មន្ត្រី​បក្ស​ប្រឆាំង​ដែល​រត់​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​បង្ហាញ​អារម្មណ៍​នឹក​ស្រុក​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ

0:00 / 0:00

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បង្ខំចិត្ត​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ដើម្បី​គេច​ពី​ការ​ចាប់ខ្លួន​និង​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ផ្សេងៗ ពី​របប​ក្រុងភ្នំពេញ​នោះ ​បង្ហាញ​​អារម្មណ៍​នឹក​ក្រុម​គ្រួសារ​ និង​មាតុ ប្រទេស​នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ​ឆ្លើយតប​ថា​ រដ្ឋាភិបាល​មិន ទទួល​ខុស​ត្រូវ ចំពោះ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ដែល​បំពាន​ច្បាប់ ហើយ​រត់​គេច​ខ្លួន​នោះ​ទេ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជា​ឱកាស​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជួបជុំ​ក្រុម​គ្រួសារ​សាច់ញាតិ​​​បងប្អូន និង​តែងតែ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​តាម​វត្ត​អារាម​នានា​ ជា​បន្តបន្ទាប់ ​ប៉ុន្តែ​មន្ត្រី និង​សកម្មជន​គណបក្ស​ប្រឆាំង ដែល​រត់​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​នោះ​គ្មាន​វាសនា​បាន​ជួបជុំ​ក្រុមគ្រួសារដូច​គេ​នោះ​ទេ​ ព្រោះ​របប​ក្រុង​ភ្នំពេញ​ប្រកាស មិន​ស្វាគមន៍ដាច់ខាតប្រសិន​បើ​ពួក​គេ​នៅ​តែ​ស្មោះស្ម័គ្រ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។

ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​លោក​ ម៉ន​ ផល្លា​ ដែល​បង្ខំ​ចិត្ត​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​រយៈ​ពេល​ជាង ២ឆ្នាំ ​ដើម្បី​គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​រៀប​រាប់​ថា​ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ លោក​ពិត​ជា​​មាន​អារម្មណ៍​​ស្រងេះស្រងោច​​ខ្លោច​ផ្សារ​ខ្លាំង​បំផុត ​ដែល​មិន​អាច​វិល​ចូល​ប្រទេស​កម្ពុជា​ ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ៖ « ពិធី​បុណ្យ​ភ្ជុំបិណ្ឌ គឺ​ជា​បុណ្យ​ជាតិ​របស់​ពលរដ្ឋ​ខ្មែរ តែ​ខ្ញុំ​បាន​ឃ្លាត​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា​ជាង ២ឆ្នាំ​មក​ហើយ ខ្ញុំ​ពិត​ជា​នឹក​រលឹក​ដល់​​ក្រុម​គ្រួសារ សាច់​ញាតិ និង​សហការី ព្រមទាំង​ប្រជាពលរដ្ឋ​ខ្មែរ។ តាម​ពិត​ទៅ ការ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឃ្លាតឆ្ងាយ​ពី​មាតុ​ប្រទេស​នេះ ដោយសារ​តែ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ការ​គំរាមកំហែង ការ​បំភិតបំភ័យ​ពី​របប​ក្រុង​ភ្នំពេញ ដែល​ដឹក​នាំ​ដោយ​មេ​ដឹក​នាំ​ផ្តាច់ការ »

ទោះ​មិនបាន​ជួបជុំ​គ្រួសារ​ និង​ទៅ​វត្ត​ធ្វើបុណ្យ​រួម​គ្នា​ក្តី​ លោក​ ម៉ន​ ផល្លា​ ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ហាម​ធ្វើនយោបាយ ៥ឆ្នាំ​ក្នុង​ចំណោម​មន្ត្រី​ទាំង ១១៨រូប​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​នៅ​តែ​បួង​ សួង​ឱ្យ​ប្រជាជាតិ​ខ្មែរ​ជួបប្រទះ​នៅ​សុខ​សន្តិភាព​ពិត​ប្រាកដ​ និង​គេច​ផុត​ពី​របប​ផ្ដាច់ការ​អំពើ​រំលោភ​សិទ្ធិ​មនុស្សជា​ដើម៖ « សូម​ឲ្យ​ទេវតា និង​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក តាម​ថែ​រក្សា​ប្រជាពលរដ្ឋ​ខ្មែរ សូម​ឲ្យ​មាន​សេចក្ដី​សុខ និង​ជីវភាព​រីកចម្រើន និង​សូម​ឲ្យ​វិល​ត្រឡប់​មក​វិញ​នូវ លទ្ធិ​ប្រជាធិបតេយ្យ​តាម​រយៈ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក​ប្រធាន សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះជាតិនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ពួកយើងខ្ញុំនៅទីនេះ ត្រៀម​ខ្ឡួន​រួច​ហើយ »

រីឯប្រធាន​ចលនាស្ត្រីរបស់គណបក្សសង្គ្រោះជាតិនៅ​ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ អ្នកស្រី ហែម ចន្នី រៀបរាប់​ថា អ្នកស្រី​ជាមួយ​នឹង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ និង​ស្រុក​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ចំនួន ៦នាក់​បាន​សម្រេច​រត់​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស កាល​ពី​ដើម​ខែ​មីនា ​ឆ្នាំ២០១៩​ ក្រោយ​ទទួល​បាន​ដីកា​ពី​តុលាការ​ខេត្ត​ឱ្យ​ចូល​ទៅ​បំភ្លឺ​ករណី​ជួប​ប្រជុំ​បង្ហាញ​ការ​គាំទ្រ​លោក​ សម​ រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​ស្រុក​វិញ។ អ្នកស្រី​និយាយ​ថា​ អារម្មណ៍​​នឹក​ដល់​ស្រុក​និង​គ្រួសារ​ កាន់តែ​ខ្លាំង​ឡើងៗ នៅ​ពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មក​ដល់ ​ប៉ុន្តែ​មិន​អាច​វិល​ទៅវិញ​បាន ព្រោះតែ​ទង្វើ​ផ្ដាច់ការ​របស់​របប​ក្រុង​ភ្នំពេញ៖ « ខ្ញុំ​មាន​អារម្មណ៍ថា សោកស្ដាយ​ ព្រោះ​ភ្ជុំ​បិណ្ឌ​ជា​បុណ្យ​ប្រពៃណី​ដូន​តា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប តែ​យើង​ព្រាត់ប្រាស​ពី​បង​ប្អូន​ពី​គ្រួសារ មិន​បាន​ជួប​ជុំ​គ្នា ដោយសារ​តែ​យើង​រង​អំពើ​អយុត្តិធម៌​ពី​របប​ក្រុង​ភ្នំពេញ ដោយ​យើង​អត់​មាន​ខុស​អី​សោះ »

មេឃុំ ចៅ​សង្កាត់ ​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​នាក់ បាន​រត់​គេច​ខ្លួន​ទៅ​រស់នៅ​ក្រៅ​ប្រទេស និង​មួយ​ចំនួន​ទៀត ​រស់នៅ​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​ទាំង​មុន​ និង​ក្រោយ​ពេល​របប​ក្រុង​ភ្នំពេញ​រំលាយ​គណបក្ស​ប្រឆាំង​ និង​ច្បាម​យក​តួនាទី​របស់​ពួកគេ​ ដែល​ពលរដ្ឋ​បោះឆ្នោត​ឱ្យ​កាលពី​ចុងឆ្នាំ២០១៧។ ការ​រត់គេច​នេះ​ដោយសារតែ​អាជ្ញាធរ​របប​លោក​ ហ៊ុន​ សែន​ តាម​ធ្វើទុក្ខ​បុកម្នេញ​ ប្ដឹង​ទៅ​តុលាការ​ និង​តាម​ចាប់ខ្លួន​បន្ទាប់​ពី​របប​ក្រុង​ភ្នំពេញ​បរាជ័យ​ក្នុង​ការ​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ឱ្យ​សកម្មជន ​និង​មន្ត្រី​គណបក្ស​ប្រឆាំង​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​របស់​លោក ​ហ៊ុន​ សែន​។

ប្រធានប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង​ លោក​ ម៉ៅ​ វិបុល​ ដែល​ជាប់​បម្រាម​ធ្វើ​នយោបាយ ៥ឆ្នាំ និង​ទើប​តែ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​ជាតិ និយាយ​ថា​ លោក​មិនបាន​វិលត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​និង​ឃើញ​ប្រទេស​ជាតិ​រយៈ​ពេល ២ឆ្នាំ​ហើយ ដោយ​សារ​តែ​បារម្ភ​ពី​ការ​ចាប់ខ្លួន​ពីសំណាក់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ។ ទោះបី​មិនបាន​ទៅ​ស្រុក​វិញ​ពេល​នេះ​ក្តី ប៉ុន្តែ​លោក​ប្ដេជ្ញា​ចិត្ត​ថា នឹង​វិល​ចូល​កម្ពុជា​វិញ​ជាមួយ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ឡើងវិញ៖ « ជា​រៀងរាល់​ឆ្នាំ​រដូវ​ភ្ជុំបិណ្ឌ​ខ្ញុំ​តែងតែ​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​ញាតិ​មិត្ត ជា​ពិសេស ប្រពន្ធ​កូន ហើយ​នាំ​គ្នា​ទៅ​លេង​ស្រុក​កំណើត​ហើយ​ទៅ​ជួប​ជុំ​ម្ដាយ​ចាស់។ ដោយសារ​តែ​រឿង​នយោបាយ ដែល​រដ្ឋាភិបាល​ធ្វើ​ទុក្ខ​បុក​ម្នេញ​គណបក្ស​សង្គ្រោះ​ជាតិ ទើប​ខ្ញុំ​មិន​បាន​ទៅ​ជួប​ពួក​គាត់ »

លោក ម៉ៅ វិបុល ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​ថៃ​បន្ត​ថា កូនៗ និង​ភរិយា​របស់​លោក ក៏គ្មាន​អារម្មរណ៍​រីករាយ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌនេះ​ដែរ ​ព្រោះពួកគេនឹករលឹកដល់លោក​ដូច​គ្នា។

មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ សមាជិកក្រុមប្រឹក្សាក្រុង​កំពង់ចាម​របស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី គឹន ស្រីអូន ថ្លែង​ថា អ្នកស្រី​បាន​បង្ខំ​ចិត្ត​ភៀស​ខ្លួន​ទៅ​រស់នៅ​ប្រទេស​ថៃ ៣ឆ្នាំ​ហើយ ដោយសារ​តែ​តុលាការ​ខេត្ត​កំពង់ចាម​ចេញ​ដីកា​ចាប់​ខ្លួន​ក្នុង​ឆ្នាំ២០១៧ ពាក់ព័ន្ធ​នឹង​រឿង​ដឹក​នាំ​កម្មករ ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ឈ្នួល ក្នុងឆ្នាំ២០១២ តាំង​ពី​អ្នកស្រីនៅធ្វើជាប្រធានសហជីព។ អ្នកស្រី​បន្តថា ការ​ចេញ​ដីកា​ចាប់​ខ្លួន​នេះគឺ​ក្រោម​ហេតុផល​នយោបាយ ព្រោះ​តែ​អ្នកស្រី​ក្លាហាន មិន​ព្រម​លក់​ឧត្តមគតិ​ចុះចូល​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នកស្រី​បន្ត​ថា មនោសញ្ចេតនា​រវាង​គ្រួ​សារ​គឺ​មិន​ចង់​ចាកចេញ​មិន​ចង់បែកបាក់​ពី​ក្រុម​គ្រួសារ​នោះ​ទេ​ ប៉ុន្តែ​ដោយសារ​របប​ក្រុងភ្នំពេញ​ធ្វើទុក្ខ​បុក​ម្នេញ​​មិន​អាច​រស់នៅ​កម្ពុជា​បាន​តទៅទៀត។ អ្នកស្រី​មាន​អារម្មណ៍​ការ​ក្ដុកក្ដួល​និង​នឹករលឹក​ស្រុក និង​ក្រុម​គ្រួសារ​ជា​ខ្លាំង​ក្នុង​ពេល​បុណ្យទាន​ម្តង៖ « សោក​ស្ដាយ​ណាស់ ដែល​ខ្ញុំ​មិន​បាន​ទៅ​ជួប​ជុំ​ម៉ែ​ឪ​បង​ប្អូន​ក្នុង​រដូវ​បុណ្យ​ភ្ជុំ ដោយសារ​ខ្ញុំ​ជា​ជន​ភៀសខ្លួន​រស់​នៅ​ក្នុង​ស្រុក​មិន​បាន ព្រោះ​តែងតែ​មាន អាជ្ញាធរធ្វើបាបគំរាមកំហែង។ ទោះ​យ៉ាង​ណា នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ពួកខ្ញុំបានប្តេជ្ញាថា នឹង​ហែហម​លោក​ប្រធាន​សម រង្ស៊ី ចូល​ស្រុក​វិញ​ឲ្យ​បាន​ជោគជ័យ ទោះ​បី​ជា​ពួក​ខ្ញុំ​ត្រូវ​ពលី​ជីវិត​ក៏​ដោយ »

យ៉ាងហោចណាស់​មាន​មន្ត្រី ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ១រយ​នាក់ ​ដែល​មាន​តំណែង​ចាប់ពី​តំណាង​រាស្ត្រ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ និង​សកម្មជន​ កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​ចាប់​អារម្មណ៍ និង គ្មាន​អ្វី​ទទួល​ខុស​ត្រូវចំពោះ​សកម្មជននិង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ដោយ​លោក​ចោទ​ថា អ្នក​ទាំង​នេះ គឺ​ជា​អ្នក​បំពាន​ច្បាប់​ហើយ​រត់​គេច​ខ្លួន​ដោយ​ខ្លួន​ឯង៖ « ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស គេ​រីករាយ​សប្បាយ​ទៅ​នឹង​ពិធី​បែប​ពុទ្ធសាសនា​នេះ គ្រប់​គ្នា​ទាំង​អស់ លើក​លែង​តែ​ជន​មួយ​ ក្ដាប់ ​តូច ដែល​បំពាន​ច្បាប់​នូវ​កម្ពុជា ដែល​ត្រូវ​ប្រឈម​មុខ​តាម​ផ្លូវ​ច្បាប់ ហើយ​ត្រូវ​រត់​គេច​ខ្លួន​ពី​ការ​អនុវត្ត​ច្បាប់ អ៊ីចឹង​អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ គឺ​ក្រុម​មេ​កើយ​របស់​គាត់ ដែល​ជា​ចលនា​អង្គការ​ចាត់​តាំង​ខុស​ច្បាប់ »

ផ្ទុយពី​ការ​លើកឡើង​នេះ​ មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង​អះអាង​ថា​ ពួកគេ​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់ ប៉ុន្តែ​របប​ក្រុងភ្នំពេញ ​យក​ប្រព័ន្ធ​ច្បាប់​ធ្វើ​ជា​ឧបករណ៍​នយោបាយ ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រប់​រូបភាព​រហូតដល់​ពួកគេ​មិន​អាច​រស់នៅ​កម្ពុជា​បាន​ត​ទៅ​ទៀត។ លោក ម៉ន ផល្លា បញ្ជាក់​ថា ប្រជាពលរដ្ឋ សហគមន៍​ជាតិ និង​សហគមន៍​អន្តរជាតិសុទ្ធតែ​វាយ​តម្លៃ​ថា រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រជាធិបតេយ្យ​នៅ​ក្នុង​កម្ពុជាបាន​ដើរ​ថយ​ក្រោយពី​ព្រោះ​របប​លោក ហ៊ុន សែន បាន​បើក​យុទ្ធនាការ​កម្ទេច​បក្ស​ប្រឆាំង និង​បំបិទ​សំឡេង​ឯករាជ្យ​នៅ​មុន​ការ​បោះ​ឆ្នោត​មក​ដល់។ របប​នេះ​បាន​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ រំលាយ​បក្ស​សង្គ្រោះ​ជាតិ និង​បិទ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​​ចំនួន​ ១១៨នាក់។ ជាង​នេះ​ទៅ​ទៀត​នោះ របប​នេះ​បាន​យក​អាសនៈ​តំណាងរាស្ត្រ និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង ៥ពាន់​អាសនៈ ដែល​ពលរដ្ឋ​ខំ​បោះឆ្នោត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ យក​ទៅ​ចែក​គ្នា​កាន់កាប់ ប្រៀប​ដូចជា​គេ​កាត់​នំ​ចែក​គ្នា​ហូប​​យ៉ាង​​ដូច្នេះ​ដែរ។ ទង្វើ​របស់​របប​ក្រុង​ភ្នំពេញ​នេះដោយសារ​ខ្លាច​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​ឆ្នោត៖ « ការ​លើក​ឡើង​របស់​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ គ្មាន​មូលដ្ឋាន​សីលធម៌ គ្មាន​មូលដ្ឋាន​ច្បាប់ និង​មូលដ្ឋាន​មនសិការ ដែល​ខ្លួន​បាន​រៀន​សូត្រ​ចេះ​ដឹង ហើយ​ឆ្លើយ​ដោយ​គ្មាន​ដឹង​ទិស​តំបន់​បែប​នេះ »

ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ មាន​រយៈ​ពេល ១៥ថ្ងៃ។ ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​ឆ្នាំ​នេះ ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី២៨ កញ្ញា។ អ្នក​វិភាគ​នយោបាយ​ និង​ជា​សាស្ត្រាចារ្យ​ច្បាប់​ បណ្ឌិត ឡៅ ម៉ុងហៃ លើក​ឡើង​ថា ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ត្រូវ​បាន​ព្រះ​បាទ​អង្គ ឌួង បង្កើត​ឡើង​ក្នុង​រាជ្យ​ព្រះអង្គ​ ក្នុង​​បំណង​ពង្រឹង​ព្រះពុទ្ធ​សាសនា ធ្វើ​ជា​ស្នូល​នៃ​ឯកភាព​ជាតិ ដើម្បី​ឲ្យ​ប្រទេស​បាន​ឯករាជ្យ​ជាតិ។ បណ្ឌិត ឡៅ ម៉ុងហៃ និង​ពលរដ្ឋ​​ តែង​តែ​ជំរុញ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ យក​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ ផ្សះផ្សា​ជាតិ​​​ ដោះលែង​អ្នក​​ទោស​នយោបាយ អ្នក​ទោស​មនសិការ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ។ ទន្ទឹមគ្នានេះ លោក​ស្នើសុំឲ្យថ្នាក់ដឹកនាំប្រទេសអនុវត្ត​យុទ្ធសាស្ត្រ​ទឹក​ត្រជាក់​ត្រី​​កុំ​ ដោយ​បើក​ឱ្យ​អ្នក​ទាំង​ឡាយ ​ដែល​គេច​ចេញ​ពី​ការ​គ្រប់គ្រង​​របស់​លោក ​បាន​ចូល​មក​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​វិញ​ ហើយ​ត្រូវ​ប្រកាន់​យក​គោលការណ៍​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧ ដែល​ថា ទុក្ខ​របស់​រាស្ត្រ គឺ​ជា​ទុក្ខ​របស់​ស្ដេច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។