តុលាការ​បន្ទាយមានជ័យ​កោះហៅ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ចូល​បំភ្លឺ​រឿង​ការ​ប្រមូល​ផ្ដុំ​គ្នា

0:00 / 0:00

ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​កោះហៅ​សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត​ឱ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៨ កញ្ញា ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ផ្ដុំ​គ្នា​ថ្លែង​សារ​គាំទ្រ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ដែល​​គ្រោង​​វិល​​ចូល​​ស្រុក​​វិញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាង​មុខ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ដីកាកោះ​របស់​តុលាការ​នេះ​ថា ជា​ការ​គំរាមកំហែង​​ផ្នែក​​នយោបាយ​​ដល់​​អ្នក​គាំទ្រ​​បក្ស​​ប្រឆាំង។

សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ លោក ឆាំ សុភាន់ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៥ កញ្ញា​ថា លោក​នឹង​មិន​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ឡើយ ព្រោះ​លោក​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​របស់​តុលាការ​នោះ​ទេ​។ លោក​បញ្ជាក់​ថា កន្លង​មក​លោក​គ្រាន់តែ​ជួប​ប្រជុំ​ជាមួយ​ពលរដ្ឋ និង​សកម្មជន​គណបក្សប្រឆាំង​ថ្លែង​សារ​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើងវិញ​ប៉ុណ្ណោះ ដែល​នេះ​គឺជា​ការអនុវត្ត​សិទ្ធិ​សេរីភាព​ដែល​ធានា​ដោយ​ច្បាប់៖ «នេះ​ជា​ល្បិច​នយោបាយ​នឹង​ឯង ព្រោះ​អី​អាជ្ញាធរ​បក្ស​កាន់​អំណាច​បង្ខំ​​ឱ្យ​​ខ្ញុំ​​ចុះ​ចូល​​ជាមួយ​​គណបក្ស​នេះ​ច្រើន​លើក​ច្រើន​សា​ហើយ តែ​ខ្ញុំ​មិន​ចុះចូល អ៊ីចឹង​មក​ធ្វើ​ខ្លាំង​ដាក់​ខ្ញុំ ហើយ​​យក​​ដីកា​​កោះហៅ​​ខ្ញុំ។ ខ្ញុំ​មិនបាន​ធ្វើ​អី​ខុស​ដូច​តុលាការ​​ចោទ ហើយ​​ចេះ​តែ​​សាង​​រឿង ចង់​​ធ្វើ​​អ្នក​ណា​​សាង​​រឿង​​អាក្រក់​​ដាក់​​គេ​​រួច​​ចាប់​​គេ ជួល​​កាល​​ចាប់​​គេ​​មិន​​មាន​​ដីកា​ចាប់​ខ្លួន ដូច​​វា​​ហួស​ហេតុ​​ពេក​ហើយ»។

លោក ឆាំ សុភាន់ បាន​រត់​ភៀសខ្លួន​ទៅ​រក​កន្លែង​សុវត្ថិភាព​តាំងពី​ថ្ងៃ​ទី​៥ កញ្ញា​កន្លង​ទៅ បន្ទាប់​មន្ត្រី​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ជាច្រើន​នាក់ បាន​ទៅ​ឃ្លាំង​មើល​នៅ​មុខ​​ផ្ទះ​របស់​លោក​ជា​បន្ត​បន្ទាប់ ធ្វើ​ឱ្យ​លោក​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព។

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ប្រសិនបើ​តុលាការ​ឯករាជ្យ​លោក​នឹង​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​ដោយ​មិន​រួញរា​ឡើយ ក៏ប៉ុន្តែ​លោក​ថា លោក​គ្មាន​ជំនឿ​លើ​ស្ថាប័ន​តុលាការ​របប​ក្រុង​ភ្នំពេញ​ទេ ពីព្រោះ​ថ្មីៗ​ នេះ​តុលាការ​បាន​ចាប់​សកម្មជន​បក្ស​​ប្រឆាំង​​ជា​ច្រើន​នាក់​មក​ហើយ ដោយសារ​ពួកគាត់​តែងតែ​ជួប​ប្រជុំ​គ្នា​សម្ដែង​​មតិ​ព្រួយបារម្ភ​ពី​វិបត្តិ​នយោបាយ។

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​លោក គង់ សំសារ៉េត បញ្ជាក់​ថា ការ​​កោះ​ហៅ​​លោក ឆាំ សុភាន់ នេះ ​គឺ​ដើម្បី​សាកសួរ​អំពី​ដំណើររឿង​ការ​ញុះញង់​បង្ក​ឱ្យ​មាន​ការ​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ។

ផ្ទុយ​ពី​ដីកា​ចោទប្រកាន់​របស់​មន្ត្រី​តុលាការ​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​(Adhoc) លោក សឹង សែនករុណា លើក​ឡើង​ថា ដីកា​កោះ​​របស់​​តុលាការ​​នេះ គឺ​ចេតនា​នយោបាយ​ច្រើនជាង​ការ​អនុវត្ត​ច្បាប់ ពី​ព្រោះ​​លោក​​ថា លោក ឆាំ សុភាន់ ជា​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​បាន​ជួប​ប្រជុំ​គ្នា​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដែល​នេះ​គឺ​មិន​ខុសច្បាប់​ឡើយ។ លោក​ចាត់​ទុក​ការ​កោះ​ហៅ​នេះ​ថា ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​មក​លើ​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ធ្វើ​ឱ្យ​ពួកគាត់​ភ័យខ្លាច​មិន​ហ៊ាន​ជួបជុំគ្នា​សម្ដែង​មតិ​ឈឺឆ្អាល​រឿង​នយោបាយ ដែល​ច្បាប់​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​បាន​អនុញ្ញាត៖ «ហើយ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​អនុវត្ត​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស អាស្រ័យ​លើ​ការ​គោរព​សិទ្ធិមនុស្ស​ទៅ​ទៀត ហើយ​សិទ្ធិមនុស្ស​នេះ​ក៏​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ទៀត បច្ចុប្បន្ន​យើង​ស្ទើរតែ​លាង​ចង់​និយាយ​អំពី​ច្បាប់​កំពូល ឬក៏​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ទៅ​ហើយ។ បច្ចុប្បន្ន​យើង​ឃើញ​ការអនុវត្ត​ផ្ទុយ​ទៅលើ​ច្បាប់​ទាំងនេះ​ជាច្រើន​បែរ​ទៅជា​អត់​ឃើញ​មានការ​កំណែ​ទម្រង់ ងាក​មក​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ហើយ​ងាក​មក​ចាត់វិធានការ​មន្ត្រី​ដែល​ខុសឆ្គង​អី​នោះ​ទេ កាន់តែ​បន្ត​អនុវត្ត​ខុសច្បាប់​បន្ថែម​ទៀត»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ថែម​ថា ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​បែបនេះ មិនមែន​ជា​ដំណោះស្រាយ​នយោបាយ​ទេ ផ្ទុយទៅវិញ គឺ​កាន់តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​បក្ស​ប្រឆាំង​ជិត​កន្លះ​នគរ​កាន់តែ​ក្ដៅក្រហាយ ហើយ​អាច​នឹង​ងើប​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ថ្ងៃ​ខាងមុខ​ជា​មិនខាន។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ទទូច​ឱ្យ​មេដឹកនាំ​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង​គិតគូរ​ពី​ប្រយោជន៍​ជាតិ​ជាធំ ហើយ​ងាក​មក​រក​តុ​ចរចា​គ្នា​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់​ប្រសើរ​ជាង​ការ​ឈ្លោះ​គ្នា​នាំ​ឱ្យ​ខាតបង់​ដល់​សេដ្ឋកិច្ច​ជាតិ។

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​១៥ កញ្ញា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២៦​នាក់​ហើយ ត្រូវ​របប​លោក ហ៊ុន សែន ចាប់ខ្លួន និង​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ ដោយសារតែ​ពួកគេ​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​នយោបាយ​របស់​គណបក្ស​ប្រឆាំង ដែល​ច្បាប់​កម្ពុជា​អនុញ្ញាត។

ទោះជា​យ៉ាង​នេះ​ក្ដី មន្ត្រី​លោក ឆាំ សុភាន់ អះអាង​ថា បើ​ទោះ​បី​ជា​សមត្ថកិច្ច​ចាប់ចង​សកម្មជន​និង​តុលាការ​កោះហៅ​លោក​យ៉ាង​នេះ​ក្ដី ក៏​លោក និង​សកម្មជន​​បក្ស​សង្គ្រោះ​ជាតិ​ក្រុង​ប៉ោយប៉ែត​ជាច្រើន​នាក់ នៅតែ​ប្រកាន់​ជំហរ​ថា ពួក​លោក​នឹង​ទៅ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។