គណបក្ស​កាន់​អំណាច​ព្រមាន​បាតុករ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​របប​ខ្លួន

0:00 / 0:00

គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ ការ​ធ្វើ​បាតុកម្ម​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ជា​បាតុកម្ម​ខុសច្បាប់ ព្រោះ​ប្រឆាំង​នឹង​របប​ក្រុង​ភ្នំពេញ ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នក​ដឹក​នាំ​បាតុកម្ម​ថា ការ​ធ្វើ​បាតុកម្ម​នោះ​ជា​សិទ្ធិ​សេរី​នៃ​ការ​បញ្ចេញមតិ ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។

គណបក្ស​កាន់​អំណាច​ព្រមាន​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ប្រសិន​បើ​ពួក​គេ​ហ៊ាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​របប​ក្រុង​ភ្នំពេញ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​បរទេស​បាន គឺ​ដោយ​សារ​រដ្ឋាភិបាល​ជា​អ្នក​ស្វែង​រក​ទីផ្សារ​ការងារ​ឲ្យ​ពួក​គេ។ លោក​ថា ការ​ធ្វើ​បាតុកម្ម​របស់​ពលករ គឺ​ជា​ការ​រំលោភ​កិច្ច​កិច្ច​សន្យា​ការងារ និង​គោល​ការណ៍​នៃ​ការ​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស។ លោក​បញ្ជាក់​ថា ពលករ ​ណា​ដែល​ហ៊ាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ពួក​គេ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់៖ «ជា​បញ្ហា​មួយ ពី​ព្រោះ​បើ​ធ្វើ​ខុស​កិច្ច​សន្យា​រាជ​រដ្ឋាភិបាល ឬ​ក្រសួង​ការងារ​ជំនួស​មុខ​ឲ្យ​រាជ​រដ្ឋាភិបាល លោក​អាច​ពិនិត្យ​ករណី​ហ្នឹង បើ​យើង ( ពលករ ) ធ្វើ​មិន​ត្រឹម​ត្រូវ​តាម​កិច្ច​សន្យា អា​ហ្នឹង គឺ​ប្រាកដ​ជា​មាន​វិធានការ ដើម្បី​យក​មនុស្ស​ហ្នឹង​មក​វិញ»

ទោះ​យ៉ាង​ណា​ក្តី លោក សុខ ឥសាន មិន អាច​បញ្ជាក់​ពី​ខ្លឹមសារ​នៃ​កិច្ចសន្យា​ការងារ​របស់​ពលករ ដែល​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​បាន​នោះ​ទេ ដោយ​លោក​ថា នេះ​ជា​សមត្ថកិច្ច​របស់​​ក្រសួង​ការងារ។ អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ជា​ច្រើន​ដង​តាម​ទូរស័ព្ទ​នៅថ្ងៃទី២៦ ខែ​សីហា ប៉ុន្តែ​ទូរស័ព្ទ​ចូល គ្មាន​អ្នក​ទទួល។

ប្រធាន​ទំនាក់ទំនង​សាធារណៈ​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ម៉ាត់ វណ្ណនី យល់ថា ការ​ព្រមាន​របស់​លោក សុខ ឥសាន នេះ គ្រាន់​តែ​ជា​ការ​បំភិតបំភ័យ​ផ្នែក​នយោបាយ​ប៉ុណ្ណោះ។ អ្នក​ដឹក​នាំ​បាតុកម្ម​រូប​នេះ​ប្រាប់​ថា ពេលនេះ​ក្រុម​លោក​បាន​ជូនដំណឹង​ពី​ការ​ធ្វើ​បាតុកម្ម​ទៅ​អាជ្ញាធរ​ប្រទេស​កូរ៉េ​រួច​ហើយ ហើយ​អាជ្ញាធរ​ក៏​បាន​ផ្ដល់​ចម្លើយ​​វិជ្ជមាន​ដល់​ពួក​លោក​ផង​ដែរ។ លោក ម៉ាត់ វណ្ណនី អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ចូល​រួម​ធ្វើ​បាតុកម្ម​នេះ​ឱ្យ​បាន​ច្រើន និង​កុំ​ចាញ់​ការ​គំរាម​កំហែង​របស់​បក្ស​កាន់​អំណាច៖ «កលល្បិច​នយោបាយ​ទេ យើង​ដឹង​ទាំង​អស់​គ្នា ហើយ​គណបក្ស​ប្រជាជន គឺ​មាន​ការ​គំរាម​កំហែង​ការ​ចោទ​ប្រកាន់​ទាំង​អស់​ហ្នឹង ជា​វប្បធម៌​របស់​គណបក្ស​ប្រជាជន​ទៅ​ហើយ យើង​អត់​មាន​អី​ត្រូវ​ខ្លាច ព្រោះ​យើង​ជា​យុវជន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​យើង​មាន​សិទ្ធិ​ពេញលេញ ហើយ​បាតុកម្ម​របស់​យើង គឺ​ស្រប​ច្បាប់​នៅ​ប្រទេស​កូរ៉េ​ទៀត​គេ​អនុញ្ញាត មិន​ត្រឹម​តែ​អនុញ្ញាត​ទេ គេ​មាន​ការ​គាំទ្រ និង​ជួយ​ផ្ដល់​សន្តិសុខ​សុវត្ថិភាព»

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត​ ​យល់ថា ប្រសិន​បើ​គម្រោង​ធ្វើ​បាតុកម្ម​នេះ ទទួល​បាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​រួច​ហើយ​នោះ វា​មិន​មែន​ជា​ទង្វើ​ខុស​ច្បាប់​ឡើយ។ ចំពោះ​ខ្លឹមសារ​នៃ​ទាមទារ​របស់​ក្រុម​បាតុករ​វិញ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ យល់ថា គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ៖ «ខុស​ច្បាប់ ឬ​ត្រូវ​ច្បាប់ គឺ​អាស្រ័យ​លើ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ទេ មិន​អាស្រ័យ​លើ​ប្រទេស​កម្ពុជា​ទេ ព្រោះ​មិន​មែន​ធ្វើ​នៅ​កម្ពុជា​ទេ ប៉ុន្តែ​ប្រទេស​ប្រជាធិបតេយ្យ​គេ​អាច​បើក​សិទ្ធិ​ទូលាយ​ណាស់​សម្រាប់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ធ្វើ​បាតុកម្ម ដើម្បី​បញ្ចេញ​មតិ»

តាម​គម្រោង ក្រុម​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង នឹង​​ធ្វើ​បាតុកម្ម​ថ្ងៃ​ទី២០ ខែ​តុលា ខាង​មុខ ក្នុង​គោល​បំណង ទាមទារ​ឲ្យ​មាន​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ឡើង​វិញ។

ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ជា​អ្នក​រៀបចំ​ធ្វើ​បាតុកម្ម​នេះ​ឲ្យ​ដឹង​ថា ក្រុម​បាតុករ​ទាមទារ​ឲ្យ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ជួយ​សម្របសម្រួល ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់ លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត ព្រម​ទាំង​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ពិភព​លោក​ឱ្យ​ចូលរួម​ទាំង​ក្នុង​អស់​គ្នា​ក្នុ​ង​បេសកកម្ម​នេះ។ ក្រៅ​ពី​នេះ ក្រុម​បាតុករ ស្នើសុំ​ដល់​រដ្ឋាភិបាល​ប្រទេស​កូរ៉េ​ខាង​ត្បូង​ឲ្យ​ចូលរួម​ដឹង​លឺ និង​ជួយ​ធ្វើ​សាក្សី​ចំពោះ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ខាង​មុខ​នេះ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។