លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែធ្វើយុទ្ធនាការបង្ក្រាបសំឡេងគណបក្សប្រឆាំង និងកម្ចាត់ស្ថាប័នព័ត៌មានឯករាជ្យឲ្យអស់ពីកម្ពុជា។ លោក ហ៊ុន សែន ទំនងជាយល់ថាស្ថាប័នទាំងនេះអាចជាឧបសគ្គដល់ផែនការផ្ទេរអំណាចរបស់លោកនៅពេលខាងមុខ។
ទោះបីជាលោក ហ៊ុន សែន ទទួលជោគជ័យលើការរំលាយគណបក្សប្រឆាំងនិងកម្ចាត់ស្ថាប័នព័ត៌មានឯករាជ្យឲ្យអស់ពីកម្ពុជាបែបនេះក្ដីតែក្រុមអ្នកវិភាគអះអាងថា លោក ហ៊ុន សែន នឹងមិនទទួលជោគជ័យលើផែនការកម្ទេចគេឯងដូច្នេះបានរហូតឡើយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនកំពុងសម្រេចបានជោគជ័យក្នុងការបង្ក្រាបដៃគូប្រកួតប្រជែងនិងកម្ទេចស្ថាប័នសារព័ត៌មានឯករាជ្យឲ្យអស់ពីកម្ពុជានៅមុនពេលបោះឆ្នោតមកដល់។ ក៏ប៉ុន្តែក្រុមអ្នកវិភាគមើលឃើញថា លោក ហ៊ុន សែន នឹងមានវាសនាមិនខុសពីមេដឹកនាំផ្ដាច់ការដទៃទៀតនៅក្នុងតំបន់ឡើយ។
អ្នកវិភាគនយោបាយលោក គឹម សុខ មានប្រសាសន៍ថា លោក ហ៊ុន សែន ទំនងជាមើលឃើញថា ស្ថាប័នទាំងនេះ ជាឧបសគ្គដល់ផែនការផ្ទេរអំណាចរបស់លោកនៅពេលខាងមុខ។ លោកបន្ថែមថា លោក ហ៊ុន សែន បិទស្ថាប័នព័ត៌មានឯករាជ្យចុងក្រោយគេ នៅកម្ពុជា មកពីលោកយល់ថា ស្ថាប័នព័ត៌មានឯករាជ្យនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ផែនការផ្ទេរអំណាចរបស់លោក
លោក គឹម សុខ៖ «ដូចជា អាស៊ីសេរី វីអូឌីនិងព័ត៌មានផ្សេងៗទៀតដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការលើកទឹកចិត្តអ្នកនយោបាយផងអ្នកបរិស្ថានផងនិងអ្នកតស៊ូដទៃទៀត វាជាកម្លាំងប្រមូលផ្ដុំដ៏សំខាន់អីចឹងហើយទើបលោក ហ៊ុន សែន ព្រួយបារម្ភខ្លាចប៉ះពាល់ដល់ការផ្ទេរអំណាចជូនលោក ហ៊ុន ម៉ាណែត»។
គិតចាប់ពីឆ្នាំ២០១៧ ក្រោយពីរំលាយគណបក្សសង្រ្គោះជាតិមក លោក ហ៊ុន សែន បានក្ដោបក្ដាប់អំណាចណែននៅក្នុងដៃ។ លោកហាក់ធ្វើ អ្វីៗបានដោយគ្មានឧបសគ្គឡើយ។ ទោះជារដ្ឋធម្មនុញ្ញបានចែងអំពីតួនាទីស្ថាប័ននីតិប្រតិបត្តិ នៅដាច់ពីស្ថាប័ននីតិប្បញ្ញត្តិ និងតុលាការក្ដី ក៏ជាក់ស្ដែងលោកអាចបញ្ជាឲ្យតុលាការ និងសភាធ្វើអ្វីៗ បានតាមទំនើងចិត្ត។ ជាក់ស្ដែងលោកបានបញ្ជាឲ្យសភាកែរដ្ឋធម្មនុញ្ញលើកទី១០ លើមាត្រាមួយចំនួនកាលពីឆ្នាំ២០២២ ដែលគេមើលឃើញថា ជាការកាត់បន្ថយអំណាចសភា ដូចជា ការបញ្ជូនឈ្មោះបេក្ខជននាយករដ្ឋមន្ត្រីទៅថ្វាយព្រះមហាក្សត្រដោយមិនបាច់មានការយល់ព្រមពីប្រធាន និងអនុប្រធានរដ្ឋសភា និងការបង្កើនចំនួនសមាជិកសភាពី ៣០នាក់ទៅ ៤២នាក់ នៅពេលរដ្ឋសភាចង់ស្នើញត្តិបន្ទោសរដ្ឋាភិបាលម្ដងៗ ទើបរដ្ឋសភាអាចលើកយកមកពិភាក្សាបាន។
លោកបញ្ជាតុលាការចាប់ខ្លួន ឬផ្ដន្ទាទោសមេដឹកនាំគណបក្សប្រឆាំង និងសកម្មជន នយោបាយមួយចំនួនទៀតជាដើម។ ចុងក្រោយនេះបានសម្រេចចិត្តជាអត្តនោម័តិបិទអាជ្ញាប័ណ្ណវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី ដែលជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅសេសសល់ចុងក្រោយនៅកម្ពុជា។ លោកបានសម្រេចចិត្តទាំងកំរោលបិទវិទ្យុវីអូឌី ដោយមិនទទួលយកការកែតម្រូវ និងការសុំអធ្យាស្រ័យ និងការសូមទោសរបស់ស្ថាប័នព័ត៌មានដ៏មានប្រជាប្រិយមួយនេះឡើយ។ការបិទស្ថាប័នព័ត៌មានឯករាជ្យវីអូឌីទាំងតក់ក្រហល់របស់លោក ហ៊ុន សែន គឺជាការបំពានច្បាប់សារព័ត៌មានមាត្រា៤ និងមាត្រា១០ យ៉ាងច្បាស់ក្រឡែត បើទោះជាក្រសួងព័ត៌មាន និងក្រសួងការបរទេសខំចេញមុខការពារបទបញ្ជារបស់មេខ្លួនក៏ដោយ។
ការសម្រេចរបស់លោក ហ៊ុន សែន នេះ មិនមែនត្រឹមតែរំលោភច្បាប់ស្ដីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពានអំណាចតុលាការទៀតផង។ មាត្រា១០នៃច្បាប់សារព័ត៌មានតម្រូវឱ្យមន្ត្រីរាជការណាមួយដែលយល់ថា សារព័ត៌មានណាមួយផ្សាយមិនពិត ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ខ្លួន មន្ត្រីនោះអាចដាក់ពាក្យបណ្ដឹងទៅតុលាការ ហើយបើតុលាការរកឃើញថា សារព័ត៌មាននោះមានកំហុស តុលាការតម្រូវឱ្យផ្សាយការកែតម្រូវ និងបើធ្ងន់ធ្ងរអាចតម្រូវឱ្យសងជំងឺចិត្ត ប៉ុន្តែគ្មានទេរឿងដកអាជ្ញាប័ណ្ណ ឬបិទស្ថាប័នសារព័ត៌មាននោះ។
អ្នកវិភាគនយោបាយលោក បណ្ឌិត សេង សារី មានប្រសាសន៍ថា លោក ហ៊ុន សែន កំពុងតែរៀបចំសេណារីយ៉ូ ដឹកនាំប្រទេស ទៅជាប្រទេសមានគណបក្សដឹកនាំឯកបក្សជាអចិន្ត្រៃយ៍ ។ លោកបន្ថែមថា លោក ហ៊ុន សែន មិនត្រឹមតែកម្ទេចស្ថាប័នព័ត៌មានឯករាជ្យប៉ុណ្ណោះទេ លោកនឹងអាចកម្ចាត់គណបក្សប្រឆាំងណាដែលមានកម្លាំងប្រកួតប្រជែងប្រហាក់ប្រហែលគ្នាថែមទៀតផង។
លោក សេង សារី៖«ប្រសិនជាសេណារីយ៉ូដែលខ្ញុំបានលើកឡើងនេះបានកើតឡើងខ្ញុំគិតថាគណបក្សភ្លើងទៀនអាចនឹងរំលាយដូចគណបក្សសង្រ្គោះជាតិដែរ»។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអតីតទីប្រឹក្សាលោក ហ៊ុន សែន លោក បណ្ឌិត សូណារ៉ូ មានប្រសាសន៍ថា ចំណាត់ការលោក ហ៊ុន សែន បិទវិទ្យុវិអូឌីនេះ ធ្វើឡើងនៅក្រោយពេល លោកវិលមកពីប្រទេសកុម្មុយនីស្តចិនវិញ។ លោក សូ ណារ៉ូ បានហៅចំណាត់ការរបស់លោក ហ៊ុន សែន នេះ ជាការពង្រឹងអំណាច កុម្មុយនីស្តផ្ដាច់ការនៅក្នុងតំបន់។
លោក ហ៊ុន សែន ជាទូទៅមិនអាចឲ្យអ្នកណាប៉ះពាល់ដល់ក្រុមគ្រួសារនោះទេ។ លោកហាក់ដូចជាឈឺចាប់និងចាត់ទុកអត្ថបទ ចុះផ្សាយរបស់វិទ្យុវីអូឌីអំពី ចុះហត្ថលេខាផ្ដល់ជំនួយដល់ប្រទេសតួគី (Turky) ជំនួស លោកនោះថា ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កូនរបស់លោក និងរូបលោកធ្ងន់ធ្ងរ ខណៈដែលរបបដឹកនាំ របស់លោកបានរំលោភសិទ្ធិមនុស្ស ដុតផ្ទះសម្ដែងរបស់ប្រជាពលរដ្ឋ រឿងជម្លោះដីធ្លី ចាប់ចងសកម្មជនគណបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស ដាក់ពន្ធនាគារ រួមទាំងកញ្ញា សេង ធារី ផង។ មកទល់ពេលនេះមានអ្នកទោសនយោបាយប្រមាណ ៦០នាក់ លោកហាក់មិនខ្វល់អំពីការឈឺចាប់របស់ក្រុមគ្រួសាររបស់ពួកគេឡើយ។
អ្នកវិភាគនយោបាយ លោក គឹម សុខ បន្ថែមថា ទម្រង់នៃការដឹកនាំរបស់លោក ហ៊ុន សែន មានលំនាំផ្ដាច់ការប្រហាក់ប្រហែលគ្នានឹងមេដឹកនាំនៅក្នុងតំបន់ ដូចជាឥណ្ឌូណេស៊ី លោក ស៊ូហាតូ (Soeharto) និងអតីតប្រធានាធិបតី ហ្វីលីពីន (Philipines) លោក ហ្វើឌីណង់ ម៉ាកូស (Ferdinand Marcos) ជាដើម។ លោក គឹម សុខ បញ្ជាក់ថា នៅក្នុងសម័យដឹកនាំ របស់មេដឹកនាំផ្ដាច់ការទាំងពីរនេះ មិនទាន់មានបណ្ដាញសង្គមប្រើប្រាស់ផង តែទីបំផុតប្រជាពលរដ្ឋនៅតែបះបោរផ្ដួលរលំមេដឹកនាំទាំងពីរនេះបានដដែល។
លោក គឹម សុខ៖ «ចុះល្មមដល់សម័យនេះវិញ ប្រព័ន្ធបណ្ដាញសង្គមទូលំទូលាយរឿងអីយើងអស់សង្ឃឹម? រឿងអីអំណាចជិះជាន់របស់លោក ហ៊ុន សែន នេះអាចជោគជ័យទៅរួចរហូត? មិនអាចទៅរួចទេ»។
មេដឹកនាំផ្ដាច់ការទាំង សូហាតូ ម៉ាកូស និង លោក ហ៊ុន សែន ប្រើប្រាស់វិស័យយោធា គឺជាមូលដ្ឋានខ្នងបង្អែកនៃការដឹកនាំរបស់ខ្លួន ធ្វើជាឈ្នាន់សម្រាប់ទ្រទ្រង់ និងការពារអំណាចតកូនតចៅ។
ទោះបីជាក្នុងការគ្រប់គ្រងកម្ពុជាជិត៤០ឆ្នាំមកនេះ លោក ហ៊ុន សែន តែងរំលោភបំពាន និងកំចាត់ចោលនូវអ្នកទាំងឡាយណាដែលប្រឆាំងនិងរិះគន់លោក ហាក់គ្មានឧបសក្គបែបនេះក្ដី ក៏ក្រុម អ្នកវិភាគមើលឃើញថា លោក ហ៊ុន សែន នឹងមានទីបញ្ចប់អំណាចរបស់លោក នៅពេលណា ជាមិនខាន។
ជាក់ស្ដែងដូចជា អតីតមេដឹកនាំ ហ្វីលីពីន ម៉ាកូស ដោយសារតែពលរដ្ឋពុះកញ្ជ្រោលងើបបះបោះកាន់តែខ្លាំងនៅទូទាំងប្រទេស ធ្វើបាតុកម្មទម្លាក់មេដឹកនាំផ្ដាច់ការនេះវិញ។ នៅពេលនោះ អ្វីដែលគួរឱ្យកត់សំគាល់ គឺទាហាន និងឧត្ដមសេនីយ៍មួយចំនួន លែងស្ដាប់បញ្ជា ម៉ាកូស បែរជាមកសហការជាមួយពលរដ្ឋ ដើម្បីទម្លាក់មេដឹកនាំផ្ដាច់ការរូបនេះ ចេញពីអំណាចនៅឆ្នាំ១៩៨៦ ទៅវិញ។
មេដឹកនាំផ្ដាច់ការមួយរូបទៀត គឺ លោក ស៊ូហាតូ ក៏មិនមានវាសនាល្អដែរនៅទីបញ្ចប់ បើទោះជាលោកប្រើអំណាចយ៉ាងផ្ដាច់ការ និងប្រើកងកម្លាំងយោធា ដើម្បីការពារអំណាចរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏ កម្លាំងមហាជនពុះកញ្ជ្រោលចង់ផ្លាស់ប្ដូរមេដឹកនាំរូបនេះ ដោយសាររងការឈឺចាប់អត់ទ្រាំនឹងការគាបសង្កត់លែងបានទៀតហើយរួមគ្នា ធ្វើការមហាបាតុកម្មតវ៉ា ទម្លាក់មេដឹកនាំផ្ដាច់ការ ស៊ូហាតូ។ នៅទីបំផុត លោក ស៊ូហាតូ បានបង្ខំចិត្តលាលែងពីតំណែងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៨។
អតីតប្រធានាធិបតីហ្វីលីពីនលោក ហ្វើឌីណង់ ម៉ាកូស កាន់អំណាចរយៈពេល ២១ឆ្នាំ។ លោក ស៊ូហាតូ អតីតប្រធានាធិបតីឥណ្ឌូណេស៊ីក្រាញអំណាចរយៈពេលជាង ៣០ឆ្នាំ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់អំណាច ជិត ៤០ឆ្នាំ ។ ប្រទេសជាតិក្រោមការដឹកនាំរបស់មេដឹកនាំផ្ដាច់ការទាំងនេះ ពោរពេញដោយអំពើពុករលួយ ប្រើប្រាស់អំពើហិង្សាជាគោល និងប្រើប្រាស់តុលាការជាឧបករណ៍នយោបាយ ឬជាតេឡេបញ្ជាព្រមទាំងគាបសង្កត់ បំបិទសេរីភាពប្រជាពលរដ្ឋរបស់ខ្លួន និងបង្កើតបក្ខពួកនិយមជាដើម។
អ្នកវិភាគថា លោក ហ៊ុន សែន នឹងមានវាសនា មិនខុសពីមេដឹកនាំផ្ដាច់ការទាំងពីរនាក់នេះឡើយ។ ទោះបីជាសព្វថ្ងៃនេះ លោក ហ៊ុន សែន ហាក់មានអំណាចពេញដៃ អាចធ្វើអ្វីៗបានតាមទំនើងចិត្តក្ដី ក៏លោកមិនទទួលបានជោគជ័យរហូតឡើយ។ លោក ហ៊ុន សែន កាន់តែធ្វើឲ្យពលរដ្ឋរងទុក្ខទោស រងទឹកភ្នែកកាន់តែខ្លាំងនោះ ថ្ងៃអវសាននៃអំណាចរបស់លោក ហ៊ុន សែន ក៏នឹងកាន់មកដល់កាន់តែឆាប់ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។