ជនពិការ ភុន យុទ្ធ ដែលរិះគន់រដ្ឋាភិបាល បន្តជាប់ពន្ធនាគារខេត្តសៀមរាបនៅឡើយ ក្រោយតុលាការសម្រេចដោះលែង
2019.12.27

ជនពិការជើងពីកំណើត លោក ភុន យុទ្ធ ដែលរិះគន់រដ្ឋាភិបាលក្រុងភ្នំពេញតាមបណ្ដាញសង្គមហ្វេសប៊ុក មិនទាន់បានចេញពីពន្ធនាគារខេត្តសៀមរាបនៅឡើយទេ បើទោះបីជាសាលាឧទ្ធរណ៍បានសម្រេចដោះលែងឲ្យមានសេរីភាពវិញ កាលពីថ្ងៃទី២៦ ធ្នូហើយក៏ដោយ។
មន្ត្រីកាន់ផ្នែកសំណុំរឿងនៅពន្ធនាគារខេត្តសៀមរាប លោក លឹម សុផល ប្រាប់អាស៊ីសេរី នៅល្ងាចថ្ងៃទី២៧ ធ្នូថា ខាងពន្ធនាគារនៅមិនទាន់ទទួលបានដីកាបង្គាប់ឲ្យដោះលែងជនជាប់ចោទ ឈ្មោះ ភុន យុទ្ធ ពីអគ្គព្រះរាជអាជ្ញានៃសាលាឧទ្ធរណ៍នៅឡើយទេ។
ចំណែក អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ ថ្លែងថា តាមនីតិវិធី ប្រសិនបើចៅក្រមនៃសាលាឧទ្ធរណ៍សម្រេចឲ្យជនជាប់ចោទមានសេរីភាព ដោយកាត់តម្រឹមទោសរួចរាល់ហើយ ខាងអគ្គព្រះរាជអាជ្ញានឹងផ្ញើដីកាបង្គាប់ឲ្យពន្ធនាគារ ដោះលែងជនជាប់ចោទ ដោយគ្មានបង្អង់ពេលឡើយ។
គិតមកដល់ម៉ោងផ្សាយនេះ ខាងសាច់ញាតិ មិត្តភ័ក្ដិ និងមន្ត្រីអង្គការសង្គមស៊ីវិល ដែលរង់ចាំទទួលលោក ភុន យុទ្ធ នៅខាងមុខទ្វារពន្ធនាគារ អស់ពេលមួយថ្ងៃទល់ព្រលប់ ឲ្យដឹងដូចគ្នាថា លោក ភុន យុទ្ធ ពិតជានៅមិនទាន់បានចេញពីពន្ធនាគារមែន ព្រោះមន្ត្រីពន្ធនាគារមិនទាន់ទទួលបានដីកាដោះលែង។
កាលពីថ្ងៃទី២៦ ធ្នូ ប្រធានចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍ អ្នកស្រី យ៉េត ម៉ូលីន សម្រេចដោះលែងជនពិការឈ្មោះ ភុន យុទ្ធ ដោយកាត់តម្រឹមទោសឲ្យជាប់ពន្ធនាគារត្រឹម ៥ខែ ៨ថ្ងៃ ហើយទោសនៅសល់ត្រូវព្យួរ ដោយផ្អែកលើការសារភាពទទួលស្គាល់កំហុសរបស់ជនជាប់ចោទ និងតម្រូវការចាំបាច់របស់ជនជាប់ចោទ ដែលទទួលរ៉ាប់រងប្រកបរបរចិញ្ចឹមបីប៉ាច់កូនស្រីអាយុ ៦ឆ្នាំ និងប្រពន្ធពិការដូចគ្នា។
កាលពីចុងខែតុលាកន្លងទៅ តុលាការខេត្តសៀមរាប បានផ្ដន្ទាទោសលោក ភុន យុទ្ធ វ័យ ៣៦ឆ្នាំ ដែលជាជនពិការជើងទាំង២ តាំងពីកំណើត ឱ្យជាប់ពន្ធនាគារ ១៨ខែពីបទ “ញុះញង់ឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ”។ ការកាត់ទោសនេះ គឺដោយសារលោក ភុន យុទ្ធ ប្រើគណនេយ្យហ្វេសប៊ុកឈ្មោះ "ខ្ញុំចង់បាននាយករដ្ឋមន្ត្រីថ្មី "និយាយរិះគន់អំពីចំណុចអវិជ្ជមាន របបដឹកនាំសព្វថ្ងៃ និងទាមទារឲ្យលោកហ៊ុន សែន ចុះចេញពីតំណែង៕
(ជនជាតិចិនចំនួន ៤នាក់ កំពុងដើរចេញពីពន្ធនាគារខេត្តសៀមរាប ក្នុងចំណោមអ្នកទោស ១០នាក់ ដែលត្រូវបានដោះលែង នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ អត់ឃើញតែជនពិការ ភុន យុទ្ធ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។