ថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅខេត្តកំពង់ចាមមួយចំនួនរត់ភៀសខ្លួនរកទីសុវត្ថិភាព បន្ទាប់ពីមានមន្ត្រីប៉ូលិសជាច្រើននាក់ឡោមព័ទ្ធផ្ទះមន្ត្រីគណបក្សនេះម្នាក់ កាលពីថ្ងៃទី២១ សីហា។ សាច់ញាតិម្ចាស់ផ្ទះ អះអាងថា រហូតមកទល់ពេលនេះ ប៉ូលិសនៅតែបន្តដាក់ពង្រាយកម្លាំងជុំវិញផ្ទះសកម្មជនបក្សប្រឆាំងនោះ មិនទាន់ដកថយអស់នៅឡើយ។ មន្ត្រីអង្គការសង្គមស៊ីវិល ចាត់ទុកទង្វើនេះ ថា ជាការគំរាមកំហែងផ្នែកនយោបាយដល់មន្ត្រីបក្សប្រឆាំងធ្វើឱ្យពួកគាត់មានការភ័យខ្លាច។
សាច់ញាតិម្ចាស់ផ្ទះដែលប៉ូលិសឡោមព័ទ្ធនៅខេត្តកំពង់ចាម ថ្លែងសុំមិនឱ្យបញ្ចេញឈ្មោះ និងសំឡេង ដោយសារខ្លាចអាជ្ញាធរធ្វើទុក្ខបុកម្នេញ និងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ឱ្យដឹងនៅថ្ងៃទី២៣សីហាថា លោក គង់ ស៊ីវង្ស បានភៀសខ្លួនចេញពីផ្ទះទៅរកទីសុវត្ថិភាពហើយ កាលពីព្រលប់ថ្ងៃទី២២ សីហា បន្ទាប់ពីលោកសម្ងំលាក់ខ្លួនក្នុងផ្ទះអស់មួយយប់ មួយថ្ងៃរួចមក។ ពលរដ្ឋរូបនេះ បន្ថែមថា នៅពេលលាក់ខ្លួននោះ មានមន្ត្រីប៉ូលិសខេត្តកំពង់ចាមជាង ២០នាក់ឡោមព័ទ្ធផ្ទះរបស់លោកនៅភូមិទី៥ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយមិនដឹងមូលហេតុ។ ពលរដ្ឋរូបនេះបន្តថា រហូតមកទល់រសៀលថ្ងៃទី២៣ សីហា មានមន្ត្រីប៉ូលិសស្លៀកពាក់ស៊ីវិលជាច្រើននាក់បន្តដាក់ពង្រាយជុំវិញផ្ទះនៅចម្ងាយប្រមាណ ១០ម៉ែត្រ ពីផ្ទះលោក គង់ ស៊ីវង្ស ដោយមិនទាន់ដកថយនៅឡើយ។សាច់ញាតិមន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា មូលហេតុដែលលោក គង់ ស៊ីវង្ស រំដោះខ្លួនចេញផុតពីផ្ទះបាន ដោយសារមានមន្ត្រីសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៧នាក់ មានម៉ូតូ ៣គ្រឿងលួចឆក់ឱកាសប្រមាណ ១៥នាទីនៅពេលដែលសមត្ថកិច្ចរវល់ហូបបាយល្ងាច និងមានសភាពស្ងប់ល្អក៏នាំគ្នាលួចចូលក្នុងផ្ទះលោក គង់ ស៊ីវង្ស ដឹកចេញពីផ្ទះយ៉ាងប្រញាប់ប្រញាល់តែម្ដង។
សមាជិកគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម លោក គង់ ស៊ីវង្ស ប្រាប់អាស៊ីសេរីនៅពេលដែលលោកសម្ងំលាក់ខ្លួននៅក្នុងផ្ទះកាលពីយប់ថ្ងៃទី២១ សីហា ថា មូលហេតុដែលប៉ូលិសឡោមព័ទ្ធផ្ទះនេះ ដោយសារអាជ្ញាធរមិនសប្បាយចិត្តចំពោះលោកដែលតែងតែបង្ហោះហ្វេសប៊ុកគាំទ្រលោក សម រង្ស៊ី វិលចូលស្រុកវិញ និងស្នើឱ្យរបបក្រុងភ្នំពេញស្ដារប្រជាធិបតេយ្យឡើងវិញ៖ «គេហែកចូលហ្វេសប៊ុករបស់ខ្ញុំបានពីរបីដងហើយក្នុងមួយខែនេះ ខ្ញុំមិនដឹងកំហុសអីសោះស្រាប់តែគេមកព័ទ្ធផ្ទះមកគោះទ្វារគោះអីទាំងកណ្ដាលអធ្រាត្រដូចសម័យខ្មែរក្រហមមកតាមដានពលរដ្ឋអ៊ីចឹង។ ខ្ញុំមានការឈឺចាប់ណាស់ រស់ជាពលរដ្ឋខ្មែរមួយរូប ដែលគេធ្វើបាបខ្ញុំតាំងពីផ្ដាច់ក្របខ័ណ្ឌគ្រូបង្រៀនមកដល់ឥឡូវនេះគេ តាមចងកម្មចងពៀរខ្ញុំទៀត គ្រាន់តែខ្ញុំមិនចុះចូលជាគេសោះហេតុអីតាមធ្វើបាបខ្ញុំដល់ថ្នាក់នេះ»។
អាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តកំពង់ចាម លោក ឯម កុសល ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៣ សីហា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែលិខិតបំភ្លឺជុំវិញបញ្ហានេះរបស់ស្នងការនគរបាលខេត្តកំពង់ចាម កាលពីថ្ងៃទី២២ សីហា ថា ប៉ូលិសដែលដាក់ពង្រាយនៅជុំវិញផ្ទះ របស់លោក គង់ ស៊ីវង្ស គឺជាការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅតំបន់នោះ ដោយមានការសង្ស័យផ្ទះពលរដ្ឋចំនួន ៣ផ្ទះ ហើយសមត្ថកិច្ចក៏ចូលទៅសាកសួរ ក្នុងនោះពលរដ្ឋ ២ផ្ទះសហការជាមួយសមត្ថកិច្ច ចំណែកឯផ្ទះលោក គង់ ស៊ីវង្ស មិនសហការជាមួយសមត្ថកិច្ចនោះទេ ដែលហាក់មានការលាក់ពួនជនល្មើស ទើបប៉ូលិសស្នើសុំគោលការណ៍ពីព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តកំពង់ចាម ដើម្បីដាក់កម្លាំងតាមឃ្លាំមើល។ លិខិតដដែលបញ្ជាក់ទៀតថា កន្លងមកប៉ូលិសតែងតែ អនុវត្តតាមច្បាប់ជាដរាប ដោយមិនបានបំពានលើសិទ្ធិសេរីភាពរបស់ពលរដ្ឋនោះឡើយ។
ផ្ទុយពីការលើកឡើងនេះអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក សឹង សែនករុណា មានប្រសាសន៍ថា ការដាក់កម្លាំងប៉ូលិសលោមព័ទ្ធផ្ទះប្រជាពលរដ្ឋទាំងយប់អធ្រាត្រនេះ គឺជាការគំរាមកំហែងផ្នែកនយោបាយមកលើមន្ត្រីគណបក្សប្រឆាំងឱ្យពួកគាត់មានការភ័យខ្លាច ព្រោះប្រសិនបើមានជនល្មើសនៅក្នុងផ្ទះសកម្មជនបក្សប្រឆាំងមែននោះ ប្រហែលជាសមត្ថកិច្ចសុំដីកាពីតុលាការចូលឆែកឆេរផ្ទះនោះហើយ ដោយមិនបណ្ដោយឱ្យអ្នកនៅក្នុងផ្ទះនេះរស់នៅក្នុងផ្ទះរហូតមកដល់ពេលនេះទេ៖ «នៅពេលយប់មិនអាចទៅគោះទ្វារឬក៏ឱ្យបើកទ្វារធ្វើកិច្ចការងារទាំងយប់ទេ គឺត្រូវរង់ចាំដល់ម៉ោង៦ព្រឹក ទើបអាចធ្វើការបាន។ ប៉ុន្តែបើសកម្មភាពនេះ ហាក់ដូចជាសមត្ថកិច្ចស្ទាក់ស្ទើរក្នុងការប្រតិបត្តិ យើងឃើញដល់ពេលការអនុវត្តសកម្មភាពបានហើយ បែរជាអត់ធ្វើសកម្មភាពទៅតាមដែលសមត្ថកិច្ចចង់ធ្វើទេ»។
ទោះជាយ៉ាងណាសាច់ញាតិ លោក គង់ ស៊ីវង្ស អះអាងថា មន្ត្រីបក្សប្រឆាំងរូបនេះចេញផុតពីផ្ទះក៏ដោយ ក៏នៅមិនទាន់មានសុវត្ថិភាពមួយរយភាគនៅឡើយទេ ព្រោះសមត្ថកិច្ចបន្តដាក់ពង្រាយនៅជុំវិញផ្ទះមិនទាន់ដកអស់នៅឡើយ ហើយលោកមានគម្រោងចេញទៅក្រៅប្រទេសបន្តទៀត។
គិតមកដល់ថ្ងៃទី២៣ សីហា មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាមចំនួន ២នាក់ហើយ ដែលរត់គេចខ្លួនរកទីសុវត្ថិភាព រួមមានអនុប្រធានគណបក្សប្រឆាំងលោក ថាន សុរិទ្ធ និង លោក គង់ ស៊ីវង្ស ។ មួយរយៈចុងក្រោយនេះសកម្មជនគណបក្សប្រឆាំងនៅខេត្តកំពង់ចាម ប្រមូលផ្ដុំគ្នាថ្លែងសារបង្ហោះតាមហ្វេសប៊ុក ជំរុញឱ្យរបបលោក ហ៊ុន សែន គោរពសិទ្ធិមនុស្ស និងស្ដារប្រជាធិបតេយ្យឱ្យរស់ឡើងវិញ ដើម្បីរក្សាប្រពន្ធអនុគ្រោះពន្ធEBA ពីសហភាពអឺរ៉ុប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
