មន្ត្រីគណបក្សប្រឆាំងដែលភៀសខ្លួននៅប្រទេសថៃមួយចំនួនចាប់ផ្ដើមដឹកនាំអ្នកគាំទ្រគណបក្សនេះជាច្រើននាក់ ចេញពីទីក្រុងបាងកក និងតាមបណ្ដាខេត្តក្បែរខាងឆ្ពោះទៅព្រំដែនថៃជាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីត្រៀមធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី៩ វិច្ឆិកា។ ស្របគ្នាដែរនេះអាជ្ញាធរខេត្តបន្ទាយមានជ័យបានពង្រាយកងកម្លាំងយាមការពារតាមព្រំដែននៅក្នុងច្រកនេះយ៉ាងតឹងតែង ដើម្បីទប់ស្កាត់មន្ត្រីគណបក្សប្រឆាំងវិលចូលស្រុកវិញ។
ប្រធានផ្នែកព័ត៌មានគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ លោក សន សុវណ្ណថេត ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី៨ វិច្ឆិកាថា លោក និងអ្នកគាំទ្រប្រមាណ ២០នាក់កំពុងធ្វើដំណើរតាមផ្លូវឆ្ពោះទៅព្រំដែនកម្ពុជា។
លោកបន្តថា ចំណុចគោលដៅដែលត្រូវវិលចូលស្រុកតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ ដោយចាប់ផ្ដើមឆ្លងដែននៅថ្ងៃទី៩ វិច្ឆិកាដដែល។ លោកអំពាវនាវសុំឱ្យប្រជាពលរដ្ឋនៅក្នុង និងក្រៅស្រុករួមកម្លាំងគ្នាឱ្យបានច្រើនកុះករនៅច្រកទ្វារព្រំដែនប៉ោយប៉ែត ដើម្បីចូលរួមស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញ៖ «គោលដៅរបស់យើងគឺត្រូវរួមកម្លាំងគ្នាទោះពីមជ្ឈដ្ឋានណាក៏ដោយ គឺយើងអំពាវនាវឱ្យរបបលោក ហ៊ុន សែន គោរពសិទ្ធិមនុស្សនិងស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យបាននៅក្នុងឆ្នាំ២០១៩នេះ។ បើកាលណាពេលនេះយើងមិនចូលទៅទេ ហើយរបបលោកហ៊ុន សែន នៅតែព្រងើយកន្តើយអន្តរជាតិនឹងដាក់សម្ពាធ និងកាត់ផ្ដាច់ការអនុគ្រោះពន្ធ EBA និង GSP ។ ដូច្នោះទោះបីជាប្រឈមនឹងរបបលោកហ៊ុន សែន ចាប់ដាក់គុកក៏យើងមិនខ្វល់ដែរ»។
លោកបន្ថែមថា អ្នកចេញដំណើរនៅថ្ងៃទី៨ វិច្ឆិកាមានរាប់ពាន់នាក់ហើយ ដែលភាគច្រើនអ្នកគាំទ្រគណបក្សប្រឆាំងមកពីសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន និងពលករខ្មែរធ្វើការនៅប្រទេសថៃ។ លោកបន្តថា គណបក្សលោកបានត្រៀមរថយន្តចំនួន ៣០០គ្រឿង ដើម្បីដឹកនាំជញ្ជូនអ្នកគាំទ្រទាំងឡាយ ដែលគ្មានមធ្យោបាយធ្វើដំណើរទៅកម្ពុជា ហើយក៏បានប្រគល់រថយន្តទាំងនោះដល់ដៃមេក្រុមរបស់អ្នកគាំទ្ររួចរាល់ហើយដែរ។
ស្របគ្នានេះដែរអភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានដឹកនាំកងកម្លាំងចម្រុះចុះពិនិត្យតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងសង្កាត់ប៉ោយប៉ែត កាលពីរសៀលថ្ងៃទី៧ វិច្ឆិកា។ គេហទំព័ររដ្ឋបាលខេត្តបន្ទាយមានជ័យឱ្យដឹងថា អាជ្ញាធរដើរត្រួតពិនិត្យគ្រប់ទីកន្លែង តាមព្រៃមាត់អូរក្បែរច្រកទ្វារព្រំដែនប៉ោយប៉ែត និងដាក់ពង្រាយកងទ័ពយាមការពារយ៉ាងតឹងតែង ដើម្បីទប់ស្កាត់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិវិលចូលស្រុកនៅថ្ងៃទី៩ វិច្ឆិកា។
ប្រជាពលរដ្ឋនៅព្រំដែនខេត្តបន្ទាយមានជ័យឱ្យដឹងថា អាជ្ញាធរបានបញ្ជូន ប៉ូលិស ទាហាន និងមន្ត្រីកងរាជអាវុធហត្ថ សរុបប្រមាណ ៦០០នាក់ ដោយមានកាំភ្លើងគ្រប់ដៃ ដាក់ប្រចាំការនៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងក្រុងប៉ោយប៉ែត។ កម្លាំងទាំងនោះ អាជ្ញាធរបានដាក់ពង្រាយ ចាប់ពីច្រកទ្វារព្រំដែនតាមផ្លូវជាតិលេខ៥ រហូតដល់សង្កាត់និមិត្ត។
មន្ត្រីអង្គការសង្គមស៊ីវិលយល់ថា ការដាក់កងទ័ពដ៏ច្រើននេះ គឺជាការបំភិតបំភ័យផ្នែកនយោបាយ ធ្វើឱ្យកម្លាំងអ្នកគាំទ្រគណបក្សនយោបាយភាគីម្ខាងទៀតចុះខ្សោយ។
អ្នកសម្របសម្រួល និងអង្កេតអង្គការខុមហ្វ្រែល (comfrel) លោក កន សាវាង្ស យល់ថា ការដាក់កម្លាំងដ៏ច្រើនស្អេកស្កះរបស់អាជ្ញាធរនេះ គឺជាយុទ្ធសាស្ត្របំភិតបំភ័យដល់សកម្មជនបក្សប្រឆាំងនិងអ្នកគាំទ្រ ដើម្បីរាំងខ្ទប់កុំឱ្យពួកគេវិលត្រឡប់ទៅកម្ពុជាវិញ នៅថ្ងៃទី៩ វិច្ឆិកា។ លោកបន្តថាស្ថានការណ៍សព្វថ្ងៃមិនទាន់តឹងតែងដល់កម្រិត ដែលត្រូវដាក់កងកម្លាំងសន្ធឹកសន្ធាប់នៅតាមព្រំដែនបែបនេះទេ។ ទោះជាយ៉ាងណាលោកអះអាងថា យុទ្ធសាស្ត្រនេះមិនបានប្រយោជន៍ដល់សង្គមជាតិឡើយ ផ្ទុយទៅវិញធ្វើឱ្យអ្នកទេសចរភ័យខ្លាចមិនហ៊ានចូលមកកម្សាន្តកម្ពុជា ហើយធ្វើឱ្យប្រជាពលរដ្ឋដែលប្រកបរបរពាក់ព័ន្ធនឹងទេសចរបាត់បង់ប្រាក់ចំណូល៖ «ប្រហែលជាគាត់ព្រួយបារម្ភស្ថានភាពផ្សេងៗទៀត ដែលមិនអាចកំណត់ទុកជាមុនបាន ជាពិសេសក្រែងលោមានកម្លាំងមហាជនទៅអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ បានដាក់កម្លាំងច្រើនបែបនេះ។ព្រោះខ្ញុំគិតថា បើសិនជាសកម្មជនតែប៉ុន្មាននាក់នោះ មិនបាច់ដាក់ប៉ូលិសដ៏ច្រើនបែបនេះទេ មានប៉ូលិសតែ ៥នាក់ក៏ចាប់បានហើយ»។
មន្ត្រីសង្គមស៊ីវិលរូបនេះនៅតែទទូចឱ្យដល់មេដឹកនាំគណបក្សកាន់អំណាច និងបក្សប្រឆាំង ឱ្យត្រូវរ៉ូវគ្នាឡើងវិញ ដើម្បីកុំឱ្យមានការប៉ះទង្គិចបង្ហូរឈាមគ្នាកើតឡើងនៅពេលខាងមុខ ដែលនាំឱ្យខាតបង់ដល់សេដ្ឋកិច្ចជាតិ ជាពិសេស ធ្វើឱ្យកម្មកររោងចក្រអត់ការងារធ្វើដោយសារសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកផ្ដាច់ការអនុគ្រោះពន្ធ EBA និង GSP។
លោក សន សុវណ្ណថេត ថ្លែងថា អ្នកគាំទ្រគណបក្សប្រឆាំងរាប់រយនាក់ហើយ បានទៅដល់ព្រំដែនក្បែរកម្ពុជា និងមួយចំនួនធំទៀតត្រៀមចេញពីទីក្រុងបាងកក ឆ្ពោះទៅតំបន់ព្រំដែនច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅថ្ងៃទី៩ វិច្ឆិកាតែម្ដង។ លោកអះអាងទៀតថា បើទោះបីជាអាជ្ញាធរដាក់ពង្រាយកងកម្លាំងរាប់រយនាក់យ៉ាងនេះក្ដី ក៏ពួកគាត់នៅតែវិលត្រឡប់ទៅកម្ពុជានៅថ្ងៃទី៩ វិច្ឆិកាដដែល ដោយមិនមានការរាថយឡើយ៕
( អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដឹកនាំកម្លាំង ចម្រុះចុះត្រួតពិនិត្យកងទ័ពនៅព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅរសៀល ថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្តបន្ទាយមានជ័យ )
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។