តើជំនួបលោក ហ៊ុន សែន និង កឹម សុខា អាចឈានទៅបញ្ចប់វិបត្តិនយោបាយវិញឬយ៉ាងណា?

អ្នកជំនាញខាងកិច្ចការអន្តរជាតិមើលឃើញជំនួបរវាង លោក កឹម សុខា និង លោក ហ៊ុន សែន គឺជាកាយវិការល្អមួយសម្រាប់មេដឹកនាំគូបដិបក្ខ អាចរកផ្លូវដោះស្រាយវិបត្តិនយោបាយនាពេលបច្ចុប្បន្ន។
ក្រុមអ្នកវិភាគមើលឃើញថា ជំនួបរវាងមេបក្សប្រឆាំងលោក កឹម សុខា ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបុណ្យសពម្ដាយក្មេករបស់លោកជាគំរូល្អមួយសម្រាប់មេដឹកនាំប្រទេស បង្ហាញពីការអត់ឱន យោគយល់ និងអនុគ្រោះឱ្យគ្នា ក៏ប៉ុន្តែពុំមានន័យថា នឹងអាចដោះស្រាយវិបត្តិនយោបាយបានក្នុងពេលឆាប់ៗនេះទេ។
អ្នកវិភាគនយោបាយនិរទេសខ្លួន ដែលងតែងតែរិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់នោះ លោក គឹម សុខ មានប្រសាសន៍ថា ជំនួបរវាងមេដឹកនាំទាំងពីរនេះ ហាក់មានការប្រុងប្រយ័ត្នរៀងៗខ្លួន មានន័យថា នៅក្នុងជំនួបនេះ ប្រាកដជាលោក កឹម សុខា អាចបានជជែកពីការស្វែងរកផ្លូវដើម្បីឈានទៅមានដំណោះស្រាយនយោបាយណាមួយ ប៉ុន្តែ លោក ហ៊ុន សែន មិនហ៊ានបន្ធូរសេរីភាពនយោបាយឱ្យលោក កឹម សុខា ដល់កម្រិត ដែលនឹងអាចធ្វើឱ្យខូចផែនការអំណាចតត្រកូលហ៊ុនរបស់លោកនោះទេ៖ «លោក កឹម សុខា បង្ហាញជំហរត្រូវផ្លូវក្នុងការទាមទារឱ្យមានការផ្សះផ្សាជាតិ ហើយជម្លោះនយោបាយពិតជាត្រូវសម្រុះសម្រួលគ្នាតាមផ្លូវនយោបាយមែន ក៏ប៉ុន្តែគាត់មិនអាចងាកចេញពីគោលការណ៍ទាមទារយុត្តិធម៌សមនឹងទទួលយកបាន ដូចដែលគាត់ធ្លាប់បានសន្ទនាជាមួយអង្គទូតនានាកន្លងមកនោះទេ»។
លោក កឹម សុខា បានដឹកនាំក្រុមមេធាវីរបស់លោក និងមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនទៅចូលរួមគោរពវិញ្ញាណក្ខន្ធ ម្ដាយក្មេកលោក ហ៊ុន សែន កាលល្ងាចថ្ងៃទី៥ ឧសភា។ នេះជាលើកទី១ហើយ ដែលលោក កឹម សុខា ចេញមុខជាសាធារណៈចូលរួមពិធីបុណ្យសពម្ដាយក្មេកលោកនាយករដ្ឋមន្ត្រី ក្រោយពីលោក ហ៊ុន សែន បានបញ្ជាឱ្យតុលាការចាប់លោក កឹម សុខា ដាក់ពន្ធនាគារត្រពាំងផ្លុង និងការឃុំខ្លួនក្នុងផ្ទះក្នុងរយៈពេលប្រមាណ ៤ឆ្នាំមកនេះ។
នៅក្នុងរូបថតដែលគេយកមកផ្សព្វផ្សាយនោះ លោក កឹម សុខា បានជួបអង្គុយសន្ទនាដោយផ្ទាល់ជាមួយលោក ហ៊ុន សែន ក្នុងសំលៀកបំពាក់កាន់ទុក្ខរយៈពេលជិត ១ម៉ោង ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់ដឹងថា តើលោក កឹម សុខា បានជជែកពីរឿងអ្វីខ្លះជាមួយលោក ហ៊ុន សែន ក្រៅពីចូលរួមសំដែងការសោកស្ដាយ និងសាររំលែកទុក្ខនោះ?
អាស៊ីសេរីមិនអាចទាក់ទងមេធាវីការពារក្ដីលោក កឹម សុខា គឺលោក ចាន់ ចេន អ្នកស្រីមេធាវី ម៉េង សុភារី និងមន្ត្រីខុទ្ទកាល័យរបស់លោក គឺលោក មុត ចន្ថា ដែលបានទៅចូលរួមជាមួយលោក កឹម សុខា ដែរនោះ បាននៅឡើយនៅឡើយទេ មកទល់ថ្ងៃទី៦ ឧសភា នេះ។ ប៉ុន្តែមន្ត្រីខុទ្ទកាល័យ លោក កឹម សុខា គឺលោក មុត ចន្ថា បានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកយ៉ាងខ្លីថា «នៅក្នុងជំនួបនោះ គឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា បានសំណេះសំណាលសួរសុខទុក្ខគ្នា ចូលរួមមរណទុក្ខ និងផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ។ លោកសរសេរបន្តថា លោក កឹម សុខា តែងតែប្រកាន់ខ្ជាប់នូវមនោសញ្ចេតនាប្រកបដោយភាតរភាព ព្រហ្មវិហារធម៌ និងស្មារតីខ្មែរតែមួយ ជាពិសេសក្នុងកាលៈទេសៈដែលមានទុក្ខលំបាក»។
ទាក់ទងនឹងបញ្ហានេះ លោក គឹម សុខ យល់ថា លោក កឹម សុខា បានចែករំលែកមេរៀនចិត្តធម៌ដល់លោក ហ៊ុន សែន ទោះជាលោកត្រូវបានរបបលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារ ហើយសំណុំរឿងកំពុងនៅលើដៃតុលាការនៅឡើយក្ដី តែលោក កឹម សុខា ហ៊ានធ្វើល្អ អត់ឱន និងអនុគ្រោះដល់លោក ហ៊ុន សែន ដើម្បីជាការរំឭកដាស់តឿនថា «ទង្វើចិត្តធម៌ ការអត់ឱន និងការអនុគ្រោះនោះ មនុស្សទូទៅសុទ្ធតែអាចធ្វើបានហើយត្រូវនឹងការប្រៀនប្រដៅរបស់ព្រះពុទ្ធដែរ”។ ទោះបីជាលោក កឹម សុខា បង្ហាញពីក្ដីអនុគ្រោះ មិនប្រកាន់យកទោសពៃរ៍វិញបែបនេះក្ដី ក៏លោក គឹម សុខ មើលមិនទាន់ឃើញថា លោក ហ៊ុន សែន អាចបន្ទន់ឥរិយាបថដើម្បីបញ្ចប់វិបត្តិនយោបាយក្នុងពេលឆាប់ៗនេះដែរ៖ «ពីព្រោះការបាត់អំណាចរបស់លោក ហ៊ុន សែន បាត់អ្វីៗទាំងអស់ ហើយការបាត់បែបនេះ នឹងធ្វើឱ្យលោកប្រឈមនឹងផ្លូវច្បាប់ធ្ងន់ធ្ងរណាស់ បើសិនជាមិនមានដំណោះស្រាយច្បាស់លាស់។ ម្យ៉ាងទៀតបើសិនជាលោក ហ៊ុន សែន ព្រមស្រុះស្រួលនយោបាយទៅចុះ តែលោក ហ៊ុន សែន មាននយោបាយបរទេសនៅពីក្រោយក្រាស់ក្រែលណាស់ ចិននិងយួន តើចិននិងយួនព្រមហើយឬនៅ?»។
ផ្ទុយពីការមើលឃើញរបស់លោក គឹម សុខ នេះ ចំពោះ អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ ឯម សុវណ្ណារ៉ា វិញ មានប្រសាសន៍ថា ជំនួបរវាង លោកនាយករដ្ឋមន្ត្រីនេះ គឺជាចំណុចចាប់ផ្ដើមមួយអាចឆ្ពោះទៅរកផ្លូវចរចានៅពេលខាងមុខ ទោះជានៅពេលនេះ មិនទាន់មានលទ្ធផលអ្វីជាវិជ្ជាមានក្ដី គ្រាន់តែការចរចាណាមួយនោះ ត្រូវការប្រើពេលយួរទៀត៖ «យន្តការចរចាជាយន្តការល្អបំផុត ទី២ លោកកឹម សុខា ប្រកាន់ថា មិនយកខ្មែរណាជាសត្រូវ ដែលជាប្រការល្អបំផុតសម្រាប់ដោះស្រាយបញ្ហាទាំងអស់ នេះជាកិច្ចការមួយដែលល្អសម្រាប់អ្នកនយោបាយយកមកពិចារណា ហើយអាចជានយោបាយមួយសម្រាប់ឈានទៅដល់ការចរចានាពេលអនាគត»។
ទោះបីជាជំនួបរវាងលោក ហ៊ុន សែន និង លោក កឹម សុខា នេះ មិនទាន់បង្ហាញតម្រុយចរចានយោបាយភ្លាមៗក្ដី ប៉ុន្តែក្រុមអ្នកវិភាគអះអាងថា បើសិនជាលោក ហ៊ុន សែន មិនបន្ទន់ឥរិយាបថនយោបាយទេ ហើយនៅតែចង់រក្សាទុកអំណាចតវង្សត្រកូលនោះ កម្ពុជានឹងជួបវិបត្តិសេដ្ឋកិច្ច និងវិបត្តិសង្គមធ្ងន់ធ្ងរ ក្នុងពេលកម្ពុជាកំពុងរងផលប៉ះពាល់ជំងឺកូវីដ-១៩ផង និង វិបត្តិកម្ពុជាឥតការងារធ្វើកាន់តែច្រើនផង ក្រោយពីសហភាពអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធផងនោះ។
អ្នកវិភាគពន្យល់ថា ដោយសារតែកម្ពុជារង វិបត្តិសេដ្ឋកិច្ចនិងវិបត្តិសង្គមផង ហើយដើម្បីបង្ហាញពីនយោបាយចិត្តធម៌ និងអនុគ្រោះរបស់លោកផងនោះ លោក ហ៊ុន សែន អាចនឹងផ្លាស់ប្ដូរជំហរនយោបាយងាកមកស្ដារលទ្ធិប្រជាធិបតេយ្យវិញ នៅនាទីចុងក្រោយក៏ថាបាន៕