សកម្មជន​​បរិស្ថាន​ស្នើសុំ​លោក ហ៊ុន សែន កុំ​និយាយ​ឱ្យ​រួច​តែ​​ពី​មាត់​ រឿង​ដាក់​ទោស​មន្ត្រី​យោធា​ដែល​ពាក់ព័ន្ធ​នឹ​ង​បទ​ល្មើស​ធនធាន​ធម្មជាតិ

ដោយ សេក បណ្ឌិត
2019-01-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី២០ នៃ​ថ្ងៃ​បង្កើត​កងទ័ព​ជើង​គោក
លោក ហ៊ុន សែន ​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី២០ នៃ​ថ្ងៃ​បង្កើត​កងទ័ព​ជើង​គោក
រូបថត៖ ហ្វេសប៊ុក៖ Samdech Hun Sen, Cambodian Prime Minister

សកម្មជន​បរិស្ថាន​ជំរុញ​ឱ្យ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន អនុវត្ត​ឱ្យ​បាន​នូវ​បញ្ជា​របស់​លោក​ផ្ទាល់​អំពី​ការ​​ដាក់​ទោស​ទណ្ឌ​មន្ត្រី​យោធា​ណា​​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ និង​ធនធាន​ធម្មជាតិ។ ពួក​គេ​អះអាង​ថា ​មន្ត្រី​យោធា​ជាន់​ខ្ពស់​ជា​ច្រើន​រូប​នៃ​របប​លោក ហ៊ុន សែន មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី ឬ​កាង​ឱ្យ​ក្រុមហ៊ុន​ឈើ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។ លោក​ ហ៊ុន សែន​ បាន​បញ្ជា​ផ្ទាល់​មាត់​ជា​ថ្មី​ម្ដង​ទៀត ឱ្យ​កងទ័ព​ជួយ​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ ហើយ​ព្រមាន​ថា បើ​កងទ័ព​មាន​ជាប់​ព័ន្ធ​នឹង​បទ​ល្មើស​ទាំង​នេះ ពួក​គេ​នឹង​ត្រូវ​ប្រឈមមុខ​ចំពោះ​ផ្លូវ​ច្បាប់។

សកម្មជន​បរិស្ថាន​ជន​ជាតិ​អេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ថ្លែង​ថា បទ​បញ្ជា​របស់​លោក​ ហ៊ុន សែន រឿង​ឱ្យ​កង​ទ័ព​ជួយ​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​នេះ អាច​នឹង​ក្លាយ​​ជា​ឱកាស​ថ្មី​មួយ​ទៀត​សម្រាប់​មន្ត្រី​យោធា​ខិល​ខូច​មួយ​ចំនួន​ ក្នុង​ការ​រកស៊ី​ជាមួយ​ក្រុម​ឈ្មួញ​ទុច្ចរិត​ដែល​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ។

លោក​ជឿជាក់​ថា បទ​បញ្ជា​ថ្មី​នេះ​ក៏​ដូច​បទបញ្ជា​លើក​មុនៗ ដែរ គឺ​លោក​ ហ៊ុន សែន លើក​ឡើង​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ ហើយ​រឿង​នេះ​នឹង​មិន​អាច​អនុវត្ត​បាន​នោះ​ឡើយ ដោយសារ​ក្រុម​នាយ​ទាហាន​គ្រាក់ៗ មួយ​ចំនួន​នៃ​របប​បច្ចុប្បន្ន ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មុខ​​របរ ឬ​ជួយ​​កាង​ឱ្យ​​ក្រុម​ឈ្មួញ​​ឈើ និង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់។ លោក​ថា​​ តួយ៉ាង​ដូច​ជា​មេកង​អង្គរក្ស​លោក ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង ជាដើម កំពុង​តែ​យក​តួនាទី​ និង​ទាហាន​នៃ​អង្គភាព​មួយ​នេះ ទៅ​កាង​ឱ្យ​ក្រុមហ៊ុន​ចិន​ ដែល​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​បែប​អានាធិបតេយ្យ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ជា​ដើម៖ «ខ្ញុំ​ជឿ​ថា ពេល​ដែល​ទាហាន​ ឬ​ប៉េអឹម​ជាដើម​ ចូល​រួម​ដើម្បី​ក្រោម​លេស​ថា ការពារ​ ចង់​មិន​ចង់ គឺ​ត្រូវ​បម្រើ​ផល​ប្រយោជន៍​របស់​មេ។ ខ្ញុំ​មិនមែន​ចង់​និយាយ​ថា សមាជិក​ទាហាន ឬ​ប៉េអឹម​ទាំង​អស់​ពាក់ព័ន្ធ​នោះ​ទេ។ ភាគច្រើន​គេ​មនុស្ស​​ចេះ​ស្រឡាញ់​ជាតិ ចេះ​ស្រឡាញ់​ព្រៃឈើ​ ហើយ​អាណិត​ដល់​ធន​ធាន​ធម្មជាតិ ប៉ុន្តែ​សំខាន់​ គឺ​មេ​ធំៗ ហ្នឹង គ្រាន់តែ​ពាក់អាវ​ទាហាន ប៉ុន្តែ​ជាក់ស្ដែង​មិន​មែន​ជា​អ្នក​ទាហាន​ពិត​ប្រាកដ​នោះ​ទេ គ្រាន់តែ​ជា​អ្នក​រក​ស៊ី​ខុស​ច្បាប់​ហ្នឹង»

សកម្មជន​រូប​នេះ​ថ្លែង​ទៀត​ថា ប្រសិន​បើ​លោក ហ៊ុន សែន ពិត​ជា​ចង់​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​មែន លោក​ត្រូវ​តែ​ហ៊ាន​ផ្ដន្ទាទោស​នាយទាហាន ឬ​មន្ត្រី​យោធា​រូប​ណា ដែល​មាន​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ទាំងនេះ មិន​មែន​និយាយ​តែមាត់​ដូច​លើក​មុនៗ នោះ​ឡើយ បើ​ពុំ​ដូច្នេះ​ទេ​ពលរដ្ឋ​នឹង​កាន់​តែ​បាត់​ជំនឿ​លើ​រូប​លោក។

ថ្លែង​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើកទី២០ឆ្នាំ ថ្ងៃ​បង្កើត​កងទ័ព​ជើង​គោក ដែល​បច្ចុប្បន្ន​មាន​កូន​ប្រុស​ច្បង​របស់​លោក​ គឺ​លោក​ ហ៊ុន ម៉ែនណែត ជា​មេបញ្ជាការ​នោះ លោក ហ៊ុន សែន បាន​ណែនាំ​ឱ្យ​កង​ទ័ព​ត្រូវ​ចូល​រួម​ថែរក្សា​ការពារ​ព្រៃឈើ ជល​ផល និង​ធនធានធម្មជាតិ​ឱ្យ​បាន​ល្អ បន្ថែម​លើ​ការ​ការពារ​ជាតិ និង​របប​របស់​លោក។ លោក​ក៏បាន​ព្រមាន​ដាក់ទោស​ទណ្ឌ​ដល់​មន្ត្រី​យោធា​ទាំង​ឡាយ​ណា ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​កាប់​ឈើ និង​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​ផង​ដែរ៖ «កងទ័ព​ទាំង​អស់​ត្រូវ​ចូល​រួម​រក្សា​ព្រៃឈើ មិន​ត្រូវ​ក្លាយ​ទៅ​ជា​អ្នក​កាប់​ឈើ ឬ​ជា​អ្នក​ការពារ​ឈ្មួញ​កាប់​ឈើ​នោះ​ទេ។ ចូលរួម​រក្សា​ធនធាន​ជលផល​ក៏​កម្រ​​របស់​យើង។ ត្រូវ​ចូល​រួម​រក្សា​ធនធាន​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ហើយ​ក៏​ត្រូវ​ដាក់​ទោស​ទណ្ឌ​អ្នក​ណា​ក៏​ដោយ​ សក្ដិ​ប៉ុន​ណា​ក៏​ដោយ​ដែល​ធ្វើ​ការ​ឃុបឃិត​ ឬក៏​បំពាន​ទៅលើ​បទបញ្ជា​ទាំងនេះ»

សកម្មជន​ព្រៃឈើ លោក ហេង ស្រស់ ប្រតិកម្ម​ថា លោក​ ហ៊ុន សែន ហាក់​ដូច​ជា​លោក​មិន​បាន​ដឹង​អ្វី​ទាំង​អស់​ទាក់ទង​នឹង​រឿង​បទល្មើស​ព្រៃឈើ និង​ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ ទើប​លោក​លើក​ឡើង​បែបនេះ។ លោក​អះអាង​ថា បទល្មើស​កាប់​ព្រៃ​ឈើ​នៅ​ភូមិ​​ភាគ​ឦសាន និង​ការ​ដឹកជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម​នា​ពេល​បច្ចុប្បន្ន ​សុទ្ធសឹងតែ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​យោធា និង​កងកម្លាំង​ប្រដាប់​អាវុធ ដែល​ឈរ​ជើង​នៅ​តំបន់​នោះ។ លើស​ពី​នេះ​ទៅ​ទៀត ក្រុម​យោធា និង​អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​ចេញ​មុខ​ជា​ចំហ​ក្នុង​ការ​ពារ​ក្រុមហ៊ុន​រកស៊ី​ឈើ ដែល​មាន​ម្ចាស់​ស្និទ្ធ​នឹង​មេ​ដឹក​នាំ​បច្ចុប្បន្ន​ ដូច​ជា លោក​ គិត ម៉េង និង​លោក ទ្រី ភាព ជាដើម៖ «យើង​ធ្លាប់​ប៉ះ​កន្លង​មក គឺ​សុទ្ធតែ​ជា​ទាហាន ប៉េអឹម និង​មន្ត្រី​បរិស្ថាន​ផ្ទាល់​តែ​ម្ដង ជា​អ្នក​កាង​ឈើ​ឱ្យ​ដឹក​ចេញ​ពី​ប្រទេស​កម្ពុជា។ ជាក់ស្ដែង​នៅ​តំបន់​ភ្នំ​ព្រិច មាន​សុទ្ធ​តែ​មន្ត្រី​ទាំងអស់​ដែល​ជា​អ្នក​កាង​ឈើ ដឹក​ចេញ​ពី​ខេត្ត​ក្រចេះ​តាម​ច្រក​ត្រពាំង​ស្រែ ដោយ​មាន​ឧកញ៉ា គង់ ក្រឹង ដែល​ជា​ទាហាន​ការពារ​ព្រំដែន​ ជា​អ្នក​កាង​ឈើ​ឱ្យ​ដឹក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​ផ្ទាល់​តែ​ម្ដង»

អង្គការ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​ ហៅ​កាត់​ថា EIA បាន​រក​ឃើញ​ថា តំបន់​ការពារ​ធម្មជាតិ​ជា​ច្រើន​កន្លែង​​​នៅ​ខេត្ត​ភាគ​ឦសាន​របស់​កម្ពុជា រួម​មាន ឧទ្យានជាតិ​រីរៈ​ជ័យ​នៃ​​ខេត្ត​រតនគិរី​​​ តំបន់​សេសាន​ក្រោម​ពីរ​នៃ​​ខេត្ត​ស្ទឹង​ត្រែង និង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រិច​នៃ​ខេត្ត​មណ្ឌល​គិរី កំពុង​រង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់​ទ្រាយ​​​ធំ​ពី​សំណាក់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​​ និង​ក្រុម​ឈ្មួញ​វៀតណាម​ ដោយ​មាន​ការ​បើកដៃ​ពី​អាជ្ញាធរ​នៃ​របប​លោក​ ហ៊ុន សែន​។ របាយ​ការណ៍​ដដែល​ឱ្យ​ដឹង​ទៀត ថា ចាប់​ពី​ខែ​តុលា​ឆ្នាំ២០១៧ ដល់​ខែ​មីនា ឆ្នាំ២០១៨ ​ទំហំ​ព្រៃឈើ​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ ​មាន​ចំនួន​ជាង ១លាន ១សែន ម៉ែត្រគីប គិត​ជា​ទឹក​ប្រាក់​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ។ EIA រក​ឃើញ​ថា ​ឈើ​ទាំង​នោះ​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ ដោយ​ត្រូវ​​បង់​លុយ​ឱ្យ​អាជ្ញាធរ​ព្រំដែន ​និង​ក្រុម​អនុរក្ស​ព្រៃឈើ ជា​ថ្នូរ​នឹង​កិច្ច​ការពារ​សុវត្ថិភាព​ឆ្លង​ព្រំដែន។

លោក ហេង ស្រស់ ជឿជាក់​ថា បទបញ្ជា​របស់​លោក​ ហ៊ុន សែន រឿង​ទប់​ស្កាត់​ការ​កាប់​ព្រៃ​ឈើ និង​បំផ្លិច​បំផ្លាញ​ធនធានធម្មជាតិ​នេះ លែង​មាន​ប្រសិទ្ធភាព​តទៅទៀត​ហើយ ដោយសារ​តែ​គ្មាន​ការ​អនុវត្ត​ជាក់​ស្ដែង។ លោក​បន្ត​ថា ប្រសាសន៍​របស់​លោក​ ហ៊ុន សែន លើក​នេះ​ ក៏​ដូច​លើក​មុន​ដែរ គឺ​គ្រាន់​តែ​ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍ និង​ប្រជាប្រិយភាព​ផ្ទាល់​ខ្លួន​របស់​លោក​ប៉ុណ្ណោះ។ លោក​ចង់​ឱ្យ​លោក ហ៊ុន សែន អនុវត្ត​ឱ្យ​បាន​ចំពោះ​ការ​ដាក់​ទោស​ទណ្ឌ​មន្ត្រី​យោធា​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃ​ឈើ​នេះ បើ​ពុំ​ដូច្នេះ​ទេ បទ​បញ្ជា​របស់​លោក​នៅ​ពេល​នេះ នឹង​ក្លាយ​ទៅជា​ឱកាស​សម្រាប់​ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​ទៅ​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទៅ​វិញ៖ «ក្នុង​ការដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គាត់​ប្រកាស​ស្រែក​ថា កងទ័ព​ទាំងអស់​ចូល​រួម​ក្នុង​ការ​ការពារ​ វា​ច្បាស់​ជា​ទីបំផុត​តែ​ម្ដង មន្ត្រី​មួយ​ចំនួន​អាច​ឆ្លៀត​ឱកាស​​ដើម្បី​យក​ពាក្យ​សម្ដី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ហ្នឹង ទៅ​ចែក​ចាយ​ដល់​ទាហាន​តូចៗ ដើម្បី​គំរាម​ទៅដល់​ក្រុម​អ្នក​ដែល​គេ​រកស៊ី អ្នក​ដែល​គេ​បំផ្លាញ​ព្រៃឈើ​ហ្នឹង​ ដើម្បី​ទាម​ទារ​យក​លុយ​កាក់​ដាក់​ចូល​ក្នុង​ហោប៉ៅ​ខ្លួន​ឯង»

របប​ក្រុង​ភ្នំពេញ​តែង​តែ​បង្ហាញ​ថា ខ្លួន​គិត​គូរ​ពី​រឿង​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​ តាម​រយៈ​ការ​បង្កើត​ច្បាប់ អង្គភាព និង​យន្តការ​ជាច្រើន​ ដើម្បី​ទប់​ស្កាត់​បទល្មើស​ឧក្រិដ្ឋ​ក្នុង​វិស័យ​មួយ​នេះ។ លោក​ ហ៊ុន សែន ខ្លួនឯង​ផ្ទាល់​​ ក៏​ធ្លាប់​​​ប្រកាស​ជា​សាធារណៈ​ដែរ​ថា លោក​ហ៊ាន​កាត់​ក​ខ្លួន​ឯង​ក្រវាត់​ចោល​ បើ​លោក​មិន​អាច​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​បាន​ទេ​នោះ ហើយ​ក៏​ធ្លាប់​ចេញ​បញ្ជា​ឲ្យ​បាញ់​គ្រាប់​រ៉ុកកែត​កម្ទេច​ជន​ល្មើស​ច្បាប់​ព្រៃ​ឈើ​ទៀត​ផង​។

ទោះ​ជា​យ៉ាង​ណា ការ​ប្ដេជ្ញា​ចិត្ត និង​យន្តការ​ទាំងឡាយ​​ដែល​របប​នេះ​បាន​ដាក់​ចេញ ពុំ​មាន​ប្រសិទ្ធភាព​ឡើយ ដោយ​បទ​ល្មើស​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​នៅ​តែ​កើត​មាន ហើយ​ការ​ដឹក​ជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម​នៅ​តែ​បន្ត។ មូលហេតុ​សំខាន់ គឺ​ដោយសារ​អំពើពុករលួយ ការ​អនុវត្ត​ច្បាប់​មាន​ភាព​ទន់​ខ្សោយ​ ​កង្វះ​ការ​ទទួល​ខុសត្រូវ​របស់​ស្ថាប័ន​ជំនាញ​ ជាពិសេស គេ​សង្កេត​ឃើញ​ថា លោក​នាយករដ្ឋមន្ត្រី​ខ្លួន​ឯង​តែ​ម្ដង មិន​ទទួល​ខុស​ត្រូវ ចំពោះ​សំដី​ខ្លួន​ឯង​ម្ដង​ហើយ​ម្តង​ទៀត។

ក្រៅពី​នេះ របប​លោក ហ៊ុន សែន ក៏បាន​បង្ហាញ​ពី​ការ​គេចវេះ​មិន​ទទួល​ខុស​ត្រូវ ចំពោះ​ការ​វិនាស​កម្ម​ព្រៃឈើ​ផង​ដែរ ជាឧទាហរណ៍​របប​នេះ​បាន​រំសាយ​ដែន​ជម្រក​សត្វព្រៃ​ស្នួល និង​ដែន​ជម្រក​សត្វព្រៃ​​រនាម​ដូន​សំ ដែល​មាន​ផ្ទៃដី​សរុប​ជាង ១១ម៉ឺន​ហិកតារ កាលពី​ឆ្នាំ២០១៨ កន្លង​ទៅ ក្រោម​ហេតុ​ផល​ថា តំបន់​ទាំង​ពីរ​បាត់​បង់​មុខងារ​ និង​សក្ដានុពល​ជា​តំបន់​អភិរក្ស​អស់​ទៅ​ហើយ។ ក៏​ប៉ុន្តែ ​សកម្មជន​បរិស្ថាន​អះអាង​ថា តំបន់​អភិរក្ស​ទាំង​ពីរ​នេះ រង​ការ​​ខូច​ខាត​ដោយសារតែ​ក្រុមហ៊ុន​ឯកជន​ ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​របប​ក្រុង​ភ្នំពេញ​ ហើយ​គឺ​អាជ្ញាធរ​របប​នេះ​ឯង​ដែល​បាន​ជួយ​ការពារ​ក្រុមហ៊ុន​ឱ្យ​កាប់​ឈើ​នៅ​តំបន់​ទាំង​ពីរ​នេះ​រហូត​ទាល់​តែ​អស់​គ្មាន​សល់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល