មេដឹកនាំ​បក្ស​ប្រឆាំង​ថា ខ្លួន​កំពុង​ធ្វើ​ការងារ​ការ​ទូត ជុំវិញ​ការ​វិល​ចូល​ស្រុក​ដើម​ខែ​ក្រោយ

ដោយ ជាតិ ចំណាន
2020.12.13
មេដឹកនាំ​បក្ស​ប្រឆាំង​ថា ខ្លួន​កំពុង​ធ្វើ​ការងារ​ការ​ទូត ជុំវិញ​ការ​វិល​ចូល​ស្រុក​ដើម​ខែ​ក្រោយ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ។
RFA

ក្រុម​កិច្ចការ​ការ​បរទេស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ធ្វើ​កិច្ច​ការងារ​ការទូត​ជាមួយ​មន្ត្រី​សមាជិកសភា ព្រឹទ្ធសភា និង​មន្ត្រី​សំខាន់ៗ​នៃ​ប្រទេស​លោក​សេរី អំពី​គម្រោង​វិល​ចូល​ស្រុក​នៅ​ដើម​ខាង​មករា​ខាងមុខនេះ។ មន្ត្រី​បក្ស​កាន់អំណាច​ថា បើ​មន្ត្រី​បក្ស​ប្រឆាំង ចង់​ចូល​ប្រទេស​កម្ពុជា​លុះត្រា​អ្នក​ធ្វើ​ដំណើរ​មាន​ឯកសារ​ត្រឹមត្រូវ​និង​បំពេញ​តាម​ផ្លូវ​ច្បាប់​ត្រឹមត្រូវ។

មេដឹកនាំ​ផែនការ​វិល​ចូល​ស្រុក​វិញ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា គណៈកម្មការ​នៃ​កិច្ចការ​ការបរទេស​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ធ្វើ​ការងារ​ដ៏​មមាញឹក​ជាមួយ​មន្ត្រី​សំខាន់ៗ​នៃ​ប្រទេស​មហាអំណាច​និង​មន្ត្រី​នៃ​អង្គការ​អន្តរជាតិ​ក្នុង​នោះ​រួមមាន​៖ សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី​និង​បណ្ដា​ប្រទេស​នៅ​សហភាព​អឺរ៉ុប។

អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​១២ ខែ​ធ្នូ ថា សម្រាប់​អ្នកស្រី​ផ្ទាល់​ជួប និង​បាន​ទទួល​លិខិត​ដែលជា​ការ​ចាត់វិធានការ​ពី​សមាជិក​ព្រឹទ្ធសភា​របស់​សហរដ្ឋអាមេរិក ប៉ុន្តែ​អ្នកស្រី​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ពី​លិខិត​នោះ​ទេ​។ អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា អ្នកស្រី​និង​លោក សម រង្ស៊ី ក៏​គ្រោង​ជួប​មន្ត្រី​សិទ្ធិមនុស្ស​ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​ស្វីស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Zoom) នា​ពេល​ខាងមុខ៖ «គណៈកម្មការ​កិច្ចការ​បរទេស​នៃ​គណបក្ស​សង្គ្រោះជាតិ​ទាំង​នៅ​នាយ​សមុទ្រ និង​នៅ​សហរដ្ឋអាមេរិក​កំពុង​ធ្វើ​ការងារ​នេះ​។ នៅ​គ្រប់​ប្រទេស​ទាំងអស់​យើង​ធ្វើការ​ណាត់​ជួប​ហើយ​ជាមួយ​តំណាងរាស្ត្រ​នៃ​ប្រទេស​អូស្ត្រាលី និង​ខ្ញុំ​ផ្ទាល់​ជួប​ជាមួយ​ព្រឹទ្ធសភា​នៅ​ក្នុង​រដ្ឋ​របស់ខ្ញុំ»

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ភាគច្រើន​ជា​សមាជិកសភា​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​ប្រកាស​ថា អ្នក​ដែល​មាន​សញ្ជាតិ​ពីរ ឬ​មាន​លិខិតឆ្លងដែន​ពីរ​គឺ​ត្រូវ​វិល​ទៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០២១ រីឯ​អ្នកមាន​លិខិតឆ្លងដែន​សញ្ជាតិ​ខ្មែរ​តែមួយ​គឺ​កំពុង​រៀបចំ​ឯកសារ​ដើម្បី​អាច​ចូល​ប្រទេស​កម្ពុជា​តាម​គម្រោង​។ ទោះ​យ៉ាងណា អ្នកស្រី មូរ សុខ​ហួរ មិន​ប្រាប់​ឱ្យ​ដឹង​ពី​ចំនួន​លម្អិត​នៃ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​វិល​ទៅ​ប្រ​ទស​កម្ពុជា​វិញ​នៅ​ឡើយ​ទេ​។​

ទាក់ទង​ផែនការ​វិល​ចូល​ស្រុក​របស់​គណបក្សប្រឆាំង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ យល់ថា ច្បាប់​កម្ពុជា​មិន​ហ៊ាន​ឃាត់​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​វិល​ចូល​ស្រុក នោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​ឯកសារ​នៃ​ការ​ធ្វើ​ដំណើរ​ត្រឹមត្រូវ និង​ត្រូវ​គោរព​ការ​ធ្វើ​វិធានការ​បង្ការ​ជំងឺ​កូវីដ​១៩។ ដោយឡែក ចំពោះ​ការ​ប្រើ​លិខិតឆ្លងដែន​បរទេស​លោក​ថា អ្នក​ធ្វើ​ដំណើរ​ត្រូវ​ការ​ទិដ្ឋាការ និង​ឯកសារ​ពាក់ព័ន្ធ៖ «បុគ្គល​ដែល​ជា​ពលរដ្ឋ​ខ្មែរ ពុំ​ត្រូវ​បាន​មាន​សាលដីកា ឬ​តុលាការ​ណា​ហាម​មិន​ឱ្យ​ត្រឡប់​មក​កម្ពុជា​ឯណា អត់​បញ្ហា​ទេ​ក្នុង​ន័យ​ទូទៅ​ហើយ​សំខាន់​ពលរដ្ឋ​ត្រូវ​តែ​មាន​ឯកសារ​ធ្វើដំណើរ​ច្បាប់​លាស់​ដើម្បី​បំពេញ​ក្របខ័ណ្ឌ​នៃ​ការ​ធ្វើ​ដំណើរ»

ជុំវិញ​ការ​អះអាង​របស់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ថា មានការ​ដឹង​ឮ​ពី​មន្ត្រី​ប្រទេស​លោក​សេរី​នោះ លោក ឈឹម ផលវរុណ ថា នេះ​គ្រាន់តែ​ជា​ការ​និយាយ​តែ​ភាគី​ម្ខាង​ប៉ុណ្ណោះ។

ទោះ​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា អ្នកស្រី មួរ សុខហួរ នឹង​ដឹកនាំ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​នៃ​គណបក្ស​នេះ​ដែល​មាន​ឈ្មោះ​ក្នុង​ដីកា​កោះ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ទៅ​តតាំង​ក្តី នៅ​តុលាការ​ក្រុងភ្នំពេញ​លើ​សំណុំរឿង​"​ឧបឃាត​" បទ "​រួមគំនិត​ក្បត់​" និង​បទ "​ញុះញង់"។ ពួកគេ​កំណត់​ថ្ងៃ​ជាក់លាក់​វិល​ចូល​កម្ពុជា នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២១។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រស់ យល់​ថា ការ​វិល​ចូល​ស្រុក​នៃ​ការ​ដឹង​ឮ​ពី​ប្រទេស​ប្រជាធិបតេយ្យ​គឺ​អាច​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​ឃ្លាំមើល ឬ​ការធានា​ណាមួយ​។ អ្នកវិភាគ​វ័យក្មេង​រូប​នេះ​ថា ការ​វិល​ចូល​ស្រុក​នេះ ទោះ​មាន​វិធានការ​បែបនេះ​ពី​តុលាការ ឬ​រដ្ឋាភិបាល​ក្ដី ប៉ុន្តែ​អាច​ជា​ការ​ចាប់ផ្តើម​ធ្វើ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ៖ «ជា​ទម្រង់​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ស្រុក​នេះ គណបក្ស​សង្គ្រោះ​ជាតិ​មិន​គួរ​ចូល​មក​តែឯង​ដោយ​មិន​មាន​កិច្ច​សហការ​ជាមួយ​បរទេស ឬ​សហគមន៍​អន្តរជាតិ​ទេ»

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្រកាស​ចូល​ស្រុក​លើក​នេះ បាន​ត្រៀមខ្លួន​ចូល​គុក ឬ​យក​គុក​ធ្វើជា​ផ្ទះ​បើ​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​។ ទោះ​យ៉ាងណា គណបក្ស​នេះ​ធ្លាប់​បរាជ័យ​ម្ដង​រួចហើយ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន បិទ​គ្រប់​ច្រកល្ហក និង​ហាម​ប្រទេស​ក្បែរ​ខាង​កម្ពុជា​មិន​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ដំណើរ​ឆ្លង​កាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។