សភា​អឺរ៉ុប​អនុម័ត​ញត្តិ​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន

ដោយ ថា ថៃ
2022.05.06
Share on WhatsApp
Share on WhatsApp
សភា​អឺរ៉ុប​អនុម័ត​ញត្តិ​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និង គោលនយោបាយសន្តិសុខ និង ជាអនុប្រធានស្នងការអឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) ក្នុងជំនួបដាច់ដោយឡែកជាមួយលោក ហ៊ុន សែន កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨ នាឱកាសជំនួបកំពូលអាស៊ី-អឺរ៉ុប (ASEM)។
រូបភាពពីគេហទំព័រស្នងការអឺរ៉ុប

ក្រុម​សមាជិកសភា​អឺរ៉ុប​អនុម័ត​ញត្តិ​រួម​មួយ​ដើម្បី​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ទាំងមូល​មាន​ប្រទេស​២៧ ជា​សមាជិក ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​នៅ​កម្ពុជា​។ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​យល់​ថា ចំណាត់ការ​របស់​សភា​អឺរ៉ុប គឺជា​រឿង​ត្រឹមត្រូវ ដើម្បី​ចូលរួម​ចំណែក​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។

ក្រុម​សមាជិកសភា​អឺរ៉ុប​ដ៏​ច្រើន​លើសលុប កាលពី​ថ្ងៃទី​៥ ខែ​ឧសភា បាន​បោះឆ្នោត​អនុម័ត​ញត្តិ​រួម​មួយ​ស្ដីពី​ដំណោះស្រាយ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ញត្តិ​ស្ដីពី​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ មាន​ចំនួន​១៥​ចំណុច ដូច​ជា​ការ​ថ្កោលទោស​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​រៀបចំ​ការ​កាត់ទោស​សកម្មជន​នយោបាយ សហជីព អ្នកការពារ​សិទ្ធិមនុស្ស អ្នកសារព័ត៌មាន អ្នកការពារ​បរិស្ថាន​និង​សិស្ស​និស្សិត រួម​ទាំង​អ្នក​ផ្សេងទៀត ដោយសារតែ​ការអនុវត្ត​សិទ្ធិ​និង​ការ​បញ្ចេញមតិ​របស់​ពួកគាត់​។​សភា​អឺរ៉ុប ទាមទារ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន បញ្ឈប់​ជាបន្ទាន់​នូវ​ការ​បំភិតបំភ័យ និង​ការ​យាយី​គ្រប់​រូបភាព​រួម​ទាំង​ការ​យាយី តាម​ប្រព័ន្ធ​តុលាការ ព្រមទាំង​អំពាវនាវ​ដល់​កងកម្លាំង​សន្តិសុខ​ឲ្យ​ជៀសវាង​ការប្រើ​កម្លាំង​មិន​ចាំបាច់​និង​ហួសហេតុ​ប្រឆាំង​អ្នកចូលរួម​តវ៉ា​ដោយ​សន្តិវិធី។

សភា​អឺរ៉ុប ក៏​បន្ត​ថ្កោលទោស​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​ទាមទារ​ឲ្យ​ទម្លាក់​ការ​ចោទប្រកាន់​លើ​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​នេះ រួមមាន លោក កឹម សុខា លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ និង​មន្ត្រី​បក្ស​ប្រឆាំង​ដទៃទៀត​ជាបន្ទាន់។ ការ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​នយោបាយ​ច្រើនជាង​៦០​នាក់​ទៀត ដែល​កំពុង​បន្ត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ។ ការ​ទាមទារ​ឲ្យ​លុបចោល​ការ​ចោទប្រកាន់ និង​ប្រគល់​សេរីភាព​ជូន​អ្នកទោស​មនសិការ​ទាំង​អស់ ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយសារ​ការងារ​ស្របច្បាប់ ឬ​អនុវត្ត​សិទ្ធិ​របស់​ពួកគេ និង​ជំរុញ​ឲ្យ​អាជ្ញាធរ ចាត់វិធានការ​ស៊ើបអង្កេត ករណី​ចាប់ខ្លួន​តាម​អំពើ​ចិត្ត ការប្រើ​អំពើ​ហិង្សា​លើ​សកម្មជន​នយោបាយ និង​សង្គម​ស៊ីវិល ដើម្បី​នាំ​ជនល្មើស​មក​កាត់ទោស។ សភា​អឺរ៉ុប ថែមទាំង​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា ត្រូវ​ធានា​ថា រាល់​ការចោទប្រកាន់​អំពី​ករណី​ឃាតកម្ម ត្រូវ​ស៊ើបអង្កេត​ភ្លាម និង​មិន​លម្អៀង ដូចជា​ករណី​ឃាតកម្ម​លើ​សកម្មជន​បក្ស​ប្រឆាំង លោក ស៊ិន ខុន និង​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ជាដើម ហើយ​អាជ្ញាធរ​កម្ពុជា ត្រូវ​ចាត់វិធានការ​ចាំបាច់ ដើម្បី​ទប់ស្កាត់​និង​បញ្ឈប់​ការ​សម្លាប់​បែបនេះ​។​

ក្រៅ​ពី​នេះ សមាជិកសភា​អឺរ៉ុប ព្រួយ​បារម្ភ​ជា​ខ្លាំង ខណៈ​ដែល​ប្រទេស​កម្ពុជា កំពុង​រៀបចំ​ការ​បោះឆ្នោត​ឃុំ​-​សង្កាត់​នៅ​ខែ​មិថុនា ឆ្នាំ​២០២២​និង​ការ​បោះឆ្នោត​ជាតិ នៅ​ខែកក្កដា ឆ្នាំ​២០២៣ នេះ ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា បាន​ដើរ​ដល់​ចំណុច​វិបត្តិ​ធ្ងន់ធ្ងរ​។ បញ្ហា​នេះ ដោយសារ​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​បន្ត​អនុវត្ត​ការ​បង្ក្រាប់​កាន់តែ​ខ្លាំង​លើ​អ្នកនយោបាយ​បក្ស​ប្រឆាំង អ្នកសារព័ត៌មាន និង​ស្ថាប័ន​ផ្សព្វផ្សាយ​ឯករាជ្យ អង្គការ​សង្គម​ស៊ីវិល។ លើស​ពី​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា (​..) បាន​ដក​បេក្ខជន​ជាង​១​រយ​នាក់​របស់​គណបក្ស​ភ្លើងទៀន មិន​ឲ្យ​ឈរឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ឃុំ​-​សង្កាត់ ខណៈ​បេក្ខជន​៥​នាក់​ទៀត ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន។

សភា​អឺរ៉ុប​ក៏​រម្លឹក​ឲ្យ​ក្រុមប្រឹក្សា​អឺរ៉ុប ពិនិត្យមើល​ធុរកិច្ច​ទាំងអស់​ដែល​មាន​មូលដ្ឋាន​នៅ​សហភាព​អឺរ៉ុប​ដើម្បី​ធានា​ថា គ្មាន​ការ​គាំទ្រ ឬ​ជាប់​ពាក់ព័ន្ធ​ជាមួយ​មេដឹកនាំ​កម្ពុជា និង​ការបំផ្លាញ​ធនធានធម្មជាតិ។ សភា​អឺរ៉ុប​ជំរុញ​ឲ្យ​អនុម័ត​វិធានការ​រឹតត្បិត​នានា ប្រឆាំង​នឹង​ក្រុម​មេដឹកនាំ​នយោបាយ និង​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​កម្ពុជា ដែល​ទទួលខុស​ត្រូវ​ចំពោះ​អំពើ​រំលោភ​សិទ្ធិមនុស្ស​«​ធ្ងន់ធ្ងរ​» និង​ចាត់​វិធានការ​ប្រឆាំង​នឹង​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​របស់​មន្ត្រី​កម្ពុជា​ទាំងនោះ ដោយ​ប្រើ​ច្បាប់​ដាក់​ទណ្ឌកម្ម​ជា​សាកល​របស់​សហភាព​អឺរ៉ុប​ប្រឆាំង​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស​។ សភា​អឺរ៉ុប ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​អឺរ៉ុប ឃ្លាំមើល​ស្ថានភាព​នៅ​កម្ពុជា ជា​ពិសេស​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ ដើម្បី​ធានា​ថា គ្មាន​ការ​រំលាយ​គណបក្ស​ភ្លើងទៀន​តាម​វិធី​ដ៏​គួរ​ឲ្យ​អស់សំណើច​ដូច​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ត្រូវ​ប្រើ​វិធានការ​ទាំងអស់ ដែល​មាន​ដូចជា​ការ​ព្យួ​រទាំង​ស្រុង​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA ប្រសិនបើ​រក​ឃើញ​ថា ការ​បោះឆ្នោត​ខាងមុខ​នេះ មាន​ភាព​អយុត្តិធម៌​។ បន្ថែម​ពី​នេះ សភា​អឺរ៉ុប អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប​ទាំងមូល មាន​ប្រទេស​២៧ ជា​សមាជិក និង​សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​ពេល​កំពុង​ធ្វើ​ជា​ប្រធាន​អាស៊ាន ដើម្បី​ផ្តល់​ការ​ការពារ​ដល់​សកម្ម​ជន​នយោបាយ និង​សិទ្ធិមនុស្ស និង​គណបក្ស​នយោបាយ ដែល​កំពុង​តស៊ូ​ឲ្យ​បើក​លំហ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ។

សមាជិក​សភា​អឺរ៉ុប ដែល​ចូលរួម​បោះឆ្នោត​គាំទ្រ​នោះ មាន​ចំនួន​៥២៦ នាក់ លើ​៥៩៤ នាក់​។ ក្រៅពី​នេះ​មាន​សមាជិកសភា​មកពី​គណបក្ស​ជ្រុល​និយម ដែល​គាំទ្រ​របប​ផ្ដាច់ការ​ចំនួន ៦៣​នាក់​បោះឆ្នោត​អនុបវាទ និង​៥​ទៀត បោះឆ្នោត​ជំទាស់។

ឆ្លើយតប​រឿង​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ថា លោក​មិន​យល់​ពី​អ្វី​ដែល​សហភាព​អឺរ៉ុប កំពុង​ធ្វើ​នេះ​ទេ ព្រោះ​កន្លង​មក រដ្ឋាភិបាល​បាន​ពន្យល់​តំណាង​សហភាព​អឺរ៉ុប​រួច​ហើយ​អំពី​ស្ថានភាព​ល្អ​ប្រសើរ​នៃ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស៖ «ចំពោះ​រឿង​ដែល​លើកឡើង​មក​នេះ រយៈពេល​កន្លង​មក​ថ្មីៗ​នេះ គឺ​អត់​មាន​អ្វី​ដែល​កើតឡើង​ទេ ព្រោះ​អ្វី​ដែល​កើត​មាន​ឡើង​ច្រើនតែ​បុគ្គល​រំលោភ​ទៅ​លើ​ច្បាប់​តែ​ប៉ុណ្ណឹង​ទេ។ ដូច្នេះ​ការអនុវត្ត​ច្បាប់​នេះ​ជា​រឿង​មួយ​តុលាការ ជាមួយនឹង​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​នោះ ហើយ​ការ​លើកឡើង​របស់​សហភាព​អឺរ៉ុប នេះ គឺជា​រឿង​នយោបាយ​ដែល​កម្ពុជា បាន​ពន្យល់​ប្រាប់​រួចស្រេច​ទៅ​ហើយ។ បើ​លើក​មក​ទៀត កម្ពុជា នៅតែ​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​ពន្យល់​ប្រាប់ ព្រោះ​យើង​កំពុង​ពង្រឹង​កិច្ចការ​អនុវត្ត​ច្បាប់​និង​នីតិរដ្ឋ»

ទោះជា​យ៉ាងណា ញត្តិ​ស្ដីពី​ដំណោះស្រាយ​បញ្ហា​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នេះ សភា​អឺរ៉ុប បាន​បង្ហាញ​នូវ​ភស្តុតាង និង​របាយការណ៍​យ៉ាង​លម្អិត​នូវ​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ បាន​ដើរ​ដល់​ចំណុច​វិបត្តិ​ធ្ងន់ធ្ងរ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅប្រទេស​(CNRPO) លោក ម៉ែន វណ្ណា លើកឡើង​ថា ចំណាត់ការ និង​ការ​ទាមទារ​របស់​សមាជិក​សភា​សហភាព​អឺរ៉ុប​នេះ គឺជា​ជា​រឿង​ត្រឹមត្រូវ ដើម្បី​ផ្តល់​ក្តី​សង្ឃឹម​សម្រាប់​អ្នក​ប្រជាធិបតេយ្យ និង​ដើម្បី​ចូលរួម​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។ លោក​ជឿ​ថា ប្រសិនបើ​ក្រុម​លោក ហ៊ុន សែន នៅតែ​រឹងត្អឹង​មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ទេ នឹង​ប្រឈម​ការ​ដាក់​សម្ពាធ និង​ទណ្ឌកម្ម​កាន់តែ​ខ្លាំង​ថែមទៀត៖ «សង្គម​លទ្ធិប្រជាធិបតេយ្យ​គេ​មិនដែល​បង្ខំ​យើង​ខ្លាំង​ទេ គេ​ឲ្យ​យើង​យក​មក​ពិចារណា​គេ​ឲ្យ​ពេលវេលា ប៉ុន្តែ​ពេលវេលា​ដែល​គេ​ដាក់​មក​គឺ​ល្មម សមស្រប​ដែល​គាត់ (​ហ៊ុន សែន )​ប្ដូរផ្លាស់ បើ​គាត់​ពិត​ជា​ស្រលាញ់​សន្តិភាព និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ។ ដូច្នេះ​ខ្ញុំ​ជឿ​ថា នឹង​មាន​សម្ពាធ​កាន់តែ​ធ្ងន់​ឡើង ដោយសារតែ​គាត់​អត់​បាន​អនុវត្ត​សេចក្តី​សម្រេច​គេ។ សេដ្ឋកិច្ច យើង​មិនអាច​រស់​ដោយសារ​របប​កុម្មុយនិស្ត​ចិន និង​សូវៀត​ទេ»

ការ​អនុម័ត​ញត្តិ​ដោយ​សមាជិកសភា​អឺរ៉ុប​ជាថ្មី​ទៀត​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ដឹកនាំ​គណៈប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប្រ៊ុចសែល​(Brussels) នៃ​ប្រទេស​បែលហ្សិក (Belgium) កាលពី​ថ្ងៃ ២០ និង ២១ មេសា ដើម្បី​ទៅ​ជួប​អ្នកមុខអ្នកការ ក្នុង​ស្ថាប័ន សហភាព​អឺរ៉ុប​មួយចំនួន​។ លោក សម រង្ស៊ី អះអាង​ថា សភា​អឺរ៉ុប នៅតែ​ចង់​ឲ្យ​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ តម្លាភាព និង​យុត្តិធម៌ និង​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ដំណើរការ​ឡើងវិញ។

ជុំវិញ​រឿង​នេះ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វន់ ចាន់ឡូត យល់​ថា នេះ​ជា​ការ​វិវត្ត​ថ្មី​ថែមទៀត ដែល​សហគមន៍​អន្តរជាតិ ជាពិសេស សហភាព​អឺរ៉ុប ចាប់ផ្តើម​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា។ លោក ថា ចំណាត់ការ​របស់​សភា​អឺរ៉ុប​ជាថ្មី​នេះ ឆ្លុះ​បញ្ចាំង​ថា ការ​ស្នើ​សុំ​របស់​សហគមន៍​អន្តរជាតិ​កន្លង​មក មិន​ត្រូវ​បាន​រដ្ឋាភិបាល យកចិត្តទុកដាក់ នោះ​ទេ ប៉ុន្តែ​សហភាព​អឺរ៉ុប ក៏​នៅតែ​មិន​បោះបង់​គោលជំហរ​ដែរ ដោយ​នៅតែ​ការពារ​ឆន្ទៈ និង​ឈរ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ៖ «ជា​ចំណុច​វិជ្ជមាន​ខ្ញុំ​មើលឃើញ​ថា ទី​១ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល ត្រូវ​ប្រញាប់​គិត​គួរ​ឡើងវិញ​នូវ​ការ​ផ្តល់​យុត្តិធម៌ ឬ​ការ​ផ្តល់​នូវ​សេរីភាព​ចំពោះ​មេ​បក្ស ប្រឆាំង និង​សកម្មជន​បក្ស​ប្រឆាំង។ ទី​២ រដ្ឋាភិបាល ត្រូវ​គិត​ឡើងវិញ​អំពី​ការ​ស្តារ​ការ គោរព​សិទ្ធិមនុស្ស​ដែល​សហគមន៍​អន្តរជាតិ របាយការណ៍​អន្តរជាតិ​នានា បាន​ចាត់​ទុក​កម្ពុជា ជា​ប្រទេស​មានការ​រំលោភ​សិទ្ធិមនុស្ស​អាក្រក់​ផង​ដែរ»

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​បញ្ហា​សង្គម លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​បើក​ចិត្ត​ឲ្យ​ទូលាយ​ក្នុង​ការ​ចរចា​បញ្ចប់​វិបត្តិ នយោបាយ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង ដើម្បី​រក្សា​ផលប្រយោជន៍​ជូន​ប្រជារាស្ត្រ និង​ប្រទេសជាតិ​។ ពួកគាត់​ជឿ​ថា ប្រសិនបើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន នៅតែ​មិន​ព្រម​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ នោះ​សហភាព​អឺរ៉ុប នឹង​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​ទៀត​លើ​មន្ត្រី​រដ្ឋាភិបាល និង​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត​ដូច​ការ​ព្រមាន​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
បក្សភ្លើងទៀន​រំឭក​ខួប​២៧​ឆ្នាំ និង​កំណត់​ទិសដៅ​ប្រកួតប្រជែង​ការ​បោះឆ្នោត​ឆ្នាំ២០២៣
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។