សកម្មជនបក្សប្រឆាំងស្នើឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន គួរតែកែលម្អ ស្ថានភាពនៅក្នុងពន្ធនាគារ បន្ទាប់ពីពួកគេមួយចំនួនត្រូវជាប់ពន្ធនាគាររពី ជាងពីរ ឬបីខែ ដោយសារតែការចោទប្រកាន់នយោបាយ។
សកម្មជនបក្សប្រឆាំងស្រុកបាធាយ ខេត្ត កំពង់ចាម លោក ដុង សុវណ្ណារិទ្ធិ ប្រាប់ថា លោកជាប់ពន្ធនាគារ១ខែកន្លះគត់ (០១ តុលា ដល់ ១៥ វិច្ឆិកា)។ ក្នុងរយៈពេលនោះ លោកថា ស្ថានភាពពិបាកបំផុតសម្រាប់លោក គឺភាពចង្អៀតណែន និងផ្សែងបារី ដោយសារអ្នកជាប់ឃុំមួយចំនួន ជក់បារីក្នុងបន្ទប់ឃុំឃាំង។ ក្នុងពេលជាប់ឃុំឃាំងនោះ លោកបានទ្រាំហិតផ្សេងបារីទាំងថ្ងៃ និងយប់ ដោយមិនហ៊ានប្ដឹងទៅឆ្មាំពន្ធនាគារឡើយ ព្រោះខ្លាចរងការធ្វើបាប។ លោករៀបរាប់ថា នៅខេត្តកំពង់ចាម មានអ្នកទោសនយោបាយ ជាង១០នាក់ តែមិនត្រូវបានដាក់ឃុំចូលគ្នាទេ គឺឃុំដោយឡែកពីគ្នា តែរងស្ថានភាពមិនសូវខុសគ្នាទេ។
លោករៀបរាប់ថា ឆ្មាំពន្ធនាគារខេត្តកំពង់ចាម មានការរើសអើងលោក ដោយបានហាមប្រាបអ្នកជាប់ឃុំខ្លះ មិនឱ្យនិយាយស្ដីរកលោក ព្រោះលោកជាអ្នកទោសមនសិការ។ ទោះយ៉ាងណា លោកថា អ្នកជាប់ឃុំ ដែលរស់នៅលាយឡំ ក្នុងបន្ទប់ឃុំឃាំងនោះ មានគ្រប់ប្រភេទ បទល្មើសឧក្រិដ្ឋកម្ម គ្រឿងញៀន និងអ្នករងភាពអយុត្តិធម៌ មិនមានការរើសអើងលោក តាមការបង្គាប់របស់ឆ្មាំឡើយ៖ «ខ្ញុំមើលទៅ ដូចជាអ្នកទោសទាំងឡាយ ទាំងពួង គេមិនរើសអើងទេ។ ប៉ុន្តែគ្រាន់ថា ដូចជាមន្ត្រីពន្ធនាគារ គាត់រាងរឹតត្បិតយើង។ រឹតត្បិតយើង ឬក៏គាត់រឹតត្បិតអ្នកទោសផ្សេងៗ កុំឱ្យទៅនិយាយអ្វី កុំឱ្យទៅថា អ្វីលិចកើតអ៊ីចឹងណា។ គាត់ដូចជារាងរើសអើង ប៉ុន្តែសម្រាប់អ្នកជាប់គុកដូចគ្នា គាត់អត់មានប្រកាន់ទេ គាត់មានតែសាទរយើង អាណិតយើង ស្រលាញ់យើង គោរពយើង ដោយសារយើងមានវីរភាព ខ្លះទៀតទៅគាត់រងគ្រោះ ដោយសារតែតុលាការវាមិនមានភាពយុត្តិធម៌សម្រាប់ពួកគាត់អ៊ីចឹងណាបង»។
របបអាហារវិញ លោកថា ខាងពន្ធនាគារខេត្តកំពង់ចាម បានផ្ដល់បាយ និងម្ហូបឱ្យអ្នកជាប់ឃុំ តែមិនអាចហូបឆ្អែត និងគ្រប់គ្រាន់ទេ ដូច្នេះ លោកបានចំណាយលុយទិញ ម្ហូបអាហារបន្ថែម សម្រាប់ការស្នាក់នៅក្នុងពន្ធនាគារ។ លោកថា ទំនិញក្នុងពន្ធនាគារ មានតម្លៃថ្លៃជាងនៅខាងក្រៅខ្លាំង តែគ្មានជម្រើសត្រូវតែបង្ខំចិត្តទិញ។ សម្រាប់ពន្ធនាគារខេត្តកំពង់ចាម អ្នកទោសនយោបាយរូបនេះ ថា ខាងពន្ធនាគារមិនរឹតត្បិត ឬកំណត់ការអនុញ្ញាតឱ្យជួបសាច់ញាតិទេ គឺជួបគ្រប់បានរាល់ថ្ងៃ និងគ្រប់ពេល តែរយៈពេលខ្លី ត្រឹម១០ ឬ២០នាទី។ រីឯស្ថានភាពអំពើពុករលួយក្នុងពន្ធនាគារខេត្តកំពង់ចាមវិញ លោកមិនហ៊ានអត្ថាធិប្បាយទេ។
ចំណែកស្ថានភាពអ្នកទោសនយោបាយនៅតាមពន្ធនាគារតាមបណ្ដាខេត្តផ្សេងទៀត ក៏មិនខុសគ្នាដែរ។ របបក្រុងភ្នំពេញ បានបើកយុទ្ធការបង្ក្រាបលើសកម្មជន និងអ្នកគាំទ្របក្សប្រឆាំង ជិត១០០នាក់ នៅមុនថ្ងៃទី៩ វិច្ឆិកា នៃគម្រោងមាតុភូមិនិវត្តន៍ចូលប្រទេសកម្ពុជា របស់ លោក សម រង្ស៊ី។ តែនៅថ្ងៃទី១៤ វិច្ឆិកា មេដឹកនាំរបប គឺ លោក ហ៊ុន សែន បានបញ្ជាឱ្យដោះលែងអ្នកទោសនយោបាយជាង៧០នាក់វិញ។
ចំណែ លោក នូ ភឿន ដែលជាប់ឃុំនៅពន្ធនាការខេត្តកំពង់ធំវិញថា លោកក៏ត្រូវបានគេបំបែកពីអ្នកទោសមនសិការដូចគ្នាដែរ ដោយឱ្យស្នាក់នៅលាយឡំជាមួយអ្នកជាប់ឃុំបទឧក្រិដ្ឋដែរ។ ក្នុងបន្ទប់ឃុំខ្លួនរបស់លោក នូ ភឿន ស្នាក់នៅសម្បូរទៅដោយអ្នកទោសនយោបាយឈ្លោះគ្នា និងឈានដល់អំពើហិង្សា ព្រោះតែភាពចង្អៀត ហើយដេកប៉ះគ្នា។ កន្លែងដេករបស់ លោក នូ ភឿន គឺនៅជាប់នឹងបង្គន់ក្នុងបន្ទប់ឃុំឃាំង។
លោករៀបរាប់បន្តថា អ្នកជាប់ឃុំទាំងអស់ ត្រូវទិញកង្ហារដាក់ខ្លួនឯង បើមិនដូច្នេះទេ គឺស្អុះស្អាប់ពិបាកដកដង្ហើមណាស់។ នៅថ្ងៃខ្លះ មន្ត្រីពន្ធនាគារបានផ្ដាច់ចរន្តអគ្គិសនី ដែលធ្វើឱ្យអ្នកជាប់ឃុំរងភាពស្អុះស្អាប់។ ចំណែកការចេញលំហែប្រចាំថ្ងៃវិញ គឺឆ្មាំពន្ធនាគារខេត្តកំពង់ធំ អនុញ្ញាតឱ្យចេញពីដង ព្រឹកម្ដង ថ្ងៃម្ដង ដោយក្នុងម្ដងប្រហែល៤០ ទៅ ៥០នាទី។ ឯថ្ងៃបុណ្យជាតិ មិនត្រូវបានអនុញ្ញាតឱ្យចេញក្រៅឡើយ៖ «ការលំហែ វាឱ្យចេញហ្នឹង គេដូចជាមិនសូវបើកឱ្យយើងទូលំទូលាយទេ ក្នុងមួយថ្ងៃ គេឱ្យយើងលម្ហែបានអត់ដល់មួយម៉ោងផង ក្នុងមួយព្រឹកណា។ ដល់ពេលថ្ងៃហ្នឹង គេ ( អត់ឱ្យលម្ហែ ) ដល់១ម៉ោងផង។ ជួនកាលគេឱ្យដល់មួយម៉ោង ជួនកាលអត់។ អ៊ីចឹងណា។ បាទ ដល់ពេលថ្ងៃបុណ្យទានថ្ងៃឈប់សម្រាករបស់រាជការ គឺគេអត់ឱ្យចេញ បានគេឱ្យនៅក្នុងបន្ទប់រហូតអ៊ីចឹងទៅ។ ការរស់នៅពេលឃុំហ្នឹង គេអត់ផ្ដល់ការបើកចរន្តអគ្គិសនីឱ្យប្រើប្រាស់ ដូចជាកង្ហារដើម្បីកុំឱ្យមានបរិយាកាសស្អុះស្អាប់ណា។ វាពិបាក ពេលរស់នៅវាក្ដៅ វាត្រូវនឹងមនុស្សច្រើនផងទៅ»។
លោក លី ម៉េងឃាង ដែលជាប់ឃុំនៅខេត្តកណ្តាលវិញ បានយល់ដឹងច្រើនថា ក្នុងរដ្ឋាភិបាលគួរកែប្រែការដឹកនាំសង្គម បើមិនដូច្នេះទេ យុវជនពេញកម្លាំងនឹងបន្តជាប់ឃុំកាន់តែច្រើនជាងនេះទៀត។ លោកថា លោកឃើញមានយុវជនពេញកម្លាំងជាង ១០នាក់ ត្រូវបានបញ្ជូនឃុំខ្លួនក្នុងពន្ធនាគាររាល់ថ្ងៃ ដោយសារបទល្មើសគ្រឿងញៀន។ លោកមានភាពសង្វេគ អាណិតយុវជនទាំងនោះណាស់ នៅពេលឃើញបែបនេះ៖ «អ្វីដែលខ្ញុំឈឺចិត្តជាងគេហ្នឹង គឺយុវជនខ្មែរ ត្រូវគ្រប់ដណ្ដប់ដោយគ្រឿងញៀន កុមារាខ្មែរ ត្រូវគ្របដណ្ដប់ដោយគ្រឿងញៀន អ៊ីចឹងខ្ញុំមានភាពឈឺចាប់ណាស់ចំពោះជាតិមាតុភូមិ ក្នុងនាមខ្ញុំជាកូនខ្មែរ ម្នាក់ដែរ។ តាមពិតខ្ញុំអរគុណ ពួកគាត់ដែលបានចាប់ខ្ញុំដាក់ក្នុងពន្ធនាគារ ដោយសារអ្វី ដែលយើងដឹងពីខាងក្រៅហ្នឹង វាតិចពេក តែពេលដែលខ្ញុំចូលក្នុងពន្ធនាគារជាង៦០ថ្ងៃហ្នឹង គឺធ្វើឱ្យខ្ញុំដឹងច្បាស់ថា វិស័យដឹកនាំរបស់រដ្ឋាភិបាលគួរកែទម្រង់អ្វីខ្លះ ហើយវាមានភាពអយុត្តិធម៌ហ្នឹង អ្វីខ្លះ ? គឺវាច្រើនពេក ដែលមិនអាចរៀបរាប់អស់។ អ៊ីចឹង ធ្វើឱ្យខ្ញុំកាន់តែអាណិតកូនខ្មែរ។ ធ្វើឱ្យខ្ញុំហ្នឹង កាន់តែឈឺចាប់ ចំពោះជាតិយើង ដែលឃើញកុមារអាយុជាង១០ឆ្នាំ ចូលពន្ធនាគារ មិនដឹងថា ជាតិយើងទៅយ៉ាងណា ទៅអនាគត បើមិនកែទម្រង់ប្រព័ន្ធច្បាប់ទេ។ បើមិនកែទម្រង់ប្រព័ន្ធច្បាប់ទេ គឺយើង ជាតិយើងទៅថ្ងៃមុន ខ្ញុំមិនដឹងថា ធ្លាក់ដុនដាប ឬរីកចម្រើន យ៉ាងណា ? វាឈឺចាប់ណាស់ ចូលទៅដល់ក្នុងហ្នឹង ឃើញយុវជនខ្មែរ ចូលក្នុងពន្ធនាគារមួយថ្ងៃ ១០នាក់ ១០នាក់ជាង»។
លោកស្រី ប៉ែន មុំ ដែលជាប់ឃុំនៅខេត្ត កំពត រៀបរាប់ថា ស្ថានភាពក្នុងពន្ធនាគារខេត្តកំពត ក៏មានលក្ខណៈស្រដៀងគ្នានៅខេត្តកណ្ដាលដែរ។ អ្នកស្រី ប៉ែន មុំ ត្រូវបានឃុំនៅក្នុងអគារB1 នៃពន្ធនាគារខេត្តកំពត ដែលជាកន្លែងឃុំឃាំងស្ត្រី។ ក្នុងចំណោមអ្នកជាប់ឃុំស្ត្រី មាន៤៥នាក់ មានតែលោកស្រីម្នាក់គត់ ជាអ្នកទោសនយោបាយ ឯអ្នកផ្សេងទៀត គឺ ជាស្ត្រីពេញកម្លាំង ជាប់ទោសបទគ្រឿងញៀនភាគច្រើន។ ស្ថានភាព ក្នុងពន្ធនាការខេត្តកំពត ក៏ចង្អៀតណែនដែរ។ ចំណែកអគារឃុំឃាំងខាងបុរសវិញ គឺមានអ្នកជាប់ឃុំចំនួន៩៥នាក់ សុទ្ធសឹងតែជាយុវជន និងមនុស្សពេញកម្លាំង ហើយភាគច្រើន គឺបទល្មើសគ្រឿងញៀន៖ «ខ្ញុំរស់នៅក្នុងពន្ធនាគារ រយៈពេល ១ខែហ្នឹង ខ្ញុំមើលទៅ ខ្ញុំមានចិត្តខ្លោចផ្សាមែនទែន ដោយសារខ្ញុំឃើញប្រជាពលរដ្ឋ ជាបុរសៗហ្នឹង ប្រាំបួនរយ ហុកសិប ( ៩៦០ ) នាក់ ជាប់នៅក្នុងពន្ធនាគារខេត្តកំពតហ្នឹង ដែលជាមនុស្សចាប់ពីអាយុ ១៨ឆ្នាំ ដល់៦០ឆ្នាំជាង គឺពេញកម្លាំង ជាអ្នករកស៊ី ជាអ្នកអ្វីអ៊ីចឹងណា ដោយសារទោសភាគច្រើន ជាង ៨០ភាគរយ គឺទោសគ្រឿងញៀន ដោយសារមានគ្រឿងញៀន ហូរចូលមក អ៊ីចឹងបានជាប្រជាពលរដ្ឋ គាត់មានការប្រឈម គាត់ខ្វះខាតលុយកាក់រកស៊ីអ៊ីចឹងទៅ គាត់ជ្រុលជ្រួសទៅជក់ លក់ គ្រឿងញៀន ឈានដល់ការចែកចាយ អ៊ីចឹងគាត់ត្រូវប្រឈមដល់ការចាប់ហើយ គឺគេបញ្ជូនមកពន្ធនាគារហើយ។ បើក្មេងៗអាយុ១៨ អ្វី ទៅទំនាក់ទំនងនៅត្រឹមស្នងការហ្នឹង បើមានអ្នកធានាអ្នកអ្វី អាចរួច បើអត់ទេ គឺគេបញ្ជូនទៅដាក់នៅពន្ធនាគារហើយ។ យ៉ាងតិច ១ឆ្នាំទៅ១៨ខែ ទើបមានការដោះលែង កាត់ទោសតាមច្បាប់ហ្នឹងណា។ ចំណែកខាងខ្ញុំហ្នឹង B1 មានទោសស្ត្រីហ្នឹងចំនួន ៤៥នាក់។ ៤៥នាក់ហ្នឹង គឺ៩០ភាគរយហើយ ជាទោសគ្រឿងញៀន ហើយចំណែកនាងខ្ញុំ អ្នកទោសនយោបាយមានតែម្នាក់ទេ»។
សកម្មជនគណបក្សប្រឆាំង ជាប់ឃុំនៅពន្ធនាគារខេត្តបាត់ដំបង លោក អ៊ុត ជឿន និយាយថា វាមានភាពលំបាកខ្លាំងណាស់ នៅពេលលោក ជាប់ឃុំនៅទីនោះ។ មួយជីវិតលោក មិនធ្លាប់ជួបប្រទះភាពអយុត្តិធម៌បែបនេះឡើយ៖ «និយាយឱ្យចំ ពាក្យមួយមាត់ វាលំបាក។ ខ្ញុំមិនអាចរៀបរាប់បាន ហើយអ្វីៗក្នុងពន្ធនាគារវាថ្លៃទាំងអស់។ សម្រាប់អ្នក ដែលមានទោស គេអាចទទួលយកបាន តែសម្រាប់អ្នកដែលគ្នាអត់ទោសទេ វាអយុត្តិធម៌ សម្រាប់គ្នា វាមិនអាចទទួលយកបានទេបង។ នៅជាមួយចោរ គេបំបែកគ្នា។ គ្នាខ្ញុំ៣នាក់ មួយសំពៅលូន ១រុក្ខ ៣មោង ទាំងខ្ញុំហ្នឹង គេបំបែកគ្នា អត់ឱ្យនៅជុំគ្នាទេ នៅបន្ទប់រៀងៗខ្លួន»។
ចំណែកអតីតអ្នកទោសមនសិការផ្សេងទៀត ដូចជា លោក ពុយ តាក់ នៅខេត្តកំពង់ស្ពឺ កញ្ញា យូ ចាន់ធានី ជាប់ក្នុងពន្ធនាគារ ម២ នៃពន្ធនាគារព្រៃស មិនហ៊ានធ្វើការអត្ថាធិប្បាយទេ ដោយសារបារម្ភខ្លាចរកការធ្វើទុក្ខបុកម្នេញជាថ្មី លើពួកគាត់។
ពាក់ព័ន្ធនឹងស្ថានភាពក្នុងពន្ធនាគារ ដែលអតីតអ្នកទោសនយោបាយទាំងនេះ បានលើកឡើង ត្រូវបានអគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា បំភ្លឺថា ភាពចង្អៀតណែនក្នុងពន្ធនាគារ កើនឡើងដោយសារកំណើនអ្នកទោស។ ខាងពន្ធនាគារ មិនទាន់មានលទ្ធភាព ញែកអ្នកជាប់ឃុំប្រភេទទោស ដាក់ផ្សេងគ្នាបានឡើយ។ លោក ថា ជាគោលការណ៍ គឺហាមឃាត់ការជក់បារីក្នុងពន្ធនាគារ និងគ្មានគោលការណ៍រើសអើងឡើយ ដូច្នេះបើមានករណីណា ល្មើស អ្នកជាប់ឃុំអាចដាក់ពាក្យប្ដឹងបាន។ ទោះយ៉ាងណា លោកថា ខាងពន្ធនាគារកំពុងកែលម្អស្ថានភាពទាំងឡាយ ឱ្យមានភាពប្រសើរឡើងវិញ៖ «ទាក់ទងនឹងភាពចង្អៀតណែន អាហ្នឹង ខ្ញុំទទួលស្គាល់ ដោយសារកើនឡើងអ្នកទោស។ នៅលាយឡំគ្នា អាហ្នឹងជាធម្មតា វាអត់មានជាជម្រើសទេ។ អ៊ីចឹង បើយើងញែកគាត់ដោយឡែកទៅកន្លែងពិសេសណាមួយ លទ្ធភាពយើងមាន យើងធ្វើអត់ទាន់បាន។ អ៊ីចឹង ដើម្បីឆ្លើយតបនឹងកិច្ចការហ្នឹង យើងត្រូវដាក់គាត់លាយគ្នា មួយរយៈសិន។ ផ្សែងបារី អ្វីហ្នឹង តាមពិតយើងហាមមិនឱ្យមាន»។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការលីកាដូ លោក អំ សំអាត សង្កេតឃើញថា ពន្ធនាគារនៅទូទាំងប្រទេសកម្ពុជា មានភាពចង្អៀតណែនមែន។ លោក ថា បើទោះរដ្ឋាភិបាល និងអគ្គនាយកដ្ឋានពន្ធនាគារ បានប្រកាសពីការប្ដេជ្ញាចិត្តរកមធ្យោបាយបន្ថយភាពចង្អៀតណែនតែមិនអាចធ្វើទៅរួចទេ ដោយសារការកើនឡើងនៃបទល្មើសគ្រឿងញៀន និងកត្តាតុលាការមិនអនុវត្តក្រមព្រហ្មទណ្ឌ ឱ្យអ្នកជាប់ទោសមជ្ឈិមនៅក្រៅឃុំបណ្ដោះអាសន្ន។ ចំណែកអ្នកជាប់ឃុំ ដោយសារបទល្មើសនយោបាយទៀតសោត ក៏មិនអាចនៅក្រៅឃុំបានដែរ បើសិនជាការសម្រេចពីប្រមុខរដ្ឋាភិបាល។
តំណាងអង្គការសិទ្ធិមនុស្ស ឃ្លាំមើលពន្ធនាគាររូបនេះ យល់ថា កត្តាទាំងនេះ និងការដាក់ឱ្យស្នាក់នៅលាយឡំគ្នា គ្រប់ប្រភេទបទល្មើស និងអ្នកជក់បារី បានប៉ះពាល់ដល់សិទ្ធិរបស់អ្នកជាប់ឃុំ។ លោក អំ សំអាត បន្តថា ការចេញលំហែរបស់អ្នកជាប់ឃុំ ក៏គ្មានភាពប្រសើរដែរ។ ចំពោះភាពចង្អៀតណែន ក្នុងពន្ធនាគារវិញ គឺកន្លែងឃុំខ្លួនខ្លះ អ្នកជាប់ឃុំត្រូវ ដាក់ម៉ោង ផ្លាស់វេនគ្នាសម្រាន្ត៖ «អ៊ីចឹង វាប៉ះពាល់ទៅដល់សុខភាពរបស់អ្នកទោសនៅក្នុងហ្នឹងណា ហើយមួយទៀត យើងឃើញថា អាការចេញលម្ហែយកខ្យល់អាកាសអ្វី កាលណាច្រើនពេក យើងអាចប្ដូរវេនគ្នា ក្នុងការចេញ។ អ៊ីចឹង វាធ្វើឱ្យប៉ះពាល់ដែរ ហើយមួយទៀត ការគេង ការអ្វីហ្នឹង អាចគេងបញ្ឆិត គេផ្អៀង ឬក៏ប្ដូរវេនគ្នាគេង អ្វីអ៊ីចឹង។ អាហ្នឹង គឺសុទ្ធតែជារឿង ដែលត្រូវប៉ះពាល់ហើយ។ អ៊ីចឹង បានត្រលប់មកវិញ ដោយសារតែ ទី១ អាភាពចង្អៀតណែនហ្នឹង ដោយសារកំណើននៃអ្នកជាប់ឃុំ ជាពិសេសគឺបទល្មើសគ្រឿងញៀនហ្នឹង វាច្រើនជាងគេហើយ។ អ្វីដែលសំខាន់ គឺរដ្ឋាភិបាល ឬក៏តុលាការហ្នឹង អត់ទាន់បានអនុវត្តត្រឹមត្រូវទៅតាមក្រមព្រហ្មទណ្ឌណា»។
សកម្មជនគណបក្សសង្គ្រោះជាតិដែលទើបទទួលមានសេរីភាពបណ្ដោះអាសន្ន មានបំណងស្នើសុំឱ្យខាងពន្ធនាគារ ដោះស្រាយកង្វល់របស់ពួកគេ ដោយកែលម្អស្ថានភាពមិនប្រក្រតីទាំងឡាយក្នុងពន្ធនាគារឱ្យមានភាពប្រសើរ ដោយត្រូវប្រមូលយកអ្នកជក់បារី ឃុំផ្ដុំគ្នានៅបន្ទប់តែមួយជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។