ចលនា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន ធ្វើ​បាតុកម្ម​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ថ្ងៃ​ទី៩ វិច្ឆិកា

ចលនា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន ធ្វើ​បាតុកម្ម​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។ ក្រុមអ្នកគាំទ្រ លោក សម រង្ស៊ី លើក​ឡើង​ថា បាតុកម្ម​នេះ ជោគជ័យ​លើស​ពី​ការ​រំពឹង​ទុក ដោយសារ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ច្រើន​លើសលុប។

ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន លោក ហៃ វណ្ណា ប្រាប់​ថា ក្រៅ​ពី​ការ​គាំទ្រ​លោក សម រង្ស៊ី ក្រុម​បាតុករ​បាន​នាំ​គ្នា​ស្រែក​ជា​ភាសា​ជប៉ុន ដើម្បី​បញ្ជាក់​ជំហរ​ថា ពួក​គេ​មិន​ត្រូវ​ការ​របប​លោក ហ៊ុន សែន និង​ទាមទារ​ឲ្យ​មាន​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក ហៃ វណ្ណា បន្ត​ថា ក្រុម​បាតុករ ចូលរួម​លើស​ពី​ការ​រំពឹង​ទុក គឺ​ឡើង​ជាង​បី​រយ (៣០០) នាក់ មក​ពី​ខេត្ត​ហ៊ីរ៉ូស៊ីម៉ា (Hiroshima) និង​ខេត្ត​ក្បែរៗ នោះ។

លោក​ឱ្យ​ដឹង​ថា ក្រុម​បាតុករ បាន​ជួបជុំ​គ្នា​នៅ​សួន​ច្បារ​ខេត្ត​ហ៊ីរ៉ូស៊ីម៉ា ស្រែក​តវ៉ា​ច្រើន​ម៉ោង និង​បាន​នាំ​គ្នា​ហែ​ក្បួន​ទៅ​កាន់​ទីតាំង​ប្រវត្តិសាស្ត្រ អាមេរិក​ទម្លាក់​គ្រាប់​បែក​នៅ​ហ៊ីរ៉ូស៊ីម៉ា។ ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា ក្រុមបាតុករ​មិន​បាន​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​ជប៉ុន​ទេ ដោយ​ពួក​គេ​មាន​គម្រោង​សរសេរ​លិខិត​ជូន​រដ្ឋាភិបាល​ជប៉ុន ដើម្បី​ជួយ​អន្តរាគមន៍​ឃ្លាំ​មើល សកម្មភាព​ពលករ អម​ដំណើរ​លោក សម រង្ស៊ី ចូល​កម្ពុជា នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​វិញ។

លោក ហៃ វណ្ណា ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី៣ វិច្ឆិកា មាន​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ចំនួន ៦នាក់ បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី៦ វិច្ឆិកា ដើម្បី​ចូលរួម​ជាមួយ​ពលករ​ផ្សេង​ទៀត អម​ដំណើរ​ក្រុម​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ចូល​កម្ពុជា។ លោក​ថា ពលរដ្ឋ​ខ្មែរ​ទាំង ៦នាក់​នោះ មាន ៣នាក់ មាន​សញ្ជាតិ​ជប៉ុន និង ៣នាក់ ជា​ពលរដ្ឋ​ខ្មែរ ដែល​មិន​មាន​សញ្ជាតិ​ជប៉ុន៖ « ពេល​នេះ គឺ​យើង​មាន​ខ្មែរ​កាន់​ប៉ាស្ព័រ​ជប៉ុន​ហ្នឹង ចំនួន ៣នាក់ ខ្មែរ​កាន់​ប៉ាស្ព័រ​ខ្មែរ​ហ្នឹង ចំនួន ៣នាក់ សរុប​ទាំង​អស់ ៦នាក់ នៅ​ពេល​ហ្នឹង ហើយ​ទម្រាំ​ដល់​ថ្ងៃ​ទី៩ ហ្នឹង ប្រហែល​មាន​អ្នក​ផ្សេង​ចុះ​ឈ្មោះ​បន្ថែម​ទៀត ក៏​ថា​បាន​ដែរ។ ខ្ញុំ​នឹង​ហោះ​ចេញ​ទៅ​ថ្ងៃ​ទី៦ ខ្ញុំ​ទៅ​ដល់ ( ទីក្រុង​បាងកក ) ថ្ងៃ​ទី៧ ហើយ​ប្រសិន​ជា​គម្រោង​ការ​ដើរ​ល្អ ខ្ញុំ​ត្រូវ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ថ្ងៃ​ទី៧។ ខ្ញុំហោះ ពី​ប្រទេស​មីយ៉ាន់ម៉ា​វិញ ថ្ងៃ​ទី៧ ហើយ​ត្រូវ​ឈរ​ជើង​នៅ​ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី៨។ ខ្ញុំ​សូម​បញ្ជាក់​ម្ដង​ទៀត ចំពោះ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា កុំ​ឲ្យ​ចាញ់​ការ​គំរាម​កំហែង នៅ​ក្រោម​ការ​សម្លុត ដោយសារ​ជម្លៀស​ទ័ព​ពេញ​ផ្ទៃ​ប្រទេស​របស់​លោក ហ៊ុន សែន។ ទង្វើ​ទាំង​ឡាយ​នេះ​បញ្ជាក់​ថា គាត់​អស់​ផ្លូវ​ដើរ​ហើយ »

ក្រៅ​ពី​ការ​គាំទ្រ​បក្ស​ប្រឆាំង បាតុកម្ម​នេះ​មាន​គោល​បំណង​ប្រឆាំង​នឹង​ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម ចំនួន ៨៤ភាគ​រយ​ដែរ ព្រោះ​បង្គោល​ព្រំដែន​ទាំង​នេះ បោះ​ឡើង ក្នុង​ស្ថានភាព​កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ។ ក្រៅ​ពី​នេះ ក្រុម​បាតុករ​បាន​ ថ្កោល​ទោស​របប​ក្រុង​​ភ្នំពេញ ចំពោះ​ការ​ដក​ថ្ងៃ​ឈប់​សម្រាក ២៣ តុលា សម្រាប់​ឆ្នាំ២០២០ និង​ការ​ប្រឆាំង ចំពោះ​ការ​ដាក់​មូលដ្ឋាន​ទ័ព​ចិន នៅ​សមុទ្រ​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ។

បាតុករ​ម្នាក់ និង​ជា​ជន​ភៀស​ខ្លួន​នយោបាយ អ្នក​នាង ឡុង ផល្លា ប្រាប់​ថា អ្នក​ចូលរួម​បាតុកម្ម មាន​ទាំង​ពលករ ជន​ភៀស​ខ្លួន និង​ពលរដ្ឋ​ខ្មែរ កាត់​ជប៉ុន។ អ្នក​នាង​បន្ត​ថា អ្នក​ចូលរួម​ធ្វើ​បាតុកម្ម ទាំង​អស់ គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ៖ « ថ្ងៃនេះ ពួក​ខ្ញុំ​មាន​អារម្មណ៍​ថា សប្បាយ​ចិត្ត រំភើប រីករាយ ព្រោះ​ថា បង​ប្អូន​ខ្មែរ​យើង ដែល​គាត់​រស់​នៅ​ក្នុង​ប្រទេស​ជប៉ុននេះ គាត់​មក​ចូលរួម​បាន​ច្រើន។ និយាយ​ទៅ មិន​នឹក​ស្មាន។ ពួក​ខ្ញុំ​អត់​នឹក​ស្មាន​ទេ​ថា ពួក​គាត់​មក​ចូល​រួម​បាន​ច្រើន ហើយ​ប៉ូលិស​ខាង​ជប៉ុន​ហ្នឹង ក៏​គាត់​ជួយ​អន្តរាគមន៍​ច្រើន ហើយ​ជនជាតិជប៉ុនហ្នឹង ក៏គាត់បានចូលរួម ហើយ​អ្នក​កាសែត​បរទេស ក៏​គាត់​មក​ចូលរួម​យក​ព័ត៌មាន​ច្រើន។ និយាយ​ទៅ គឺ​យើង​ជោគជ័យ​ច្រើន »

អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ ពី​អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន ជុំ​វិញ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​បាន​ទេ នៅ​ថ្ងៃ​ទី៣ វិច្ឆិកា ដោយសារ​មិន​ទទួល​ទូរស័ព្ទ។ តែ​យ៉ាង​ណា លោក ផៃ ស៊ីផាន ធ្លាប់​លើក​ឡើង​ថា បាតុកម្ម​នៅ​ក្រៅ​ប្រទេស​កន្លង​មក មិន​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ឡើយ។

គិត​ត្រឹម​ថ្ងៃ​ទី៣ វិច្ឆិកា នៅ​សល់ ៦ថ្ងៃ​ទៀត ដល់​ថ្ងៃ​កំណត់​លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​សន្យា​វិល​ចូល​ប្រទេស​កម្ពុជា​វិញ។ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​ស្រី មូរ សុខហួរ អះអាង​ថា ពលរដ្ឋ​ខ្មែរ​រស់​នៅ​តាម​ប្រទេស​លោក​សេរី​មក​ពី​ទ្វីប​អឺរ៉ុប និង​អាមេរិក ជាង ៣០០នាក់ នឹង​ចូលរួម​អម​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ខណៈ​មេ​ដឹក​នាំ​ពលករ​នៅ​ប្រទេស​ថៃ អះអាង​ថា ប្រមូល​ពលករ​បាន​ជាង ២២ម៉ឺន​នាក់​ហើយ។ គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា នៅ​ថ្ងៃ​ទី៦ វិច្ឆិកា គណបក្ស​នេះ នឹង​ប្រកាស​តួលេខ​ផ្លូវ​ការ អ្នក​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។