គណបក្សប្រជាជនកម្ពុជា រំលឹកខួបគម្រប់ ២១ឆ្នាំ នៃការដាក់ចេញគោលនយោបាយឈ្នះៗ ដោយអះអាងថា ជាការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ តែអ្នកវិភាគថា ក្រុមលោក ហ៊ុន សេន និងគណបក្សកាន់អំណាចរំលឹកពិធីនេះ ដើម្បីពង្វក់ពលរដ្ឋ និងជាការដឹងគុណ ចំពោះអ្នកដែលបានលើកបន្តុបលោក ហ៊ុន សែន ឲ្យឡើងកាន់តំណែងដល់សព្វថ្ងៃប៉ុណ្ណោះ។
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី២១ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តគោលនយោបាយឈ្នះៗ នៅព្រឹកថ្ងៃទី២៩ ធ្នូ នៅស្តូបអនុស្សាវរីយ៍វិមានឈ្នះៗ នៅជាយរាជធានីភ្នំពេញ។ សេចក្ដីថ្លែងការណ៍របស់លោកមិនខុសពីការលើកឡើងរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងទៅទេ គឺ លើកសរសើរគោលនយោបាយឈ្នះៗ ថា បាននាំមកនូវសន្តិភាព ការអភិវឌ្ឍន៍គ្រប់វិស័យ ដូចសព្វថ្ងៃជាដើម៖ « ការបង្រួបបង្រួមជាតិ និងការដាក់ចេញនូវនយោបាយឈ្នះៗ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នាំមកនូវសន្តិភាព និងឯកភាពពេញលេញ សម្រាប់ប្រទេសជាតិ នៅថ្ងៃ២៩ ធ្នូ ឆ្នាំ១៩៩៨ ហើយថ្ងៃនេះ ជាខួបលើកទី២១»។
គណបក្សកាន់អំណាចបានប្រកាស គោលនយោបាយឈ្នះៗ នៅចុងឆ្នាំ១៩៩៨ បន្ទាប់ពីលោក ហ៊ុន សែន អះអាងថា ក្រុមមេដឹកនាំកម្ពុជាប្រជាធិបតេយ្យ ឬក្រុមខ្មែរក្រហម បានសុំចុះចូលជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ ដល់ក្នុងភូមិគ្រឹះរបស់លោក នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
កាលពីចុងឆ្នាំ២០១៨ ក្នុងពេលសម្ពោធវិមានឈ្នះៗ ត្រូវជាខួបលើកទី២០ លោក ហ៊ុន សែន បានទម្លាក់កំហុសឲ្យក្រុមមេដឹកនាំសម័យសាធារណរដ្ឋខ្មែរ និងសហរដ្ឋអាមេរិកថា ធ្វើឲ្យកម្ពុជាខ្ទេចខ្ទាំ ទើបកើតចេញគោលនយោបាយឈ្នះៗ នេះ។ ប៉ុន្តែ លោក ហ៊ុន សែន មិនបាន ស្ដីបន្ទោស ប្រទេសចិន និងវៀតណាម ដែលជាអ្នកបានចូលរួម និងជ្រោមជ្រែងការបង្កសង្គ្រាម នៅពេលនោះទេ។
បើទោះជាលោក ហ៊ុន សែន កំពុងរងការរិះគន់ជុំទិស ថា អសមត្ថភាពក្នុងការដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ ក៏ លោក ទៀ បាញ់ ប្រាប់កងកម្លាំងប្រដាប់អាវុធ ឲ្យលើកតម្កើង លោក ហ៊ុន សែន ជា មហាវីរបុរសសម័យថ្មី ដោយសារ លោក ហ៊ុន សែន បានដាក់ចេញគោលនយោបាយឈ្នះៗ។ ប៉ុន្តែគោលនយោបាយឈ្នះៗរបស់បក្សកាន់អំណាច ត្រូវបានអ្នកឃ្លាំមើលថា មានតែឈ្មោះទេ គ្មានខ្មែររូបណា ឈ្នះទេ គឺ មានតែបក្ខពួកលោក ហ៊ុន សែន ទទួលបានលាភសក្ការ និងអំណាចធំៗ ក្នុងជួរបក្សកាន់អំណាច។
អ្នកវិភាគនយោបាយ លោក គឹម សុខ ថ្លែងថា បក្សកាន់អំណាចធ្វើពិធីរំលឹកខួបនូវ អ្វីដែលគេហៅថា វិមានឈ្នះៗ នោះ គ្រាន់តែចង់រំលឹកដល់បុព្វហេតុនៃការកាន់អំណាច តាមរយៈការលើកបន្តុប បក្ខពួក លោក ហ៊ុន សែន ឲ្យបានដឹកនាំប្រទេស មកដល់សព្វថ្ងៃ។ លោក គឹម សុខ អះអាងថា ក្រោមការដឹកនាំរបស់បក្សកាន់អំណាច និងលោក ហ៊ុន សែន គ្មានពលរដ្ឋខ្មែរណាឈ្នះឡើយ គឺមានតែបក្ខពួក និងត្រកូលអ្នកមានអំណាចមួយចំនួនក្នុងជួរបក្សកាន់អំណាច។
លោក គឹម សុខ បន្តថា គោលដៅរបស់បក្សកាន់អំណាច ដែលធ្វើពិធីរំលឹកខួបនយោបាយឈ្នះៗ និងការបង្កើតស្តូបរំលឹកគុណនោះ គឺចង់បំភ័ន្តយុវជន និងពលរដ្ឋខ្មែរ ដើម្បីឲ្យដឹងគុណដល់អ្នកដែលបានជួយលើកបន្តុប លោក ហ៊ុន សែន ឲ្យកាន់តំណែងកំពូល។ តែអ្នកវិភាគរូបនេះ ជឿជាក់ថា គណបក្សកាន់អំណាច មិនអាចពង្វក់ ពលរដ្ឋ ពិសេសយុវជន បានទេ ដោយសារពួកគេ មានចំណេះដឹង និងយល់ពីអ្វីដែលគណបក្សកាន់អំណាច កំពុងធ្វើ៖ « គាត់គ្មានអ្វីធ្វើ ក្រៅតែពីព្យាយាមធ្វើបែបហ្នឹង ដើម្បីរំលឹកគុណ ទៅដល់ពួកអ្នកដែលបន្តុបគាត់ ឲ្យឡើងកាន់អំណាចតាំងពីឆ្នាំ១៩៧៩ មកដល់ពេលបច្ចុប្បន្នហ្នឹង។ ចង់ដឹងថា មានឥទ្ធិពលប៉ុណ្ណាដល់យុវជន បើកសេរីភាពឲ្យយុវជន និយាយរិះគន់ដោយចំហទៅលើការអួតអាងអំពីគោលនយោបាយឈ្នះៗ របស់គាត់ទៅ ដឹងហើយ។ ខ្ញុំគិតថា ឥទ្ធិពលដ៏ធំបំផុត គឺប្រតិកម្មប្រឆាំង ពីយុវជន មិនមែនការអបអរសាទរ ពីយុវជនទេ»។
លោក គឹម សុខ បញ្ជាក់ថា បក្សកាន់អំណាច បានធ្វើឲ្យកម្ពុជា ប្រែក្លាយពីប្រទេសមានពហុបក្ស ទៅជាឯកបក្ស និងបានលាបពណ៌អ្នកជំទាស់ ថា ក្បត់ជាតិ និងបានរឹតត្បិតមិនឲ្យមានសិទ្ធិសេរីភាព សូម្បីសិទ្ធិរស់នៅក្នុងប្រទេសរបស់ខ្លួនក៏គ្មានដែរ ព្រោះអ្នកជំទាស់មួយចំនួន បានបង្ខំចិត្តរត់ភៀសខ្លួន ចោលស្រុកកំណើត និងក្រុមគ្រួសាររបស់ខ្លួន។ ដូច្នេះ ការអួតអាងរបស់គណបក្សប្រជាជនកម្ពុជាថា ខ្លួនកំពុងអនុវត្តគោលនយោបាយឱ្យពលរដ្ឋខ្មែរឈ្នះៗ គ្រប់គ្នា ឬគ្រប់ភាគីនោះ គឺជាការនិយាយបោកប្រាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។