សាច់ញាតិជនពិការជើងពីកំណើតម្នាក់ នៅខេត្តសៀមរាប ខកចិត្តការដែលលោក ភុន យុទ្ធ មិនទាន់បានចេញពីពន្ធនាគារនៅឡើយ។ អ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្ស ហៅការបន្តឃុំខ្លួនជនពិការ ភុន យុទ្ធ ដែលសាលាឧទ្ធរណ៍បានសម្រេចឲ្យមានសេរីភាពហើយនោះថា ជាអំពើខុសច្បាប់។ ក្រុមគ្រួសារ និងអង្គការជនស៊ីវិលស្នើឲ្យពន្ធនាគារខេត្តសៀមរាប ពន្លឿននីតិវិធីដោះលែងលោក ភុន យុទ្ធ ជាបន្ទាន់។
ស្ត្រីពិការម្នាក់ដែលត្រូវជាភរិយាលោក ភុន យុទ្ធ គឺលោកស្រី មុំ វិត រៀបរាប់ថា រូបលោកស្រី និងកូនស្រីអាយុ ៦ឆ្នាំ បានទៅឈរចាំទទួលប្ដីចេញពន្ធនាគារ តាំងព្រឹករហូតដល់យប់អាធ្រាត្រ កាលពីថ្ងៃទី២៧ ធ្នូ នៅតែមិនឃើញលោក ភុន យុទ្ធ ចេញពន្ធនាគារនៅឡើយ។
លោកស្រីសម្ដែងការខកចិត្តជាចិត្តខ្លាំង ដោយស្រែកទ្រហោយំ ជាមួយកូនស្រី ក្រោយពីឆ្មាំពន្ធនាគារប្រាប់ថា ខាងពន្ធនាគារ មិនទទួលបានដីកាបង្គាប់ឲ្យដោះលែងជនជាប់ឃុំ ឈ្មោះ ភុន យុទ្ធ ពីអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍នៅឡើយទេ។
លោកស្រីឲ្យដឹងថា លោក ភុន យុទ្ធ មានជំងឺរបេង និងជំងឺរមាស់ពេញខ្លួន ដែលត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ។ លោកស្រីស្នើសុំសាលាឧទ្ធរណ៍ និងប្រធានពន្ធនាគារខេត្តសៀមរាប ជួយអន្តរាគមន៍ធ្វើយ៉ាងណាឲ្យប្ដីលោកស្រី ឆាប់បានចេញមកជួបក្រុមគ្រួសារវិញ៖ « ខ្ញុំសំណូមពរឲ្យតុលាការពន្លឿនការដោះលែងប្ដីពីពន្ធនាគារ។ គាត់កំពុងមានជំងឺជាប់ខ្លួន។ គាត់ចេញមក ហ្នឹងបានទៅមើលជំងឺនៅមន្ទីរពេទ្យ។ ឥឡូវនេះ គាត់កំពុងមានជំងឺ ហើយចេះតែឃុំគាត់ថ្ងៃនេះថ្ងៃនោះ » ។
អ្នករត់រ៉ឺម៉កកង់បីនៅក្រុងសៀមរាប លោក ធឿន សារ៉ន ឲ្យដឹងថា លោក ភុន យុទ្ធ បានទូរស័ព្ទមករូបគាត់ប្រាប់ឲ្យជួយនាំក្រុមគ្រួសារចូលទៅជួបក្នុងពន្ធនាគារ នៅកន្លែងដោះលែងជនជាប់ចោទ។ លោកបន្តថា លោក ភុន យុទ្ធ មានទឹកមុខសប្បាយរីករាយ ប៉ុន្តែប្រហែលជាកន្លះម៉ោងក្រោយមក លោក ភុន យុទ្ធ ប្រែជាស្ងួតទឹកមុខវិញ ដោយឆ្មាំពន្ធនាគារនាំលោក ទៅដាក់ក្នុងបន្ទប់ឃុំខ្លួនហើយប្រាប់ថា ពន្ធនាគារមិនទាន់ទទួលបានដីកាដោះលែងពីតុលាការទេ។
ពលរដ្ឋរូបនេះ ស្នើសុំតុលាការ និងពន្ធនាគារឱ្យជួយសម្របសម្រួលឲ្យលោក ភុន យុទ្ធ ឆាប់ចេញមកជួបជុំក្រុមគ្រួសាររបស់គាត់វិញ៖ «សំណូមពរខ្ញុំ សូមឲ្យខាងគុក ពន្លឿនដោះលែងគាត់ឲ្យបានជួបជុំប្រពន្ធ កូនគាត់វិញមក។ អនិច្ចស្រណោះគាត់ខ្លាំងណាស់ ! មិនដឹងត្រូវនិយាយយ៉ាងម៉េចឲ្យសមទេ។ អ្នកពិការជើង បើគាត់រស់នៅខាងក្រៅ គាត់រស់យ៉ាប់ទៅហើយ ទម្រាំចូលទៅខាងក្នុងទៀត។ វាអស់ពីការនិយាយតែម្ដង។ អ្វីដែលអ្នកនៅខេត្តសៀមរាបគេស្គាល់ច្រើន ដោយសារគាត់ពិការហើយ ជាប់ក្នុងពន្ធនាគារអ៊ីចឹងទៀត។ គេស្លុតចិត្ត អាណិតចំណុចត្រង់ហ្នឹងឯង»។
មន្ត្រីកាន់ផ្នែកសំណុំរឿងនៅពន្ធនាគារខេត្តសៀមរាប លោក លឹម សុផល ប្រាប់អាស៊ីសេរីថា ខាងពន្ធនាគារនៅមិនទាន់ទទួលបានដីកាបង្គាប់ឲ្យដោះលែងជនជាប់ឃុំ ឈ្មោះ ភុន យុទ្ធ ពីអគ្គព្រះរាជអាជ្ញានៃសាលាឧទ្ធរណ៍នៅឡើយទេ។ លោកបញ្ជាក់ថា តាមនីតិវិធី ខាងពន្ធនាគារនឹងដោះលែងជនជាប់ចោទភ្លាម ក្រោយពីទទួលបានដីកាពីតុលាការ៖ «ខ្ញុំអត់ដឹងទេ ខាងពន្ធនាគារមិនមែនអ្នកដោះទេ គឺខាងតុលាការ។ ទាល់តែពូទាក់ទងទៅខាងតុលាការ បានដឹង។ តុលាការគេ ជាអ្នកចេញដីកាដោះ។ អត់ឮគេឲ្យយកសំណុំរឿងទៅមើលអីផង បើគេមិនទាន់ធ្លាប់ក្រដាសមកពីឧទ្ធរណ៍»។
ចំណែកអ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ ថ្លែងថា តាមនីតិវិធី ប្រសិនបើចៅក្រមនៃសាលាឧទ្ធរណ៍សម្រេចឲ្យអ្នកទោសមានសេរីភាព ដោយកាត់តម្រឹមទោសរួចរាល់ហើយ ខាងអគ្គព្រះរាជអាជ្ញានឹងផ្ញើដីកាបង្គាប់ឲ្យពន្ធនាគារដោះលែងអ្នកទោស ដោយគ្មានបង្អង់ពេលឡើយ៖ «ជាគោលការណ៍ច្បាប់បើសិនជាខាងសាលាឧទ្ធរណ៍ ចៅក្រមគាត់បានកាត់តម្រឹមទៅតាមការដែលជនជាប់ចោទ គាត់ទទួលទោសទៅតាមហ្នឹងហើយ។ គេបញ្ជូនសាលដីកាហ្នឹង មកខាងអគ្គព្រះរាជអាជ្ញា ។ អគ្គព្រះរាជអាជ្ញា បញ្ជូនទៅខាងអគ្គនាយកដ្ឋានពន្ធនាគារ និងពន្ធនាគារ ដើម្បីធ្វើការដោះលែង។ គេបានបញ្ជូនតាមនីតិវិធីហើយ។ សាលាឧទ្ធរណ៍អត់ដែលទុកឲ្យកក់ស្ទះបញ្ហាហ្នឹងទេ»។
អ្នកសម្របសម្រួលផ្នែកពន្ធនាគារនៃអង្គការលីកាដូ លោក ស វណ្ណារ៉ា ដែលតាមករណីនេះ ទទួលបានដំណឹងពីមេធាវីការពារក្ដីឲ្យជនពិការរូបនោះ គឺលោក សម ទិត្យសីហា ប្រាប់ថា ខាងអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានបញ្ជូនដីកាបង្គាប់ឲ្យដោះលែងលោក ភុន យុទ្ធ ទៅពន្ធនាគារខត្តសៀមរាបរួចហើយ ក្រោយពីចៅក្រមកាត់តម្រឹមទោស ៥ខែ ៨ថ្ងៃ។ គិតមកពេលនេះ លោក ថា មន្ត្រីពន្ធនាគារនៅមិនទាន់ដោះលែង លោក ភុន យុទ្ធ ឲ្យមានសេរីភាពជួបជុំក្រុមគ្រួសារនៅឡើយទេ។ លោកបញ្ជាក់ថា ការបន្តឃុំខ្លួនជនជាប់ចោទ ក្រោយចៅក្រមសម្រេចឲ្យដោះលែង គឺជារឿងខុសច្បាប់៖ «ការឃុំខ្លួនបន្ត ដោយមិនមានការដោះលែង ក្រោយពីមានដីកាដោះលែងពីអគ្គព្រះរាជអាជ្ញាហើយហ្នឹង គឺជាការឃុំខ្លួនខុសច្បាប់។ តាមផ្លូវច្បាប់គឺអ៊ីចឹង ពីព្រោះត្រូវរួចពីម្សិលមិញ ព្រោះ៥ខែ ៨ថ្ងៃ ត្រូវរួចពីម្សិលមិញ។ ម្សិលមិញ ខ្ញុំទៅ ហើយក៏មានអង្គការអាដហុកដែរ ទៅឃ្លាំមើលទាំងអស់គ្នា តែមិនបានឃើញគេដោះលែងនៅឡើយ»។
អ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្សរូបនេះ សង្ឃឹមថា លោក ភុន យុទ្ធ នឹងត្រូវបានដោះលែងឲ្យមានសេរីភាពនៅដើមសប្ដាហ៍ខាងមុខ។
កាលពីថ្ងៃទី២៦ ធ្នូ ប្រធានចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍ អ្នកស្រី យ៉េត ម៉ូលីន សម្រេចដោះលែងជនពិការឈ្មោះ ភុន យុទ្ធ ដោយកាត់តម្រឹមទោសឲ្យជាប់ពន្ធនាគារត្រឹម ៥ខែ ៨ថ្ងៃ ហើយទោសនៅសល់ត្រូវព្យួរ ដោយផ្អែកលើការសារភាពទទួលស្គាល់កំហុសរបស់ជនជាប់ចោទ និងតម្រូវការចាំបាច់របស់ជនជាប់ចោទ ដែលទទួលរ៉ាប់រងប្រកបរបរចិញ្ចឹមបីប៉ាច់កូនស្រីអាយុ ៦ឆ្នាំ និងប្រពន្ធពិការដូចគ្នា។
កាលពីចុងខែតុលាកន្លងទៅ តុលាការខេត្តសៀមរាប បានផ្ដន្ទាទោសលោក ភុន យុទ្ធ វ័យ ៣៦ឆ្នាំ ដែលជាជនពិការជើងទាំង២ តាំងពីកំណើត ឱ្យជាប់ពន្ធនាគារ ១៨ខែពីបទ “ញុះញង់ឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ”។ ការកាត់ទោសនេះ គឺដោយសារលោក ភុន យុទ្ធ ប្រើគណនេយ្យហ្វេសប៊ុកឈ្មោះ "ខ្ញុំចង់បាននាយករដ្ឋមន្ត្រីថ្មី "និយាយរិះគន់អំពីចំណុចអវិជ្ជមាន របបដឹកនាំសព្វថ្ងៃ និងទាមទារឲ្យលោកហ៊ុន សែន ចុះចេញពីតំណែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
