មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលបង្ខំចិត្តរស់នៅភៀសខ្លួនក្រៅប្រទេស កំពុងជួបការលំបាកជាច្រើន ក្រោយពេលរដ្ឋាភិបាលលុបចោលលិខិតឆ្លងដែនរបស់ពួកគេ។ ចំណែករដ្ឋាភិបាលថា មិនទទួលខុសត្រូវករណីនេះទេ ដោយសារតែពួកគេគេចខ្លួនពីការអនុវត្តច្បាប់ក្នុងប្រទេស។
មន្ត្រី និងសកម្មជនបក្សប្រឆាំងរៀបរាប់ថា ពួកគាត់មិនអាចដើរហើរដោយសេរី និងមិនអាចរកការងារធ្វើ ដើម្បីចិញ្ចឹមជីវិតបានទេ ក្នុងពេលកំពុងរស់នៅភៀសខ្លួនក្រៅប្រទេស ដោយសារតែ រដ្ឋាភិបាលបានលុបចោលលិខិតឆ្លងដែនរបស់ពួកគេទាំងបំពានច្បាប់ កាលពីចុងឆ្នាំ២០១៩។
សកម្មជនបក្សប្រឆាំង ដែលធ្លាប់ជាប់ពន្ធនាគារជាង ៣ឆ្នាំក្នុងរឿងនយោបាយ និងកំពុងរស់នៅ និរទេសខ្លួនក្នុងប្រទេសថៃ លោក នាង សុឃុន ប្រាប់អាស៊ីសេរីថា ពួកលោកភាគច្រើន ត្រូវបង្ខំចិត្តសម្ងំរស់នៅក្នុងបន្ទប់ជួល ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងត្រូវបង្ខំចិត្តរឹតត្បិតការចាយវាយបំផុត ព្រោះមិនអាចរកការងារធ្វើបានទេ។ លោកអះអាងថា រដ្ឋាភិបាលលោក ហ៊ុន សែន ក្រៅពីលុប ចោលលិខិតឆ្លងដែនហើយ នៅឆ្លៀតបញ្ជូនមនុស្សឲ្យតាមធ្វើបាបពួកលោកថែមទៀត ទោះបីជាពួកលោកខំគេចពីការធ្វើទុក្ខបុកម្នេញក្នុងស្រុកហើយក្តី៖ « របបក្រុងភ្នំពេញ មិនដែលបោះបង់ផែនការ ឬយុទ្ធសាស្ត្រ សម្លុត គំរាមកំហែង សម្លាប់ក្រៅប្រព័ន្ធច្បាប់មកលើគណបក្សប្រឆាំងម្ដងណាទេ ដូចជាថ្ងៃមុន គឺរបបក្រុងភ្នំពេញ បានបញ្ជូនមនុស្សមកតាមធ្វើបាបមន្ត្រីបក្សប្រឆាំងគឺលោក សួន ចំរើន នៅកណ្ដាលទីក្រុង បាងកកតែម្ដង » ។
ទោះបីប្រឈមបញ្ហាលំបាកបែបនេះក្តី លោក នាង សុឃុន នៅតែរក្សាជំហរស្មោះស្ម័គ្រជាមួយគណ បក្សសង្គ្រោះជាតិដដែល៖ « សូមអំពាវនាវដល់សកម្មជននិងយុវជនទាំងអស់ ដែលរស់នៅក្នុងមាតុ ភូមិកម្ពុជា សូមធ្វើចិត្តឲ្យរឹងមាំកុំចុះចាញ់កុំចុះចូលជាមួយក្រុមលោក ហ៊ុន សែន ។យើងសង្ឃឹមថា នៅពេលឆាប់ៗ ខាងមុខនេះ គណបក្សសង្គ្រោះជាតិ នឹងវិលទៅប្រទេសកម្ពុជាវិញ ដើម្បីស្តានូវលទ្ធិ ប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស » ។
សកម្មជនបក្សប្រឆាំងម្នាក់ទៀត ដែលភៀសខ្លួននៅប្រទេសថៃជាង ២ឆ្នាំហើយ គឺលោក ម៉ៅ វិបុល ថ្លែងថា កាលពីរដ្ឋាភិបាលមិនទាន់លុបចោលលិខិតឆ្លងដែនរបស់លោក គឺលោកអាចដើរហើរដោយសេរី និងអាចរកការងារធ្វើបាន។ ប៉ុន្តែពេលនេះលោកគ្មានការងារធ្វើគ្មានប្រាក់ចំណូល និងមិនអាចដើរទៅណាឆ្ងាយពីបន្ទប់ជួលបានទេ។ សព្វថ្ងៃនេះ លោកពឹងផ្អែកលើជំនួយរបស់សប្បុរសជននៅក្រៅប្រទេស និងពឹងផ្អែកលើម្ហូបអាហារ ដែលបានព្រះសង្ឃខ្មែរគង់នៅប្រទេសថៃ៖ « មិនអាចធ្វើការងារបានទេ ដោយសារនៅប្រទេសគេ ត្រូវការមាន ឯកសារ ហើយបើយើងអត់មានឯកសាររ គេអត់ឲ្យយើងធ្វើការទេ ដូច្នេះមានការលំបាកក្នុងជីវភាពរស់នៅ និងលំបាកការដើរហើរ។រស់នៅរាល់ថ្ងៃនេះ ពឹងផ្អែកលើមិត្តភក្តិខ្លះទៅ បងប្អូនពលករខ្លះទៅ បងប្អូននៅក្រៅប្រទេសជួយតិចតួចអ៊ីចឹងទៅ ហើយពេលខ្លះបាយនៅវត្តអ៊ីចឹងទៅ។ យើងនៅតែតស៊ូជាមួយគណបក្សសង្គ្រោះជាតិ ជាពិសេសលោកប្រធាន សម រង្ស៊ី និងលោកប្រធាន កឹម សុខា ទាល់តែ មានដំណោះស្រាយនយោបាយ និងមានលទ្ធិប្រជាធិបតេយ្យឡើងវិញ » ។
កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងការបរទេសកម្ពុជា បានសម្រេចមោឃភាពលិខិតឆ្លង ដែនរបស់សកម្មជនបក្សប្រឆាំងចំនួន ២៧នាក់។ សកម្មជនគណបក្សសង្គ្រោះជាតិទាំង ២៧នាក់ នោះ រួមមាន៖ លោក ម៉ៅ វិបុល លោក ម៉ោញ សារ៉ាត់ លោក នាង សុឃុន លោកស្រី គុណ ម៉ាច កញ្ញា កឹម តុលា កញ្ញា សៅ ឧសភា កញ្ញា ងឹម គាថា លោក ជិន សុខង៉េង លោក លី រតនៈរស្មី លោក ហៃ វណ្ណា លោក ឈុន វៀន លោក ឡេង សេងហុង និងលោក អាត វិចិត្រ ព្រមទាំងសកម្មជនមួយចំនួនទៀត ដែលសកម្ម និងមានប្រជាប្រិយភាព។ សកម្មជនទាំង ២៧នាក់នេះ កំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញពីរបបក្រុងភ្នំពេញ ដោយសារតែសកម្មភាពតស៊ូនយោបាយ ដែលពួកគាត់អះអាងថា ធ្វើក្នុងបុព្វហេតុជាតិ និងប្រជាធិបតេយ្យ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង និងប្រធាន អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់អាស៊ីសេរីតាមបណ្ដាញតេឡេក្រាម (Telegram) ថា រដ្ឋាភិបាលមិនទទួលខុសត្រូវចំពោះទុក្ខលំបាករបស់អ្នកទាំងនោះទេ ព្រោះការលុប ចោលលិខិតឆ្លងដែននេះ ជាវិធានការរដ្ឋបាលបន្ថែមពីលើវិធានការច្បាប់ នៅពេលសកម្មជនបក្សប្រឆាំងទាំងនោះគេចខ្លួនពីការអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជា៖ « មធ្យោបាយមានតែមួយទេ គឺគាត់ត្រឡប់មកវិញហើយចូលសារភាព អាចទទួលបាននូវការអនុគ្រោះតាមនីតិវិធីច្បាប់ និងតាមស្ថានភាពជាក់ស្តែងនៃកិច្ចសហការ និង ការសារភាពរបស់គាត់។ជាគោលការណ៍ច្បាប់គឺវិធានការរដ្ឋបាលបន្ថែមលើវិធានការច្បាប់ទៅលើ អ្នកដែលបំពានច្បាប់គឺមិនមែនជាការរឹតត្បិតសិទ្ធិសេរីភាពនោះទេ » ។
សកម្មជនបក្សប្រឆាំង លោក នាង សុឃុន ឆ្លើយតបថា ពួកលោកមិនអាចទៅទទួលខុសត្រូវ ចំពោះមុខច្បាប់បានទេ ព្រោះពួកលោកមិនបានធ្វើអ្វីខុសច្បាប់បន្តិចឡើយ ពោលគឺការបញ្ចេញមតិ និងសកម្មភាពរបស់ពួកលោកស្របតាមច្បាប់ជាតិ និងអន្តរជាតិ៖ « ពួកខ្ញុំធ្វើកិច្ចការសង្គម ដើម្បីការពារប្រទេសជាតិ ពន្យល់ប្រជាពលរដ្ឋ ឲ្យយល់អំពីប្រជាធិបតេយ្យនិងសិទ្ធិដែលពួកគាត់ត្រូវមាន ចេះការពារខ្លួន ការពារដីធ្លីផ្ទះសម្បែង និងការប្រទេសជាតិទាំងអស់គ្នា កុំឲ្យបរទេសឈ្លានពាន និងអ្នកមានអំណាចធ្វើអ្វីតាមតែអំពើចិត្ត ប៉ុន្តែផ្ទុយទៅវិញលោក ហ៊ុន សែន បានបញ្ជាទៅតុលាការ និងអាជ្ញាធរថា ពួកយើងធ្វើខុសអញ្ចេះ ធ្វើខុសអញ្ចុះ តែតាមការពិតគឺជាការចោទប្រកាន់ទាំងអយុត្តិធម៌ ដើម្បីបំបិទមាត់បំបិទសិទ្ធិឲ្យនៅ ស្ងប់ស្ងៀមដើម្បីឲ្យបក្ខពួកលោកហ៊ុន សែន ធ្វើអ្វីតាមតែអំពើចិត្តនិងបំផ្លាញជាតិតាមតែអំពើចិត្ត » ។
ក្រៅពីសកម្មជនទាំង ២៧នាក់នោះ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងការបរទេសកម្ពុជា ក៏បានធ្វើមោឃភាពលិខិតឆ្លងដែនមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិចំនួន ១២រូបដែរ ក្នុងនោះមាន អ្នកស្រី មូរ សុខហូរ លោក ហូរ វ៉ាន់ លោក អេង ឆៃអ៊ាង លោក ឡុង រី លោក ម៉ម ផល្លា លោក សោ ចាន់ដេត លោក គង់ សាភា លោក ហេង ដាណារ៉ូ លោក វណ្ណ ណាឫទ្ធិ លោក ញឹម គិមញ៉ុល លោក អ៊ីសា អូស្មាន និងលោក ដាង ចំរើន។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ(LICADHO) លោក អំ សំអាត ទទួលស្គាល់ថា នៅពេលទៅរស់នៅប្រទេសដទៃដោយគ្មានលិខិតឆ្លងដែន គឺស្មើនឹងការរស់នៅបែប ខុសច្បាប់ ដូច្នេះពិតជាជួបការលំបាកច្រើន។ ករណីទាំងអស់នេះ គឺកើតចេញពីជម្លោះនយោបាយ។ លោកស្នើសុំឲ្យរដ្ឋាភិបាល ឈប់ធ្វើទុក្ខបុកម្នេញសកម្មជនបក្សប្រឆាំង និងដោះស្រាយជម្លោះ នយោបាយ ដើម្បីឲ្យពលរដ្ឋខ្មែរគ្រប់រូប មានសិទ្ធិសេរីភាពរស់នៅក្នុងប្រទេសរបស់ខ្លួនឡើងវិញ៖ « មានការសង្វេគដែលប្រជាពលរដ្ឋខ្មែរមិនអាចរស់នៅប្រទេសខ្លួនឯងបានដោយសុខស្រួល ហើយទៅលាក់ខ្លួនបំពួននៅប្រទេសគេ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចជាជីវភាពរស់នៅ និងសន្តិសុខសុវត្ថិភាព។ កត្តាទាំងអស់នេះហើយដែលកើតចេញអំពីអំពីអ្នកដឹកនាំនយោបាយ ម្ល៉ោះហើយក្នុងនាមជាអង្គការសង្គមស៊ីវិល យើងស្នើសុំឲ្យអ្នកនយោបាយទាំងអស់ គួរណាតែតម្កល់ឧត្ដមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ។
មន្ត្រីសិទ្ធិមនុស្សរូបនេះសង្កេតឃើញថា សកម្មភាពរបស់សកម្មជនបក្សប្រឆាំងកន្លងមក គឺជាការ អនុវត្តសិទ្ធិរបស់ខ្លួន មានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ហើយសហគមន៍ ជាតិ និងអន្តរជាតិ តែងតែរិះគន់ចំពោះវិធានការចោទប្រកាន់ និងការចាប់ខ្លួនរបស់តុលាការ និងអាជ្ញាធរកម្ពុជាថា ផ្អែកតាមទិដ្ឋភាពនយោបាយច្រើនជាងទិដ្ឋភាពច្បាប់។ លោកពិនិត្យឃើញថា ការលុបចោលលិខិតឆ្លងដែនរបស់សកម្មជនបក្សប្រឆាំងនេះ ធ្វើឡើយដោយឆាប់រហ័ស និងមិនត្រឹមត្រូវតាមច្បាប់ ព្រមទាំងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
សកម្មជនបក្សប្រឆាំងចាត់ទុកថា ការលុបចោលលិខិតឆ្លងដែនរបស់ពួកគេនេះ គឺជាកិច្ចប្រឹងប្រែងទាំងបំពានច្បាប់របស់រដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីរំខាន និងធ្វើបាបសកម្មជនបក្សប្រឆាំងកុំឲ្យធ្វើ ចលនាកៀរគរកម្លាំងពលករនៅក្រៅប្រទេស ត្រៀមខ្លួនវិលចូលកម្ពុជាវិញជាមួយលោក សម រង្ស៊ី ក្នុងពេលខាងមុខ ដើម្បីស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។