អ្នកគាំទ្រ​ត្រៀម​ទៅ​ឃ្លាំមើល​មន្ត្រី​បក្ស​ប្រឆាំង​ចូល​បំភ្លឺ​​នៅ​មុខ​តុលាការ​ខេត្ត​បាត់ដំបង

0:00 / 0:00

អ្នកគាំទ្រ​គណបក្សប្រឆាំង​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង​បាន​ត្រៀមខ្លួន​ទៅ​ឃ្លាំមើល​នៅមុខ​សាលាដំបូង​ខេត្ត ដើម្បី​ផ្ដល់​កម្លាំងចិត្ត​ដល់​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ជាច្រើន​នាក់ ដែល​ចូល​បំភ្លឺ​តាម​ដីកា​របស់​តុលាការ​នៅ​ថ្ងៃ​ទី​៨ ឧសភា ខាងមុខ​។ ពួកគាត់​ចាត់​ទុក​ដីកាកោះ​នេះ​ថា ជា​រឿង​អយុត្តិធម៌​មួយ​បន្ថែម​ទៀត​ដល់​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ ដើម្បី​បំភិតបំភ័យ​ដល់​ពួកគាត់​កុំ​ឱ្យ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​របប​ក្រុងភ្នំពេញ។

អ្នកគាំទ្រ​បក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង លោក ឆម ហ៊ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៥ ឧសភា​ថា លោក​និង​អ្នក​គាំទ្រ​មួយ​ចំនួន​ទៀត​បាន​ត្រៀម​ខ្លួន​រួចជាស្រេច ដើម្បី​ទៅ​ឃ្លាំមើល​មេឃុំ​ចៅសង្កាត់​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត និង​មន្ត្រី​បក្ស​ប្រឆាំង​ជាច្រើន​រូប​ទៀត ចូល​បំភ្លឺ​នៅមុខ​សាលាដំបូង​ខេត្ត ដោយ​មិន​មាន​ភ័យខ្លាច​នោះ​ទេ។ លោក​បន្ត​ថា មូលហេតុ​ដែល​ទៅ​ឃ្លាំមើល ដោយ​យល់ថា​ពួកគាត់​គ្មាន​កំហុស​ដូច​ការចោទប្រកាន់​របស់​តុលាការ​នោះ​ទេ។ «»

ចំណែក​អ្នកគាំទ្រ​ម្នាក់ទៀត លោក រុន ចន្ធី អះអាង​ថា ស្ថានការណ៍​នយោបាយ​កន្លង​មក​លោក​តឹងទ្រូង​ស្ទើរ​ធ្លាយ​ទៅ​ហើយ តែ​លើក​នេះ​ដោយ​លោក​មិន​អាច​ឈរ​អោបដៃ​មើល​តុលាការ​ធ្វើទុក្ខបុកម្នេញ​ដល់​មេឃុំ​ចៅសង្កាត់​ដែល​ខ្លួន​បាន​បោះឆ្នោត​ឱ្យ​នោះ​ទេ ព្រោះ​ជា​រឿង​អយុត្តិធម៌​ចំពោះ​ពួកគាត់​ដែល​គ្មាន​កំហុស។ «»

ប៉ុន្តែ​អាជ្ញាធរ​ក្រុង​បាត់ដំបង​ជឿជាក់​ថា គ្មាន​ប្រជាពលរដ្ឋ​ណា​ទៅ​គាំទ្រ​មន្ត្រី​គណបក្សប្រឆាំង​ទាំង​នោះ​ទេ។

អភិបាលក្រុង​បាត់ដំបង លោក ផែង សិទ្ធី ប្រាប់​អាស៊ីសេរី​ថា ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​យល់​ច្បាប់ទម្លាប់​បាន​ល្អ ហើយ​មិនមែន​ចេះតែ​ទៅ​គាំទ្រ​អ្នកណាម្នាក់​ដោយ​ងាយៗ​នោះ​ទេ ដូច្នេះ​នៅ​ពេល​ដល់​ថ្ងៃ​កំណត់​របស់​តុលាការ ដែល​កោះហៅ​សកម្មជន​បក្ស​ប្រឆាំង​ទៅ​បំភ្លឺ​នឹង​គ្មាន​មនុស្ស​ទៅ​ចូលរួម​នោះ​ឡើយ។ «»

ចំណែក​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ខេត្ត​បាត់ដំបង​ម្នាក់ទៀត លោក ខែម ស៊ីថា លើកឡើង​ថា លោក​អភិបាលក្រុង​វាយតម្លៃ​ស្ថានការណ៍​មិន​ត្រូវ​នោះ​ទេ ព្រោះ​ប្រជាពលរដ្ឋ​ភាគច្រើន​ឈឺចាប់​នឹង​របប​ដឹកនាំ​សព្វថ្ងៃ ហើយ​លោក​នឹង​ពលរដ្ឋ​ដទៃ​ទៀត​នឹង​ទៅ​ចូលរួម​ឃ្លាំមើល​នៅមុខ​សាលាដំបូង​ខេត្ត​បាត់ដំបង ព្រោះ​មិន​ពេញចិត្ត​នឹង​ដីកា​កោះហៅ​នេះ។ «»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើកឡើង​ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ចូលរួម​គាំទ្រ និង​ឃ្លាំមើល​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​បាន នៅមុខ​សាលាដំបូង​ខេត្ត ដោយ​មិន​ខុសច្បាប់​នោះ​ឡើយ។ លោក​ថា ការរារាំង​ពលរដ្ឋ​គឺជា​រឿង​ខុស​ច្បាប់។ «»

គិត​ត្រឹម​ថ្ងៃ​ទី​៥ ឧសភា តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​បាត់ដំបង​លោក គឺ ប៊ុណារ៉ា បាន​កោះហៅ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២០​នាក់​ហើយ រួមមាន កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត ចៅសង្កាត់​ទូល​តា​ឯក លោក ម៉ក់ រ៉ា និង​ចៅសង្កាត់​ចំការសំរោង ក្រុង​បាត់ដំបង​លោក ឃួន ចំរើន អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង​លោក ឌឹម សារឿន ជាដើម ដើម្បី​ឱ្យ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​ពេលវេលា​ខុសៗ​គ្នា គឺ​ចាប់ពី​ថ្ងៃ​ទី​៨ ទី ៩ ថ្ងៃ​ទី​១៦​និង ថ្ងៃ​ទី​១៧ ឧសភា ខាងមុខ ដោយ​ចោទប្រកាន់​ពួកគាត់​ពី​បទ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល រឿង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​លោក យិន ម៉េងលី អះអាង​ថា មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​មិនបាន​ធ្វើ​ខុសច្បាប់​អ្វី​នោះ​ទេ។

មន្ត្រី​គណបក្សប្រឆាំង​ដែល​ត្រូវ​ចូល​បំភ្លឺ​រួមមាន ក្រុមប្រឹក្សា​ខេត្ត​ជាប់ឆ្នោត ២ នាក់​សមាជិក​ក្រុមប្រឹក្សា​ក្រុង និង​ស្រុក ៤ នាក់ មេឃុំ ចៅសង្កាត់ ជាប់ឆ្នោត​៨ នាក់ ចៅ​សង្កាត់រង និង​ជំទប់​១ ៣ នាក់ និង​មន្ត្រី​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​ខេត្ត ស្រុក ឃុំ ៣ នាក់ ហើយ​អ្នក​ទាំងនោះ​នឹង​ត្រៀម​ចូល​បំភ្លឺ​តាម​ការកំណត់​របស់​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។