មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​​អះអាង​ថា សម្ពន្ធភាព​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅតែ​រឹងមាំ

ដោយ ទីន ហ្សាការីយ៉ា
2021-01-13
Share
មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​​អះអាង​ថា សម្ពន្ធភាព​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅតែ​រឹងមាំ (ខាងលើ ឆ្វេង) លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (ខាងក្រោម ឆ្វេង) លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​កញ្ញា កឹម មនោ វិទ្យា អនុប្រធាន​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។
រូប៖ RFA និង​ហ្វេសប៊ុក​លោក សម រង្ស៊ី លោក កឹម សុខា និង​កញ្ញា​ កឹម មនោ វិទ្យា

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា សម្ពន្ធភាព​រវាង​មេ​ដឹក​នាំ​គណបក្ស​នេះ​នៅ​តែ​រឹង​មាំ មិន​មាន​ការ​បែក​បាក់​នោះ​ទេ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក កឹម សុខា បាន​លើក​ឡើង​ថា លោក​មាន​បំណង​ដឹកនាំ​គណបក្ស​ប្រឆាំង​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។ អ្នក​វិភាគ​ថា ជម្រើស​ល្អ​របស់​គណបក្ស​ប្រឆាំង គឺ​ថែរក្សា​សម្ពន្ធភាព និង​ឯកភាព​​ផ្ទៃក្នុង​បក្ស​ឱ្យ​បាន​រឹង​មាំ។

ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា ការ​តស៊ូ​នយោបាយ​របស់​​ថ្នាក់ដឹកនាំ​គណបក្ស​នេះ គឺ​ដើម្បី​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា ហើយ​ដើម្បី​ឱ្យ​ការ​បោះឆ្នោត​នេះ អាច​ប្រព្រឹត្ត​ទៅ​បាន គឺ​ត្រូវ​មាន​ដំណោះស្រាយ​នយោបាយ​ជា​មុន​សិន។

លោក អេង ឆៃងអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា ដំណោះ​ស្រាយ​នយោបាយ​សមស្រប​​នោះ គឺ​របប​លោក ហ៊ុន សែន ត្រូវ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត ព្រម​ទាំង​បើក​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ដំណើរការ​ឡើង​វិញ​បាន។ លោក​សង្កត់​ធ្ងន់​ថា លោក កឹម សុខា ត្រូវការ​ជាចាំបាច់​នូវ​យុត្តិធម៌ និង​សិទ្ធិ​សេរីភាព ដើម្បី​វិល​មក​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាងមុខ ដូច្នេះ​ភាគី​ពាក់ព័ន្ធ​គប្បី​ជួយ​ទាម​ទារ​យុត្តិធម៌ និង​សិទ្ធិ​សេរីភាព​ជូន​លោក កឹម សុខា វិញ៖ «

លោក អេង ឆៃអ៊ាង អះអាង​ថា សម្ពន្ធភាព​នយោបាយ​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា មិន​មាន​អ្វី​ប្រេះ​ឆា​នោះ​ទេ ហើយ​ពួក​លោក​នៅ​តែ​គោរព​លោក កឹម សុខា ក្នុង​ឋានៈ​ជា​ប្រធាន​បក្ស​ដដែល។

ការ​បញ្ជាក់​បែប​នេះ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង គឺ​បន្ទាប់​ពី​កូន​ស្រី​របស់​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា បាន​បង្ហោះ​សារ​លើ​បណ្ដាញ​ធ្វីតធ័រ (Twitter) កាល​ពីថ្ងៃទី១២ មករា​ថា លោក កឹម សុខា មាន​បំណង​ដឹក​នាំ​គណបក្ស​ប្រឆាំង​ ដើម្បី​ប្រកួតប្រជែង​ការ​បោះឆ្នោត​ឆ្នាំ២០២២ និង​ឆ្នាំ២០២៣ ប្រកប​ដោយ​អត្ថន័យ។ កញ្ញា កឹម មនោវិទ្យា មិន​បាន​បកស្រាយ​ឱ្យ​ច្បាស់​ថា តើ​គណបក្ស​ប្រឆាំង​នេះ គឺ​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល ឬ​ជា​គណបក្ស​ថ្មី​នោះ​ទេ ហើយ​ក្រោយ​មក​សារ​នេះ ត្រូវ​បាន​លុប​ចោល​វិញ។

អាស៊ីសេរី​បាន​​ទាក់ទង​កញ្ញា កឹម មនោវិទ្យា ដើម្បី​សុំ​ការ​បកស្រាយ​រឿង​នេះ​ដែរ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៣ មករា។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ស្និទ្ធ​នឹង​លោក កឹម សុខា គឺ​លោក មាជ សុវណ្ណារ៉ា ថ្លែង​ថា នេះ​ជា​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន​របស់​កញ្ញា កឹម មនោវិទ្យា ដែល​​ទំនង​ជា​ក្នុង​ន័យ​ពញ្ញាក់​ស្មារតី​សហគមន៍​អន្តរជាតិ ឬ​គណបក្ស​កាន់​អំណាច ឱ្យ​គិត​គូរ​ស្ដារ​ស្ថានការណ៍​ប្រទេស​កម្ពុជា​ឡើង​វិញ។ លោក​បន្ត​ថា លោក កឹម សុខា ជា​អ្នក​ប្រជាធិបតេយ្យ​បែប​បង្រួបបង្រួម ដូច្នេះ​លោក​នឹង​មិន​ជ្រើស​រើស​យក​ការ​បែក​បាក់​គ្នា​នោះ​ទេ៖

លោក កឹម សុខា កំពុង​ជាប់​ក្នុង​បម្រាម​នយោបាយ​នៅឡើយ ហើយ​សកម្មភាព​របស់​លោក​ស្ថិត​ក្រោម​ការ​តាម​ដាន​របស់​អាជ្ញាធរ។ តុលាការ​ក្រុង​ភ្នំពេញ​មិន​ទាន់​កំណត់​ពេល​សវនាការ​សំណុំ​រឿង​របស់​លោក​ជា​ថ្មី​ទៀត​នៅ​ឡើយ​ទេ ក្រោយ​ផ្អាក​សវនាការ​កាល​ពី​ខែ​មីនា ឆ្នាំ២០២០ ក្រោម​ហេតុផល​បង្ការ​ជំងឺ​កូវីដ-១៩។

ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ លោក តាំង ស៊ុនឡាយ បាន​ប្រាប់​វិទ្យុ​វីអូអេ (VOA) ថា លោក កឹម សុខា ស្ថិត​នៅ​ក្រៅ​ឃុំ​ ដូច្នេះ​សំណុំ​រឿង​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ មិន​មែន​ជា​អាទិភាព​សម្រាប់​តុលាការ​នោះ​ទេ។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ថ្លែងថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​មាន​ច្រក​សម្រាប់​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ តាម​រយៈ​ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ដើម្បី​បង្កើត​គណបក្ស​ថ្មី។ ប៉ុន្តែ​ចំពោះ​តួអង្គ​លោក កឹម សុខា វិញ លោក សុខ ឥសាន ថា លោក​មិន​មាន​យោបល់​អ្វី​នោះ​ទេ៖ «

ជុំវិញ​រឿង​នេះ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា វាយ​តម្លៃ​ថា លោក កឹម សុខា ​អាច​មាន​ឱកាស​ធ្វើ​នយោបាយ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ឡើងវិញ តាម​រយៈ​សេណារីយ៉ូ​ពីរ​យ៉ាង។ ទី​មួយ សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​ខ្លាំង​លើ​រដ្ឋាភិបាល ដើម្បី​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ និង​​ទី​ពីរ លោក កឹម សុខា បែក​ចេញ​ពី​លោក សម រង្ស៊ី៖ «

ទោះ​ជា​យ៉ាង​ណា លោក ឯម សុវណ្ណារ៉ា ជឿ​ថា ការ​បែក​បាក់​គ្នា​រវាង​លោក កឹម សុខា និង​លោក សម រង្ស៊ី មិន​មែន​ជា​ជម្រើស​ល្អ​សម្រាប់​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​ពីរ​នោះ​ទេ តែ​វា​នឹង​ហុច​ផល​ទៅ​គណបក្ស​កាន់​អំណាច​ទៅ​វិញ។ អ្នក​ជំនាញ​រូប​នេះ​បន្ថែម​ថា អ្វី​ដែល​បក្ស​ប្រឆាំង​គួរ​ធ្វើ​ជា​ចាំបាច់​នោះ គឺ​ពង្រឹង​ឯកភាព និង​សាមគ្គី​ផ្ទៃក្នុង​បក្ស ដើម្បី​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ឱ្យ​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល