សកម្មជន​បក្ស​ប្រឆាំង​ថា ដោយ​មិន​អាច​ឱប​ដៃ​មើល​អំពើ​អយុត្តិធម៌​សង្គម ទើប​ក្លាហាន​មិន​ខ្លាច​ជាប់​គុក

ដោយ មួង ណារ៉េត
2020.12.18
សកម្មជន​បក្ស​ប្រឆាំង​ថា ដោយ​មិន​អាច​ឱប​ដៃ​មើល​អំពើ​អយុត្តិធម៌​សង្គម ទើប​ក្លាហាន​មិន​ខ្លាច​ជាប់​គុក អតីតអ្នកទោសមនសិការ និងជាសកម្មជនមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ លោក គង់ ម៉ាស់ (ខេត្តស្វាយរៀង) លោក ម៉ៃ ហុងស្រៀង (ខេត្តព្រះសីហនុ) និងលោក គា វិសាល (កំពង់ចាម)
រូបភាពពីគណនីហ្វេសប៊ុកសាម៉ីខ្លួន

សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ថា​ការ​មិន​អាច​ឈរ​ឱប​ដៃ​មើល​អំពើ​អយុត្តិធម៌​សង្គម ដែល​ប្រព្រឹត្ត​ឡើង​ដោយ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ជាពិសេស​មក​លើ​សកម្ម​ជន និង​គណបក្ស​សង្គ្រោះ​ជាតិ ទើប​ធ្វើ​ឱ្យ​ពួកគាត់​ហ៊ាន​តស៊ូ​ប្ដូរផ្ដាច់ មិន​ខ្លាច​ជាប់គុក។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​មូលដ្ឋាន នៅ​ខេត្ត​ស្វាយរៀង​លោក គង់ ម៉ាស់ ថា កត្តា​ដែល​លោក​នៅតែ​មាន​ឆន្ទៈ​មោះមុត និង​នៅតែ​ហ៊ាន​ប្រឈមមុខ​នឹង​រដ្ឋាភិបាល​បច្ចុប្បន្ន គឺ​កត្តា​អយុត្តិធម៌​សង្គម រួម​ទាំង​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តំណាង​ឱ្យ​ឆន្ទៈ​ពលរដ្ឋ​ជាង ៣ លាន​នាក់ កត្តា​ចាប់ចង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ពន្ធនាគារ កត្តា​ធ្វើបាប​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នានា បញ្ហា​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ដែល​ហូរ​ចូល​ទឹកដី​ខ្មែរ និង​បញ្ហា​បំផ្លាញ​ធនធានធម្មជាតិ ដូចជា​ព្រៃឈើ រ៉ែ និង​ការ​បូម​ខ្សាច់​ជាដើម៖ «និយាយ​ឱ្យ​ចំ​ទៅ គឺ​ប្រព័ន្ធ​ការដឹកនាំ​រដ្ឋាភិបាល​នៅ​ខ្វះ​ចន្លោះ​ច្រើន​មែនទែន​។ ដោយ​ឃើញ​ភាព​ចន្លោះប្រហោង​រដ្ឋាភិបាល​នេះ​ហើយ ទើប​ខ្ញុំ​ប្រឹងប្រែង ខំ​រិះគន់ ខំ​និយាយ​ដើម្បី​ឱ្យ​មានការ​ផ្លាស់ប្ដូរ ហើយ​ខំ​ពន្យល់​ប្រជាពលរដ្ឋ​ខ្មែរ ឱ្យ​យល់​ពី​សិទ្ធិ និង​ករណីយកិច្ច​របស់​ខ្លួន ក្នុងនាម​ជា​ម្ចាស់​ឆ្នោត ម្ចាស់​ប្រទេស​។ កត្តា​ទាំងអស់​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ជំរុញ ឱ្យ​ខ្ញុំ​នៅតែ​បន្ត​គោលដៅ នៅតែ​បន្ត​ឆន្ទៈ​ជាមួយ​ប្រជាពលរដ្ឋ​ជាង​បី​លាន​នាក់»

លោក គង់ ម៉ាស់ ដែល​ធ្លាប់​មាន​ឈ្មោះ​ជា​អ្នក​ទោស​មនសិការ ដោយសារ​ធ្លាប់​ជាប់​ពន្ធនាគារ​ជាង​មួយ​ឆ្នាំ​កន្លះ​បន្ថែម​ថា កត្តា​ដែល​សំខាន់​ជាងគេ​បំផុត​មួយទៀត គឺ​គណបក្ស​សង្គ្រោះ​ជាតិ មិនមែន​រលាយ​ដោយ​ខ្លួនឯង​នោះ​ទេ៖ «ដែល​ខ្ញុំ​នៅតែ​គោលដៅ​របស់ខ្ញុំ គឺ​ខ្ញុំ​គិត​ថា សង្គ្រោះ​ជាតិ​មិនមែន​ទាន់​អស់​សេចក្ដី​ទុកចិត្ត​ពី​ពលរដ្ឋ​ទេ។ ពលរដ្ឋ​មិនទាន់​ដក​សេចក្ដី​ទុកចិត្ត​ពី​សង្គ្រោះ​ជាតិ​ទេ។ តែ​អ្វី​ដែល​ជំរុញ​ខ្ញុំ​ឱ្យ​ធ្វើ​កាន់តែ​ខ្លាំង​នោះ គឺ​ការ​រំខាន ការ​ធ្វើទុក្ខបុកម្នេញ ការ​រម្លាយ​ដៃគូ​បក្ស​ម្ខាង​ទៀត មិនមែន​ជា​ការ​ដក​សេចក្ដី​ទុកចិត្ត​របស់​ពលរដ្ឋ ដូច​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទេ​។ នេះ​ហើយ​ដែល​ជា​កត្តា ដែល​ខំ​ប្រឹងប្រែង ខំ​ទាមទារ​ឱ្យ​ស្ដារ​ឡើងវិញ ឱ្យ​វិល​មក​វិញ នូវ​អ្វី​ដែល​ជា​ការ​បាត់បង់ និង​ភាព​ចន្លោះប្រហោង ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង»

មិន​ខុស​ពី​នេះ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​មូលដ្ឋាន​មួយ​រូប​ទៀត នៅ​ឯ​ខេត្ត​ព្រះសីហនុ ដែល​ធ្លាប់​ជា​អ្នកទោស​មនសិការ​ដែរ និង​ធ្លាប់​ជាប់ពន្ធនាគារ​ជាង ៨ ខែ ដោយសារ​សំណុំរឿង​នយោបាយ គឺ​លោក ម៉ៃ ហុងស្រៀង ថា​លោក​ឃើញ​អំពើ​អយុត្តិធម៌ នៅ​ចំពោះ​មុខ នៅ​នឹង​ភ្នែក​ស្ទើរ​រៀងរាល់ថ្ងៃ ពាសពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​។ ជាង​នេះ​ទៅ​ទៀត លោក​ថា នៅ​ពី​ក្រោយខ្នង​លោក គឺជា​រឿង​បាត់បង់​ទឹកដី ដែល​លោក​ឈឺចាប់ មិន​អាច​ឈរ​ឱប​ដៃ​មើល​បាន ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប៖ «អ្វី​ដែល​ខ្ញុំ​ធ្វើ​កន្លង​មក​នេះ យើង​គ្រាន់តែ​ចង់​ឆ្លើយតប និង​តបស្នង​សងគុណ​ទៅដល់​ជាតិ​ទឹកដី​កំណើត​របស់​យើង និង​ស្វែងរក​យុត្តិធម៌​ជូន​ពលរដ្ឋ ជូន​ជាតិ​យើង​ទាំងអស់​គ្នា​។ យើង​មិនមែន​ធ្វើ​ដើម្បី​ប្រយោជន៍​បុគ្គល និង​គ្រួសារ​ខ្លួនឯង​។ យើង​មិនបាន​គិត​ដល់​ចំណុច​ហ្នឹង​ទេ»

លោក ម៉ៃ ហុងស្រៀ​ង បន្ថែម​ថា រដ្ឋាភិបាល​សព្វថ្ងៃ ហាក់​ដូចជា​ខ្វះ​សេចក្តី​ក្លាហាន ក្នុង​ការ​ទទួលយក​មតិ​រិះគន់​ពី​ប្រជាពលរដ្ឋ​ទូទៅ មិន​ថា​តែ​សកម្មជន​គណបក្សប្រឆាំង​នោះ​ទេ​។ លោក​ថា ការភ័យខ្លាច​ប្រជាពលរដ្ឋ​ខ្លួនឯង​គ្រប់​រឿង​បែបនេះ មិនមែន​ជា​រឿង​ល្អ​នោះ​ទេ ហើយ​លោក​ចង់បាន​រដ្ឋាភិបាល ដែល​មាន​ភាព​ក្លាហាន ហ៊ាន​បើកទូលាយ​មតិ​រិះគន់ ព្រោះ​ពលរដ្ឋ​បោះឆ្នោត​ឱ្យ​រដ្ឋាភិបាល ធ្វើជា​តំណាង​ឱ្យ​ប្រយោជន៍​របស់​ពលរដ្ឋ​គ្រប់រូប មិនមែន​ធ្វើ​ដូច​សព្វថ្ងៃ​នេះ​នោះ​ទេ៖ «ថ្ងៃមុន​ហ្នឹង គ្រាន់​តែ​មាន​សារ​បង្ហោះ​រឿង​ពាក់​ម៉ាស់​នឹង​មាន់​សោះ គាត់​បាន​ចាប់​គេ​។ ការ​ចាប់​ពួក​ខ្ញុំ​កន្លង​មក ខ្ញុំ​យល់ថា​ពួកគាត់​ដូចជា​ខ្វះ​សេចក្តី​ក្លាហាន​នឹង​ទទួល​ការរិះគន់​ពី​ពួក​ខ្ញុំ ក្នុងនាម​រដ្ឋាភិបាល​។ យើង​គិត​ថា ម្នាក់ៗ​គេ​បោះឆ្នោត​ឱ្យ​ហ្នឹង ឱ្យ​គាត់​ធ្វើជា​តំណាង​របស់​ខ្មែរ​។ ប៉ុន្តែ​បើ​គាត់​មិន​បាន​ស្គាល់​តួនាទី ស្គាល់​ថា​ខ្លួនឯង​នឹង​ធ្វើ​ជា​តំណាង​របស់​ខ្មែរ ប៉ុន្តែ​យើង​មើល​ទៅ គាត់​ដូច​តំណាង​ឱ្យ​តែ​គាត់​ខ្លួនឯង ហាក់ដូច​ជា​មិន​តំណាង​ឱ្យ​ប្រជាជាតិ​ទាំងមូល​សោះ»

ស្រដៀង​គ្នា​នេះ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​មូលដ្ឋាន​មួយ​រូប​ទៀត នៅ​ខេត្ត​កំពង់ចាម ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ដោយសារ​រឿង​នយោបាយ​ដែរ គឺ​លោក គា វិសាល ថា មូលហេតុ​ដែល​លោក​ធ្លាប់​ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌ និង​ក្រោយ​ចេញ​ពី​ពន្ធនាគារ លោក​នៅតែ​រឹងប៉ឹង មិន​មាន​សេចក្ដី​តក់ស្លុត ភ័យខ្លាច ឬ​ចុះ​ញ៉ម​ទៅ​នឹង​ការ​គំរាមកំហែង និង​ធ្វើទុក្ខបុកម្នេញ​ពី​របប​ក្រុង​ភ្នំពេញ ហើយ​នៅតែ​ហ៊ាន​បន្ត​តស៊ូ​មតិ​តទៅទៀត​បែបនេះ គឺ​ដោយសារ​លោក​គ្មាន​កំហុស​អ្វី​សោះ តែ​ត្រូវ​គេ​ចាប់​ធ្វើ​បាប​ទាំង​បំពាន​ទៅវិញ៖ «ខ្ញុំ​ជាប់ពន្ធនាគារ​នេះ គឺ​មិនមែន​ជា​ខ្ញុំ​ជា​ចោរលួច​ឆក់​ប្លន់ កាប់សម្លាប់ ចាប់​រំលោភ​សេពសន្ថវៈ ឬក៏​ជួញដូរ​គ្រឿងញៀន​អ្វី​នោះ​ទេ​។ ខ្ញុំ​ក្នុងនាម​ជា​អ្នកតស៊ូ​មតិ ក្នុង​ការ​រិះគន់​ដើម្បី​ស្ថាបនា​រដ្ឋាភិបាល ព្រោះ​ថា រដ្ឋាភិបាល​បាន​យក​ច្បាប់ ២៣ តុលា មក​ដាក់​ក្នុង​រដ្ឋធម្មនុញ្ញ ថា ឱ្យ​មាន​សេរី​ពហុបក្ស ប្រជាពលរដ្ឋ​គ្រប់គ្នា មាន​សិទ្ធិ​សេរីភាព ក្នុង​ការ​បញ្ចេញមតិ និង​ចូលរួម​ក្នុង​ជីវភាព​នយោបាយ»

លោក​បន្ថែម​ថា លោក​ចង់​បាន​រដ្ឋាភិបាល​មួយ ដែល​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ គឺ​រដ្ឋាភិបាល​ដែល​ជាប់ឆ្នោត​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ មិនមែន​រដ្ឋាភិបាល​ដែល​ជាប់ឆ្នោត ដោយ​ការ​រម្លាយ​ដៃគូ​ប្រកួត​ទាំង​បំពាន​បែបនេះ​នោះ​ទេ៖ «សម្ដេច​នាយក​រដ្ឋមន្ត្រី បើ​គាត់​មាន​ភាព​ក្លាហាន ស្មោះត្រង់ ចង់​មាន​កិត្តិសព្ទ​ល្បី​រន្ទឺ​ដោយសារ​ការដឹកនាំ​របស់​គាត់ បើ​គាត់​បោះឆ្នោត​ត្រឹមត្រូវ មាន​សេរី យុត្តិធម៌​ជាមួយ​គណបក្សប្រឆាំង ដែល​មាន​ប្រជាពលរដ្ឋ​គាំទ្រ​ហ្នឹង​ទៅ​។ បើសិនជា​គាត់​ឈ្នះ គាត់​ដឹកនាំ​បន្ត​ទៅ​។ តែ​បើ​គាត់​ចាញ់ គាត់​ធ្វើ​បក្ស​ប្រឆាំង​វិញ​មក។ ពួក​ខ្ញុំ​តស៊ូ​មតិ និង​សកម្មជន​នយោបាយ​ទាំងអស់ គឺ​អត់​មាន​ដែល​ចាត់ទុកថា​គណបក្ស​ប្រជាជន​ជា​សត្រូវ​ទេ​។ ខ្ញុំ​នៅតែ​តស៊ូ ក្លាហាន មោះមុត ចំពោះ​ការ​តស៊ូ​មតិ​នេះ ដោយ​យុត្តិធម៌​ទេ​តើ ហើយ​ខ្ញុំ​អត់​មាន​ចង់​ឱ្យ​មាន​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ដោយ​ហិង្សា​ឯណា»

សកម្មជន​គណបក្ស​សង្គ្រោះជាតិ នៅ​មូលដ្ឋាន​ទាំងនេះ សុទ្ធតែ​គាំទ្រ និង​រង់ចាំ​ទទួល​ដំណើរ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិល របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ដើមខែ​មករា ឆ្នាំ ២០២១ ដោយសារ​ពួកគាត់ ថា ដំណើរ​មាតុភូមិនិវត្តន៍​នោះ គឺជា​រឿង​ត្រឹមត្រូវ និង​ល្អ​ណាស់ ដើម្បី​ចូល​ទៅ​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ តាំងពី​ក្រោយ​ថ្ងៃ ដែល​របប​ក្រុងភ្នំពេញ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

ក្នុង​ពេល​ជាមួយ​គ្នា​នេះ ពួកគាត់ ថាបើ​របប​ក្រុងភ្នំពេញ ពិតជា​ចិត្តសឿង និង​ក្លាហាន​មែន គួរតែ​បើកទ្វារ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង បាន​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​តាម​សម្រួល ដោយ​មិន​ត្រូវ​ធ្វើទុក្ខបុកម្នេញ ឬ​គំរាមកំហែង​សកម្មជន ដែល​ទៅ​ទទួល​ដំណើរ​មន្ត្រី​ទាំងនេះ​នោះ​ទេ។

កន្លង​មក​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​លោក ផៃ ស៊ីផាន ចាត់​ទុក​មន្ត្រី​បក្ស​ប្រឆាំង ដែល​នៅ​បន្ត​ជីវភាព​នយោបាយ ក្រោយ​ការ​រម្លាយ​គណបក្ស​នេះ ថា ជា​សមាជិក​នៃ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​។ ចំណែក​លោក ហ៊ុន សែន វិញ​ថា​នៅ​ប្រទេស​កម្ពុជា​គ្មាន​ទេ អ្នក​ទោស​នយោបាយ មានតែ​អ្នក​នយោបាយ​មាន​ទោស ដោយសារ​ប្រព្រឹត្ត​ល្មើសច្បាប់។

តាំងពី​ក្រោយ​រម្លាយ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​អំឡុង​ពេល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ប្រកាស​វិល​ចូល​ស្រុក​ខ្មែរ​វិញ កាលពី​ចុង​ឆ្នាំ ២០១៩ សកម្មជន​មូលដ្ឋាន​ជាច្រើន របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ និង​ធ្វើទុក្ខបុកម្នេញ ដោយ​គ្រាន់តែ​ពួកគាត់​បង្ហោះ​សារ​គាំទ្រ ដំណើរ​មាតុភូមិនិវត្តន៍​នោះ។ ក្រោយៗ​មក​ទៀត សកម្មជន​ជាច្រើន​ទៀត​របស់​គណបក្សប្រឆាំង​នេះ រង​ការ​លប​វាយ​នឹង​ដំបង​ដែក ឬ​ឈើ​ជ្រុង ពេល​ពួកគាត់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​។ ប៉ុន្តែ ជន​ដៃដល់​រួចខ្លួន​ជានិច្ច។

ជាង​នេះ​ទៅ​ទៀត​អាជ្ញាធរ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​សកម្មជន​បក្ស​ប្រឆាំង និង​តាម​ឈ្លប​យក​ការណ៍​គ្រប់​ទីកន្លែង។ ការ​ធ្វើ​ទុក្ខបុកម្នេញ​នេះ កម្រើក​ឡើងជា​ថ្មី ក្រោយ​ការប្រកាស​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អ្នកស្រី មូរ សុខហួរ ថា មន្ត្រី​បក្ស​នេះ នឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៤ ខែ មករា ឆ្នាំ​២០២១៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក សម រង្ស៊ី ប្រកាស​បង្កើត​ចលនា​ជាតិ​តស៊ូ ដើម្បី​ប្រឆាំង​ការ​ដឹកនាំ​របស់​គ្រួសារ​លោក ហ៊ុន សែន
អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន ម៉ាណែត ថា ការ​បង្កើត​ចលនា​​ថ្មី​របស់​លោក សម រង្ស៊ី គ្រាន់​តែ​ជា​ការ​ទាញ​ចំណាប់​អារម្មណ៍​ពី​ពលរដ្ឋ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។