មេធាវីរិះគន់ថា សវនាការជំនុំជម្រះក្ដីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គ្មានភាពជឿនលឿនទេ ព្រោះតំណាងអយ្យការបន្តចោទសួរពីករណីបាតុកម្ម ទៅបាតុកម្មមួយ ដែលមិនមែនជាការទទួលខុសត្រូវរបស់លោក កឹម សុខា។
មន្ត្រីសង្គមស៊ីវិលបារម្ភថា បើសវនាការនៅតែដើរយឹតដូច្នេះទៀត នឹងធ្វើឲ្យប៉ះពាល់សេរីភាព និងសិទ្ធិធ្វើនយោបាយរបស់លោក កឹម សុខា។សំណុំរឿងក្បត់ជាតិ របស់លោក កឹម សុខា អស់ពីការសួរដេញដោលករណីបាតុកម្មនៅផ្លូវវេងស្រេង កាលពីឆ្នាំ២០១៣ ពេលនេះតំណាងអយ្យការប្ដូរមកសួរដេញដោលទាក់ទងការធ្វើបាតុកម្មនៅស្ពានអាកាសក្បាលថ្នល់វិញម្ដង។ ទោះយ៉ាងណា លោក កឹម សុខា នៅតែរក្សាចម្លើយដដែល គឺលោកទទួលស្គាល់តែបាតុកម្មនៅទីលានប្រជាធិបតេយ្យ ប៉ុណ្ណោះ ថា ជាការរៀបចំរបស់គណបក្សសង្គ្រោះជាតិ ចំណែកបាតុកម្មនៅកន្លែងផ្សេងពីនេះលោកមិនទទួលខុសត្រូវឡើយ។
សហមេធាវីការពារក្ដីឲ្យ លោក កឹម សុខា គឺលោក ចាន់ ចេន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយចេញពីបន្ទប់សវនាការថា ចាប់តាំងពីសវនាការទី១ មកដល់សវនាការទី៤៧ នេះនៅតែមានភាពតានតឹងគ្នារវាងតំណាងអយ្យការ និងមេធាវីការពារក្ដីលោក កឹម សុខា។ លោកបន្តថា ការដែលតំណាងអយ្យការបានព្យាយាមយកភស្តុតាងវីដេអូ នៅស្ពានក្បាលថ្នល់ មកចោទប្រកាន់ថា មានទំនាក់ទំនងនឹងលោក កឹម សុខា គឺមិនត្រឹមត្រូវ៖ «ហាក់បីដូចជាព្យាយាមចង់ឲ្យកូនក្ដីខ្ញុំមានការទទួលខុសត្រូវ ហើយអំបាញ់មិញនេះ ខ្ញុំបានស្ដាប់ច្បាស់គឺលោក កឹម សុខា គាត់បានឆ្លើយថា អត់មានអ្វីដែលពាក់ព័ន្ធជាមួយគាត់ទេ បាតុកម្មឬក៏អំពើហិង្សាដែលកើតនៅគេហៅថា ស្ពានក្បាលថ្នល់បាទ»។
សវនាការជុំលើកទី៤៧ នៃការសួរដេញដោលនៃសំណុំរឿងក្បត់ជាតិរបស់មេបក្សប្រឆាំង លោក កឹម សុខា តុលាការនៅតែរកមិនទាន់ឃើញថា រដ្ឋបរទេសណាមួយបានឃុបឃិតជាមួយលោក កឹម សុខា ដើម្បីផ្ដួលរំលំរដ្ឋាភិបាល លោក ហ៊ុន សែន នៅឡើយទេ។
កាលពីឆ្នាំ២០១៣ ក្រុមសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាលបានបាញ់រះលើក្រុមបាតុករ ដែលព្យាយាមរុញច្រានបន្លាលួសរបស់សមត្ថកិច្ចដាក់បិទផ្លូវនៅស្ពានអាកាសក្បាលថ្នល់។ ពេលនោះ បណ្ដាលឲ្យបាតុករម្នាក់ស្លាប់ និងបាតុករជាច្រើននាក់ទៀតរងរបួស។ មន្ត្រីសិទ្ធិមនុស្ស រិះគន់ថា ការបង្ក្រាបរបស់សមត្ថកិច្ចពេលនោះថា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត ដែលមានក្រុមការងារលោកចូលឃ្លាំមើលតុលាការរំលឹកថា បាតុកម្មនៅស្ពានអាកាសក្បាលថ្នល់កាលពីឆ្នាំ២០១៣ ជាបាតុកម្មគ្មានមេដឹកនាំ និងគ្មានប្រធានបទច្បាស់លាស់នោះទេ។ លោកយល់ថា ករណីតំណាងអយ្យការព្យាយាមយកអង្គហេតុមិនពាក់ព័ន្ធមកចោទសួរលោក កឹម សុខា ដដែលៗបែបនេះ ធ្វើឲ្យខាតបង់ពេលវេលា និងអាចប្រឈមធ្វើឲ្យលោក កឹម សុខា បាត់បង់ឱកាសចូលរួមធ្វើនយោបាយសម្រាប់ឆ្នាំ២០២៣ខាងមុខ៖ «ការចាក់វីដេអូ សូរឡើងវិញដដែល ហើយនឹងរូបភាពភ្ជាប់ទៅនឹងអំពើហិង្សាផ្សេងៗយើងមើលហាក់មិនមានអ្វីប្លែកហើយជារឿងមួយដែលបង្កឲ្យអូសបន្លាយពេលវេលាកាន់តែយូរតទៅទៀតណា»។
ជុំវិញការរិះគន់នេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីប្រធានតុលាការសាលាដំបូងរាជធានី ភ្នំពេញ លោក តាំង ស៊ុនឡាយ បានទេនៅថ្ងៃទី៦ ខែកក្កដា។
ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់ថ្លែងដដែលៗការពារចំណាត់របស់តុលាការថា ដំណើរការក្ដីលោក កឹម សុខា គឺជាសិទ្ធិសម្រេចរបស់តុលាការ។
ទោះយ៉ាងណា អ្នកឃ្លាំមើលនយោបាយសង្កេតឃើញនៅរយៈពេលចុងក្រោយនេះ តុលាការបានយកបម្រាមរបស់ខ្លួនមករឹតត្បិតសកម្មភាពរបស់លោក កឹម សុខា នៅពេលលោក កឹម សុខា បានចុះជួបអ្នកគាំទ្រញឹកញាប់ បាននិយាយទាក់ទងរឿងបោះឆ្នោត និងរឿងនយោបាយជាដើម។
សវនាការលើកទី៤៧នេះ មានការដាក់កម្លាំងរឹតបន្តឹងនៅបរិវេណតុលាការ ខណៈអ្នកគាំទ្រលោក កឹម សុខា ប្រមាណ១០នាក់ ឈរតាមដានសវនាការនៅក្រៅរបងតុលាការ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា យល់ថា លោក កឹម សុខា មិនគួរពឹងផ្អែករកយុត្តិធម៌តាមផ្លូវការកម្ពុជាតែមួយនោះទេ។ លោកយល់ថា លោក កឹម សុខា គួរបន្ថែមសកម្មភាពការងារការទូត ឲ្យកាន់តែខ្លាំង ដោយស្នើទៅសហគមន៍អន្តរជាតិ បង្ហាញភាពស្អាតស្អំរបស់លោក៖ «ខ្ញុំគិតថា គ្រាន់តែជំនួបមន្ត្រីទូតមន្ត្រីនយោបាយនានាហ្នឹង មិនទាន់ពេញលេញមិនទាន់គ្រប់គ្រាន់សម្រាប់គាត់ ( លោក កឹម សុខា ) មិនទាន់គ្រប់គ្រាន់សម្រាប់ដោះបន្ទុកលោក កឹម សុខា ទេ គួរតែមានយន្តការការជំរុញការលាងជម្រះ ការទម្លាក់បទចោទហ្នឹងឲ្យលឿន ឲ្យខ្លាំងក្លាជាងហ្នឹង»។
បើគ្មានការប្រែប្រួលទេ តុលាការនឹងបន្តដេញដោលសួរលោក កឹម សុខា បន្តទៀត នៅថ្ងៃពុធទី១៣ កក្កដា សប្ដាហ៍ក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
