អនុ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកជួប​លោក ហ៊ុន សែន រឿង​ទំនាក់ទំនង​ទ្វេភាគី និង​បង្ហាញ​កង្វល់​ខ្លាំង​អំពី​វត្តមាន និង​ការ​កសាង​បរិក្ខារ​យោធា​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម

ដោយ អាស៊ីសេរី
2021.06.01
អនុ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកជួប​លោក ហ៊ុន សែន រឿង​ទំនាក់ទំនង​ទ្វេភាគី និង​បង្ហាញ​កង្វល់​ខ្លាំង​អំពី​វត្តមាន និង​ការ​កសាង​បរិក្ខារ​យោធា​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម (ជួរខាង​ស្ដាំ) ភាគី​មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា និង​វត្តមាន​​​អ្នកស្រី វិនឌី ស៊ើមែន (Wendy R. Sherman) ​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក (រូប​ទី៤ ពី​ខាងស្ដាំ)​ ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​(ជួរខាង​ឆ្វេង) បង្ហាញ​អំពី​ក្ដី​កង្វល់​ខ្លាំង​អំពី​វត្តមាន និង​ការ​កសាង​បរិក្ខារ​យោធា​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អនុ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​អ្នក​ស្រី វិនឌី ស៊ើមែន (Wendy R. Sherman) ​បាន​ជួបពិភាក្សា​​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អំពី​បញ្ហា​តំបន់ និង​បញ្ហា​ទ្វេភាគី បន្ទាប់​ពី​អ្នក​ស្រី​បាន​​មក​ដល់​កម្ពុជា​​នៅ​រសៀល​ថ្ងៃ​ទី១ ខែមិថុនា​នេះ។ ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​របស់​មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​មក​កាន់​កម្ពុជា​នេះ ធ្វើ​ឡើង​ចំ​ពេល​ស្ថាន​ការណ៍​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​តែ​ស្ថិត​ក្នុង​ភាព​យ៉ាប់យ៉ឺន។

ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​លទ្ធផល​ជំនួប​រវាង អ្នកស្រី វិនឌី ស៊ើមែន (Wendy R. Sherman) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​នៅ​ល្ងាច​នេះ​ថា អនុ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក អ្នកស្រី វិនឌី ស៊ើមែន (Wendy R. Sherman) បាន​បង្ហាញ​ក្ដី​កង្វល់​យ៉ាង​ខ្លាំង​អំពី​វត្តមាន និង​ការ​កសាង​បរិក្ខារ​យោធា​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម។ អ្នកស្រី​បាន​សួរ​បញ្ជាក់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា​អំពី​ការ​វាយ​កម្ទេច​ចោល​អាគារ​ពីរ​ខ្នង ដែល​ជា​ជំនួយ​របស់​អាមេរិក​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ដោយ​គ្មាន​ការ​ជូន​ដំណឹង ឬ​ការ​ពន្យល់​ឱ្យ​បាន​ត្រឹមត្រូវ។ អ្នកស្រី​គូស​បញ្ជាក់​ថា មូលដ្ឋាន​កងទ័ព​ចិន​នៅ​កម្ពុជា នឹង​ប៉ះពាល់​ដល់​អធិបតេយ្យ​កម្ពុជា គំរាម​កំហែង​ដល់​សន្តិសុខ​តំបន់ និង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។ អ្នកស្រី វិនឌី ស៊ើមែន (Wendy R. Sherman) ជំរុញ​ថ្នាក់​ដឹក​នាំ​កម្ពុជា ឱ្យ​រក្សា​គោល​នយោបាយ​ការ​បរទេស​អព្យាក្រឹត្យ និង​ឯករាជ្យ ដោយ​តម្កល់​ផល​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ជា​ធំ។ ជុំវិញ​រឿង​សិទ្ធិមនុស្ស​វិញ អ្នកស្រី វិនឌី ស៊ើមែន (Wendy R. Sherman) បាន​សង្កត់​ធ្ងន់​អំពី​សារ​សំខាន់​នៃ​សិទ្ធិមនុស្ស និង​កិច្ច​ការពារ​សេរីភាព​ជា​មូលដ្ឋាន ដែល​ជា​គ្រឹះ​នៃ​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ។ អ្នកស្រី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​ការ​ប្ដេជ្ញា​ចិត្ត​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​អំពី​ការ​គោរព​សិទ្ធិមនុស្ស ហើយ​និង​ធានា​ឱ្យ​បាន​នូវ​កិច្ច​គាំពារ​ដល់​សិទ្ធិ​កម្មករ​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត អ្នកស្រី​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ដែល​មាន​ចរិត​នយោបាយ​លើ​អ្នក​នយោបាយ​ប្រឆាំង អ្នក​សារព័ត៌មាន និង​សកម្មជន​ជា​បន្ទាន់។ ម្យ៉ាងវិញទៀត អ្នកស្រី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​នយោបាយ និង​ពលរដ្ឋ​ឡើង​វិញ នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០២២ និង​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​ឆ្នាំ២០២៣ ខាង​មុខ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោ​ក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង ដើម្បី​សាកសួរ​អំពី​ជំហរ​ក្នុង​ជំនួប​នេះ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

អំឡុង​ទស្សនកិច្ច​មក​កាន់​កម្ពុជា​នេះ អនុ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក អ្នកស្រី វិនឌី ស៊ើមែន (Wendy R. Sherman) ក៏​បាន​ជួប​ជាមួយ​តំណាង​មក​ពី​សង្គម​ស៊ីវិល និង​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផង​ដែរ។ ជំនួប​នោះ គឺ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​មួយ​ចំនួន ដែល​មាន​សារៈសំខាន់​រួម​គ្នា​ជាមួយ​សហរដ្ឋ​អាមេរិក ដូច​ជា ការ​ធានា​បាន​នូវ​ប្រទេស​កម្ពុជា​មួយ ដែល​មាន​សន្តិភាព វិបុលភាព និង​ប្រជាធិបតេយ្យ​នា​ពេល​អនាគត។

អ្នកស្រីបាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ខ្លី​នៅ​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​ទី១ ខែមិថុនា​ដដែល រួច​បន្ត​ដំណើរ​ទៅ​ទីក្រុង​បាងកក (Bangkok) ទី​ដែល​អ្នក​ស្រីនឹង​ជួបពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ថៃ​អំពី​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ ការ​រឹតចំណង​សេដ្ឋកិច្ច ការ​លើក​កម្ពស់​សេរីភាព​មូលដ្ឋាន បញ្ហា​មួយ​ចំនួន​ក្នុង​តំបន់​ទន្លេ​មេគង្គ និង​វិបត្តិ​នៅ​ភូមា មុន​នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ថ្ងៃ​ទី៤ ខែមិថុនា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Phavarraman
Jun 02, 2021 03:24 AM

ការលុប បំណុលសហរដ្ឋអាមេរិក នឹងជួយស្ដារ ស្ថានភាពសេដ្ឋកិច្ច កម្ពុជា ដូចកាលទសវត្សរ៍ ១៩៩០ ដែល សហរដ្ឋអាមេរិក សហគមន៍អ៊ឺរ៉ុបបាន ជួយជាជំនួយហិរញ្ញវត្ថុជាច្រើនផ្នែក ដល់កម្ពុជា ជាពិសេសការផ្ដល់នូវប្រព័ន្ធអនុគ្រោះពន្ធ អ៊ីប៊ីអេ EBA

ទស្សនៈខ្ញុំ យល់ឃើញថាសហរដ្ឋអាមេរិក នឹងពិចារណាលុបបំណុលដែលកម្ពុជាជំពាក់ នាសម័យសង្គ្រាម ១៩៧០ - ១៩៧៥ ក្នុងក្របខណ្ឌដែលប្រទេសកម្ពុជា មានរដ្ឋាភិបាលស្របច្បាប់១ កើតចេញពីការបោះឆ្នោតត្រឹមត្រូវ ហើយប្រកាន់យកលិទ្ធិប្រជាធិបតេយ្យ និង អព្យាក្រឹតភាព តាមកិច្ចព្រមព្រៀងសន្ដិភាព ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១

បើពុំនោះទេ ការស្នើសុំលុបបំណុលនេះ វាបង្ហាញនូវភាព អយុត្តិធម៌ ចំពោះបទចោទពីការទទួលខុសត្រូវ នូវ វិនាសកម្មសង្គ្រាម ក្នុងទសវត្សរ៍ ១៩៧០ ដែលកំហុសប្រល័យពូជសាសន៍វាមានទំហំធំធេងពីសំណាក់ ប្រទេសកុំមុយនីសចិន និងវៀតណាមដែលបានឧបត្ថម្ភ គាំទ្រ ពួកកងទ័ពព្រៃនៃបក្សប្រជាជនបដិវត្តន៍កម្ពុជា ខ្មែរក្រហម

បំណុលសហរដ្ឋអាមេរិក វាជាបំណុលជួយរបបសាធារណរដ្ឋខ្មែរ លោកសេនាប្រមុខ លន់ ណល់ ធ្វើសង្គ្រាមក៏ពិតមែន ជាប្រវត្តិសាស្ដ្រ វាជាសង្គ្រាមប្រឆាំងនឹងពួកខ្មែរក្រហមដែលប្រទេស ចិន - វៀតណាម បានគាំទ្រ ហើយបានគាំទ្រ របបប្រល័យពូជសាសន៍របស់បក្សប្រជាជនបដិវត្តន៍កម្ពុជា ប៉ុល ពត អៀង សារី ក្រោយជោគជ័យ ថ្ងៃ១៧ មេសា ១៩៧៥