តំណាង​អយ្យការ​ព្យាយាម​ភ្ជាប់​ករណី​បាតុកម្ម​ហិង្សា​បណ្ដាល​ឲ្យ​បាតុករ​ស្លាប់​ ថា មាន​ទំនាក់ទំនង​ជាមួយ​លោក កឹម សុខា

0:00 / 0:00

មេធាវី​រិះគន់​ថា សវនាការ​ជំនុំ​ជម្រះក្ដី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គ្មាន​ភាព​ជឿនលឿន​ទេ ព្រោះ​តំណាង​អយ្យការ​បន្ត​ចោទសួរ​ពី​ករណី​បាតុកម្ម ទៅ​បាតុកម្ម​មួយ ដែល​មិនមែន​ជា​ការទទួលខុសត្រូវ​របស់​លោក កឹម សុខា​។

មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា បើ​សវនាការ​នៅតែ​ដើរ​យឹត​ដូច្នេះ​ទៀត នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សេរីភាព និង​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក កឹម សុខា។សំណុំរឿង​ក្បត់ជាតិ របស់​លោក កឹម សុខា អស់ពី​ការ​សួរ​ដេញដោល​ករណី​បាតុកម្ម​នៅ​ផ្លូវ​វេងស្រេង កាល​ពី​ឆ្នាំ​២០១៣ ពេល​នេះ​តំណាង​អយ្យការ​ប្ដូរ​មក​សួរ​ដេញដោល​ទាក់ទង​ការ​ធ្វើ​បាតុកម្ម​នៅ​ស្ពាន​អាកាស​ក្បាលថ្នល់​វិញ​ម្ដង។ ទោះ​យ៉ាងណា លោក កឹម សុខា នៅតែ​រក្សា​ចម្លើយ​ដដែល គឺ​លោក​ទទួលស្គាល់​តែ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ប៉ុណ្ណោះ ថា ជា​ការ​រៀបចំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំណែក​បាតុកម្ម​នៅ​កន្លែង​ផ្សេង​ពី​នេះ​លោក​មិន​ទទួលខុសត្រូវ​ឡើយ។

សហ​មេធាវី​ការពារ​ក្ដី​ឲ្យ លោក កឹម សុខា គឺ​លោក ចាន់ ចេន ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ចេញពី​បន្ទប់​សវនាការ​ថា ចាប់តាំងពី​សវនាការ​ទី​១ មកដល់​សវនាការ​ទី​៤៧ នេះ​នៅតែ​មាន​ភាព​តានតឹង​គ្នា​រវាង​តំណាង​អយ្យការ និង​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា​។ លោក​បន្ត​ថា ការដែល​តំណាង​អយ្យការ​បាន​ព្យាយាម​យក​ភស្តុតាង​វីដេអូ នៅ​ស្ពាន​ក្បាលថ្នល់ មក​ចោទ​ប្រកាន់​ថា មាន​ទំនាក់ទំនង​នឹង​លោក កឹម សុខា គឺ​មិន​ត្រឹមត្រូវ៖ «ហាក់បីដូចជា​ព្យាយាម​ចង់​ឲ្យ​កូនក្ដី​ខ្ញុំ​មានការ​ទទួលខុសត្រូវ ហើយ​អំបាញ់មិញ​នេះ ខ្ញុំ​បាន​ស្ដាប់​ច្បាស់​គឺ​លោក កឹម សុខា គាត់​បាន​ឆ្លើយ​ថា អត់​មាន​អ្វី​ដែល​ពាក់ព័ន្ធ​ជាមួយ​គាត់​ទេ បាតុកម្ម​ឬក៏​អំពើ​ហិង្សា​ដែល​កើត​នៅ​គេ​ហៅថា ស្ពាន​ក្បាលថ្នល់​បាទ»។

សវនាការ​ជុំ​លើក​ទី​៤៧ នៃ​ការ​សួរដេញដោល​នៃ​សំណុំរឿង​ក្បត់ជាតិ​របស់​មេ​បក្ស​ប្រឆាំង លោក កឹម សុខា តុលាការ​នៅតែ​រក​មិនទាន់​ឃើញ​ថា រដ្ឋ​បរទេស​ណាមួយ​បាន​ឃុបឃិត​ជាមួយ​លោក កឹម សុខា ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល លោក ហ៊ុន សែន នៅឡើយ​ទេ។

កាលពី​ឆ្នាំ​២០១៣ ក្រុម​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល​បាន​បាញ់រះ​លើ​ក្រុម​បាតុករ ដែល​ព្យាយាម​រុញច្រាន​បន្លា​លួស​របស់​សមត្ថកិច្ច​ដាក់​បិទផ្លូវ​នៅ​ស្ពាន​អាកាស​ក្បាលថ្នល់​។ ពេលនោះ បណ្ដាល​ឲ្យ​បាតុករ​ម្នាក់​ស្លាប់ និង​បាតុករ​ជាច្រើន​នាក់​ទៀត​រង​របួស។ មន្ត្រី​សិទ្ធិមនុស្ស រិះគន់​ថា ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ពេល​នោះ​ថា បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ដែល​មាន​ក្រុមការងារ​លោក​ចូល​ឃ្លាំមើល​តុលាការ​រំលឹក​ថា បាតុកម្ម​នៅ​ស្ពាន​អាកាស​ក្បាលថ្នល់​កាលពី​ឆ្នាំ​២០១៣ ជា​បាតុកម្ម​គ្មាន​មេដឹកនាំ និង​គ្មាន​ប្រធានបទ​ច្បាស់លាស់​នោះ​ទេ​។ លោក​យល់​ថា ករណី​តំណាង​អយ្យការ​ព្យាយាម​យក​អង្គហេតុ​មិន​ពាក់ព័ន្ធ​មក​ចោទសួរ​លោក កឹម សុខា ដដែលៗ​បែប​នេះ ធ្វើ​ឲ្យ​ខាតបង់​ពេលវេលា និង​អាច​ប្រឈម​ធ្វើ​ឲ្យ​លោក កឹម សុខា បាត់បង់​ឱកាស​ចូលរួម​ធ្វើ​នយោបាយ​សម្រាប់​ឆ្នាំ​២០២៣​ខាងមុខ៖ «ការ​ចាក់​វីដេអូ សូរ​ឡើងវិញ​ដដែល ហើយនឹង​រូបភាព​ភ្ជាប់​ទៅ​នឹង​អំពើ​ហិង្សា​ផ្សេងៗ​យើង​មើល​ហាក់​មិន​មាន​អ្វី​ប្លែក​ហើយ​ជា​រឿង​មួយ​ដែល​បង្ក​ឲ្យ​អូស​បន្លាយ​ពេលវេលា​កាន់តែ​យូរ​តទៅទៀត​ណា»។

ជុំវិញ​ការរិះគន់​នេះ វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​តុលាការ​សាលាដំបូង​រាជធានី ភ្នំពេញ លោក តាំង ស៊ុនឡាយ បាន​ទេ​នៅ​ថ្ងៃទី​៦ ខែ​កក្កដា។

ទោះ​យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​ថ្លែង​ដដែលៗ​ការពារ​ចំណាត់​របស់​តុលាការ​ថា ដំណើរការ​ក្ដី​លោក កឹម សុខា គឺជា​សិទ្ធិ​សម្រេច​របស់​តុលាការ។

​ទោះ​យ៉ាងណា អ្នកឃ្លាំមើល​នយោបាយ​សង្កេត​ឃើញ​នៅ​រយៈពេល​ចុងក្រោយ​នេះ តុលាការ​បាន​យក​បម្រាម​របស់​ខ្លួន​មក​រឹតត្បិត​សកម្មភាព​របស់​លោក កឹម សុខា នៅពេល​លោក កឹម សុខា បាន​ចុះ​ជួប​អ្នកគាំទ្រ​ញឹកញាប់ បាន​និយាយ​ទាក់ទង​រឿង​បោះឆ្នោត និង​រឿង​នយោបាយ​ជាដើម។

សវនាការ​លើក​ទី​៤៧​នេះ មាន​ការ​ដាក់​កម្លាំង​រឹត​បន្តឹង​នៅ​បរិវេណ​តុលាការ ខណៈ​អ្នកគាំទ្រ​លោក កឹម សុខា ប្រមាណ​១០​នាក់ ឈរ​តាមដាន​សវនាការ​នៅ​ក្រៅរបង​តុលាការ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា យល់​ថា លោក កឹម សុខា មិន​គួរ​ពឹងផ្អែក​រក​យុត្តិធម៌​តាម​ផ្លូវការ​កម្ពុជា​តែមួយ​នោះ​ទេ​។ លោក​យល់​ថា លោក កឹម សុខា គួរ​បន្ថែម​សកម្មភាព​ការងារ​ការទូត ឲ្យ​កាន់តែ​ខ្លាំង ដោយ​ស្នើ​ទៅ​សហគមន៍​អន្តរជាតិ បង្ហាញ​ភាព​ស្អាតស្អំ​របស់​លោក៖ «ខ្ញុំ​គិតថា គ្រាន់តែ​ជំនួប​មន្ត្រី​ទូត​មន្ត្រី​នយោបាយ​នានា​ហ្នឹង មិនទាន់​ពេញលេញ​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​គាត់​ (​ លោក កឹម សុខា​ ) មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ដោះ​បន្ទុក​លោក កឹម សុខា ទេ គួរតែ​មាន​យន្តការ​ការជំរុញ​ការ​លាង​ជម្រះ ការ​ទម្លាក់​បទ​ចោទ​ហ្នឹង​ឲ្យ​លឿន ឲ្យ​ខ្លាំងក្លា​ជាង​ហ្នឹង»។

បើ​គ្មាន​ការប្រែប្រួល​ទេ តុលាការ​នឹង​បន្ត​ដេញដោល​សួរ​លោក កឹម សុខា បន្ត​ទៀត នៅ​ថ្ងៃ​ពុធ​ទី​១៣ កក្កដា សប្ដាហ៍​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។