អ្នកឃ្លាំមើលសង្គមរិះគន់ថា រដ្ឋាភិបាលកំពុងអនុវត្តស្តង់ដារពីរចំពោះវិធានការបន្តផ្អាកមិនឱ្យជនបរទេសចូលមកប្រទេសកម្ពុជាក្នុងពេលជំងឺកូវីដ-១៩ កំពុងរាតត្បាត។ ទោះបីយ៉ាងណា មន្ត្រីរដ្ឋាភិបាលអះអាងថា កម្ពុជាគ្មានការរើសអើងជនបរទេសនោះទេ។
អ្នកវិភាគសង្គមលោកបណ្ឌិត មាស នី មានប្រសាសន៍ថា នៅក្នុងស្ថានភាពដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ រដ្ឋាភិបាលហាក់បីដូចមិនបានសម្រេចចិត្តឱ្យបានម៉ឺងម៉ាត់ហើយធ្វើឱ្យចំទិសដៅនោះទេ ដោយសារតែកន្លែងណាមានបញ្ហាគឺបានគេចចេញពីកន្លែងនោះ មិនបានធ្វើឱ្យគ្រប់ជ្រុងជ្រោយនោះទេ។
លោកបញ្ជាក់ថា កន្លងមកប្រទេសកម្ពុជាមិនហ៊ានបិទជើងហោះហើរពីប្រទេសចិនទេ ទើបបង្កឱ្យមានការរិះគន់ ថារដ្ឋាភិបាលកំពុងអនុវត្តស្តង់ដារពីររឿងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩៖ «នៅស្រុកខ្មែរយើងអារឿងស្តង់ដារពីរមានគ្រប់តែរឿង។ សំបូររឿងណាស់អារឿងស្តង់ដារពីរហ្នឹង។ ប៉ុន្តែនៅក្នុងលក្ខខណ្ឌបញ្ហាដែលយើងកំពុងជជែកគ្នានេះ ខ្ញុំមើលទៅមិនមែនជាការរើសអើងទេ ប៉ុន្តែវាជាជម្រើសដើម្បីរស់។ បើផ្លូវវាចង្អៀត។ អ៊ីចឹងបើសិនបិទទាំងចិនផង វានឹងអាចប៉ះពាល់ដល់សេដ្ឋកិច្ចនេះរឿងហ្នឹងដែលខ្ញុំមើលទៅបញ្ហាហ្នឹងធំជាង មិនមែនជាការរើសអើងអីទេ ប្រសិនបើបញ្ហាដើម្បីរស់រានផ្នែកសេដ្ឋកិច្ចតែម្ដង»។
ការលើកឡើងរបស់អ្នកវិភាគសង្គមនេះបានកើតឡើង ក្រោយពីក្រសួងការបរទេសកាលពីថ្ងៃទី១៦ មេសា បានចេញលិខិតមួយប្រាប់ទៅឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេសទាំងអស់ឱ្យបន្តអនុវត្តវិធានការរឹតបន្តឹងការធ្វើដំណើរ និងការផ្អាកមិនឱ្យជនបរទេសទាំងមកពីប្រទេសចំនួន៦ មិនឱ្យចូលប្រទេសកម្ពុជា។
ប្រទេសទាំង០៦នោះរួមមានប្រទេសបារាំង ( France) អាល្លឺម៉ង់ (Germany) អ៊ីរ៉ង (Iran) អ៊ីតាលី (Italy) អេស្ប៉ាញ ( Spain) និង សហរដ្ឋអាមេរិក( United State) ដោយឡែកកម្ពុជាមិនបានហាមឃាត់ប្រទេសចិនដែលជាដើមចមនៃការកកើតជំងឺកូវីដ១៩ នៅទូទាំងពិភពលោក រដ្ឋាភិបាលមិនបានហាមឃាត់នោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង មិនបានពន្យល់បន្ថែមទាក់ទិនទៅនឹងបម្រាមនេះទេ។ លោកស្នើឱ្យទាក់ទងក្រសួងសុខាភិបាលដើម្បីបានព័ត៌មានបន្ថែម។
អាស៊ីសេរីមិនទាន់អាចទាក់ទង អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានទេ កាលពីថ្ងៃទី១៦ខែមេសា។ ប៉ុន្តែកាលពីថ្ងៃទី១៦ មីនា កន្លងទៅអ្នកស្រីបានអះអាងថា កម្ពុជាបានអនុវត្តទៅលើជនបរទេសទាំងអស់ដោយគ្មានការរើសអើងក្នុងគោលបំណងតែមួយគត់ គឺទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ចូលមកកម្ពុជា៖ «លោកប្អូនគួរតែសួរបណ្ដាប្រទេសផ្សេងៗទៀតដែលគេហាមមិនឱ្យប្រទេសនេះប្រទេសនោះចូលទៅក្នុងប្រទេសរបស់គេផងដែរ។ អានេះវាជាវិធានការដែលត្រូវប្រកាន់យកដើម្បីទប់ស្កាត់នូវការចំលងជំងឺកូវីដ១៩។ យើងត្រូវយល់ពីចំណុចនេះទាំងអស់គ្នា អត់មានអ្វីដែលពាក់ព័ន្ធទៅលើការសម្រេចចិត្តនេះទេក្រៅតែពីលក្ខណៈបច្ចេកទេសក្រៅតែពីគោលបំណងតែមួយគត់គឺការទប់ស្កាត់នូវការនាំចូលនៅវីរុសកូវីដ១៩នេះ មកក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង»។
ទោះបីយ៉ាងណា អ្នកវិភាគនយោបាយលោក គឹម សុខ មានប្រសាសន៍ថា ការណ៍ដែលកម្ពុជាមិនហ៊ានប៉ះពាល់ដល់ប្រទេសចិននេះ ដោយសារតែប្រទេសចិនជាបង្អែកចុងក្រោយដើម្បីរក្សាអំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ហើយលើសពីការមិនហ៊ានបិទចិននឹងទៅទៀត ខ្ញុំមើលឃើញថា កូវីដ១៩ក្លាយទៅជាមូលដ្ឋានអាវុធចិត្តសាស្ត្រនយោបាយដែលលោក ហ៊ុន សែន ប្រើជាមធ្យោបាយរកគន្លឹះចូលឱ្យកាន់តែកៀកចិន។ ឧទាហរណ៍មានការបង្កើតក្រុមការងារទំនាក់ទំនងកម្ពុជា - ចិនដែលទាក់ទងគ្នាកាន់តែញឹកញាប់ និងស៊ីជម្រៅនៅក្នុងឈ្មោះប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាដើម។ ហើយច្បាស់ជាងនេះតទៅទៀតនៅពេលដែលមានការរីករាលដាលខ្លាំង នៃជំងឺកូវីដ១៩ នៅប្រទេសកម្ពុជាទៅហើយលោក ហ៊ុន សែន នៅតែធ្វើសមយុទ្ធយោធាជាមួយចិន»។
ក្រសួងសុខាភិបាលមកដល់ថ្ងៃទី១៦ ខែមេសា នេះ ថា មិនមានអ្នកជំងឺថ្មីណាម្នាក់បានរកឃើញមានផ្ទុកជំងឺកូវីដ១៩នោះទេ។ មកទល់ពេលនេះ ចំនួនអ្នកកើតជំងឺនេះនៅទូទាំងប្រទេសគឺមានចំនួន ១២២នាក់ដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
