អ្នកវិភាគនិងមន្ត្រីបក្សប្រឆាំងថា ការសាងសង់ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា អាចជាប់ពាក់ព័ន្ធនឹងលុយពុករលួយ ដែលបានពីពួកឈ្មួញធំៗមួយចំនួន។ ប៉ុន្តែអ្នកនាំពាក្យកាន់អំណាចអះអាងថា ថវិកាដែលសាងសង់គឺជាលុយស្អាតស្អំ និងមិនពាក់ព័ន្ធនឹងថវិកាជាតិ ហើយប្រភពលុយទាំងនោះបានពីសមាជិករបស់គណបក្សនេះរាប់លាននាក់ និងសប្បុរសជន។
អគារទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជានៅលើផ្ទៃដីទំហំជាងមួយហិកតារកន្លះ កម្ពស់ ៥ជាន់ កំពុងបង្អួតសម្រស់នៅតាមបណ្ដោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រងការរិះគន់ពីអ្នកវិភាគនិងមន្ត្រីបក្សប្រឆាំងថា គណបក្សនេះស្រលាញ់បក្សជាងស្រលាញ់រាស្ត្រដែលកំពុងរងទុក្ខដោយការរាតត្បាតជំងឺកូវីដ១៩ (Covid-19)។
ប្រធានប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ លោក ម៉ន ផល្លា ដែលកំពុងនិរទេសខ្លួននៅ ក្រៅប្រទេសលើកឡើងថា ការសាងសង់អគារដ៏ធំស្កឹមស្កៃនេះ គឺគណបក្សប្រជាជនកម្ពុជាមិនបានគិតគូរពីទុក្ខលំបាករបស់ពលរដ្ឋក្នុងពេលនេះទេ។ លោកថា នៅពេលដែលមានរដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សសង្គ្រោះជាតិ នឹងធ្វើការស៊ើបអង្កេតប្រភពថវិកានៃការសាងសង់ទីស្នាក់ការនេះ ហើយបើរកឃើញថា ជាប់ពាក់ព័ន្ធនឹងលុយពុករលួយនឹងរឹបអូសទីស្នាក់ការគណបក្សប្រជាជនកម្ពុជានេះទុកជាសម្បត្តិរដ្ឋ៖ « ជាការឆ្លុះបញ្ចាំងឱ្យឃើញថា គណបក្សប្រជាជនមិនបានយកចិត្តទុកទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យពិតប្រាកដទេ មិនបានផ្ដោតទៅលើយុត្តិធម៌សង្គមឱ្យត្រឹមត្រូវទេ កាត់រកវិធីដើម្បីធ្វើមានបានលើគណបក្សរបស់គាត់ »។
អ្នកវិភាគនយោបាយនិងសង្គមដែលហ៊ានរិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់និងកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក គឹម សុខ យល់ថា អ្វីដែលគណបក្សប្រជាជនចង់បង្ហាញពីការសាងសង់អគារថ្មីនេះ គឺចង់បញ្ជាក់ថា គណបក្សនេះនៅតែបន្តកាន់អំណាចរាប់ឆ្នាំទៀតរហូតដល់អ្នកជំនាន់ក្រោយរបស់គណបក្សនេះថែមទៀតផង។ លោកសង្ស័យថា លុយសម្រាប់គណបក្សកាន់អំណាចយកមកធ្វើទីស្នាក់ការកណ្ដាលរបស់ខ្លួនពេលនេះគឺបានពីក្រុមឈ្មួញធំៗដែលរកស៊ីលើខ្នងរាស្ត្រ និងមន្ត្រីពុករលួយ។ លោកថា មូលហេតុដែលក្រុមទាំងនេះហ៊ានជះលុយរាប់លានដុល្លារនាពេលកន្លងទៅ និងសម្រាប់សាងសង់ទីស្នាក់ការនៅពេលនេះ ដើម្បីចង់ឱ្យគណបក្សប្រជាជនកម្ពុជាការពារ និងកាងអាជីវកម្មល្មើសច្បាប់របស់ពួកគេ៖ « បើនិយាយទៅមិនមែនជាសមាជិកធម្មតាទេគឺជាមនុស្សស្នូលក្នុងការចិញ្ចឹមគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាអំណាចគឺចេញលុយក្នុងការបង្កើតព្រឹត្តិការណ៍ធំៗនៅក្នុងការកម្ចាត់គណបក្សប្រឆាំង »។
អគារទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ឬស្នាក់ការគ៨៥ សង់សងតាមក្បូរក្បាច់រចនាបថខ្មែរទំហំសំណង់អាគារជាង ៥,៤០០០ (ប្រាំម៉ឺនបួនពាន់)ម៉ែត្រក្រឡា ដំបូលប្រក់ក្បឿងហើយជាន់នីមួយៗមានសាលប្រជុំដែល សាលប្រជុំធំអាចផ្ទុកមនុស្សជាង ៣.៥០០នាក់។ កាលពីថ្ងៃទី៥ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានធ្វើពិធីក្រុងពាលី លើកស្លាកសញ្ញាគណបក្សនេះ និងពិនិត្យការដ្ឋានសាងសង់នោះផងដែរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់ថា ការសាងសង់អគារនេះចំណាយអស់ប្រាក់រាប់លានដុល្លារ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ពីចំនួនថវិកាជាក់លាក់នៅឡើយ។ អ្នកនាំពាក្យរូបនេះ ច្រានចោលការចោទប្រកាន់របស់អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងដែលថា ការសាងសង់ទីស្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជាអាចជាប់ពាក់ពន្ធនឹងលុយពុករលួយ។ លោកអះអាងថា ប្រភពថវិកាសម្រាប់ការសាងសង់នេះ គឺគណបក្សទទួលបានពីសមាជិករបស់ខ្លួនដែលមានរាប់លាននាក់ និងមួយផ្នែកទៀតបានពីសប្បុរសជន៖ « សម្បត្តិ ពួកឧទ្ទាមក្រៅច្បាប់ដែលនិយាយល្អពីគណបក្សប្រជាជនពីពេលណាមក គណបក្សធានាមួយរយភាគរយអត់មានប៉ះពាល់ថវិការដ្ឋទេ យើងដឹងហើយថា សមាជិកសមាជិកាគណបក្សប្រាំមួយលាននាក់ហើយហ្នឹង ខ្វះអីលុយធ្វើទីស្នាក់ការប៉ុណ្ណឹង »។
គណបក្សប្រជាជនកម្ពុជាបានចាប់ផ្ដើមសាងសង់អគារទីស្នាក់ការនេះកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ពោលគឺក្រោយមួយឆ្នាំបន្ទាប់គណបក្សនេះ បានរំលាយគណបក្សប្រឆាំងដោយជោគជ័យ។ មន្ត្រីគណបក្សប្រជាជនកម្ពុជាអះអាងថា អគារនេះសាងសង់បានជាង ៩៥ភាគរយហើយ និងសង្ឃឹមចប់រួចរាល់នៅចុងឆ្នាំ២០២០នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។