មន្ត្រីបក្សប្រឆាំង មិនគាំទ្រចំពោះការបង្កើតព្រឹត្តិការណ៍ ២០ មិថុនា ដើម្បីពង្វក់ឲ្យពលរដ្ឋខ្មែរដឹងគុណវៀតណាមតទៅទៀតនោះទេ។
ប្រធានគណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន្តនៃគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ហៅការប្រារព្ធទិវារំលឹកខួប ២០ មិថុនា ឆ្នាំ១៩៧៧ ថា ឥតប្រយោជន៍ដល់ជាតិខ្មែរ។ លោក ថា ការធ្វើបែបនេះជាការដាក់សម្ពាធឲ្យពលរដ្ឋខ្មែរឲ្យដឹងគុណវៀតណាមជារៀងរហូត ខណៈវៀតណាមមិនមានបំណងល្អក្នុងការជួយកម្ពុជាទាល់តែសោះ។
លោកពន្យល់ថា ព្រឹត្តិការណ៍ ២០ មិថុនា ឆ្នាំ១៩៧៧ ជាពេលវេលាលោក ហ៊ុន សែន និងទាហានខ្មែរក្រហមផ្សេងទៀតចាប់ផ្ដើមភៀសខ្លួនគេចទៅប្រទេសវៀតណាមព្រោះរបបប៉ុល ពត ចាប់ផ្ដើមសង្ស័យលោក ហ៊ុន សែន និងបក្ខពួកផ្សេងទៀតថា បានប្រព្រឹត្តខុសគោលនយោបាយខ្មែរក្រហម។ លោក អ៊ុំ សំអាន បន្តទៀតថា នៅពេលនោះខាងវៀតណាម ក៏មានបំណងចង់ខ្ចីដៃលោក ហ៊ុន សែន និងបក្ខពួកដើម្បីឈ្លានពានកម្ពុជាដែរ ទើបយល់ព្រមចិញ្ចឹមពួកគេនៅប្រទេសវៀតណាមច្រើនឆ្នាំទុកប្រើការឈ្លានពានចូលកម្ពុជា និងបានលើកបន្តុបឲ្យធ្វើមេដឹកនាំកម្ពុជាដល់សព្វថ្ងៃ។
មន្ត្រីបក្សប្រឆាំងរូបនេះជំរុញឲ្យរដ្ឋាភិបាលឈប់បង្កើតព្រឹត្តិការណ៍នានាដើម្បីពង្វក់ឲ្យពលរដ្ឋខ្មែរដឹងគុណវៀតណាមមិនចេះចប់មិនចេះហើយតទៅទៀត និងត្រូវតែចេះទាមទារឲ្យវៀតណាមដឹងគុណកម្ពុជាវិញ ព្រោះវៀតណាមជំពាក់គុណកម្ពុជាច្រើនណាស់៖ « រួបរួមគ្នាកសាងជាតិទៅ ហើយយើងកុំយកប្រទេសណាមួយជាមេធំផ្ដាច់មុខអ៊ីចឹង។ យើងត្រូវតែមានទំនាក់ទំនងអន្តរជាតិស្មើគ្នា មានទំនាក់ទំនងមិត្តភាពស្មើគ្នាជាមួយប្រទេសទូទៅនៅលើពិភពលោក។ កុំយកចិន ឬក៏វៀតណាមជាចៅហ្វាយដូចសព្វថ្ងៃណា ទើបយើងអាចរក្សាប្រទេសជាតិយើងឲ្យគង់វង្ស។ បើមិនអ៊ីចឹងទេ កម្ពុជាយើងនឹងក្លាយទៅជាកម្ពុជាក្រោមទី២ហើយ»។
របបក្រុងភ្នំពេញ នៅថ្ងៃទី២០ ខែមិថុនា បានអញ្ជើញរដ្ឋមន្ត្រីការពារប្រទេសវៀតណាម និងយោធាវៀតណាមច្រើននាក់មកធ្វើពិធីរំលឹកខួប ៤៤ឆ្នាំ នៃថ្ងៃលោក ហ៊ុន សែន ភៀសខ្លួនទៅប្រទេសវៀតណាម កាលពីឆ្នាំ១៩៧៧ ដើម្បីធ្វើពិធីរំលឹកខួបនៅទីតាំងក្បែរព្រំដែន ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងពិធីរំលឹកខួបនៅឆ្នាំនេះ រដ្ឋមន្ត្រីការពារជាតិលោក ទៀ បាញ់ មិនបានថ្លែងសុន្ទរកថាអ្វីទេ ដែលខុសពីឆ្នាំមុន គឺក្នុងខួប ៤៣ឆ្នាំ លោក ទៀ បាញ់ បានស្នើសុំវៀតណាមចងក្រងឯកសារស្ដីពីការភៀសខ្លួនរបស់លោក ហ៊ុន សែន ដើម្បីកុំឲ្យមានអ្នកបំបែកបំបាក់មិត្តភាពកម្ពុជា-វៀតណាម និងស្នើសុំពលរដ្ឋខ្មែរដឹងគុណប្រទេសវៀតណាម។ ក្នុងខួប ៤៤ឆ្នាំនេះ រដ្ឋាភិបាលកម្ពុជា និងយោធាវៀតណាម បានប្រើពេលខ្ទង់ ៣ម៉ោង ដើម្បីដើរមើលសមិទ្ធផលនានា នៅទីនោះ។ រដ្ឋាភិបាលក៏ចាប់ផ្ដើមសម្ពោធពិធីកសាងអគារមិត្តភាពកម្ពុជា-វៀតណាមនៅទីនោះបន្ថែមទៀតដែរ។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឆ្នាំនេះបានរៀបរាប់លើហ្វេសប៊ុក (facebook) មិនខុសពីឆ្នាំមុនទេថា លោកគ្មានជម្រើសណាល្អជាងការយកប្រថុយយកជីវិតធ្វើជាដើមទុនទៅសុំការពឹងពាក់ពីប្រទេសវៀតណាមឲ្យជួយជាតិខ្មែរទេ ព្រោះគ្មាននរណាម្នាក់អាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ លោកបន្តថា ជម្រើសដ៏គ្រោះថ្នាក់នៅពេលនោះ បាននាំមកនូវសេចក្ដីសុខ និងការរីកចម្រើនរហូតសព្វថ្ងៃ។
បន្ថែមពីនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ពន្យល់ថា ការមិនទទួលស្គាល់ព្រឹត្តិការណ៍នេះ គឺជារឿងនយោបាយ តែជាសច្ចៈភាពប្រវត្តិសាស្ត្រ គឺថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាថ្ងៃចាប់ផ្ដើមនៃការរំដោះជាតិ និងសង្គ្រោះប្រជាជនកម្ពុជា៖ « គេធ្វើគុណជាមួយយើង យើងដឹងគុណ។ ក៏ប៉ុន្តែយើងក៏មិនអាចយកគុណហ្នឹងទៅធ្វើឲ្យបាត់បង់ទឹកដី បាត់បង់ឯករាជ្យជាតិ បាត់បង់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់យើងទេ។ អ៊ីចឹងទេ បងប្អូនមួយចំនួនដែលនៅខាងក្រៅហ្នឹង ក៏ដោយសារបានគុណថ្ងៃ ២០ មិថុនា ហ្នឹងដែរ»។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលយល់ថា ទិវា ២០ មិថុនា ឆ្នាំ១៩៧៧ នឹងមិនមានឥទ្ធិពលខ្លាំងធ្វើឲ្យយុវជនជំនាន់ក្រោយដឹងគុណវៀតណាមទេ។ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា សង្កេតឃើញថា ទិវាមួយចំនួនដែលទាក់ទងនឹង ៧ មករា មិនទទួលបានការស្វាគមន៍ពីគ្រប់មជ្ឈដ្ឋាន ព្រោះពាក់ព័ន្ធនឹងការលើកទ័ពរបស់វៀតណាមចូលកម្ពុជា។ ទោះជាលោកមិនជំទាស់នឹងការប្រារព្ធកម្មវិធីនានាសំដៅដល់ការដឹងគុណវៀតណាមក្តី តែលោកក៏ចង់ឲ្យពលរដ្ឋដឹងថា វៀតណាមជំពាក់គុណកម្ពុជាច្រើនដែរ ទើបអាចបង្រួបបង្រួមគ្នា និងរីកចម្រើនដល់សព្វថ្ងៃ៖ « បើយើងនិយាយទៅ វា ( ២០មិថុនា ) ជាបុព្វហេតុនៃការឈានទៅរកថ្ងៃ ៧ មករា ហើយ ៧ មករា គណបក្សកាន់អំណាចបានប្រើពាក្យថា ថ្ងៃកំណើតទី២ សម្រាប់ពលរដ្ឋកម្ពុជាទូទៅ។ ប៉ុន្តែបើសម្រាប់យុវជន វាជាថ្ងៃកំណើតទី៣ ហើយ ព្រោះយុវជនកម្ពុជា នៅក្មេងកើតក្រោយ ៧៩។ មានតែឪពុកម្ដាយគាត់ទេ ដែលអាចទាន់ ហើយឪពុកម្ដាយគាត់ហ្នឹងក៏នៅក្នុងវ័យមួយវា គេហៅថា ទាំងខ្ញុំទាំងគេហ្នឹង ជ្រេចាស់ហើយ គេហៅថា លែងមានសក្តានុពលហើយ»។
ជារឿយៗ របបក្រុងភ្នំពេញ និងបក្សកាន់អំណាច តែងតែអំពាវនាវឲ្យពលរដ្ឋខ្មែរដឹងគុណវៀតណាមជានិច្ច តែមិនដែលហ៊ានទាមទារឲ្យវៀតណាមដឹងគុណកម្ពុជាទេ។ របបក្រុងភ្នំពេញ ក៏តែងតែធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរដែលហ៊ាននិយាយរិះគន់បញ្ហាជាមួយប្រទេសវៀតណាមដែរ។ មិនតែប៉ុណ្ណោះ របបនេះក៏បានបង្កើតព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដើម្បីរំលឹកគុណវៀតណាម មានដូចជា ទិវាជ័យជម្នះថ្ងៃទី ៧ មករា ទិវាចងកំហឹងរបបប៉ុលពលថ្ងៃទី ២០ ឧសភា ទិវាចាប់ផ្ដើមចេញតស៊ូរំដោះប្រទេសថ្ងៃទី ២០ មិថុនា និងព្រឹត្តិការណ៍កងទ័ពវៀតណាមលើកទ័ពចូលកម្ពុជា ថ្ងៃទី ២ ធ្នូ ជាដើម។
គណបក្សប្រឆាំង ចាត់ទុកព្រឹត្តិការណ៍ទាំងអស់នេះថា គ្មានប្រយោជន៍ទាល់តែសោះ និងប្រារព្ធឡើងដើម្បីកេងចំណេញនយោបាយ និងអែបអបវៀតណាម ឲ្យជួយរក្សាអំណាចដល់ក្រុមបក្ខពួកមេដឹកនាំរបបក្រុងភ្នំពេញបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។