អឺរ៉ា​ទាមទារ​បក្ស​ទាំង​ពីរ​ឲ្យ​ផ្ដល់​របៀបវារៈ​មុន​បើក​សិក្ខា​សាលា​ស្ដីពី​ច្បាប់​បោះ​ឆ្នោត

ដោយ ទីន ហ្សាការីយ៉ា
2015.03.05
Share on WhatsApp
Share on WhatsApp
គល់ បញ្ញា ៦២២ ២០១៥ លោក គល់ បញ្ញា ប្រធាន​អង្គការ​ខុមហ្វ្រែល (Comfrel) ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​សណ្ឋាគារ​អ៊ីមភើរៀល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២០ មករា ២០១៥។
RFA

ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​សិក្ខា​សាលា​ថ្នាក់​ជាតិ​បើក​ជា​សាធារណៈ​ឲ្យ​សង្គម​ស៊ីវិល និង​មន្ត្រី​អង្គទូត​នានា ចូលរួម​ផ្ដល់​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ពីរ គឺ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ។

តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា សិក្ខា​សាលា​នេះ ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​មិន​ទាន់​បញ្ចេញ​របៀបវារៈ​ឲ្យ​អ្នក​ចូលរួម​ដឹង​មុន​នៅ​ឡើយ​ទេ។

តំណាង​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​អឺរ៉ា (ERA) និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ទាមទារ​ឲ្យ​គណបក្ស​ទាំង​ពីរ​បញ្ចេញ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ និង​របៀបវារៈ​ដល់​អ្នក​ចូលរួម​សិក្ខា​សាលា​ជា​មុន ដើម្បី​មាន​មូលដ្ឋាន​នៅ​ក្នុង​ការ​ជជែក​គ្នា​នៅ​ថ្ងៃ​ច័ន្ទ ទី​៩ មីនា ខាង​មុខ។

ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា និង​ជា​តំណាង​របស់​តំណាង​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​អឺរ៉ា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ មីនា ថា អង្គការ​សង្គម​ស៊ីវិល បាន​ដាក់​លិខិត​ទៅ​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ ស្នើសុំ​របៀបវារៈ​សិក្ខា​សាលា និង​សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី និង​សេចក្ដី​ព្រាង​ច្បាប់​គណៈកម្មាធិការ​បោះ​ឆ្នោត ដែល​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​បាន​ធ្វើ​បញ្ចប់​នោះ ដើម្បី​យក​មក​ពិនិត្យ​ខ្លឹមសារ មុន​នឹង​ដាក់​ឲ្យ​ពិភាក្សា​ជា​សាធារណៈ​នៅ​ក្នុង​សិក្ខា​សាលា៖ «សំឡេង»។

សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ត្រូវ​បាន​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ បាន​បញ្ចប់​ការ​ពិភាក្សា​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២ ខែ​មីនា ឆ្នាំ​២០១៥ រីឯ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​បញ្ចប់​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៤។ សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ ទោះ​ជា​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ភាព​ចម្រូងចម្រាស​លើ​ចំណុច​មួយ​ចំនួន​ក្ដី តែ​នៅ​ទីបំផុត មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​អាច​រក​ច្រក​ចេញ​រួម​គ្នា ដើម្បី​យក​ទៅ​ដាក់​ក្នុង​កិច្ច​ពិភាក្សា​នៃ​សិក្ខា​សាលា​ថ្នាក់​ជាតិ​នៅ​ថ្ងៃ​ច័ន្ទ ទី​៩ មីនា ដោយ​យោង​លើ​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ នោះ។

ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ឃើញ​លិខិត​ស្នើសុំ​របៀបវារៈ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ឡើយ។ តែ​លោក​អះអាង​ថា នៅ​ថ្ងៃ​សុក្រ ទី​៦ មីនា ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ នឹង​ជជែក​គ្នា​នៅ​វិមាន​រដ្ឋសភា​វេលា​ម៉ោង ៣​រសៀល ដើម្បី​កំណត់​ពី​របៀបវារៈ និង​រយៈពេល​នៃ​សិក្ខា​សាលា បន្ទាប់​មក​នឹង​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ៖ «សំឡេង»។

លោក គួយ ប៊ុនរឿន បន្ថែម​ថា សិក្ខា​សាលា​នេះ​នឹង​បើក​ចំហ​ឲ្យ​សាធារណជន​ចូលរួម ក្នុង​នោះ​អង្គទូត​នានា​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ក៏​អាច​ចូលរួម​បាន​ដែរ។

សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ ត្រូវ​បាន​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​អឺរ៉ា លើក​ឡើង​ថា មាន​ចំណុច​ខ្លះ​មាន​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ជាង​ច្បាប់​ចាស់​ទៅ​ទៀត ហើយ​គេ​ស្នើ​ឲ្យ​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ ដក​ពីរ​មាត្រា​ចេញ​ពី​សេចក្ដី​ព្រាង​ច្បាប់​នេះ គឺ​មាត្រា ៨៣​ថ្មី ដែល​អនុញ្ញាត​ឲ្យ​មន្ត្រី​តុលាការ យោធា និង​មន្ត្រី​នគរបាល បាន​ចូលរួម​ឃោសនា​បោះ​ឆ្នោត និង​មាត្រា ៩១​ថ្មី ចែង​ពី​ភាព​អព្យាក្រឹត្យ​ឥត​លម្អៀង​របស់​សង្គម​ស៊ីវិល នឹង​អាច​ទទួល​ការ​ផាក​ពិន័យ​ពី ១០​លាន ទៅ ២០​លាន​រៀល បើ​សិន​ជា​និយាយ​ដល់​ការ​ប្រមាថ​គណបក្ស​នយោបាយ​នោះ។

រីឯ​សេចក្ដី​ព្រាង​ច្បាប់ គ.ជ.ប​ថ្មី វិញ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​ក៏​មិន​ធានា​ថា ស្ថាប័ន គ.ជ.ប​ថ្មី​ឯករាជ្យ​បាន​ដែរ ព្រោះ​ការ​ជ្រើស​តាំង​អង្គការ​លេខាធិការដ្ឋាន ឋិត​នៅ​ក្រោម​រដ្ឋាភិបាល​ជា​អ្នក​ជ្រើស​តាំង​នោះ។

ទាក់ទង​នឹង​បញ្ហា​នេះ យើង​នឹង​ចាំ​មើល​ទៀត​ថា តើ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ​នឹង​មាន​ការ​កែប្រែ​ប៉ុណ្ណា ឬ​ទទួល​យក​អនុសាសន៍​របស់​អង្គការ​សង្គម​ស៊ីវិល​លើ​ចំណុច​អ្វី​ខ្លះ​នៅ​ក្នុង​សិក្ខា​សាលា​ថ្ងៃ​ច័ន្ទ ទី​៩ មីនា ខាង​មុខ?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ការ​ដោះ​ស្រាយ​បញ្ហា​ភូមា ដែល​លោក​ធ្វើ​ជា​ប្រធាន​អាស៊ាន​គ្មាន​ភាព​ជឿនលឿន​ទេ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល