កូនស្រីសកម្មជនគណបក្សប្រឆាំងនៅស្រុកវាលវែងដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់ ទាមទារឱ្យតុលាការដោះលែងឪពុករបស់លោកស្រី ឱ្យមានសេរីភាពឡើងវិញ។ លោកស្រីអះអាងថា របបលោកក្រុងភ្នំពេញចាប់ឪពុករបស់លោកស្រី គឺលោក ទួន សំអាត ដាក់គុកដោយអយុត្តិធម៌អស់ជាច្រើនខែហើយមិនទាន់ដោះលែងនៅឡើយ។
កូនស្រីជនជាប់ឃុំជាសកម្មគណបក្សសង្គ្រោះជាតិស្រុកវាលវែង លោកស្រី ទួន ស្រីរ័ត្ន ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១០ ធ្នូថា ឪពុករបស់គាត់មិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការនោះឡើយ។ លោកស្រីបន្តថា ឪពុករបស់លោកស្រីធ្លាក់ខ្លួនឈឺធ្ងន់នៅក្នុងពន្ធនាគារ ហើយអាចនឹងគ្រោះថ្នាក់ដល់អាយុជីវិតនៅក្នុងពន្ធនាគារ ប្រសិនបើតុលាការមិនដោះលេងឱ្យមានសេរីភាពវិញ ពីព្រោះលោក ទួន សំអាត មានអាយុ ៧០ឆ្នាំ និងត្រូវលេបថ្នាំព្យាបាលជំងឺជាប្រចាំ។ អ្នកស្រីបន្តថា សុខភាពរបស់ជនជាប់ឃុំទ្រុឌទ្រោមខ្លាំង ដោយសារលោកពិបាកចិត្តដែលជាប់គុកដោយអយុត្តិធម៌៖ «ចាប់គាត់គឺចាប់ទោសនយោបាយហ្នឹង ប៉ុន្តែតុលាការដល់ចោទប្រកាន់គឺតុលាការចោទផ្លូវផ្សេង ដើម្បីដាក់គុកពួកគាត់ឱ្យបានយូរ។ តាមសម្ដីមេធាវីគាត់និយាយប្រាប់ខ្ញុំគឺប្រហែលគេអាចឃុំខ្លួនពួកគាត់១៨ខែ ព្រោះគេចោទពីបទទោសឧក្រិដ្ឋ។ ខ្ញុំយល់ថា តុលាការមិនយុត្តិធម៌ គាត់អត់មានការស៊ើបអង្កេតទេ និយាយមួយទៅគេចាប់ឪពុកខ្ញុំឃុំរយៈពេល៦ខែជាងហើយ គឺអត់ដែលឃើញទៅស៊ើបអង្កេតអីគឺមិនដែលមានទេ គឺចាប់គាត់យកទៅឃុំចោលតែម្ដង»។
លោក ទួន សំអាត ជាអនុប្រធានគណបក្សសង្គ្រោះជាតិ ស្រុកវាលវែង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២៨ ឧសភា កន្លងទៅ ដោយចោទប្រកាន់ទន្ទ្រានដីព្រៃខុសច្បាប់។
ប៉ុន្តែលោកស្រី ទួន ស្រីរ័ត្ន អះអាងថា ឪពុករបស់គាត់មិនបានទៅទន្ទ្រានដីព្រៃដូចការចោទប្រកាន់នោះទេ ហើយលោកស្រី ហៅការចាប់ខ្លួននេះថា ជារឿងនយោបាយ ដោយសារជនជាប់ឃុំជាមន្ត្រីគណបក្សសង្គ្រោះជាតិ ស្រុកវាលវែង ដែលជាឆ្អឹងទទឹងករបស់អាជ្ញាធរដែនដី។
លោកស្រី ទួន ស្រីរ័ត្ន អះអាងថា កាលពីចុងខែវិច្ឆិកាថា លោកស្រីបានដាក់ពាក្យស្នើសុំឱ្យដោះលែងឪពុកគាត់ឱ្យនៅក្រៅឃុំដែរ ប៉ុន្តែសំណើសុំនោះត្រូវបានបដិសេធ ដោយតុលាការប្រាប់លោកស្រីថា សំណុំរឿងនេះ មិនមែនជារឿងនយោបាយនោះទេ គឺជាបទល្មើសព្រៃឈើ ដែលមិនអាចអនុគ្រោះឱ្យបានឡើយ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់លោក ហេង ដូនីន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១០ ធ្នូ ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) ខេត្តពោធិ៍សាត់ លោក កែម គីមស្រ៊ន់ មានប្រសាសន៍ថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនេះ ជារឿងនយោបាយ ដោយសារពួកគាត់ជាមន្ត្រីបក្សសង្គ្រោះជាតិស្រុកវាលវែង ដែលតែងដើរធ្វើសកម្មភាពនយោបាយនៅតាមព្រំដែនកម្ពុជាថៃ នៅតំបន់នោះ។ លោកបន្តថា ការចាប់ខ្លួននេះ គឺជាការគំរាមកំហែងដល់សកម្មជនបក្សប្រឆាំងដទៃទៀត ដើម្បីធ្វើឱ្យពួកគាត់ភិតភ័យ និងឱ្យឈប់គាំទ្រលោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សនេះបន្តទៀត។ ទោះជាយ៉ាងណាលោកថា ការធ្វើបែបនេះមិនផ្ដល់ផលចំណេញដល់របបដឹកនាំសព្វថ្ងៃនោះទេ ផ្ទុយទៅវិញគឺកាន់តែដាក់បន្ទុកដល់រដ្ឋាភិបាលបន្ថែមទៀត៖ «អ៊ីចឹងយើងយល់ឃើញថា ល្មមដល់ពេលដោះលែងពួកគាត់វិញហើយ ហើយអ្នកដែលធ្លាប់ខឹងគាត់ដោយសារតែពួកគាត់មិនព្រមចុះចូលគណបក្សនយោបាយរបស់ខ្លួនហ្នឹងល្មមឈប់ខឹងគាត់ទៅ។ ការឃុំខ្លួនក៏ល្មមដល់ពេលកំណត់ហើយ ហើយកន្លងមករដ្ឋាភិបាលក៏បានប្រកាសឱ្យដោះលែងអ្នកទោសនយោបាយដែរ ទោះបីថាចោទប្រកាន់រឿងកាប់រុករានព្រៃ ប៉ុន្តែបើយើងមើលប្រវត្តិរបស់សកម្មជនបក្សប្រឆាំងទាំងនោះ គឺពួកគាត់អត់មានដីកន្លែងចោទប្រកាន់នោះទេ»។
សាច់ញាតិជនជាប់ឃុំទទូចឱ្យរបបក្រុងភ្នំពេញដោះលែង។ សមត្ថកិច្ចបានចាប់សកម្មជនគណបក្សសង្គ្រោះជាតិស្រុកវាលវែង ខេត្តពោធិ៍សាត់ចំនួន ៧នាក់ ដាក់ពន្ធនាគារជាបន្តបន្ទាប់ កាលពីខែឧសភាកន្លងទៅ។ ក្នុងនោះមានអនុប្រធានគណបក្សស្រុកវាលវែង គឺលោក ទួន សំអាត ជំទប់ទី២ ឃុំអូរសោម លោក ប្រាក់ រិន សកម្មជនគណបក្សប្រឆាំងឃុំប្រម៉ោយ លោក ចាន់ សុផល និងអ្នកដទៃទៀតជាសមាជិកក្រុមប្រឹក្សាឃុំ និងជាសកម្មជនគណបក្សស្រុកវាលវែង ដោយចោទប្រកាន់ពីបទទន្ទ្រានព្រៃយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់ដូចគ្នា។ ចំណែកឯសកម្មជនគណបក្សប្រឆាំងស្រុកវាលវែងជាច្រើនទៀត បានរត់គេចខ្លួននៅទីសុវត្ថិភាព មិនទាន់ទៅដល់ផ្ទះវិញនៅឡើយទេ ព្រោះខ្លាចអាជ្ញាធរចាប់ដាក់គុកបន្ថែមទៀត។
លោកស្រី ទួន ស្រីរ័តុ្ន ព្រមានថា ប្រសិនបើតុលាការមិនដោះលែងអ្នកជាប់ឃុំទាំងនោះឱ្យមានសេរីភាពវិញទេ ពួកគាត់នឹងប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាដំបូងខេត្តពោធិ៍សាត់ក្នុងពេលឆាប់ៗ នេះ៕