គណបក្ស​កាន់​អំណាច​គ្រោង​បញ្ចូល​សមាសភាព​យុវជន​ក្នុង​ជួរ​ដឹក​នាំ​បក្ស

ដោយ ប្រាជ្ញ ចេវ
2015-01-29
Share
បក្ស​ប្រជាជន​ឃោសនា ៦១០ ក្រុម​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ថ្ងៃ​ឃោសនា​រក​សំឡេង​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ នា​មជ្ឈមណ្ឌល​កោះពេជ្រ កាល​ពី​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA/Tin Zakariya

គណបក្ស​កាន់​អំណាច គ្រោង​រៀបចំ​បញ្ចូល​សមាសភាព​យុវជន​ចូល​ទៅ​ក្នុង​ក្រុម​ដែល​មាន​តួនាទី​ដឹក​នាំ​បក្ស ឬ​គណៈកម្មាធិការ​កណ្ដាល ក្នុង​ថ្ងៃ​ធ្វើ​សមាជ​បក្ស​នៅ​ចុង​ខែ​មករា ដល់​ដើម​ខែ​កុម្ភៈ។ នៅ​ពេល​ធ្វើ​សមាជ បក្ស​នឹង​មាន​ការ​បោះ​ឆ្នោត​បំពេញ​បន្ថែម តប​តាម​សំណើ​របស់​គណៈ​អចិន្ត្រៃយ៍។

គណបក្ស​ប្រជាជន​កម្ពុជា នឹង​បញ្ចូល​ចំនួន​យុវជន​ក្នុង​ជួរ​ដឹក​នាំ​បក្ស​ដ៏​ច្រើន​ពុំ​ធ្លាប់​មាន​ក្នុង​ក្បាល​ម៉ាស៊ីន​បក្ស បន្ទាប់​ពី​បក្ស​កាន់​អំណាច​មួយ​នេះ​ធ្លាក់​ប្រជាប្រិយភាព​ក្នុង​ការ​បោះ​ឆ្នាំ​២០១៣ កន្លង​ទៅ។ ការ​បន្ថែម​សមាសភាព​យុវជន​នោះ សង្គម​ស៊ីវិល និង​អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម ស្វាគមន៍ ប៉ុន្តែ​ទាមទារ​ឲ្យ​ការ​ជ្រើស​រើស​នោះ​មាន​តម្លាភាព និង​ត្រូវ​ប្ដូរ​ឥរិយាបថ​ក្នុង​ការ​គ្រប់គ្រង​សព្វថ្ងៃ។

ថ្លែង​មុន​ការ​ធ្វើ​សមាជ​បក្ស​មួយ​ថ្ងៃ​នៅ​មន្ទីរ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៩ ខែ​មករា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា នឹង​មាន​ការ​បញ្ចូល​សមាសភាព​យុវជន​កាន់​ការ​ធំ​ក្នុង​ជួរ​ដឹក​នាំ​បក្ស។

បន្ថែម​ពី​លើ​ប្រសាសន៍ លោក ស ខេង មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា នៅ​ក្នុង​ការ​ជ្រើស​រើស​នោះ គឺ​មាន​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ​ពី​សមាជិក​បក្ស។ ទោះ​មិន​បង្ហាញ​ចំនួន​ពិត​ប្រាកដ ប៉ុន្តែ​មន្ត្រី​រូប​នោះ​អះអាង​ថា ការ​បញ្ចូល​សមាសភាព​យុវជន គឺ​មាន​ចំនួន​ច្រើន ជាក់ស្តែង​គ្រាន់​តែ​ក្នុង​ស្ថាប័ន​របស់​លោក​មួយ​មាន​យុវជន​ជាង ៥០​នាក់ ដែល​ត្រូវ​ដាក់​បញ្ចូល។

សមាជ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ឡើង​ក្នុង​រយៈពេល ៥​ឆ្នាំ​ម្តង។ ឆ្នាំ​នេះ បក្ស​គ្រោង​ធ្វើ​រយៈពេល​បី​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​៣០ ខែ​មករា ដល់​ថ្ងៃ​ទី​១ ខែ​កុម្ភៈ។ នៅ​ព្រឹក​ថ្ងៃ​ដំបូង គេ​គ្រោង​ធ្វើ​នៅ​ទីស្នាក់ការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ភ្នំពេញ និង​ថ្ងៃ​បន្ទាប់​ធ្វើ​នៅ​មណ្ឌល​សន្និបាត​កោះ​ពេជ្រ ដែល​មាន​អ្នក​ចូលរួម​ជាង ១​ពាន់​នាក់។

នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា ថ្លែង​ស្វាគមន៍​ចំពោះ​ការ​ផ្តល់​ឱកាស​ដល់​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ យ៉ាង​នេះ​ក៏ដោយ​ចុះ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ទាមទារ​ឲ្យ​ការ​បញ្ចូល​យុវជន​មាន​តម្លាភាព ការ​ប្រកួត​ប្រជែង និង​ផ្តល់​ព័ត៌មាន​ទូលំទូលាយ​ដល់​យុវជន​ទូទៅ​នៅ​ក្នុង​បក្ស មិន​មែន​ជា​ការ​ផ្តល់​ពី​ឪពុក​ម្ដាយ​មាន​តួនាទី​ខ្ពស់ មក​កូន​របស់​ខ្លួន​នោះ​ឡើយ៖ «យើង​ចង់​ឃើញ​ការ​ដាក់​បញ្ចូល​នោះ​មាន​តម្លាភាព គឺ​មាន​ន័យ​ថា ប្រកាស​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ក្នុង​កម្រិត​បក្ស»

ក្រៅ​ពី​ការ​បញ្ចូល​សមាសភាព​យុវជន​ចូល​ក្នុង​ជួរ​ដឹក​នាំ​បក្ស អ្នក​វិភាគ​យល់​ថា បក្ស​ប្រជាជន​កម្ពុជា នឹង​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ ដើម្បី​ដណ្ដើម​ប្រជាប្រិយភាព​របស់​ខ្លួន​មក​វិញ​ពី​គូប្រកួត បន្ទាប់​បាត់​បង់​កៅអី​មួយ​ចំនួន​ធំ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣ ទោះ​គណបក្ស​នេះ​ឈ្នះ​ឆ្នោត​ក្តី។

យុវជន​ដែល​កំពុង​លេចធ្លោ ហើយ​ដែល​គេ​រំពឹង​ទុក​ថា​អាច​កាន់​ការងារ​ធំ​ក្នុង​បក្ស​រួម​មាន កូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កូនប្រុស លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​កូនប្រុស លោក សាយ ឈុំ អនុប្រធាន​ទី​១​ព្រឹទ្ធសភា ជាដើម។

អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម លោក​បណ្ឌិត កែម ឡី យល់​ថា ការ​ដាក់​បេក្ខភាព​យុវជន​នៅ​ពេល​នេះ ដើម្បី​ស្ដារ​ប្រជាប្រិយភាព​ខ្លួន​ឡើង​វិញ ខណៈ​ដែល​អ្នក​ដឹក​នាំ​វ័យ​ចំណាស់ៗ​ក្នុង​បក្ស​នេះ​ធ្លាក់​ចុះ​ខ្លាំង​ដោយ​បញ្ហា​សង្គម។ ជាង​នេះ​ទៅ​ទៀត លោក កែម ឡី បន្ត​ទៀត​ថា គណបក្ស​នេះ​ត្រូវ​ប្ដូរ​ឥរិយាបថ​យុទ្ធសាស្ត្រ​នយោបាយ និង​បំបែក​អំណាច​ប្រមូល​ផ្តុំ​ទៅ​ជា​អំណាច​នៅ​មូលដ្ឋាន៖ «ការ​ដាក់​យុវជន​វ័យ​ក្មេង​មិន​ទាន់​គ្រប់គ្រាន់​ទេ ទាល់​តែ​មាន​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ទើប​អាច​ធ្វើ​ទៅ​បាន»

សព្វថ្ងៃ គណបក្ស​ប្រជាជន​កម្ពុជា មាន​សមាជិក​គណៈកម្មាធិការ​កណ្ដាល​ចំនួន ២៧១​នាក់ ប៉ុន្តែ​ក្នុង​ចំនួន​នោះ មាន​អ្នក​ខ្លះ​ស្លាប់ និង​អ្នក​ខ្លះ​ទៀត​កំពុង​មាន​ជំងឺ​ធ្ងន់។ តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ការ​ជ្រើស​រើស​យុវជន​មក​បំពេញ​បន្ថែម​ក្នុង​គណៈកម្មាធិការ​កណ្ដាល គឺ​ជ្រើស​ចេញ​ពី​ស្ថាប័ន​ក្រសួង​ធំៗ​ដែល​ពួក​គេ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។