អាជ្ញាធររបបក្រុងភ្នំពេញបានសម្រេចបញ្ជូនសកម្មជនគណបក្សសង្គ្រោះជាតិ ជាសន្តិសុខការពារទីស្នាក់ការគណបក្ស ចំនួន១០នាក់ យកមកឃុំនៅប៉ូលិសប៉ុស្តិ៍វិញក្រោយពីតុលាការសាកសួរកាលពីថ្ងៃទី៦ វិច្ឆិកា។ ស្របពេលសកម្មជនបក្សប្រឆាំងចំនួន ៤នាក់បន្ថែមទៀតនៅក្នុងទីក្រុងភ្នំពេញ បាត់ដំបង និង ខេត្តកោះកុង ត្រូវអាជ្ញាធរចាប់ខ្លួន និងម្នាក់ផ្សេងទៀតនៅក្នុងខេត្តតាកែវត្រូវតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់។ ការឃាត់ខ្លួន និងការចោទប្រកាន់នេះបាន ធ្វើឡើងមុនពេល ២ ថ្ងៃនៃការវិលត្រឡប់របស់លោក សម រង្ស៊ី ទៅកម្ពុជាវិញ។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បញ្ជាក់ថា ការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិមួយរយៈចុងក្រោយនេះហាក់បីដូចជាមានសកម្មភាពកាន់តែខ្លាំងឡើង ហើយរាល់ការចាប់ខ្លួននេះសមត្ថកិច្ចមិនបានអនុវត្តន៍នីតិវិធីរបស់ខ្លួននោះទេ គឺហាក់បីដូចជាការធ្វើឡើងតាមអំពើចិត្ត។ លោក សឹង សែនករុណា បញ្ជាក់ថា ទង្វើនេះជាការបង្ហាញដើម្បីឱ្យអ្នកគាំទ្រគណបក្សប្រឆាំងភ័យខ្លាច៖ «ជាការបង្ហាញថា បានធ្វើឱ្យបំបាក់ស្មារតីរបស់ប្រជាពលរដ្ឋឬក៏អ្នកគាំទ្រឬសកម្មជនទាំងអស់ហ្នឹងមានការភ័យខ្លាចនិងមានការហាក់បីដូចជាលែងចង់មានការពាក់ព័ន្ធទៅនឹងរឿងនយោបាយតទៅទៀត រហូតដល់អ្នកខ្លះមានការភ័យខ្លាចបានចូលសារភាពចុះចូលជាមួយនឹងគណបក្សកាន់អំណាចដើម្បីឱ្យដូរមកវិញ ទៅនឹងការរួចខ្លួនកុំឱ្យចាប់យកទៅឃុំឃាំងអ្វីជាដើម»។
ប្រតិកម្មរបស់មន្ត្រីសិទ្ធិមនុស្សធ្វើឡើងស្របពេលដែល សកម្មជនគណបក្សសង្គ្រោះជាតិចំនួន១០នាក់ ដែលរបបក្រុងភ្នំពេញសម្រុកចូលចាប់នៅក្នុងទីស្នាក់ការគណបក្សកាលពីថ្ងៃទី៥ វិច្ឆិកាកន្លងទៅនេះត្រូវអាជ្ញាធរបញ្ជូនខ្លួនយកមកឃុំនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យវិញហើយ ក្រោយពីតុលាការបានសាក់សួរពីបទសង្ស័យថា រៀបចំផែនការចាំទទួលលោក សម រង្ស៊ី។
អាជ្ញាធររបបលោក ហ៊ុន សែន កាលពីថ្ងៃទី៦ វិច្ឆិកា ក៏បានចាប់ខ្លួនសកម្មជនបក្សប្រឆាំងចំនួន៤នាក់ផ្សេងទៀតនៅក្នុងទីក្រុងភ្នំពេញ បាត់ដំបង និង ខេត្តកោះកុង និងសកម្មជន ម្នាក់ផ្សេងទៀតនៅក្នុងខេត្តតាកែវ ត្រូវតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់។
ដោយឡែក សាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី៦ វិច្ឆិកាក៏បានសម្រេចចោទប្រកាន់លោក សយ សំអុន អាយុ៤៦ឆ្នាំ ពីបទ«រួមគំនិតក្បត់» ដើម្បីរៀបចំទទួលផែនការពីលោក សម រង្ស៊ី។
លោក ហ៊ុំ ស្រ៊ុន ប្អូនប្រុសលោក ហ៊ុំ ស្រ៊ា សកម្មជនគណបក្សប្រឆាំងខេត្តកោះកុងប្រាប់អាស៊ីសេរីថា សមត្ថកិច្ចបានមកចាប់ខ្លួនបងប្រុសរបស់លោកពេលកំពុងរៀបចំទទួលទានបាយល្ងាចក្រោយពីមកធ្វើការងារជាកម្មករសំណង់។ លោកនិយាយថា ក្រុមគ្រួសារបានអង្វរសមត្ថកិច្ចឱ្យបងប្រុសរបស់លោកទទួលទានបាយសិនតែសមត្ថកិច្ចមិនព្រមហើយបានចាប់ខ្លួនលោក ហ៊ុំ ស្រ៊ា ដោយមិនបានទទួលទានបាយសូម្បីតែមួយមាត់។
លោកបញ្ជាក់ថា ការចាប់ខ្លួននេះគឺជារឿងអយុត្តិធម៌ដែលលោកមិនអាចទទួលយកបានដោយសារបងប្រុសរបស់លោក បានលាឈប់ពីគណបក្សប្រឆាំងហើយមកធ្វើជាកម្មករសំណង់៖ «បាទខ្ញុំគិតថា វាអយុត្តិធម៌ណាស់បង។ បាទគាត់ឈប់ហើយ គាត់ឈប់ យូរហើយតាំងពីបក្សរំលាយមក នេះបើតាមគាត់ប្រាប់មក។ គាត់ឈប់ហើយគេអត់ស្ដាប់យើងគេយករូបតាំងពីចាស់ៗមកធ្វើជាភស្តុតាង»។
អនុប្រធានគណបក្សសង្គ្រោះជាតិអ្នកស្រី មូរ សុខហួរ ប្រាប់អាស៊ីសេរីថា ការចាប់ខ្លួនជាបន្តបន្ទាប់នេះកាន់តែធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានការឈឺចាប់មកចូលរួមជាមួយលោក សម រង្ស៊ីកាន់តែច្រើន៖ «នេះគឺជាការប៉ះពាល់ធ្ងន់ណាស់ ទៅលើលទ្ធិប្រជាធិបតេយ្យហើយនឹងច្បាស់ជារបាយការណ៍របស់សហគមន៍អឺរ៉ុបដែលនឹងត្រូវចេញនៅថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខរបាយការណ៍ពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជារបាយការណ៍នេះពាក់ព័ន្ធ EBA ទៀត នឹងធ្វើឱ្យបាត់បង់ EBA ជាមិនខានទេ»។
គិតត្រឹមថ្ងៃទី៧ វិច្ឆិកានេះ សកម្មជនបក្សសង្គ្រោះជាតិចំនួន ៧៩នាក់ហើយត្រូវបានរបបក្រុងភ្នំពេញចាប់ខ្លួន និងចំនួន២០០នាក់ផ្សេងទៀតបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទសង្ស័យថា បានចូលរួមអមដំណើរជាមួយលោក សម រង្ស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
