គណបក្សសង្គ្រោះជាតិទាមទារអោយរបបក្រុងភ្នំពេញដោះលែងលោក កឹម សុខា និងផ្តល់សិទ្ធិសេរីភាពរបស់លោកមានសិទ្ធិធ្វើនយោបាយឡើងវិញបន្ទាប់ពីលោកបានជាប់ឃុំនៅក្នុងពន្ធនាគារ និងជាប់ឃុំឃាំងក្នុងផ្ទះអស់រយៈពេលជាង ១ឆ្នាំ។
ញត្តិរបស់គណបក្សសង្គ្រោះជាតិ ដែលអាស៊ីសេរី ទទួលបាននៅមុនពេល ដែលអ្នកគាំទ្រគណបក្សប្រឆាំងនៅក្រៅប្រទេសគ្រោងនឹងធ្វើបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីងតោន និង នៅមុខស្ថានទូតចិននៅទីនោះ នៅថ្ងៃទី១១ មករាខាងមុខនេះ បានទាមទារឱ្យរបបក្រុងភ្នំពេញដោះលែងលោក កឹម សុខា ឱ្យមានសេរីភាពឡើងវិញ។
ញត្តិរបស់គណបក្សសង្គ្រោះជាតិក៏បានទាមទារអោយប្រទេសចិនកុម្មុយនិស្តលប់ចោលនូវគម្រោងបង្កើតមូលដ្ឋានកងទ័ពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាផងដែរ បើទោះជាកន្លងមករដ្ឋាភិបាលកម្ពុជាបដិសេធថា មិនមានគម្រោងបែបនេះក៏ដោយចុះ ។
អគ្គលេខាធិការនៃសាខាគណបក្សសង្គ្រោះជាតិអាមេរិក លោក រី គា បញ្ជាក់ថា ករណីលោក កឹម សុខាគឺជារឿងនយោបាយដូច្នេះមិនត្រូវដោះស្រាយតាមរយះតុលាការតេឡេនោះទេ។ ដោយឡែកករណីរឿងដាក់មូលដ្ឋានកងទ័ពចិននៅក្នុងប្រទេសកម្ពុជាវិញ លោកបញ្ជាក់ថា ប្រទេសចិនជាប្រទេសមួយដែលបានចុះហត្ថលេខានៅក្នុងកិច្ចព្រមព្រាងសន្តិភាពទីក្រុងប៉ារីសកាលពីថ្ងៃទី២៣ ខែតុលាឆ្នាំ១៩៩១ ដូច្នេះចិនត្រូវតែគោរពច្បាប់អន្តរជាតិ៖ « សូមអោយប្រជាពលរដ្ឋខ្មែរហ្នឹងយកជំហរជាតិជាធំ ហើយដើរតាមក្រោយគោលការណ៍របស់គណបក្សសង្គ្រោះ ជាតិ យើងងើបឈរទាំងអស់គ្នានៅជាមួយគណបក្សសង្គ្រោះជាតិកុំបែក ងាករេទៅតាមគណបក្សតូចតាចដើម្បីអំណាចលុយកាក់បន្តិចបន្តួចដែលគណបក្សប្រជាជនគេទិញ គេបំបែកគេព្យាយាមសម្លុតអីហ្នឹង។យើងកុំអោយជឿពួកហ្នឹង អោយសោះ យើងនៅបន្តគាំទ្រគណបក្សសង្គ្រោះជាតិបន្តទៅទៀតពីព្រោះជាគណបក្សរបស់ខ្មែរយើង » ។
ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសមកពីរដ្ឋនានា នៃសហរដ្ឋអាមេរិក និង ប្រទេសកាណាដា នៅថ្ងៃទី១១ ខែមករាខាងមុខនេះនឹងដឹកនាំធ្វើបាតុកម្មសារជាថ្មីម្ដងទៀតនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ។ បាតុកម្មនេះគ្រោងនឹងដង្ហែញត្តិទៅដាក់ក្នុងស្ថានទូតចិនផងដែរ៕