យុវជន​សង្គ្រោះជាតិ​ថ្កោលទោស​របប​ក្រុងភ្នំពេញ​រឿង​ចាប់​ចង​មន្ត្រី​បក្ស​ប្រឆាំង​ថ្មីៗ​នេះ

ដោយ មួង ណារ៉េត
2020-04-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កញ្ញា សៅ ឧសភា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ព្រះសីហនុ និង​ជា​សកម្មជន​បរិស្ថាន មាតា​ធម្មជាតិ។
កញ្ញា សៅ ឧសភា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ព្រះសីហនុ និង​ជា​សកម្មជន​បរិស្ថាន មាតា​ធម្មជាតិ។
រូប៖ ហ្វេសប៊ុក

ក្រុម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ថ្កោលទោស​របប​លោក ហ៊ុន សែន ជុំវិញ​ការ​ចាប់ខ្លួន​សកម្មជន​មូលដ្ឋាន​របស់​គណបក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ នៅ​អំឡុង​វិបត្តិ​ជំងឺ​កូវីដ​-១៩។ ពួកគេ​ថា ទង្វើ​នេះ​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​ធ្លាក់​ចុះ​ដុនដាប និង​បង្ហាញ​កាន់​តែ​ច្បាស់​ពី​ការដឹកនាំ​បែប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន។

យុវជន​គណបក្ស​សង្គ្រោះជាតិ និង​ជា​ជំទប់​ទី​ពីរ​ជាប់ឆ្នោត​ឃុំ​ក្តី​រុន ស្រុក​ពួក ខេត្ត​សៀមរាប លោក ឈុន វាន លើកឡើង​ថា ការ​ចាប់ខ្លួន​មន្ត្រី​មូលដ្ឋាន​គណបក្សប្រឆាំង​នៅ​ពេល​ថ្មីៗ​នេះ គឺជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​។ លោក​បន្ត​ថា មន្ត្រី​មូលដ្ឋាន​ទាំងនោះ មិនបាន​ធ្វើ​សកម្មភាព​ខុសច្បាប់​អ្វី​ឡើយ ហើយ​ពួកគាត់​ក៏​មិន​បាន​ធ្វើ​សកម្មភាព​នយោបាយ​ដែរ​។ លោក​ថា របប​ក្រុង​ភ្នំពេញ​បាន​បង្កើត​លេស​ជា​បន្តបន្ទាប់ ដើម្បី​បង្ក្រាប​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធានា​ថា គ្មាន​សំឡេង​ប្រឆាំង​នៅ​កម្ពុជា៖ «ការពិត គាត់​អត់​មាន​ធ្វើ​សកម្មភាព​អ្វី​ទាំងអស់​។ អាហ្នឹង គឺជា​លេស​មួយ​ដែល​គាត់ (រដ្ឋាភិបាល​)​ចង់​កម្ចាត់​គណបក្សប្រឆាំង​ទេ រឿង​ថា ធ្វើ​សកម្មភាព ធ្វើ​អ្វី​ហ្នឹង​។ ធ្វើ​បាប​សកម្មជន​(​សង្គ្រោះ​ជាតិ) ហ្នឹង គឺ​មិនមែន​ជា​រឿង​មួយ​ដែល​ថ្មី​ទេ។ តាំងតែ​ពី​ដើម​មក ដោយសារតែ​សកម្មជន​គណបក្ស​ប្រឆាំង ឬក៏​សកម្មជន​ដែល​នៅ​មូលដ្ឋាន​មួយ​ចំនួន​ហ្នឹង គឺ​អត់​បាន​ចុះចូល ឬ​អត់​បាន​លក់​ឧត្ដមគតិ​របស់​ពួកគាត់ អ៊ីចឹង​បានជា​គាត់​(​រដ្ឋាភិបាល) យក​លេស ដើម្បី​ចាប់​ពួកគាត់​ហ្នឹង​ដាក់​ពន្ធនាគារ»

យុទ្ធនាការ​ចាប់ចង​មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​កម្រើក​ឡើងវិញ​នៅ​ស្រប​ពេល​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​-១៩ នៅ​កម្ពុជា​។ គិត​ពី​ខែ​មករា មក​ដល់​ថ្ងៃ​ទី​២២ មេសា អាជ្ញាធរ​បាន​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន ១២​នាក់​ហើយ ក្នុង​នោះ ១១​នាក់ កំពុង​ជាប់ពន្ធនាគារ ហើយ​ម្នាក់ទៀត​ស្ថិតនៅ​ក្រៅ​ឃុំ ដោយសារ​សកម្មជន​រូប​នោះ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ក្រោយ​ប៉ូលិស​ចាប់ខ្លួន​គាត់​ទាំង​កម្រោល។ ភាគច្រើន​នៃ​ករណី​ចាប់ខ្លួន​នេះ សមត្ថកិច្ច​មិនបាន​បង្ហាញ​ដីកាចាប់ខ្លួន​ឡើយ ហើយ​ករណី​ខ្លះ​ទៀត​សមត្ថកិច្ច​បាន​ប្រើ​ល្បិច​បញ្ឆោត​ឱ្យ​ពួកគេ​ទៅ​ជួប​អ្នកនេះ ឬ​អ្នកនោះ រួច​ក៏​ចាប់ខ្លួន​តែម្ដង​។ ករណី​មួយ​ចំនួន​ទៀត ប៉ូលិស​ចាប់​មនុស្ស​ទៅ​បាត់​ដោយ​គ្មាន​ផ្តល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​របស់​គេ​នោះ​ទេ ទាល់តែ​សកម្មជន​ទាំងនោះ​ទូរស័ព្ទ​មក​ប្រាប់​វិញ ទើប​គ្រួសារ​ដឹង​ថា ពួកគាត់​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ។

តុលាការ​បាន​ចោទប្រកាន់​ក្រុម​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ទាំងនេះ ប្រហាក់ប្រហែល​គ្នា ពី​បទ​រួមគំនិត​ក្បត់ជាតិ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​កុំ​ឱ្យ​យោធិន​ស្ដាប់បង្គាប់។

អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី​ថា ការ​ចាប់ខ្លួន​មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ​ថ្មីៗ​នេះ គឺ​ដោយសារ​ពួកគេ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​។ ទោះជា​យ៉ាងណា អ្នកនាំពាក្យ​រូប​នេះ មិន​បាន​បង្ហាញ​ភស្តុតាង ឬ​បកស្រាយ​ឱ្យ​ច្បាស់​ថា តើ​ក្រុម​សកម្មជន​ទាំងនោះ​បាន​ធ្វើ​អ្វីខ្លះ​នោះ​ឡើយ៖ «អតីត​បក្ស​ប្រឆាំង ត្រូវ​បាន​រំលាយ ដោយ​តុលាការ​កំពូល​ហើយ​។ អ៊ីចឹង​ទៅ ជា​ខ្មោច​ដែល​ខុសច្បាប់ ហើយ​អ្នក​ដែល​គាំទ្រ​អ្នក​ខុសច្បាប់ អ្នក​ហ្នឹង​ក៏​ខុសច្បាប់​ដែរ​។ បើ​បងប្អូន​នៅ​ក្នុង​ស្រុក​ក្តី និង​នៅ​ក្រៅ​ក្តី ឈប់​ធ្វើ​សកម្មភាព គ្មាន​អ្នក​រុកកួន​អី​គាត់ វា​អត់​ទេ​។ វា​ខូច​តែ​គាត់​ធ្វើ​សកម្មភាព»

ផ្ទុយ​ពី​ការ​អះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់អំណាច​នេះ ក្រុម​គ្រួសារ​របស់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន អះអាង​ថា ពួកគាត់​ទាំងនោះ​មិន​បាន​ធ្វើ​ប្រព្រឹត្ត​អ្វី​ខុសច្បាប់​ឡើយ ហើយក៏​មិន​បាន​ធ្វើ​សកម្មភាព​នយោបាយ​នោះ​ដែរ តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​រួចមក។

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ទៀត លោក សេង ម៉េងប៊ុនរ៉ុង ប្រតិកម្ម​ថា របប​ក្រុងភ្នំពេញ​កំពុង​ធ្វើបាប​ពលរដ្ឋ​ខ្លួនឯង​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។ លោក​ថា អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ ពួកគាត់​មិន​បាន​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​ឡើយ ដោយ​អ្នកខ្លះ​សំងំ​តែ​ក្នុង​ផ្ទះ​ខ្លាច​ជំងឺ​កូវីដ-១៩ និង​ខ្លះ​ទៀត​ខំ​ប្រឹង​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​។ លោក​ចាត់ទុកថា ទង្វើ​ចាប់ចង​របស់​អាជ្ញាធរ​នេះ ថា ជា​ការ​បំបែកបំបាក់​គ្រួសារ និង​សង្គម​ជាតិខ្មែរ៖ «កូវីដ គ្រួសារ​ណា​ក៏​ត្រូវ​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ហ្នឹង​ដែរ ហើយ​ចុះបើ​ក្រុម​គ្រួសារ​គាត់​កំពុង​ជាប់ពន្ធនាគារ​ទៀត រឹតតែ​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​។ អ៊ីចឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ជាពិសេស​គឺ​សកម្មជន​ដែល​រងគ្រោះ​ដោយសារ​ការ​ចាប់​ចង​ហ្នឹង កាន់តែ​ធ្លាក់​ដុនដាប​ទៅ ហើយ​អត់​មាន​វេទនា​អ្នកណា ក្រៅ​តែ​ពី​វេទនា​ប្រជាជន​ឯង​ទេ​។ អ៊ីចឹង​ខ្ញុំ​សូម​ផ្ដាំ​ផ្ញើ​ឱ្យ​របប​លោក ហ៊ុន សែន បោះបង់​នយោបាយ​ចាប់ចង​នេះ​ចោល​ទៅ»

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ កន្លង​ទៅ នៅ​ក្រោយ​ពេល​ទប់ស្កាត់​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដោយ​ជោគជ័យ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដង្ហោយ​ហៅ​សកម្មជន​បក្ស​ប្រឆាំង​ទាំងឡាយ​ដែល​កំពុង​រត់​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស ឱ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ​។ លោក​អះអាង​ថា លោក​នឹង​មិន​យកទោស​ពៃរ៍​អ្វី​លើ​ពួកគេ​ឡើយ ដោយ​លោក​ចាត់ទុកថា សកម្មជន​ទាំងនោះ​បាន​ចាញ់បោក​ក្រុម​លោក សម រង្ស៊ី៖ «ក្នុងនាម ខ្ញុំ​ព្រះ​ករ​ណា​ខ្ញុំ​ជា​ប្រធាន​នីតិប្រតិបត្តិ ខ្ញុំ​ព្រះករុណា​ខ្ញុំ​អំពាវនាវ​ឱ្យ​មនុស្ស​ទាំងអស់​ដែល​កំពុង​រត់គេច​ខ្លួន ត្រឡប់​មក​ភូមិកំណើត​វិញ​។ កុំ​លាក់ខ្លួន​នៅ​កន្លែង​នេះ លាក់ខ្លួន​នៅ​កន្លែង​នោះ​តទៅទៀត ហើយ​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ជាពិសេស​នគរបាល និង​អាវុធហត្ថ ក៏ដូចជា​មន្ត្រី​នៅ​មូលដ្ឋាន​ទាំងអស់ កុំ​ធ្វើ​អ្វី​ឱ្យ​សោះ​។ ឱ្យ​គេ​មក​ផ្ទះ​យ៉ាង​ស្រួល ហើយ​រាប់អាន​គេ​ទៅ ធ្វើការ​ជាមួយគ្នា​ទៅ»

សមាជិក​ប្រតិបត្តិ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា សៅ ឧសភា ចាត់ទុកថា ករណី​បង្កូក​ឱ្យ​សកម្មជន​សង្គ្រោះ​ជាតិ​ចូល​ស្រុក​ដោយ​មិន​យកទោស​ពៃរ៍​នេះ​ថា គ្រាន់តែ​ជា​ល្បិចកល​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ​។ កញ្ញា​ថា ស្ថានភាព​ជាក់ស្ដែង អាជ្ញាធរ​របប​ក្រុងភ្នំពេញ​នៅតែ​បន្ត​ចាប់ខ្លួន​សកម្មជន​សង្គ្រោះ​ជាតិ​ដដែល បើ​ទោះ​បី​ជា​ពួកគាត់​មិនបាន​ធ្វើ​អ្វី​ខុសច្បាប់ ឬ​មិន​បាន​ធ្វើ​សកម្មភាព​នយោបាយ​យ៉ាង​ណា​ក្តី៖ «ពេល​ដែល​គាត់​ស្រែក​ហ្នឹង ស្អែក​ឡើង​យើង​ទៅ គាត់​អត់​ចាប់​ទេ ប៉ុន្តែ​នៅ​ក្នុង​អំឡុង​ពេល​ក្រោយ​មក​ទៀត រយៈពេល​មួយ​ខែ ពីរ​ខែ​អ្វី​ហ្នឹង គឺ​យើង​មិនបាច់​ធ្វើ​អ្វី ក៏​គាត់​ចាប់​យើង​ដែរ​។ អ៊ីចឹង​រឿង​ពាក្យ​សម្តី​ដែល ហ៊ុន សែន និយាយ​ចេញ​មក គ្រប់​ម៉ាត់ គ្រប់​ពាក្យ គឺ​វា​មិនមែន​ជា​ការពិត​នោះ​ទេ​។ វា​គ្រាន់តែ​ជា​ការ​បោក​បញ្ឆោត​របស់​គាត់ ដើម្បី​ឱ្យ​យើង​ហ្នឹង​ចូល​ទៅ​ក្នុង​ប្រទេស​ទៅ ដើម្បី​ចាប់​យើង​ដាក់គុក​ទាំងអស់ ដើម្បី​បន្សាប​សំឡេង​លទ្ធិប្រជាធិបតេយ្យ​ទេ»

កញ្ញា សៅ ឧសភា អំពាវនាវ​ដល់​ពលរដ្ឋ និង​សកម្មជន​សង្គ្រោះ​ជាតិ​ដទៃ​ទៀត ឱ្យ​ពង្រឹង​ជំហរ​ឡើងវិញ និង​កុំ​បោះបង់ចោល​ការ​តស៊ូ​ដើម្បី​ស្រោចស្រង់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ជាមួយគ្នា​នេះ កញ្ញា​ស្នើ​ឱ្យ​អាជ្ញាធរ​រប​ក្រុងភ្នំពេញ​បញ្ឈប់​ទង្វើ​យាយី និង​ការ​ចាប់ចង​មន្ត្រី​បក្ស​ប្រឆាំង និង​ពលរដ្ឋ​ស្លូតត្រង់​ជាបន្ទាន់​។ សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​រូប​នេះ បន្ថែម​ថា ប្រសិនបើ​លោក ហ៊ុន សែន មិន​ចង់​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​ផ្ដាច់ការ​ទេ លោក​ត្រូវតែ​ស្ដារ​ស្ថានការណ៍​នយោបាយ​ស្រុកទេស ហើយ​ងាក​មក​ដឹកនាំ​ប្រទេស​តាម​បែប​ប្រជាធិបតេយ្យ​វិញ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ពិនិត្យ​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​ការ​រាតត្បាត​ជំងឺ​កូវីដ​-១៩ ដោយ​មិន​ត្រឹមត្រូវ ដើម្បី​បំបិទមាត់​សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​បញ្ចេញ​ទុក្ខ​កង្វល់​អំពី​ជំងឺ​ថ្មី​នេះ ព្រមទាំង​អ្នក​ហ៊ាន​រិះគន់​វិធានការ​របស់​រដ្ឋាភិបាល​។ អង្គការ​សិទ្ធិ​មនុស្ស​ដដែល​បន្ត​ទៀត​ថា ការ​យាយី​របស់​រដ្ឋាភិបាល​លើ​អ្នកគាំទ្រ និង​សមាជិក​បក្ស​ប្រឆាំង​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​-១៩ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​សកម្មជន​សង្គម​ស៊ីវិល អ្នក​សារព័ត៌មាន​ឯករាជ្យ និង​ប្រជាពលរដ្ឋ​សាមញ្ញ ដែល​បញ្ចេញ​ទស្សនៈ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​នៅ​ក្នុង​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល