មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​អះអាង​ថា កំពុង​ចរចា​ជាមួយ​ភាគី​ថៃ ដើម្បី​ឲ្យ​លោក សម រង្ស៊ី ឆ្លង​កាត់​ទៅ​កម្ពុជា​តាម​ព្រំដែន​ថៃ

0:00 / 0:00

0:00 / 0:00

អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បញ្ជាក់​ជា​ថ្មី​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ បាន​កំណត់​យក​ព្រំដែន​ថៃ ជា​ទី​កន្លែង​ឆ្លង​កាត់​របស់​លោក សម រង្ស៊ី និង​កម្មករ​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដើម្បី​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។

អ្នកស្រី មួរ សុខហួរ មាន​ប្រសាសន៍​ថា គណបក្ស​សង្រ្គោះ​ជាតិ បាន​កំណត់​យក​ប្រទេស​ថៃ ជា​គោលដៅ​អាទិភាព​ទី១ ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅ​កម្ពុជា​វិញ ធ្វើ​ដូច​ភ្ញៀវ​ទេសចរ​ដទៃ​ទៀត​ដែរ ហើយ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ កំពុង​ធ្វើ​ការងារ​ការ​ទូត​ជា​មួយ គណៈកម្មការ​បរទេស​សភា​ថៃ និង​មន្រ្តី​ក្រសួង​ការ​បរទេស​ថៃ ដើម្បី​បើក​ផ្លូវ​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ​ឆ្លង​កាត់​ព្រំដែន​ថៃ វិល​ទៅ​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព៖ «មាតុភូមិ​និវត្តន៍ គឺ​ជា​ផែនការ​អំអិត ដែល​យើង​កំពុង​តែ​ធ្វើ ហើយ​ទោះ​ជា​លោក ហ៊ុន សែន ស្នើ​ឲ្យ​ប្រទេស​អាស៊ាន​ស្នើ​ឲ្យ​ចាប់​ចង​យើង​ខ្ញុំ​ក្ដី តែ​មេ​ដឹក​នាំ​អាស៊ាន​មិន​ធ្វើ​តាម​លោក ហ៊ុន សែន ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​កំពុង​តែ​ធ្វើ​កិច្ចការ​ចរចា​ជាមួយ​គណៈកម្មការបរទេសសភាថៃ ដើម្បីបើកច្រកឲ្យ​យើង​ខ្ញុំ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ប្រទេស​ថៃ»។

អ្នកស្រីមួរ សុខហួរ លើក​ឡើង​ដូច្នេះ នៅ​បន្ទាប់​ពី​អាជ្ញាធរ​ថៃ មិន​អនុញ្ញាត​ឲ្យ​អ្នកស្រី​ចូល​ទឹក​ដី​ថៃ​កាល​ពី​ពេល​ថ្មីៗ នេះ ហើយ​អ្នកស្រី​ក៏​ត្រឡប់​មក​ចូលរួម​ប្រជុំ​នៅ​ទីក្រុង​ស៊ាអាថល (Seattle) (Washington State) ដើម្បី​ជួប​ជុំ​ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ ប្រមូលផ្ដុំគ្នា និង​រៀបចំ​ផែនការ​យុទ្ធសាស្រ្ត​បន្ថែម ទាក់ទង​នឹង​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។

អ្នកស្រី មួរ សុខហួរ ដែល​បច្ចប្បន្ន​កំពុង​នៅ​សហរដ្ឋ​អាមេរិក អះអាង​ថា ទោះ​បី​ជា​មាន​ឧបសគ្គ​យ៉ាង​ណា​ក៏​ដោយ ក៏​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ បាន​ប្ដេជ្ញា​ចិត្ត​វិល​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ឲ្យ​ទាល់​តែ​បាន ហើយ​បើ​សិន​ជា​ភាគី​ថៃ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទឹក​ដី​ថៃ ឬ​យ៉ាង​ណា​នោះ គឺ​គណបក្ស​សង្រ្គោះ​ជាតិ​នឹង​ប្រកាស​អំពី​មធ្យោបាយ​មាតុភូមិ​និវត្តន៍​នេះ ៣ថ្ងៃ​មុន​ថ្ងៃ​កំណត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។