គិតមកដល់ថ្ងៃទី២៨ ខែសីហានេះ នៅសល់តែ ៧៣ថ្ងៃទៀតទេ ដល់ពេលកំណត់ដែលលោក សម រង្ស៊ី សន្យាថា នឹងវិលត្រឡប់ទៅស្រុកខ្មែរវិញហើយ។ មន្ត្រីគណបក្សសង្គ្រោះជាតិកំពុងប្រជុំរៀបចំយុទ្ធសាស្ត្រចាត់តាំងពីរាជធានីដល់មូលដ្ឋានដើម្បីការពារសន្តិសុខជូនលោក សម រង្ស៊ី ក្នុងការវិលចូលស្រុកវិញនៅថ្ងៃទី០៩ ខែវិច្ឆិកាខាងមុខ។ អ្នកវិភាគថា ការវិលចូលស្រុកលើកនេះរបស់មេដឹកនាំគណបក្សប្រឆាំង គឺអាស្រ័យលើភាពក្លាហាន និងការប្តេជ្ញាចិត្តផ្ទាល់របស់លោក សម រង្ស៊ី។
ផែនការមាតុភូមិនិវត្តន៍របស់លោក សម រង្សី ត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបង្ហើបឱ្យដឹងថា ពួកគេបានប្រជុំផ្ទាល់ជាមួយលោក សម រង្ស៊ី ដើម្បីរៀបចំរចនាសម្ព័ន្ធ ចាប់តាំងពីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រហូតដល់ឃុំសង្កាត់ ត្រៀមកម្លាំងចូលរួមអមដំណើរ និងបំផុសឱ្យពលរដ្ឋនិងកងកំលាំងងើបឡើងទាំងអស់គ្នា ដើម្បីផ្លាស់ប្ដូរក្រុងភ្នំពេញ។
ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ លោក ម៉ន ផល្លា ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ឱ្យអាស៊ីសេរីដឹងថា លោកតែងប្រជុំគ្នាជាទៀងទាត់ជាមួយមន្ត្រីគណបក្សសង្គ្រោះជាតិនៅក្នុងប្រទេសកម្ពុជាតាមប្រព័ន្ធអ៊ីនធឺណិត។ លោកអះអាងថា កម្លាំងក្នុងស្រុករបស់គណបក្សសង្គ្រោះជាតិមានគ្រប់គ្រាន់ដើម្បីអមដំណើរ និងការពារលោក សម រង្ស៊ី រួមទាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលគ្រោងវិលចូលប្រទេសកម្ពុជាវិញ៖ «កម្លាំងរចនាសម័្ពន្ធដែលយើងមាននៅក្នុងដៃរាប់សែននាក់នៅតាមខេត្តក្រុងស្រុកខណ្ឌគឺយើងបានកំណត់នៅតាមហ្នឹងអស់រួចហើយ ប៉ុន្តែចំនួនជាក់លាក់យើងមិនអាចប្រាប់បានទេ»។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ និងជាអ្នកធ្វើការងារជាមួយពលករចំណាកស្រុកខ្មែរក្នុងប្រទេសនេះ គឺលោក លី រតនរស្មី ឱ្យដឹងថា ពេលនេះក្រុមការងាររបស់លោកបានចុះជួបពលករខ្មែរនៅតាមមូលដ្ឋាននៅក្នុងប្រទេសថៃ ដើម្បីត្រៀមខ្លួនវិលចូលស្រុកជាមួយលោក សម រង្ស៊ី។ លោកអះអាងថា ពលករខ្មែរនៅប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេចដើម្បីអមដំណើរលោក សម រង្ស៊ី និងអ្នកប្រជាធិបតេយ្យផ្សេងទៀតចូលប្រទេសកម្ពុជាវិញ៖ «ពួកគាត់តាំងអស់គ្នាកំពុងតែដុតដៃដុតជើងខ្លាំងមែនក្នុងការត្រៀមខ្លួន បងប្អូនពលករនៅប្រទេសថៃគឺពួកគាត់តែថ្ងៃទី៩ វិច្ឆិកាគឺគាត់ធ្វើដំណើរអមលោកប្រធានស្ដីទី សម រង្ស៊ី»។
ជុំវិញផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី នេះរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានសរសេរក្នុងហ្វេសប៊ុករបស់លោកដោយស្នើឱ្យក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ កុំបង្កបញ្ហាដែលប៉ះពាល់ដល់សន្តិភាព និងការអភិវឌ្ឍជាតិ។ លោកប្រើសំនួនប្រៀបធៀបថា "បើមិនបានចូលរួមជួយសង្គ្រោះប្រទេសជាតិក្នុងគ្រាសង្គ្រាម សូមកុំរំខានដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងគ្រាសន្តិភាព ដូចពាក្យចាស់ពោលថា "បើមិនជួយចូកជួយចែវ សូមកុំយកជើងរាទឹក"។ អ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា លោក សម រង្ស៊ី អាចវិលចូលស្រុកបាន លុះត្រាតែមេដឹកនាំគណបក្សប្រឆាំងរូបនេះហ៊ានយកជីវិតទៅប្ដូរដោយមិនខ្លាចការព្រមាន ការសម្លាប់ ឬចាប់ខ្លួនពីរបបក្រុងភ្នំពេញ។ លោក គឹម សុខ សង្កេតឃើញថា ស្ថានការណ៍នយោបាយសព្វថ្ងៃ គណបក្សកាន់អំណាចមិនអាចបើកផ្លូវចរចាដើម្បីឱ្យលោក សម រង្ស៊ី អាចវិលចូលស្រុកនោះទេ៖ «រឿងដែលសំខាន់ថា អាចទៅរួចឬអត់វាស្ថិតលើការប្តេជ្ញាចិត្តរបស់លោក សម រង្ស៊ី ដោយផ្ទាល់បានន័យថា លោក សម រង្ស៊ី គាត់ធ្វើពលិកម្មយកជីវិតទៅដាក់លើការធ្វើដំណើរទៅស្រុករបស់គាត់ឬអត់»។
ក្រុមយុវជន និងក្រុមពលករដែលគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសប្ដេជ្ញាថា ពួកគេនឹងរួមដំណើរជាមួយ លោក សម រង្ស៊ី និងក្រុមអ្នកប្រជាធិបតេយ្យវិលចូលប្រទេសកម្ពុជាវិញ។ លោក សម រង្ស៊ី បានលើកឡើងថា លោកចូលស្រុកម្តងនេះ គឺលោកប្រើមធ្យោបាយឆ្លាតវៃ ដោយមិនឱ្យលោក ហ៊ុន សែន ចាប់ខ្លួន ឬលួចសម្លាប់លោកបាននោះទេ។ ទោះយ៉ាងណាក្តីលោក សម រង្ស៊ី មិនទាន់បញ្ជាក់ពីយុទ្ធសាស្ត្ររបស់លោកនៅឡើយទេ៕
