គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ជា​ថ្មី​​ទៀត​​ឱ្យ​​របប​​ក្រុង​​ភ្នំពេញ​​បញ្ចប់​​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ​​លើ​​សកម្មជន​​គណបក្ស​​​នេះ​​ទៀត

ដោយ មាន ឫទ្ធិ
2019-04-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​។
លោក​ អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​។
រូប៖ RFA

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ អេង ឆៃអ៊ាង​ បាន​ទាមទារ​សា​ជា​ថ្មី​ម្ដង​ទៀត​ដល់​របប​ក្រុង​ភ្នំពេញ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់​រាល់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ម្ដង​ហើយ​ម្ដង​ទៀត​ដល់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​មូលដ្ឋាន​ និង​ត្រូវ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ។​

ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​​កើតមាន​ឡើង​ក្រោយ​ពី​ក្រុម​សមត្ថកិច្ច​នៃ​របប​ក្រុង​ភ្នំពេញ​កាល​បី​ថ្ងៃ​ទី២២​ ខែ​មេសា​ បាន​ចាប់​ខ្លួន​ លោក​ ស៊ូ យាន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ពី​បទ​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​របប​នេះ​ចាត់​ទុក​ថា ជា​ការ​ប្រមាថ​ដល់​លោក​ ហ៊ុន សែន។

នៅ​ក្នុង​គណនី​ហ្វេសប៊ុក​ដែល​មាន​ម្ចាស់​គណនី​ឈ្មោះ​ ស៊ូ យាន​ បាន​សរសេរ​ថា​«តម្លៃ​ជាតិ​ធំធេង​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ។ កុំ​យក​រាស្ត្រ​មក​ធ្វើ​ជា​ឧបករណ៍​អំណាច​អី»។​ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ​គណនី​ដដែល​នេះ​ក៏​បាន​បង្ហាញ​ពី​សកម្មភាព​មហា​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​សប្ដាហ៍​មុន​ផង​ដែរ។

លោក​អេង ឆៃអ៊ាង​ អះអាង​ថា​ របប​ក្រុង​ភ្នំពេញ​​កំពុង​ទាល់​ច្រក ដូច្នេះ គ្មាន​មធ្យោបាយ​អ្វី​ក្រៅ​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង​នោះ​ឡើយ៖ «យើង​ដឹង​ឮ​ហើយ យើង​សុំ​ឱ្យ​សហគមន៍​អន្តរជាតិ។ បណ្ដា​ប្រទេស​ជា​មិត្ត​ដែល​គោរព​នូវ​គោលការណ៍​នូវ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ហ្នឹង គឺ​ថា ជួយ​ធ្វើ​យ៉ាង​ណា​ឱ្យ​របប​លោក​ហ៊ុន សែន​ហ្នឹង​ត្រូវ​បញ្ចប់​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ប្រព័ន្ធ​តុលាការ​មក​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​ប្រឆាំង ​អ្នក​បញ្ចេញមតិ​តាម​បណ្ដាញ​ប្រព័ន្ធ​បណ្ដាញ​សង្គម​ក្តី​ តាម​ប្រព័ន្ធ​ផ្សេងៗ ទៀត​ក្តី»

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមឃឿន ប្រាប់​អាស៊ី​សេរី​ថា សមត្ថកិច្ច​ខេត្ត​ត្បូង​ឃ្មុំ​បាន​ចាប់​ខ្លួន លោក ស៊ូ យាន​ តាម​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​ជា​ម្ចាស់​ឆ្នោត​ដែល​បាន​ប្ដឹង​មក​តុលាការ​រឿង​រិះ​គន់​រដ្ឋាភិបាល។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​បាន​ឃុំ​ខ្លួន​ជនសង្ស័យ​នៅ​ស្នង​ការ​ប៉ូលិស​ដើម្បី​សាកសួរ​មុន​នឹង​បញ្ជូន​ខ្លួន​ទៅ​មន្ទីរ​ឃុំឃាំង។

លោក ស៊ូ យាន​ ជា​អនុប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ស្រុក​ត្បូង​ឃ្មុំ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ។​លោក​ជា​មនុស្ស​សកម្ម​ម្នាក់​របស់​គណបក្ស​ដែល​ធ្លាប់​តែ​ចេញ​មុខ​តវ៉ា​រឿង​អយុត្តិធម៌​ក្នុង​នាម​គណបក្ស​ប្រឆាំង បើ​ទោះ​ជា​របប​ក្រុង​ភ្នំពេញ​បាន​រំលាយ​ចោល​ក្តី។​

អ្នកស្រី​ ស្រី សៀត ជា​ភរិយា​លោក ស៊ូ យាន ប្រាប់​អាស៊ី​សេរី កាល​ពី​យប់​ថ្ងៃ​ចន្ទ ទី២២ មេសា​ថា ក្រុម​សមត្ថកិច្ច​មាន​គ្នា​ប្រមាណ ៣០នាក់​ប្រដាប់​ដោយ​អាវុធ​ស្វ័យប្រវត្តិ​បាន​មក សម្រុក​ចាប់​ខ្លួន​ស្វាមី​អ្នក​ស្រី​ដោយ​គ្មាន​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន។ អ្នកស្រី​និយាយ​ថា ក្រុម​សមត្ថកិច្ច​បាន​រឹប​អូស​យក​ទូរស័ព្ទ​ដៃ ដែល​ស្វាមី​របស់​អ្នកស្រី​ប្រើ​ដោយ​គ្មាន​បាន​សួរ​នាំ​អ្វី​ទាំង​អស់។

អ្នកស្រី​បញ្ជាក់​ថា ស្វាមី​របស់​អ្នកស្រី​គ្រាន់តែ​សំដែង​មតិ​តាម​បែប​ប្រជាធិបតេយ្យ ដោយ​មិន​បាន​រិះគន់​ដល់​របប​ក្រុង​ភ្នំពេញ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល