មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ការ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​នយោបាយ​ពី​របប​ក្រុង​ភ្នំពេញ​ គឺជា​ការ​បំពាន​ច្បាប់

0:00 / 0:00

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ការ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​គាំទ្រ សកម្មជន​នយោបាយ និង​មន្ត្រី​គណបក្ស​នេះ​ពី​របប​ក្រុង​ភ្នំពេញ គឺ​ជា​ការ​បំពាន​ច្បាប់។ ប៉ុន្តែ​មន្ត្រី​បក្ស​កាន់អំណាច​នៅ​តែ​​បកស្រាយ​ដដែល​ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់។

មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​​លើក​ឡើង​ថា របប​លោក ហ៊ុន សែន នៅ​តែ​​ប្រើប្រាស់​ច្បាប់​ជា​ឧបករណ៍​ធ្វើ​ទុក្ខ​បុក​ម្នេញ ចាប់ចង និង​ចោទ​ប្រកាន់​អ្នក​គាំទ្រ ឬ​សកម្មជន​បក្ស​ប្រឆាំង។ ករណី​បែប​នេះ គឺ​រំលោភ​បំពាន​គោលការណ៍​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ រដ្ឋធម្មនុញ្ញ និង​ផ្ទុយ​ពី​ខ្លឹមសារ​នៃ​កិច្ច​សន្តិភាព​ទី​ក្រុង​ប៉ារីស ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ថា ការ​ដែល​របប​លោក ហ៊ុន សែន នៅ​តែ​បន្ត​ចាប់​ចង និង​តាម​យាយី​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង និង​ក្រុម​សកម្មជន​នោះ គឺ​ឆ្លុះបញ្ចាំង​ថា​របប លោក ហ៊ុន សែន កំពុង​ភ័យ​ខ្លាច​សកម្មភាព​តស៊ូ​មតិ​របស់​ប្រជាពលរដ្ឋ ដែល​ចង់​បាន​យុត្តិធម៌​សង្គម។ លោក​ជឿ​ថា ប្រសិន​បើ​របប​លោក ហ៊ុន សែន បន្ត​ធ្វើបាប​ជន​ស្លូត​ត្រង់​ដោយ​អយុត្តិធម៌​ទៀត នោះ​ប្រជាពលរដ្ឋ​កាន់​​តែ​​ច្រើន​​នឹង​ងើប​ឡើង​ទាមទារ​សិទ្ធិ​សេរីភាព​របស់​​ពួក​​គាត់​មក​វិញ។ លោក​ជំរុញ​ឱ្យ​អ្នក​ប្រជាធិបតេយ្យ និង​អ្នក​ស្នេហា​ជាតិ​ទាំងអស់​បង្រួបបង្រួម​កម្លាំង ដើម្បី​បញ្ចប់​របប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន៖ «គាត់​ខ្លាច​គណបក្ស​សង្គ្រោះ​ជាតិ អ៊ីចឹង​ហើយ​បាន​គាត់​ចាប់​លោក កឹម សុខា រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​គាត់​មិន​អស់​ចិត្ត គាត់​ខ្លាច​ស្រមោល​ទៀត អ៊ីចឹង​បាន​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​សកម្មជន និង​អ្នក​ដែល​ហ៊ាន​តស៊ូ​មតិ កាលណា​របប​លោក ហ៊ុន សែន នៅតែ​ប្រព្រឹត្ត​បំពាន​មក​លើ​ជន​ស្លូតត្រង់​ដោយ​អយុត្តិធម៌ វា​មិន​អាច​ចប់​ទៅ​បាន​ទេ មនុស្ស​ត្រូវ​តែ​តវ៉ា​ទាមទារ យើង​រួម​គ្នា​កម្លាំង​អ្នក​ប្រជាធិបតេយ្យ អ្នក​ស្នេហាជាតិ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ទៅ គឺ​នៅ​ពេល​មួយ​របប​ផ្ដាច់ការ​នឹង​ត្រូវ​បញ្ចប់ »

ការ​លើក​ឡើង​របស់​​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​នេះ គឺ​បន្ទាប់​ពី​របប​ក្រុង​ភ្នំពេញ​នៅតែ​បន្ត​យុទ្ធនាការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ឥត​ស្រាកស្រាន្ត ដូច​ជា ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត ការ​ប្រើ​អំពើ​ហិង្សា និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ជា​ដើម។

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ការពារ​ថា វិធានការ​​របស់​​អាជ្ញាធរ​​លើ​​សកម្មជន​បក្ស​ប្រឆាំង​នោះ គឺ​ជា​ការ​អនុវត្ត​ច្បាប់។ លោក​ចាត់​ទុក​​ការ​លើក​ឡើង​របស់​​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ គឺ​មាន​បំណង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រដ្ឋាភិបាល និង​ចង់​កេង​ចំណេញ​នយោបាយ​ប៉ុណ្ណោះ៖ «អត់ទេ​អ្នក​សិទ្ធិមនុស្ស​គេ​និយាយ​ពី​សិទ្ធិមនុស្ស ក៏​ប៉ុន្តែ​រដ្ឋាភិបាល​ សមត្ថកិច្ច​គេ​ធ្វើ​តាម​ផ្លូវ​ច្បាប់​ សិទ្ធិ​បញ្ចេញ​មតិ​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា៣១ មាត្រា៤១ ច្បាស់លាស់​ហើយ ក៏ប៉ុន្តែ​វា​មាន​ក្របខ័ណ្ឌ​របស់​វា អ្នក​ឯង​ចង់​បញ្ចេញ​មតិ អ្នក​ឯង​ឈ្លោះ​គ្នា​ណា អ្នក​ឯង​បញ្ចេញ​ទៅ ជេរ​គ្នា​ជេរ​ទៅ​វា​មិន​ទាស់​អី ក៏ប៉ុន្តែ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ ប៉ះពាល់​ដល់​ទំនៀម​ទម្លាប់​ប្រពៃណី ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ អា​ហ្នឹង​ម៉េច​គេ​បណ្ដែត​បណ្ដោយ »

ចាប់​តាំង​ពី​ឆ្នាំ២០២០ រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន និង​សកម្មជន​សង្គម ជាង ៧០នាក់ ដាក់​ពន្ធនាគារ ក្រោម​បទ​ចោទ​ញុះញង់ និង​រួម​គំនិត​ក្បត់។ ប៉ុន្តែ​សម្រាប់​អង្គការ​សិទ្ធិ​មនុស្ស​វិញ ពួក​គេ​មើល​ឃើញ​ថា ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ទាំងនេះ ធ្វើ​ឡើង​ដោយ​​មិន​ត្រឹមត្រូវ និង​ជា​ករណី​នយោបាយ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណ មាន​ប្រសាសន៍​ថា សហគមន៍​ជាតិ និង​អន្តរជាតិ សុទ្ធ​តែ​វាយ​តម្លៃ​ថា វិធានការ​របស់​អាជ្ញាធរ​លើ​សកម្មជន​នយោបាយ និង​សកម្មជន​ដទៃ​ទៀត​នោះ មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​ដោយ​ត្រឹម​ត្រូវ​នោះ​ទេ តែ​ជា​ករណី​​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ លោក​ទទូច​ឱ្យ​អ្នក​ដឹក​នាំ​នយោបាយ គួរ​ជជែក​គ្នា​រក​ដំណោះ​ស្រាយ​សម្រាប់​ប្រទេស​ជាតិ ដើម្បី​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ៖ « ទាំង​អស់​នេះ​តែងតែ​រង​ការ​រិះគន់ ជាក់​ស្ដែង​យើង​ឃើញ​ថា ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក សហគមន៍​អន្តរជាតិ គេ​បាន​ចំណាត់​ការ​ហើយ​មក​លើ​រដ្ឋាភិបាល ដែល​ប្រើប្រាស់​នូវ​វិធានការ​ធ្វើទុក្ខ​បុក​ម្នេញ​ផ្នែក​ច្បាប់ ឬ​ក៏​ធ្វើ​ទុក​បុក​ម្នេញ​ផ្សេងៗ ពាក់ព័ន្ធ​ទៅ​នឹង​ការប្រើប្រាស់​ហិង្សា​នេះ​ជា​ដើម គឺ​គេ​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ២០ភាគ​រយ ហើយ​នឹង​មាន​ប្រទេស​ផ្សេងៗ ទៀត​គេ​កំពុង​មើល​មក​លើ​កម្ពុជា​ដែរ ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​បើ​មិន​មាន អ្វី​ដែល​ជា​ការ​ឆ្លើយតប​ភាព​ត្រឹមត្រូវ​ដែល​គេ​អាច​ជឿ​ទុក​ចិត្ត​បាន​ទេ គេ​នៅ​តែ​ចាត់​ទុក​ថា វា​ជា​ការ​រំលោភ​បំពាន​ទៅ​លើ​សេរីភាព »

ករណី​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​អ្នក​គាំទ្រ​ និង​មន្ត្រី​បក្ស​ប្រឆាំង​បាន​កម្រើក​ឡើងវិញ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។ កាល​ពី​ថ្ងៃ​ទី១១ មេសា អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​នៅ​ភ្នំពេញ គឺ ​លោក ម៉ៅ សារិទ្ធ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ។ ជា​មួយ​គ្នា​នេះ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​ថ្មី​មួយ​ទៀត បញ្ជា​ឱ្យ​អាជ្ញាធរ​តាម​ចាប់​ខ្លួន​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​បក្ស​សង្គ្រោះ​ជាតិ ក្រោម​បទ​ចោទ​ញុះញង់ និង​រារាំង​ដល់​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩។

Mao_Sarin_arrested_041121.jpgOpens in new window
លោក ម៉ៅ សារិទ្ធ គឺ​ជាសកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ រស់នៅ​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ និង​ជា​អតីត​អ្នក​បើក​រថយន្ត​ឱ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក អ៊ុំ សំអាន និង​តំណាង​គណបក្សប្រឆាំង​ម្នាក់​ទៀត លោក សាន សាង។ រូប៖ ហ្វេសប៊ុក​លោក អ៊ុំ សំអាន

អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​យល់​ថា ចំណាត់​ការ​ទាំង​នេះ ធ្វើ​ឡើង​ដើម្បី​កម្ចាត់​សំឡេង​គាំទ្រ​បក្ស​ប្រឆាំង ដែល​នៅ​សេសសល់​ចុង​ក្រោយ​ឱ្យ​អស់​ពី​កម្ពុជា ហើយ​និង​រារាំង​មិន​ឱ្យ​លោក សម រង្ស៊ី អាច​វិល​មក​ធ្វើ​នយោបាយ​នៅ​កម្ពុជា​វិញ​បាន៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។