បក្ស​កាន់​អំណាច​ទទួល​ស្គាល់​ថវិកា​១៥០​លាន​ដុល្លារ​នៅ​ក្នុង​សារ​បែក​ធ្លាយ​នោះ​ថា​ជា​ការ​ពិត

ដោយ ទីន ហ្សាការីយ៉ា
2018-01-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) (ឆ្វេង) ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​វិមានសន្តិភាព ​ប្រទេស​កម្ពុជា កាល​ពី​​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦។
ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) (ឆ្វេង) ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​វិមានសន្តិភាព ​ប្រទេស​កម្ពុជា កាល​ពី​​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦។
Photo: RFA

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលស្គាល់​ថវិកា​ចំនួន​១៥០​លាន​ដុល្លារ​អាមេរិក ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​មេដឹកនាំ​ចិន​ជា​ចំណងដៃ​ក្នុង​ខួប​ទំនាក់ទំនង​ទី​៦០ កម្ពុជា​និង​ចិន ដែល​បាន​បែក​ធ្លាយ​នៅ​ក្នុង​សារ​អេឡិកត្រូនិច​របស់​ទេសរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​នោះ​ថា មិនមែន​ជា​រឿង​សម្ងាត់​អ្វី​ទេ ព្រោះ​ជំនួយ​របស់​ចិន​នេះ សម្រាប់​ការ​កសាង​ផ្លូវ ដើម្បី​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយ​ភាព​ក្រីក្រ និង​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច។

អ្នកវិភាគ​លើក​ឡើង​ថា សម្ព័ន្ធមិត្ត​កម្ពុជា-ចិន បង្ហាញ​ពី​ភាព​វាទី​និយម​របស់​ចិន ក្នុង​ការ​ពង្រឹង​អំណាច​កុម្មុយនិស្ត​របស់​ខ្លួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​បន្សាប​ឥទ្ធិពល​លោក​ខាង​លិច ដែល​បាន​សាប​ព្រួស​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាង​ជិត​៣០​ឆ្នាំ​មកនេះ។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ទំនាក់ទំនង​កម្ពុជា​ចិន គឺ​ចិន​មាន​បំណង​ចង់​កេង​ចំណេញ​មក​លើ​កម្ពុជា ទោះបីជា​ចិន​ផ្ដល់​ជំនួយ​រាប់រយ​លាន​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ក្នុង ១​ឆ្នាំៗ​ក្ដី ប៉ុន្តែ​ទំនាក់ទំនង​គ្មាន​ចំណេញ​អ្វី​សំខាន់​សម្រាប់​កម្ពុជា​ឡើយ៖ «កម្ពុជា​ងាក​ទៅ​រក​ចិន ហើយ​អាស៊ាន​ទាំង​៩​ផ្សេងទៀត​គេ​នៅ​រឹងមាំ នឹង​អាច​គ្រោះថ្នាក់​ដល់​កម្ពុជា ដែល​ងាក​ទៅ​រក​ប្រទេស​ដែល​ប្រកាន់​របប​កុម្មុយនិស្ត​បែបនេះ»

ការ​លើកឡើង​របស់​អ្នកវិភាគ​នេះ នៅ​ក្រោយ​ពេល​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សួស យ៉ារ៉ា បាន​ថ្លែងប្រាប់​ប្រព័ន្ធ​ឃោសនា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១០​មករា ទទួល​ស្គាល់​ថវិកា​ចំនួន ១៥០​លាន​ដុល្លារ នៅ​ក្នុង​សារ​បែក​ធ្លាយ​នោះ​ថា មិនមែន​ជា​រឿង​សម្ងាត់​ឡើយ ដែល​ចិន​ប្រកាស​ផ្ដល់​ជំនួយ​នេះ។ លោក​បាន​ចាត់ទុកថា ការ​ផ្សព្វផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ចំពោះ​ការ​ធ្លាយ​សារ​អេឡិកត្រូនិច លាត​ត្រដាង​អំពី​ការ​សម្ងាត់​នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន​នោះ គឺ​គ្រាន់តែ​ជា​ការ​បំភ្លៃ​ព័ត៌មាន ដើម្បី​បំភាន់​មតិ​សាធារណៈ​ប៉ុណ្ណោះ។

លោក សួស យ៉ារ៉ា បន្ថែម​ថា «ចំពោះ​ការផ្សាយ​របស់​វិទ្យុ​បរទេស​មួយ​និយាយ​ជា​ខេមរភាសា​បាន​ចោទ​ពី​ការ​ធ្លាយ​សារ​អេឡិកត្រូនិច​របស់ លោក ស៊ុន ចាន់ថុល ស្ដីពី​ការសម្ងាត់​នៃ​ទំនាក់ទំនង កម្ពុជា​-​ចិន គឺ​គ្រាន់​ជា​ការ​បំភ្លៃ​ព័ត៌មាន​ដើម្បី​បំភាន់​មតិ​សាធារណៈ​ប៉ុណ្ណោះ។ តាម​ភាព​ជាក់ស្ដែង​ការ​ទទួល​ជំនួយ​កសាង​ផ្លូវ​របស់​ប្រទេស​ចិន ១៥០​លាន​ដុល្លារ មិនមែន​ជា​ការសម្ងាត់​ទេ គឺជា​ជំនួយ​អភិវឌ្ឍ​សម្រាប់ កាត់​បន្ថយ​ភាព​ក្រីក្រ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច ពិតជា​ធ្វើ​ឱ្យ​ប្រជាជន​រីកចម្រើន»

នៅ​ក្នុង​សារ​អេឡិកត្រូនិក​របស់​លោក ស៊ុន ចាន់ថុល ដែល​ផ្ញើ​មកកាន់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​៨ មករា នោះ បាន​រៀបរាប់​ពី​យុទ្ធសាស្ត្រ​ជាច្រើន​ទៀត ដូចជា ការ​ប្ដេជ្ញា​ចិត្ត​ជួយ​គ្នា​ទៅវិញទៅមក រវាង លោក ហ៊ុន សែន និង​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi JiPing) ហើយ​ភាគី​កម្ពុជា លោក ហ៊ុន សែន បាន​ស្នើ​សុំ​ជំនួយ​ចំនួន ១៥០​លាន​ដុល្លារ សម្រាប់​យក​មក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និង​ជា​កាដូ​នៅ​ក្នុង​ទិវា​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។ គណបក្ស​កាន់​អំណាច​ត្រូវតែ​ប្រើប្រាស់​អំណាច និង​ផ្ដោត​អារម្មណ៍​លើ​ការទទួលខុសត្រូវ​ថ្នាក់​ជាតិ រហូតដល់​ថ្ងៃ​បោះឆ្នោត ក្នុង​នោះ មាន​ការ​ផ្ដល់​ប្រាក់​លើក​ទឹកចិត្ត​ដល់​សកម្មជន​របស់​ខ្លួន ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ និង​មន្ត្រីរាជការ។ ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ និង​សកម្មជន​របស់​ខ្លួន​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ និង​ភ្ជុំបិណ្ឌ ក្នុង​ម្នាក់ៗ​៥​ម៉ឺន​រៀល​ជាដើម។ សារ​នោះ​បន្ត​ថា បង្កើត​យុវជន​មួយ​ក្រុម​សម្រាប់​ឃុំ សង្កាត់ ដើម្បី​តាមដាន​សកម្មភាព​សមាជិក​គណបក្ស​ប្រឆាំង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ សំឡេង​សហរដ្ឋអាមេរិក និង​វិទ្យុ​អាស៊ីសេរី និង​ការ​ផ្លាស់ប្ដូរ​មេភូមិ ការ​ចាប់​យក​ក្រុម​យុវជន តាមរយៈ កីឡា និង​ការ​នាំ​កម្សាន្ត ពិកនិក​ជាដើម។

អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា ចិន​កំពុងតែ​រំលោភ​អធិបតេយ្យភាព​របស់​កម្ពុជា ដែល​លោក​រំលោភ​ឆន្ទៈ​ប្រជាពលរដ្ឋ ចំពោះ​ការសន្យា​ជួយ​គ្នា​ទៅវិញទៅមក ដើម្បី​ឲ្យ​រដ្ឋាភិបាល​បន្ត​អំណាច​ទៅទៀត ដែល​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ ហើយ​ចិន​ប្រើប្រាស់​ជំនួយ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ជ្រើស​រើស​យក​ចិន​ជា​ខ្នងបង្អែក​នេះ៖ «ប្រទេស​ចិន​ខុស​ដែល​មិនបាន​ជួយ​កម្ពុជា​ឲ្យ​បាន​ស្មើគ្នា គឺ​ជួយ​លើកស្ទួយ​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ គឺ​ចិន​ជួយ​តែ​ក្រុម​មួយ រដ្ឋាភិបាល​និង​បក្ស​កាន់អំណាច»

សារអេឡិកត្រូនិចរ​បស់​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល ដដែល​នេះ បាន​សរសេរ​របាយការណ៍​រៀបរាប់​ជាច្រើន​អំពី​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់អំណាច ក្នុង​នោះ បាន​បញ្ជាក់​ថា គណបក្ស​នេះ ឈប់​ផ្ដល់​ជំនួយ​ដល់​គណបក្ស​តូចៗ​ទៀតហើយ ប៉ុន្តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​គណបក្ស​នេះ​ចូលរួម​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨។ លោក ស៊ុន ចាន់ថុល សរសេរ​អំពី​ការ​ភ័យព្រួយ​ពី​ការបាត់បង់​សំឡេងឆ្នោត​ថា ការបោះឆ្នោត ឆ្នាំ​២០១៨​ខាងមុខ ជា​ការ​បោះឆ្នោត​ដែល​គណបក្ស​កាន់អំណាច​មិន​ងាយ​នឹង​ទទួល​យកជ័យ​ជំនះ​បាន។

លោក​សរសេរ​បន្ត​ថា កាល​ពី​ឆ្នាំ​២០១៣ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ ៦៨​កៅអី ហើយ​បក្ស​សង្គ្រោះជាតិ​ឈ្នះ​៥៥។ សម្រាប់​ការបោះឆ្នោត​ឆ្នាំ ២០១៨ អាសនៈ​សភា​នឹង​កើន​ឡើង​ដល់ ១២៥​អាសនៈ គណបក្ស​ប្រជាជន​កម្ពុជា​អាច​ឈ្នះ ៦៥​កៅអី ចំណែក​បក្ស​ប្រឆាំង​អាច​ឈ្នះ ៦០​កៅអី។ ហើយ​សេនារីយោ​អាក្រក់​បំផុត​សម្រាប់​បក្ស​ប្រជាជន​កម្ពុជា​គឺ បក្ស​កាន់អំណាច​បាន ៦៣​និង​បក្ស​ប្រឆាំង​បាន​៦២។ លោក​បន្ត​ថា អ្នកបោះឆ្នោត​ជា​យុវជន​នឹង​មិន​បោះឆ្នោត​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា​ទេ​នៅ​ឆ្នាំ២០១៨។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ស៊ុន ចាន់ថុល មិន​បាន​បកស្រាយ​អ្វី​ទេ កាលពី​ថ្ងៃ​ទី៩ មករា ដោយ​ប្រាប់​ថា លោក​កំពុង​ជាប់រវល់​ប្រជុំ ហើយ​បដិសេធ​ថា លោក​មិន​ដឹង​អំពី​សារឡិកត្រូនិច​នេះ​ទេ៖ «អត់​មាន​អ៊ីម៉ែល​អី​ទេ​ប្អូន អី​ម៉ែល Grant អី​ខ្ញុំ​មិន​ដឹង​ទេ ផ្លូវ​គេ​ធ្វើ BOT ចាំ​មើល​ស្អែក​គេ​ចុះហត្ថលេខា គឺ​ដឹង​ហើយ»

រីឯលោក សួស យ៉ារ៉ា វិញ​បដិសេធ ចំពោះ​ព័ត៌មាន​ដែល​លេច​ធ្លាយ ពី​ផែនការ​ផ្អាក​ផ្ដល់​ជំនួយ​ដល់​បក្ស​តូចៗ ដែល​ជា​បក្ស​រណប​របស់​គណបក្ស​កាន់អំណាច​នោះ​ថា «ការ​មិន​ជួយ​គណបក្ស​តូចៗ​នោះ ក៏​មិន​មែន​ជា​យុទ្ធសាស្ត្រ​អ្វី​ទេ ព្រោះ​គណបក្ស​នីមួយៗ ត្រូវ​ពង្រឹង​ភាព​ឈ្នះ​របស់​ខ្លួន សម្រាប់​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ និង​ជា​ការ​ប្រកួតប្រជែង»

ទោះបីជា​យ៉ាង​នេះ​ក្ដី អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា គណបក្ស​កាន់អំណាច​មិន​បាច់​ជួយ​ឧបត្ថម្ភ​ដល់​គណបក្ស​តូចៗ​ទៀត​ទេ ដោយសារ​ថា គណបក្ស​សង្គ្រោះជាតិ​បាន​រំលាយ​ទៅ​ហើយ ដូច្នេះ​គណបក្ស​កាន់អំណាច​គ្មាន​គួរ​ប្រកួតប្រជែង​ធំ​ណាមួយ​ទៀត​ដែរ លើកលែងតែ​គណបក្ស​សង្គ្រោះជាតិ​មាន​វត្តមាន​ចូល​មក​ឆាក​នយោបាយ ចូលរួម​បោះឆ្នោត​ឆ្នាំ​២០១៨​វិញ។ លោក​បន្ថែម​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នេះ បញ្ហា​ចម្បង​គឺ​គណបក្ស​កាន់អំណាច​ភ័យខ្លាច​ការ​ចាញ់​ឆ្នោត​គណបក្សប្រឆាំង៖ «ជា​យុទ្ធសាស្ត្រ​នយោបាយ​ដែល​គណបក្ស​កាន់អំណាច​គាត់​មិន​អាច​និយាយ​បាន តែ​សញ្ញា​នៃ​ការ​ថយ​ចុះ​នៃ​ប្រជាប្រិយភាព​របស់​បក្ស​ដ៏​ធំ​មួយ​នៅ​ឆ្នាំ​២០១៨»

លោកបណ្ឌិត មាស នី បន្ថែម​ថា រដ្ឋាភិបាល​ចាប់​យក​ចិន​ជា​ខ្នងបង្អែក និង​បាន​ប្ដេជ្ញា​ចិត្ត​ជួយ​គ្នា​ទៅវិញទៅមក​នេះ ពិសេស​គឺ​ចិន​ត្រូវការ​កម្ពុជា​គាំទ្រ​ខ្លួន លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដូច​ដែល​បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​សម្ងាត់​នោះ លោក បណ្ឌិត មាស នី ពន្យល់​ថា វៀតណាម​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និត​រដ្ឋាភិបាល​កម្ពុជា​ដែរ​នោះ អាច​នឹង​មិន​បណ្ដោយ​ឲ្យ​លោក ហ៊ុន សែន ងាក​ទៅ​ចិន​ខ្លាំងក្លា​នោះ​ទេ។ លោក​បញ្ជាក់​ថា វៀតណាម ក៏​ត្រូវ​ការ​ទាញ​យក​ប្រយោជន៍​ពី​កម្ពុជា​ដែរ៖ «យើង​ចាំ​អង្កេត​មើល​បន្ត​ទៅ​ទៀត​ថា តើ​នយោបាយ​ការបរទេស​វៀតណាម និង​កម្ពុជា​នឹង​មាន​អ្វី​កើត​ឡើង​ទៀត យើង​មើល​ឃើញ​ថា​បញ្ហា​ជម្លោះព្រំដែន​បាន​កើត​មាន​ប៉ុន្មាន​ថ្ងៃមុន​នេះ យើង​មិន​អន្ទង​ហៅ​ទេ ប៉ុន្តែ​យើង​បារម្ភ​ពី​បញ្ហា​នេះ»

នៅ​ក្នុង​ប្រវត្តិ​ដឹកនាំ​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មេដឹកនាំ​បក្ស​នេះ យក​វៀតណាម និង​ចិន​ជា​ខ្នងបង្អែក ព្រោះ​ទំនាក់ទំនង​មេដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​វៀតណាម​ក៏​មិនធម្មតា​ដែរ។ លើស​ពី​នេះ​ទៀត គណបក្ស​ប្រជាជន​កម្ពុជា ក៏​ជា​គណបក្ស​ដែល​វៀតណាម​ជា​អ្នក​ជួយ​ជ្រោមជ្រែង​បង្កើត​ដែរ ដែល​មាន​ឈ្មោះ​ដើម​ជា គណបក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ហើយ​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៨ នេះ ក៏​ជា​ខួប​លើក​ទី​៦៧​ឆ្នាំ នៃ​បង្កើត​គណបក្ស​នេះ​ដែរ។

អ្នកវិភាគ​លើក​ឡើង​ថា កម្ពុជា នឹង​រង​គ្រោះ​ដែរ តែ​ប្រទេស​កុម្មុយនិស្ត​ទាំងពីរ គឺ​វៀតណាម និង​ចិន ដែល​ត្រួតត្រា​រដ្ឋាភិបាល​កម្ពុជា ហើយ​មាន​ភាព​ប្រទាញប្រទង់​គ្នា ដែល​ចិន​ចាប់​យក​កម្ពុជា ជា​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច រី​វៀតណាម​ចាប់​យក​កម្ពុជា ដើម្បី​អំណាច​ដែនដី​របស់​ខ្លួន ពិសេស​នៅ​ខណៈ​ដឹកនាំ​ខ្មែរ​កំពុងតែ​ហែកហួរ​គ្នា ចាត់​ទុក​គ្នា​ជាស​ត្រូវ ហើយ​យក​បរទេស​ទាំងពីរ​ជា​មិត្ត​ម៉ឺន​ឆ្នាំ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល