"ការ​ហាម​ពលរដ្ឋ​ចូល​​កោះពេជ្រ​នៅ​ថ្ងៃ​ខួប​បង្កើត​បក្ស​កាន់​អំណាច​ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​២"

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​រិះគន់​អាជ្ញាធរ​ក្រុងភ្នំពេញ ករណី​ហាម​ពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​នៅ​តំបន់​កោះពេជ្រ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៦៨​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ទី​២៨​មិថុនា ខាង​មុខ ថា​ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​២។ ពួកគាត់​លើកឡើង​ថា កន្លងមក​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​បាន​សុំច្បាប់​ធ្វើ​ពិធី​សម្ដែង​មតិ​នៅ​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​អាជ្ញាធរ​បដិសេធ​ជាប្រចាំ។

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ចេញ​សេចក្ដីប្រកាស​កាល​ថ្ងៃ​ទី​២៤ មិថុនា ណែ​នាំ​ឱ្យ​ពលរដ្ឋ​ផ្អាក​ធ្វើដំណើរ​ទៅ​កោះពេជ្រ ចាប់ពី​ម៉ោង​៦​ព្រឹក រហូតដល់​ចប់​កម្មវិធី​នៅ​ថ្ងៃ​ទី​២៨ មិថុនា ដើម្បី​រៀបចំ​រំលឹក​ខួប​លើក​ទី​៦៨ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា។ សាលាក្រុង​បន្ត​ថា ពលរដ្ឋ​ត្រូវ​ផ្អាក​ធ្វើដំណើរ​ចាប់ពី​ម៉ោង ៦​ព្រឹក រហូតដល់​ចប់​កម្មវិធី ហើយ​សូម​បងប្អូន​ទាំងអស់​មេត្តា​យោគយល់ អធ្យាស្រ័យ និង​ចូលរួម​សហការ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ទៅ​នឹង​សេចក្ដី​ប្រកាស​នេះ ព្រោះ​បាន​ប៉ះពាល់​ដល់​សិទ្ធិ​រស់នៅ​និង​ការ​របរ​រកស៊ី​របស់​ពលរដ្ឋ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ មិថុនា ករណី​នេះ​ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ ដែល​ខុស​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សហជីព​និង​ពលរដ្ឋ ដែល​បាន​សុំ​ច្បាស់​រៀបចំ​ពិធី​សម្ដែង និង​រៀបចំ​ពិធី​រំលឹក​ខួច​ផ្សេង​ត្រូវ​បាន​អាជ្ញាធរ​បដិសេធ​នោះ។ លោក​បន្ត​ថា កន្លងមក​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សិទ្ធិ​ជ្រើសរើស​រៀបចំ​ប្រារព្ធ​ពិធី​បាន​គ្រប់​ទីកន្លែង​ទាំងអស់ មិន​ថា​នៅ​កន្លែង​ទីក្រុង​ឬក៏​នៅ​កោះ​ពេជ្រ​នោះ​ទេ បើ​ទោះ​បី​ជា​មានការ​រិះគន់​ពី​ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ក៏ដោយ៖ «ហើយ​មិន​មែន​ថា ​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​អី​ ដើម្បី​ប្រឆាំង​រដ្ឋាភិបាល និង​ដើម្បី​បង្ក​ឱ្យ​មាន​បញ្ហា គឺ​វា​អត់​មាន​ទេ​ គឺ​យើង​ធ្វើ​អ្វី​ក៏​អនុវត្ត​តាម​ច្បាប់​ ព្រោះ​យើង​នៅ​ក្នុង​ប្រទេស​ ដែល​មាន​ច្បាប់។ កម្ពុជា​ក៏​អនុវត្ត​ច្បាប់​ដូច​គ្នា​ ហើយ​ធ្វើ​ម៉េច​ឱ្យ​វា​មាន​តម្លាភាព ​និង​យុត្តិធម៌។ អ៊ីចឹង​ យើង​កុំ​លាប​ពណ៌​ដាក់​គ្នា​មិន​ឱ្យ​ក្រុម​ខាង​ណោះ​ធ្វើ ហើយ​យក​លេស​ថា​អីចេះ​អ៊ីចុះ​ ដោយ​មួយ​ក្រុម​ទៀត​ធ្វើ​បាន ​គឺ​មិន​ស្មើ​ភាព​គ្នា​ទេ »

ចំណែក​ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឬ​ហៅថា (IDEA) លោក វ៉ន់ ពៅ សង្កេត​ឃើញ​ថា កន្លងមក​ពួកគាត់​ក៏​ធ្លាប់​បាន​សុំច្បាប់​ធ្វើ​ពិធី​សម្ដែង​មតិ​ដែរ តែ​ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ​បដិសេធ ដោយ​យក​លេស​ថា ទីកន្លែង​មិន​អំណោយផល ព្រោះ​នាំ​ឱ្យ​ស្ទះ​ចរាចរ និង​ប៉ះពាល់​សន្តិសុខ​សង្គម​ជាដើម។ លោក​បន្ត​ថា ការ​ធ្វើ​បែបនេះ បង្ហាញ​ឱ្យ​ឃើញ​ថា អាជ្ញាធរ​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព ចំពោះតែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សហជីព និង​ប្រជាពលរដ្ឋ ចំណែក​គណបក្ស​កាន់អំណាច​អាច​ធ្វើ​បាន​ដោយសារ​សេរី ដែល​ខុស​ពី​ការកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​តម្រូវ​ឱ្យ​ពលរដ្ឋ​គ្រប់រូប មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួបជុំ​និង​ការ​បញ្ចេញ​មតិ​ដោយ​ស្មើភាព​គ្នា៖ « អង្គការ​សង្គម​ស៊ីវិល​មិន​ដែល​ធ្វើ​អី​រញ៉េរញ៉ៃ​ទេ​ ច្រើន​តែ​អាជ្ញាធរ​តើ​ តែង​តែ​ដាក់​ប៉ូលិស​ទាហាន​ពេញ​ទឹក​ពេញ​ដី។ កន្លង​មក​អ្វី​ដែល​ជា​ការ​គាត់​សំគាល់ គេ​ឱ្យ​យើង​ធ្វើ​នៅ​កន្លែង​ឯកជន ឬ​ទីស្នាក់ការ​​របស់​ខ្លួន។ ប៉ុន្តែ​កន្លែង​ឯកជន​ហ្នឹង​កម្រ​អង្គការ​សង្គម​ជួល​បាន​ណាស់​ លើក​លែង​តែ​អង្គការ​ ILO ទេ។ ចំពោះ​អង្គការ​សង្គម​ស៊ីវិល ​ដែល​ធ្វើ​រឿង​ក្ដៅៗ ធ្វើ​ការ​តស៊ូ​មតិ កម្រ​ជួល​បាន ដោយសារ​អាជ្ញាធរ​ទៅ​គំរាម​ម្ចាស់​ទីតាំង​នោះ​តែ​ម្ដង​ ទោះ​បី​ទៅ​ជួយ​កន្លែង​ឯកជន​ ក៏​គេ​មិន​ងាយ​ជួល​ឱ្យ​ដែរ​ សូម្បី​ខាង​ខ្ញុំ​ទៅ​ជួល​កន្លែង​មជ្ឈមណ្ឌល​ផ្សេងៗ គេ​មិន​ជួល​ឱ្យ​ទេ គ្រាន់​តែ​ឮ​ថា​ យើង​ជា​សហជីព​សមាគម​ដែល​ឯករាជ​នោះ »

អាជ្ញាធរ​ក្រុងភ្នំពេញ លោក ឃួង ស្រេង រំពឹង​ថា ពិធី​នេះ​និង​មាន​សមាជិក សមាជិកា​គណបក្ស​កាន់អំណាច​ចូលរួម​ប្រមាណ ៣​ម៉ឺន​នាក់ នៅ​ទីធ្លា​មុខ​សាល​មហោស្រព​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនាខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។