គ្រូបង្រៀនកម្រិតមូលដ្ឋាន ២នាក់ នៅខេត្តកំពង់ធំ ទាមទារឲ្យមន្ទីរអប់រំខេត្ត បញ្ជាក់ឲ្យបានច្បាស់ ពីមូលហេតុដែលបានដកពួកគាត់ ទៅធ្វើការនៅក្នុងមន្ទីរអប់រំ និងទៅបង្រៀននៅកន្លែងផ្សេង។ សង្គមស៊ីវិលឃ្លាំមើលវិស័យអប់រំអះអាងថា ការផ្លាស់ប្ដូរគ្រូបង្រៀនទាំងពីរនាក់នេះ ដោយសារ តែគ្រូ ពួកគាត់ មានអតីតភាព ជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ របស់គណបក្សប្រឆាំង ហើយមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច។
គ្រូបង្រៀនទាំងពីរនាក់ ដែលប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ បង្គាប់ឲ្យផ្លាស់ប្ដូរទីកន្លែងបង្រៀន គឺលោក ថៃ ធីម គ្រូកម្រិតមូលដ្ឋានឯកទេសភាសាបារាំង-ខ្មែរ និងលោក ស៊ុន ធន់ ជាគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអក្សរសាស្ត្រខ្មែរ។
គ្រូបង្រៀនវិទ្យាល័យកំពង់ធំ នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន លោក ថៃ ធីម ប្រាប់អាស៊ីសេរី ពីខាងមុខមន្ទីរអប់រំខេត្ត ទីដែលលោកកំពុងឈរតវ៉ាថា ប្រធានមន្ទីរអប់រំ មិនបានប្រាប់មូលហេតុក្នុងការដករូបលោកពីវិទ្យាល័យកំពង់ធំ ទៅបម្រើការងារនៅក្នុងមន្ទីរអប់រំវិញទេ ទើបរូបគាត់ មិនសុខចិត្ត ព្រោះលោកគ្មានកំហុស ដែលត្រូវដកទៅកន្លែងអានកាសែតបែបនេះទេ វាធ្វើឲ្យខូចកិត្តិយសរបស់លោក។
ថ្វីបើ លោក ថៃ ធីម ជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ កូតាគណបក្សប្រឆាំង ប៉ុន្តែលោក អះអាងថា មិនបានប្រព្រឹត្តិខុសក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងមិនដែលលួចម៉ោងរដ្ឋបាលនៃការងារ ទៅធ្វើការងារបម្រើបក្សទេ។ គ្រូបង្រៀនម្នាក់នេះ អះអាងថា មានអ្នកនយោបាយខ្លះ បានប្រើដៃមន្ទីរអប់រំខេត្ត តាមធ្វើទុក្ខបុកម្នេញរូបលោក ទើបមានការដក ទៅបញ្ឈរជើងនៅមន្ទីរអប់រំដោយគ្មានហេតុផលបែបនេះ ព្រោះតែខឹងលោក ដែលនៅមិនព្រមចុះចូល ជាមួយគណបក្សកាន់អំណាច និងនៅតែធ្វើសកម្មភាពចុះជួបសមាជិកមូលដ្ឋានរបស់គណបក្សប្រឆាំង នៅខេត្តកំពង់ធំ៖ « មកដល់ពេលនេះ យើងដាច់ខាតមិនទៅធ្វើការកន្លែងថ្មីទេ ពីព្រោះ យើងវាអត់មានកំហុស។ យើងរង់ចាំប្រធានមន្ទីរ គាត់កំណត់នូវកំហុសឆ្គងយើងឲ្យច្បាស់សិន ទើបយើងធ្វើការតវ៉ាបន្តទៀត។ បើយើងម្នាក់ៗ រវល់តែខ្លាចបាត់បង់ផលប្រយោជន៍បន្ដិចបន្ដួច ធ្វើឲ្យគេ ( មន្ទីរអប់រំខេត្តកំពង់ធំ ) គាបសង្កត់យើងកាន់តែខ្លាំង គេគាបសង្កត់ផ្លូវចិត្ត ផ្លូវគំនិតយើងកាន់តែខ្លាំង។ សេរីភាព ការងារយើងនៅត្រង់ណា បើយើងមិនធ្វើខុសផង គេលាបពណ៌ឲ្យខុសហើយយើងទទួលតាមគេ។ សំណួរ៖ តើពេលជាសមាជិកក្រុមប្រឹក្សាខេត្ត ធ្លាប់មានវិវាទជាមួយអ្នកនយោបាយណាទេ ? ឆ្លើយ៖ រឿងវិវាទជាមួយនរណានោះ ខ្ញុំមិនដែលមានទេ ប៉ុន្តែគ្រាន់តែមានអ្នកនយោបាយកំសាក លួចវាយយើងពីក្រោយខ្នង ប្រើប្រាស់មន្ទីរអប់រំជាយន្ដការធ្វើទុក្ខបុកម្នេញការងាររបស់យើង»។
ចំណែកគ្រូបង្រៀនម្នាក់ទៀត គឺលោក ស៊ុន ធន់ អះអាងថា នេះជាលើកទី២ ហើយ សម្រាប់ការធ្វើទុក្ខបុកម្នេញលើរូបលោក ដោយលើកទី១ គឺកាលពីខែកុម្ភៈ ឆ្នាំ២០០៩ មន្ទីរអប់រំ បានផ្លាស់លោក ចេញពីវិទ្យាល័យទ្រាល នៅឃុំទ្រាល ស្រុកបារាយ ទៅវិទ្យាល័យគ្រឿលអណ្ដូងពោធិ៍ នៅស្រុកបារាយ។ លោករៀបរាប់ថា ក្រោយប្ដូរបាន ៣ខែ នៅខែឧសភា ឆ្នាំ២០០៩ លោកបានសម្រេចដាក់ច្បាប់ព្យួរការងារអប់រំ ដើម្បីឈរឈ្មោះ ជាក្រុមប្រឹក្សាខេត្តកំពង់ធំ តំណាងឲ្យគណបក្សសម រង្ស៊ី និងបន្តជាមួយគណបក្សសង្គ្រោះជាតិ រហូតដល់តុលាការកំពូលនៃរបបក្រុងភ្នំពេញរំលាយ កាលពីពាក់កណ្ដាល ខែវិច្ឆិកា ឆ្នាំ២០១៧។ បន្ទាប់មក នៅឆ្នាំសិក្សា ២០១៧-២០១៨ លោក បានចូលបង្រៀនវិញ នៅអនុវិទ្យាល័យឧទុម្ពរ នៅឃុំស្រឡៅ ស្រុកបារាយ។ លោក ស៊ុន ធន់ បញ្ជាក់ថា បង្រៀនបានតែ១ខែ ១៩ថ្ងៃ ប៉ុណ្ណោះ គឺកាលពី ថ្ងៃទី១៩ ធ្នូ នាយកអនុវិទ្យាល័យឧទុម្ពរ បានប្រគល់លិខិតបង្គាប់ការរបស់ប្រធានមន្ទីរអប់រំខេត្ត ផ្លាស់លោក ទៅបង្រៀននៅវិទ្យាល័យហ៊ុន សែន ទួលដំណាក់ នៅឃុំចុងដូង ស្រុកបារាយ ដែលមានចម្ងាយផ្លូវឆ្ងាយពីផ្ទះ ប្រហែល១៥គីឡូម៉ែត្រ។ លោក ស៊ុន ធន់ ចាត់ទុកការផ្លាស់ឲ្យទៅបង្រៀនកន្លែងផ្សេងជាការដាក់ទណ្ឌកម្ម លើរូបលោក។
គ្រូបង្រៀន និងជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំរូបនេះ អះអាងថា ការតាមយាយី ធ្វើទុក្ខបុកម្នេញនេះ ដោយសារតែ លោក ធ្លាប់មានវិវាទ ជាមួយប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកំពង់ធំ របស់គណបក្សកាន់អំណាច ម្នាក់ គឺ លោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃរបបក្រុងភ្នំពេញ៖ «បើយើងខុស គេអប់រំយើងម្ដងជាពីរដងណា។ ប៉ុន្តែនេះអត់ទេ ចេញមកចឹងតែម្ដង។ គ្មានអ្វីទេ មានតែហេតុផលនយោបាយ ព្រោះមានបងប្អូនយើង ដែលជាអ្នករាជការ គាត់ប្រាប់យើងចឹងថា គ្រូ ស៊ុន ធន់ ឯងប្រឈមនឹងការគេដកចេញទៀត ដោយឥទ្ធិពលនយោបាយពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលម្នាក់ហ្នឹង នៅស្រុកបារាយដែរហ្នឹង។ ខ្ញុំអាចបញ្ចេញឈ្មោះក៏បានដែរ តែមិនឲ្យបញ្ចេញឈ្មោះគេទេ ក៏មិនអីដែរ។ អាចបញ្ចេញបាន ? លោក ថោង ខុន លោករដ្ឋមន្ត្រី ថោង ខុន បាទ។ លោករដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្នឹងឯង នៅស្រុកបារាយដូចខ្ញុំហ្នឹងហើយ គាត់ស្អប់ខ្ញុំ យូរយារណាស់ហើយ តាំងពីឆ្នាំ២០០៩ ដែលដកខ្ញុំចេញពី ( អនុ ) វិទ្យាល័យទ្រាលហ្នឹង។ នៅគំនុំគុំគួនរដឹកចឹង»។
កាលពីថ្ងៃទី៥ ធ្នូ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ លោក ជូ វុនធី បានចេញលិខិតបង្គាប់ការ ២ច្បាប់ដាច់ដោយឡែកពីគ្នា បង្គាប់ឲ្យបុគ្គលិកអប់រំ២នាក់ គឺ លោក ថៃ ធីម និង លោក ស៊ុន ធន់ ផ្លាស់ប្ដូរទីកន្លែងការងារ ដោយមិនបានបង្ហាញពីមូលហេតុ ឬ កំហុសអ្វីទេ ប៉ុន្តែសំអាងថា យោងតាមស្មារតីអង្គប្រជុំរបស់គណៈកម្មការវាយតម្លៃការងារបុគ្គលិករបស់មន្ទីរអប់រំខេត្តកំពង់ធំ។
លោក ថៃ ធីម និង លោក ស៊ុន ធន់ អះអាងថា លិខិតបង្គាប់ការនោះ បានប្រគល់ដល់ដៃ អ្នកទាំងពីរ នៅថ្ងៃទី១៥ និងទី១៩ ធ្នូ។ បច្ចុប្បន្ន គ្រូបង្រៀនទាំង២ បានដាក់លិខិតទៅមន្ទីរអប់រំខេត្តកំពង់ធំ ដើម្បីទាមទារឲ្យបំភ្លឺ ពីមូលហេតុ ក្នុងការដក គ្រូបង្រៀនទាំង២នេះ ព្រោះការធ្វើបែបនេះ ផ្ទុយពីច្បាប់ស្ដីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ខណៈដែល លោកទាំងពីរ មិនធ្លាប់ ត្រូវបាននាយកសាលា ហៅទៅស្ដីបន្ទោស ឬ ព្រមានផ្ទាល់មាត់ ឬ លាយលក្ខណ៍ ជាអក្សរទេ។ ប៉ុន្តែមិនទាន់មានការឆ្លើយតបពីមន្ទីរអប់រំខេត្តកំពង់ធំទេ។
អាស៊ីសេរី បានព្យាយាមទូរស័ព្ទទៅ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ លោក ជូ វុនធី ជាច្រើនដង ដើម្បីសុំការបំភ្លឺករណីនេះ នៅថ្ងៃទី ២១ ធ្នូ ប៉ុន្តែ លោកមិនឆ្លើយតប ក្រោយពីអ្នកយកព័ត៌មានអាស៊ីសេរីណែនាំខ្លួនរួច។ អាស៊ីសេរី ក៏មិនទាន់អាចសុំការបំភ្លឺ ពីប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកំពង់ធំ របស់គណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានដែរ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី យល់ថា ការធ្វើទុក្ខបុកម្នេញលើគ្រូបង្រៀនទាំង ២នាក់នេះ ជាករណីនយោបាយ ដោយសារ ពួកគេជាសមាជិកស្មោះស្ម័គ្ររបស់គណបក្សប្រឆាំងនៅខេត្តកំពង់ធំ និងជាថ្នាក់ដឹកនាំសមាគមគ្រូបង្រៀនឯករាជ្យប្រចាំខេត្តកំពង់ធំ។ ប្រធានសមាគមគ្រូបង្រៀនរូបនេះ ព្រមានថា ប្រសិនបើ មិនមានពិនិត្យឡើងវិញ ពីការផ្លាស់ប្ដូរកន្លែងបង្រៀននេះទេ សមាគមនឹងស្វែងរកកិច្ចអន្តរាគមន៍ នៅក្រសួងអប់រំ និងដាក់លិខិតទៅស្ថាប័នអប់រំអន្តរជាតិ៖ « តាមពិតទៅ ពួកគាត់សុទ្ធតែជាអ្នកទៅបង្រៀនរាល់ថ្ងៃ។ អ៊ីចឹង មិនគួរណាដកពួកគាត់ទេ។ ប៉ុន្តែបើមន្ត្រីកាន់ជើង ដែលលើកជើងគណបក្សកាន់អំណាច ទោះបីគាត់មិនទៅធ្វើការមួយឆ្នាំ ក៏គាត់នៅតែទទួលផល នៅតែបានបើកប្រាក់ខែ ហើយមិនបាច់ពង្រាយទៅណា ... ការរំលោភសិទ្ធិពួកគាត់នៅពេលនេះ ជារឿងអយុត្តិធម៌បំផុតសម្រាប់លោកគ្រូ អ្នកគ្រូយើង ដែលគាត់ធ្វើអ្វីមួយពេញចិត្តនឹងធ្វើ»។
គ្រូបង្រៀន ទាំង២នាក់ គឺ លោក ថៃ ធីម និង លោក ស៊ុន ធន់ អះអាងថា បច្ចុប្បន្ន អ្នកទាំងពីរកំពុងតវ៉ា ដោយខ្លួនឯង នៅមុខមន្ទីរអប់រំខេត្តកំពង់ធំ រាល់ម៉ោងធ្វើការ ដើម្បីទាមទារការពន្យល់មូលហេតុនៃកំហុសក្នុងការផ្លាស់ប្ដូរពួកគេ។ គ្រូបង្រៀនទាំង២ ក៏គ្រោងនឹងឡើង ទៅតវ៉ា នៅមុខក្រសួងអប់រំ និង ភូមិគ្រឹះ លោក ហ៊ុន សែន នៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
