងទុកជាមុន ដើម្បីគំរាមកំហែងផ្នែកនយោបាយ ដោយបង្ខំឱ្យគណបក្សសង្គ្រោះជាតិ ចូលសភាដោយមិនបាច់ចរចា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។