គណបក្ស​សង្គ្រោះជាតិ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ក្រុង​ឡូវែល​ជជែក​អំពី​យុទ្ធសាស្ត្រ​បន្ត

គណបក្ស​សង្គ្រោះ​ជាតិ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​ខ្លួន នៅ​ទីក្រុង​ឡូវែល (Lowell) រដ្ឋ​ម៉ាសាឈូសេត (Massachusetts) ដើម្បី​ជជែក​អំពី​យុទ្ធសាស្ត្រ​បន្ត​។ អគ្គលេខាធិការ​គណបក្ស​សង្គ្រោះជាតិ រដ្ឋ​ម៉ាសាឈូសេត (CNRP-MA) លោក វណ្ណ ចំរើន បញ្ជាក់​ឱ្យ​ដឹង​ថា កិច្ចប្រជុំ​នោះ នឹង​ធ្វើ​នៅ​ថ្ងៃ​ទី១៣ ខែ​ធ្នូ​នេះ ដោយមាន​ការចូលរួម​ពី​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​រូប រួម​ទាំង​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ផង។

កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​លោក សម រង្ស៊ី និង​គណៈប្រតិភូ​គណបក្សប្រឆាំង​នេះ កំពុង​បន្ត​បំពេញបេសកកម្ម​ការទូត និង​តស៊ូ​មតិ​លើ​ឆាក​អន្តរជាតិ ដើម្បី​ឱ្យ​មាន​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ នៅ​កម្ពុជា​។ នៅ​ដើម​សប្ដាហ៍​នេះ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី បាន​ជួប​មន្ត្រី​រដ្ឋាភិបាល សមាជិកសភា សមាជិក​ព្រឹទ្ធសភា និង​តំណាង​អង្គការ​អន្តរជាតិ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក វណ្ណ ចំរើន បញ្ជាក់​បន្ថែម​ថា ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ លោក សម រង្ស៊ី នឹង​ជួប​សំណេះ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ និង​អ្នកគាំទ្រ​គណបក្សប្រឆាំង​នៅ​ទីក្រុង​ឡូវែល នៅ​ថ្ងៃ​ទី១៤ ខែ​ធ្នូ និង នៅ​ទីក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា នៅ​ថ្ងៃ​ទី១៥ ខែ​ធ្នូ ដើម្បី​ជម្រាប​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​នោះ និង​លទ្ធផល​នៃ​បេសកកម្ម​ការទូត​នេះ៖ «ការរៀបចំ​ដោយមាន​លោក​ប្រធាន​ស្តីទី សម រង្ស៊ី អញ្ជើញ​ចូលរួម​នេះ យើង​រំពឹង​ថា​នយោបាយ​នៅ​កម្ពុជា​ក្ដៅ​គគុក​នេះ នឹង​អាច​ធូរស្រាល ហើយ​យើង​សង្ឃឹម​ថា ថ្នាក់​ដឹកនាំ​របស់​យើង នឹង​បត់បែន​តាម​នយោបាយ​អន្តរជាតិ»។

ក្រោយ​របប​ក្រុងភ្នំពេញ រម្លាយ​គណបក្ស​សង្គ្រោះជាតិ និង​ហាមឃាត់​សិទ្ធិ​នយោបាយ​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ១១៨ នាក់ មន្ត្រី​បក្ស​ប្រឆាំង​ជាច្រើន រួម​ទាំង​លោក សម រង្ស៊ី ផង​ត្រូវ​និរទេស​ខ្លួន មក​ក្រៅ​ប្រទេស ដើម្បី​បន្ត​សកម្មភាព​នយោបាយ​លើ​ឆាក​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។