លោក ហ៊ុន សែន ព្រមានលុបចោលវប្បធម៌សន្ទនាបើលោក កឹម សុខា នៅតែបន្តរិះគន់
2015.04.29
មន្ត្រីនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ បានប្រកាសថា ខ្លួននៅតែបន្តគាំទ្រឲ្យមានវប្បធម៌សន្ទនា និងមានគោលនយោបាយមិនងាករេឡើយ។ ការប្រកាសជំហរដូចនេះរបស់គណបក្សប្រឆាំង ធ្វើឡើងបន្ទាប់ពី លោក ហ៊ុន សែន ព្រមានលុបវប្បធម៌សន្ទនានេះចោល ប្រសិនបើគណបក្សសង្គ្រោះជាតិ នៅតែបណ្តោយឲ្យអនុប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា បន្តវាយបកមកលើគណបក្សប្រជាជនកម្ពុជា និងរិះគន់មិនសំចៃមាត់នៅសាធារណៈទៀតនោះ។
ការប្រកាន់ជំហររបស់គណបក្សប្រឆាំងនៅពេលនេះ ទំនងមិនចង់ឲ្យមានភាពល្អក់កករ ឬមានការប្រេះឆានៃទំនាក់ទំនងល្អជាមួយគណបក្សប្រជាជនកម្ពុជា ដែលទើបកកើតបានប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។
ការប្ដេជ្ញាចិត្តដ៏មុតមាំជុំវិញការរក្សាជំហររបស់គណបក្សសង្គ្រោះជាតិ នៅពេលនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពី លោក ហ៊ុន សែន ព្រមានលុបវប្បធម៌សន្ទនាចោលកាលពីព្រឹកថ្ងៃទី២៩ មេសា នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរោងចក្រចម្រាញ់ដូងប្រេងទី២ របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក្នុងខេត្តព្រះសីហនុ។
មូលហេតុដែលនាំឲ្យ លោក ហ៊ុន សែន ប្រតិកម្មរហូតព្រមានលុបចោលវប្បធម៌សន្ទនាជាមួយគណបក្សសង្គ្រោះជាតិ នៅពេលនេះ បន្ទាប់ពី លោក កឹម សុខា ថ្លែងនៅក្នុងពិធីជួបជុំមួយកាលពីថ្ងៃទី២០ មេសា នាខេត្តកំពង់ឆ្នាំង។ លោក ហ៊ុន សែន អះអាងហើយអះអាងទៀតថា មិនអាចទទួលយកបានទេចំពោះសារនយោបាយរបស់ លោក កឹម សុខា កាលណោះដែលនិយាយថា បើគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត នឹងមិនសងសឹកជាមួយគណបក្សប្រជាជនកម្ពុជា ទេ។ លោក ហ៊ុន សែន ចាត់ទុកថា តើការអះអាងរបស់ លោក កឹម សុខា ថាឈ្នះហើយមិនសងសឹកនោះ សំអាងលើមូលដ្ឋានអ្វី?
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលលោកនាយករដ្ឋមន្ត្រីតែងរិះគន់មិនចេះចប់មិនចេះហើយ ថាគឺតែងនៅក្រៅសង្វៀននៃវប្បធម៌សន្ទនានោះ មិនអាចសុំការបំភ្លឺបានភ្លាមៗទេនៅថ្ងៃទី២៩ មេសា។
បើទោះជាបែបណា លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ បកស្រាយយ៉ាងខ្លីថា ជំហររបស់គណបក្សប្រឆាំងនៅពេលនេះ គឺមានភាពច្បាស់លាស់ហើយក្នុងការរក្សាវប្បធម៌សន្ទនា។ ក្រៅពីនេះ លោក យឹម សុវណ្ណ ពុំបានធ្វើអត្ថាធិប្បាយអ្វីវែងឆ្ងាយឡើយ ដោយលោកអះអាងថា គណបក្សប្រឆាំងកំពុងជំរុញឲ្យមានវប្បធម៌សន្ទនាដោយមិនងាករេទេ។ លោក យឹម សុវណ្ណ បន្តថា «គោលជំហររបស់គណបក្សសង្គ្រោះជាតិ គឺជំរុញលើកកម្ពស់វប្បធម៌សន្ទនា ហើយយើងបាន និងកំពុងធ្វើកិច្ចការទាំងអស់ហ្នឹង»។
ជុំវិញរឿងនេះ លោក ហ៊ុន សែន បានព្រមានថា ប្រសិនបើគណបក្សសង្គ្រោះជាតិ នៅតែផ្តល់ពេលវេលាឲ្យ លោក កឹម សុខា បន្តរិះគន់លោក និងគណបក្សប្រជាជនកម្ពុជា បន្តទៀតនោះ លោកនឹងបញ្ចប់នូវវប្បធម៌សន្ទនា គឺជារឿងត្រឹមត្រូវ។ លោក ហ៊ុន សែន ថែមទាំងបានប្រៀបធៀបទៀតថា ជីវិតនយោបាយ គឺមិនខុសគ្នាពីក្រុមបាល់ទាត់នោះទេ។ ប្រតិកម្មរបស់ លោក ហ៊ុន សែន នៅពេលនេះ គឺសំដៅ លោក កឹម សុខា ដែលលោកយល់ឃើញថា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅតែវាយបកមិនឈប់ឈរមកលើគណបក្សប្រជាជនកម្ពុជា។ លោក ហ៊ុន សែន បន្តថា «អ៊ីចឹងសូមផ្តាំផ្ញើសូមឯកឧត្តម សម រង្ស៊ី អប់រំផ្ទៃក្នុងបក្សឲ្យបាន។ បើឯកឧត្តមធ្វើមិនបានទេ ខ្ញុំក៏អាវប្បធម៌សន្ទនាហ្នឹង គឺលុបចោលក៏ត្រូវលុបចោលក៏លុបទៅ។ កើតហើយបើវាងាប់ទៅវិញ ឲ្យវាងាប់ទៅ ព្រោះកើតហើយវាត្រូវរបួសនៅកំពង់ឆ្នាំង។ មិនអ៊ីចឹង កើតជាមួយគ្នានៅសៀមរាប ដល់មកងាប់ត្រូវរបួសៗនៅកំពង់ឆ្នាំង ហើយប្រើពាក្យសម្ដីបែបហ្នឹង តើឲ្យគេតបតទេ?»។
ពាក់ព័ន្ធបញ្ហានេះ លោក សាម អ៊ីន សមាជិកស្ថាបនិករបស់បណ្ដាញខ្មែរដើម្បីខ្មែរ និងជាអ្នកវិភាគសង្គមផង យល់ឃើញថា ការពិតវប្បធម៌សន្ទនានេះវាពុំមែនជាអ្វីដែលថ្មីសម្រាប់បរិបទនយោបាយនៅកម្ពុជា ទេ គឺគ្រាន់តែផ្លាស់ប្ដូររូបភាពនៃចរន្តនយោបាយប៉ុណ្ណោះ។ លោកបន្តថា ប្រសិនបើវប្បធម៌សន្ទនានេះអាចត្រូវបាន លោក ហ៊ុន សែន លុបដូចការព្រមានមែន ក៏មិនជាបញ្ហាអ្វីឡើយ។ លោកបន្តថា ព្រោះវប្បធម៌សន្ទនានេះកើតឡើងដោយបង្ខំ និងក្នុងស្ថានភាពមួយទាល់ច្រកប៉ុណ្ណោះ។ លោក សាម អ៊ីន បន្តថា «ការព្រួយបារម្ភខ្លាំងថាវប្បធម៌សន្ទនានេះវាកើតឡើងដោយភាពទាល់ច្រក ដោយខ្វះខាតសុចរិតភាព។ វាអាចបង្កប់នូវកលល្បិចនយោបាយ។ អ៊ីចឹងហើយសម្រាប់ខ្ញុំដូចជាគិតថាមិនជារឿងចម្លែកទេ តាមមើលបទពិសោធន៍កន្លងមក»។
បើទោះជាបែបណា លោក ហ៊ុន សែន បញ្ជាក់ថា លោកមិនចង់ឃើញអ្នកនយោបាយខ្មែរប្រកាន់គោលការណ៍វប្បធម៌ទឹកឡើងត្រីស៊ីស្រមោច និងទឹកហោចស្រមោចស៊ីត្រីម្តងទៀតនោះទេ៕