គ្រូបង្រៀន​ ២​នាក់ ជា​​ក្រុម​ប្រឹក្សា​បក្ស​ប្រឆាំង​ខេត្ត​កំពង់ធំ​​ ត្រូវ​ដក​បញ្ឈរ​ជើង​ នៅ​មន្ទីរ​អប់រំ និង​ប្ដូរ​ឲ្យ​ទៅ​បង្រៀន​​នៅ​កន្លែង​ឆ្ងាយ

គ្រូ​បង្រៀន​កម្រិត​មូលដ្ឋាន ២នាក់ នៅ​ខេត្ត​កំពង់ធំ ​ទាមទារ​ឲ្យ​មន្ទីរ​អប់រំ​ខេត្ត បញ្ជាក់​ឲ្យ​បាន​ច្បាស់ ​ពី​មូលហេតុ​ដែល​បាន​ដក​ពួក​គាត់ ទៅ​ធ្វើ​ការ​នៅ​ក្នុង​មន្ទីរ​អប់រំ និង​ទៅ​បង្រៀន​នៅ​កន្លែង​ផ្សេង។ សង្គម​ស៊ីវិល​ឃ្លាំមើល​វិស័យ​អប់រំ​អះអាង​ថា ការ​​ផ្លាស់​ប្ដូរ​គ្រូ​បង្រៀន​ទាំង​ពីរ​នាក់​នេះ ដោយសារ​​​ តែ​គ្រូ​ ពួក​គាត់ មាន​អតីត​ភាព​ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់​ធំ របស់​គណបក្ស​ប្រឆាំង ហើយ​មិនព្រម​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច។

គ្រូ​បង្រៀន​ទាំង​ពីរ​នាក់ ដែល​​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ ខេត្ត​កំពង់ធំ ​បង្គាប់​ឲ្យ​ផ្លាស់​ប្ដូរ​ទី​កន្លែង​បង្រៀន គឺ​លោក ថៃ ធីម គ្រូ​កម្រិត​មូលដ្ឋាន​ឯកទេស​ភាសា​បារាំង­-ខ្មែរ និង​លោក ស៊ុន ធន់ ជា​គ្រូ​បង្រៀន​កម្រិត​មូលដ្ឋាន​ឯកទេស​អក្សរ​សាស្ត្រ​ខ្មែរ​។

គ្រូ​បង្រៀន​វិទ្យាល័យ​កំពង់ធំ នៅ​សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន លោក ថៃ ធីម ​ប្រាប់​អាស៊ី​សេរី ពី​ខាង​មុខ​មន្ទីរ​អប់រំ​ខេត្ត ទី​ដែល​លោក​កំពុង​ឈរ​តវ៉ា​ថា ​ប្រធាន​មន្ទីរ​អប់រំ មិន​បាន​ប្រាប់​​មូលហេតុ​ក្នុង​ការ​ដក​រូប​លោក​ពី​វិទ្យាល័យ​កំពង់ធំ ទៅ​បម្រើ​ការងារ​នៅ​ក្នុង​មន្ទីរ​អប់រំ​វិញ​ទេ ទើប​រូប​គាត់ មិន​សុខ​ចិត្ត ព្រោះ​លោក​គ្មាន​កំហុស ដែល​ត្រូវ​ដក​ទៅ​កន្លែង​អាន​កាសែត​បែប​នេះ​ទេ វា​ធ្វើ​ឲ្យ​ខូច​កិត្តិយស​របស់​លោក។

ថ្វី​បើ​ លោក ថៃ ធីម ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​ កូតា​គណបក្ស​ប្រឆាំង​ ប៉ុន្តែ​លោក អះអាង​ថា មិន​បាន​ប្រព្រឹត្តិ​ខុស​ក្រម​សីលធម៌​​វិជ្ជាជីវៈ​គ្រូ​បង្រៀន ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល និង​មិន​ដែល​លួច​ម៉ោង​រដ្ឋបាល​នៃ​ការងារ ទៅ​ធ្វើ​ការងារ​បម្រើ​បក្ស​​ទេ។ គ្រូ​បង្រៀន​ម្នាក់​នេះ អះអាង​ថា មាន​អ្នក​នយោបាយ​​ខ្លះ បាន​ប្រើ​ដៃ​មន្ទីរ​​អប់រំ​ខេត្ត តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​​រូប​លោក ទើប​មាន​ការ​ដក​ ទៅ​បញ្ឈរ​ជើង​នៅ​មន្ទីរ​អប់រំ​ដោយ​គ្មាន​ហេតុផល​បែប​នេះ ព្រោះ​តែ​ខឹង​លោក ដែល​នៅ​មិន​ព្រម​ចុះ​ចូល ​ជាមួយ​គណបក្ស​កាន់​អំណាច និង​នៅ​តែ​ធ្វើ​សកម្មភាព​ចុះ​ជួប​សមាជិក​មូលដ្ឋាន​របស់​​គណ​បក្ស​ប្រឆាំង នៅ​ខេត្ត​កំពង់ធំ៖ « មក​ដល់​ពេល​នេះ យើង​ដាច់​ខាត​មិន​ទៅ​ធ្វើ​ការ​កន្លែង​ថ្មី​ទេ ពី​ព្រោះ​ យើង​វា​អត់​មាន​កំហុស។ យើង​រង់ចាំ​ប្រធាន​មន្ទីរ គាត់​កំណត់​នូវ​កំហុស​ឆ្គង​យើង​ឲ្យ​ច្បាស់​សិន ទើប​យើង​ធ្វើ​ការ​តវ៉ា​បន្ត​ទៀត។ បើ​យើង​ម្នាក់ៗ រវល់​តែ​ខ្លាច​បាត់បង់​ផល​ប្រយោជន៍​បន្ដិច​បន្ដួច ធ្វើ​ឲ្យ​គេ ( មន្ទីរ​អប់រំ​ខេត្ត​កំពង់ធំ ) គាប​សង្កត់​យើង​កាន់​តែ​ខ្លាំង គេ​គាប​សង្កត់​ផ្លូវ​ចិត្ត ផ្លូវ​គំនិត​យើង​កាន់​តែ​ខ្លាំង។ សេរីភាព ការងារ​យើង​នៅ​ត្រង់​ណា បើ​យើង​មិន​ធ្វើ​ខុស​ផង គេ​លាប​ពណ៌​ឲ្យ​ខុស​ហើយ​យើង​ទទួល​តាម​គេ។ សំណួរ៖ តើ​ពេល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត ធ្លាប់​មាន​វិវាទ​ជាមួយ​អ្នក​នយោបាយ​ណា​ទេ ? ឆ្លើយ៖ រឿង​វិវាទ​ជាមួយ​នរណា​នោះ ខ្ញុំ​មិន​ដែល​មាន​ទេ ប៉ុន្តែ​គ្រាន់​តែ​មាន​អ្នក​នយោបាយ​កំសាក លួច​វាយ​យើង​ពី​ក្រោយ​ខ្នង ប្រើប្រាស់​មន្ទីរ​អប់រំ​ជា​យន្ដការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ការងារ​របស់​យើង»

ចំណែក​គ្រូ​បង្រៀន​ម្នាក់​ទៀត គឺ​លោក ស៊ុន ធន់ អះអាង​ថា នេះ​ជា​លើក​ទី២ ហើយ សម្រាប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​រូប​លោក ដោយ​លើក​ទី១ គឺ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០០៩ មន្ទីរ​អប់រំ​ បាន​ផ្លាស់​លោក ចេញ​ពី​វិទ្យាល័យ​ទ្រាល នៅ​ឃុំ​ទ្រាល ស្រុក​បារាយ ទៅ​វិទ្យាល័យ​គ្រឿល​អណ្ដូង​ពោធិ៍ នៅ​ស្រុក​បារាយ។ លោក​រៀប​រាប់​ថា ក្រោយ​ប្ដូរ​បាន ៣ខែ នៅ​ខែ​ឧសភា ឆ្នាំ​២០០៩ លោក​បាន​សម្រេច​ដាក់​ច្បាប់​ព្យួរ​ការងារ​​អប់រំ ដើម្បី​ឈរ​ឈ្មោះ ជា​ក្រុម​ប្រឹក្សា​ខេត្ត​​កំពង់ធំ តំណាង​ឲ្យ​គណបក្ស​សម រង្ស៊ី និង​បន្ត​ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ រហូត​ដល់​តុលាការ​កំពូល​នៃ​របប​ក្រុង​ភ្នំពេញ​​រំលាយ​ កាល​ពី​​ពាក់​កណ្ដាល​ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ បន្ទាប់​មក​ នៅ​ឆ្នាំ​សិក្សា ​២០១៧-២០១៨ លោក បាន​ចូល​បង្រៀន​វិញ នៅ​អនុវិទ្យាល័យ​ឧទុម្ពរ នៅ​ឃុំ​ស្រឡៅ ស្រុក​បារាយ។ លោក ស៊ុន ធន់ បញ្ជាក់​ថា បង្រៀន​បាន​តែ​១ខែ ​១៩​ថ្ងៃ ប៉ុណ្ណោះ គឺ​​កាល​ពី ថ្ងៃ​ទី​១៩ ធ្នូ នាយក​អនុវិទ្យាល័យ​ឧទុម្ពរ បាន​ប្រគល់​លិខិត​បង្គាប់​ការ​របស់​ប្រធាន​មន្ទីរអប់រំ​ខេត្ត ផ្លាស់​លោក ទៅ​បង្រៀន​នៅ​វិទ្យាល័យ​ហ៊ុន សែន ទួលដំណាក់ នៅ​ឃុំ​ចុងដូង ស្រុក​បារាយ ដែល​មាន​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ពី​ផ្ទះ ប្រហែល​១៥គីឡូម៉ែត្រ​។ លោក ស៊ុន ធន់ ចាត់​ទុក​ការ​ផ្លាស់​ឲ្យ​ទៅ​បង្រៀន​កន្លែង​ផ្សេង​ជា​ការ​ដាក់​ទណ្ឌកម្ម លើ​រូប​លោក។

គ្រូ​បង្រៀន និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​រូប​នេះ អះអាង​ថា ការ​តាម​យាយី ធ្វើ​​ទុក្ខ​បុក​ម្នេញ​នេះ ដោយសារ​តែ លោក ធ្លាប់​មាន​វិវាទ​​ ជាមួយ​ប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​ខេត្ត​កំពង់ធំ ​របស់​គណបក្ស​កាន់​អំណាច ម្នាក់ គឺ លោក ថោង ខុន​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​នៃ​របប​ក្រុង​ភ្នំពេញ៖ «បើ​យើង​ខុស គេ​អប់រំ​យើង​ម្ដង​ជា​ពីរ​ដង​ណា។ ប៉ុន្តែ​នេះ​អត់​ទេ ចេញ​មក​ចឹង​តែ​ម្ដង។ គ្មាន​អ្វី​ទេ មាន​តែ​ហេតុផល​នយោបាយ ព្រោះ​មាន​បង​ប្អូន​យើង ដែល​ជា​អ្នក​រាជការ គាត់​ប្រាប់​យើង​ចឹង​ថា គ្រូ ស៊ុន ធន់ ឯង​ប្រឈម​នឹង​ការ​គេ​ដក​ចេញ​ទៀត ដោយ​​ឥទ្ធិពល​នយោបាយ​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ម្នាក់​ហ្នឹង នៅ​ស្រុក​បារាយ​ដែរ​ហ្នឹង។ ខ្ញុំ​អាច​បញ្ចេញ​ឈ្មោះ​ក៏​បាន​ដែរ តែ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​គេ​ទេ ក៏​មិន​អី​ដែរ។ អាច​បញ្ចេញ​បាន ? លោក ថោង ខុន លោក​រដ្ឋមន្ត្រី ថោង ខុន បាទ។ លោក​រដ្ឋមន្ត្រី​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ហ្នឹង​ឯង នៅ​ស្រុក​បារាយ​ដូច​ខ្ញុំ​ហ្នឹង​ហើយ គាត់​ស្អប់​ខ្ញុំ យូរ​យារ​ណាស់​ហើយ តាំង​ពី​ឆ្នាំ​២០០៩ ដែល​ដក​ខ្ញុំ​ចេញ​ពី ( អនុ ) វិទ្យាល័យ​ទ្រាល​ហ្នឹង។ នៅ​គំនុំ​គុំគួន​រដឹក​ចឹង»

កាលពី​ថ្ងៃ​ទី​៥ ធ្នូ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កំពង់ធំ លោក ជូ វុនធី បាន​ចេញ​លិខិត​បង្គាប់​ការ ​២​ច្បាប់​ដាច់​ដោយឡែក​ពី​គ្នា បង្គាប់​ឲ្យ​បុគ្គលិក​អប់រំ​២នាក់ គឺ លោក ថៃ ធីម និង លោក ស៊ុន ធន់ ផ្លាស់ប្ដូរ​ទីកន្លែង​ការងារ ដោយ​​មិន​បាន​បង្ហាញ​ពី​មូលហេតុ ឬ កំហុស​អ្វី​ទេ ប៉ុន្តែ​សំអាង​ថា ​យោង​តាម​ស្មារតី​​អង្គ​ប្រជុំ​របស់​គណៈកម្មការ​វាយ​តម្លៃ​ការងារ​បុគ្គលិក​របស់​មន្ទីរ​អប់រំ​​ខេត្ត​កំពង់​ធំ។

លោក ថៃ ធីម និង លោក ស៊ុន ធន់ អះអាង​ថា ​លិខិត​បង្គាប់​ការ​នោះ ​បាន​ប្រគល់​ដល់​ដៃ ​អ្នក​ទាំង​ពីរ នៅ​ថ្ងៃ​ទី​១៥ និង​ទី​១៩ ធ្នូ។ បច្ចុប្បន្ន​ គ្រូ​បង្រៀន​ទាំង​២ បាន​ដាក់​លិខិត​ទៅ​មន្ទីរ​អប់រំ​ខេត្ត​កំពង់ធំ ដើម្បី​ទាមទារ​ឲ្យ​បំភ្លឺ​ ​ពី​មូលហេតុ ក្នុង​ការ​ដក គ្រូបង្រៀន​ទាំង២​នេះ ព្រោះ​ការ​ធ្វើ​បែប​នេះ ផ្ទុយ​ពី​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល ខណៈ​ដែល ​លោក​ទាំងពីរ មិន​ធ្លាប់ ​ត្រូវ​បាន​នាយក​សាលា ហៅ​ទៅ​ស្ដី​បន្ទោស ឬ ព្រមាន​ផ្ទាល់​មាត់ ឬ លាយលក្ខណ៍ ជា​អក្សរ​ទេ។ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​​ពី​មន្ទីរ​អប់រំ​ខេត្ត​កំពង់ធំ​ទេ។

អាស៊ីសេរី បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​ ​​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​កំពង់ធំ លោក ជូ វុនធី ​​​ជាច្រើន​ដង ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ នៅ​ថ្ងៃ​ទី ​២១ ធ្នូ ប៉ុន្តែ​ លោក​​មិន​ឆ្លើយតប ក្រោយ​ពី​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​​ណែនាំ​ខ្លួន​រួច។ អាស៊ីសេរី ក៏​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ ពី​ប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​​ខេត្ត​កំពង់ធំ របស់​គណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​ដែរ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី យល់​ថា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​គ្រូ​បង្រៀន​ទាំង ២នាក់​នេះ ​ជា​ករណី​នយោបាយ ដោយសារ ពួកគេ​ជា​សមាជិក​ស្មោះស្ម័គ្រ​របស់​គណ​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ធំ និង​ជា​ថ្នាក់​ដឹកនាំ​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​ប្រចាំ​ខេត្ត​កំពង់ធំ។ ប្រធាន​​សមាគម​គ្រូ​បង្រៀន​​រូប​នេះ ព្រមាន​ថា ប្រសិន​បើ​ មិន​មាន​​ពិនិត្យ​ឡើងវិញ ​ពី​ការ​ផ្លាស់​ប្ដូរ​កន្លែង​បង្រៀន​នេះ​ទេ សមាគម​នឹង​ស្វែង​​រក​កិច្ច​អន្តរាគមន៍ ​នៅ​ក្រសួង​អប់រំ និង​ដាក់​លិខិត​ទៅ​ស្ថាប័ន​អប់រំ​អន្តរជាតិ៖ « តាម​ពិត​ទៅ ពួក​គាត់​សុទ្ធ​តែ​ជា​អ្នក​ទៅ​បង្រៀន​រាល់​ថ្ងៃ។ អ៊ីចឹង មិន​គួរ​ណា​ដក​ពួក​គាត់​ទេ។ ប៉ុន្តែ​បើ​មន្ត្រី​កាន់​ជើង ដែល​លើក​ជើង​គណបក្ស​កាន់​អំណាច ទោះ​បី​គាត់​មិន​ទៅ​ធ្វើការ​មួយ​ឆ្នាំ ក៏​គាត់​នៅ​តែ​ទទួល​ផល នៅតែ​បាន​បើក​ប្រាក់ខែ ហើយ​មិន​បាច់​ពង្រាយ​ទៅ​ណា ... ការ​រំលោភ​សិទ្ធិ​ពួក​គាត់​នៅ​ពេល​នេះ ជា​រឿង​អយុត្តិធម៌​បំផុត​​សម្រាប់​លោកគ្រូ អ្នកគ្រូ​យើង ដែល​គាត់​ធ្វើ​អ្វី​មួយ​ពេញ​ចិត្ត​នឹង​ធ្វើ»

គ្រូ​បង្រៀន​ ទាំង​២​នាក់ គឺ លោក ថៃ ធីម និង​ លោក ស៊ុន ធន់ អះអាង​ថា បច្ចុប្បន្ន​ អ្នក​ទាំង​ពីរ​កំពុង​តវ៉ា​ ដោយ​ខ្លួន​ឯង​ នៅមុខ​​មន្ទីរ​អប់រំ​ខេត្ត​កំពង់ធំ រាល់​ម៉ោង​ធ្វើការ​ ដើម្បី​ទាមទារ​ការ​ពន្យល់​មូលហេតុ​​នៃ​កំហុស​ក្នុង​ការ​ផ្លាស់​ប្ដូរ​ពួក​គេ។ គ្រូ​បង្រៀន​ទាំង​២ ក៏​គ្រោង​នឹង​ឡើង ​ទៅ​តវ៉ា ​នៅ​មុខ​​ក្រសួង​អប់រំ និង​ ភូមិគ្រឹះ​ លោក ហ៊ុន សែន នៅ​ពេល​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។