អ្នកជំនាញបង្ហាញក្តីមន្ទិលករណីមហាយក្សចិន យកចិត្តទុកដាក់ និងសកម្មក្នុងការផ្តល់ជំនួយវេជ្ជសាស្ត្រ និងម៉ាស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសដូចជាកម្ពុជា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩។ ស្របពេលដែលប្រទេសមហាអំណាចមួយនេះ ជាប្រភពដើមនៃការចម្លងមេរោគដ៏កាចសាហាវនេះ អ្នកជំនាញខ្លះលើកឡើងថា ចិនអាចបង្កប់ហេតុផលនយោបាយ ក្នុងជំនួយមនុស្សធម៌នេះ ដើម្បីលាងជម្រះរូបភាពមិនល្អរបស់ខ្លួន ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នេះ នៅលើឆាកអន្តរជាតិ។
ចាប់តាំងពីជំងឺកូវីដ-១៩ ត្រូវបានអង្គការសុខភាពពិភពលោកចាត់ទុកថាជាជំងឺរាតត្បាត សាកលមក ប្រទេសចិនបានបង្កើនយុទ្ធនាការ ផ្តល់ជំនួយវេជ្ជសាស្ត្រ និងផ្គត់ផ្គង់ម៉ាស់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ប្រទេសក្រីក្រ គួរឱ្យកត់សម្គាល់។ ក្នុងនោះ ប្រទេសក្រីក្រ ដូចជាកម្ពុជា ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួននោះ ក៏មិនត្រូវបាន ប្រទេសចិនមើលរំលងឡើយ។ ភាពសកម្មក្នុងការផ្ដល់ជំនួយមនុស្សធម៌បែបនេះ ដែលរួមមានដូចជា ការបញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្ររបស់ខ្លួនមកជួយ ការផ្ដល់សម្ភារៈបរិក្ខារពេទ្យ ឧបករណ៍ធ្វើតេស្តរកមេរោគនេះ និងជាពិសេសការផ្គត់ផ្គង់ម៉ាស់ជាដើម កើតមានឡើង ស្របពេលដែលប្រទេសចិន ខ្លួនឯងនៅមិនទាន់អាចទប់ស្កាត់ជំងឺកូវីដ១៩នេះ ឱ្យបានជោគជ័យទាំងស្រុងនៅឡើយ។
កាលពីថ្ងៃទី២៤ មីនា ស្ថានទូតចិននៅកម្ពុជា បានផ្តល់សំលៀកបំពាក់ការពារជំងឺ កវីដ១៩ ចំនួន ២០០កំផ្លេ និងស្រោមដៃពេទ្យចំនួន ៥០០គូរ ដល់មន្ត្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា។ ទន្ទឹមគ្នានោះ ចិនក៏បានបញ្ជូនក្រុមគ្រូពេទ្យជំនាញនៃតំបន់ស្វយ័តក្វាងស៊ី (Guangxi) ចំនួន ៧រូបមកកម្ពុជា ក្រោមអ្វីមួយដែលប្រទេសនេះអះអាងថា ដើម្បីចែករំលែកបទពិសោធន៍ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ពួកគេបាននាំមកជាមួយនូវសម្ភារៈបរិក្ខារពេទ្យមួយចំនួន ដូចជា ស្រោមដៃចំនួន ៧ពាន់ ម៉ាស់វះកាត់ ជិត ៦ម៉ឺនម៉ាស់ ម៉ាសវេជ្ជសាស្ត្រ អិន៩៥ (N95) ចំនួន ៥ពាន់ សំលៀកបំពាក់សុវត្ថិភាពរបស់មន្ត្រីសុខាភិបាល របាំងមុខវេជ្ជសាស្ត្រ ជាច្រើនទៀត មកប្រគល់ឱ្យកម្ពុជា។ មិនមែនមានតែកម្ពុជាមួយទេដែលទទួលបានជំនួយ វេជ្ជសាស្ត្ររបស់ចិននាពេលប្រទេសដទៃទៀតក្នុងតំបន់ ដូចជាថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានាក្នុងពិភពលោក ក៏ទទួលបានជំនួយវេជ្ជសាស្ត្រ របស់ចិននេះដែរ។
អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល យល់ថា ចិនកំពុងប្រើប្រាស់អំណាចទន់ភ្លន់ ឬ Soft Power តាមរយៈសកម្មភាពផ្តល់ជំនួយទាំងនេះ ក្នុងពេលដែលសហរដ្ឋអាមេរិក កំពុងផ្ដោតអាទិភាពលើនយោបាយក្នុងប្រទេសរបស់ខ្លួន។ លោកថា ក្រុងប៉េកាំងមានមហិច្ឆតាចង់បញ្ជ្រាបឥទ្ធិពលរបស់ខ្លួនបន្ថែមទៀត ទៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងសូម្បីតែប្រទេសអភិវឌ្ឍន៍ដែរនោះ។ លោកថា ចិនចង់ឃើញប្រទេសទាំងនោះ បង្ហាញការពេញចិត្តពេញថ្លើម ទៅនឹងសកម្មភាពមនុស្សធម៌របស់ខ្លួន។ សាស្ត្រាចារ្យការទូត និងកិច្ចការពិភពលោករូបនេះ កត់សម្គាល់ថា ចេតនារបស់ក្រុងប៉េកាំងបែបនេះ គួរតែមានការយកចិត្តទុកដាក់ និងគិតគូរពិចារណាឱ្យបានច្បាស់លាស់។ លោកផ្ដល់អំណះអំណាងថា ចូរកុំភ្លេចថា មេរោគនេះមានដើមកំណើតចេញមកពីប្រទេសចិនខ្លួនឯង នោះគឺដោយសារតែប្រព័ន្ធគ្រប់គ្រងបែបផ្ដាច់ការ និងខ្វះតម្លាភាពរបស់ក្រុងប៉េកាំងនេះហើយ ដែលបានបណ្ដាលឱ្យមេរោគនោះផ្ទុះរីករាលដាលឡើង។ បណ្ឌិត អៀ សុផល ថា ប្រសិនបើវេជ្ជបណ្ឌិតនៅប្រទេសចិន ត្រូវបានប្រទេសនេះអនុញ្ញាតឱ្យរាយការណ៍ អំពីរឿងរ៉ាវអស់នេះតាំងពីដំបូងឡើងនោះ នោះមេរោគនេះ ទំនងជាអាចត្រូវបានគេទប់ស្កាត់បាន តាំងពីពេលនោះមកម្ល៉េះ។ ជាលទ្ធផលទីផ្សារភាគហ៊ុន បានខាតបង់ប្រាក់ ១០ទ្រីលានដុល្លារ ហើយសេដ្ឋកិច្ចពិភពលោក ទាំងមូលកំពុងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរ។ លោកពន្យល់ថា នេះហើយគឺជាតម្លៃខាតបង់នៃការគ្រប់គ្រងប្រទេសតាមបែបផ្ដាច់ការ ហើយប្រទេសដូចជាកម្ពុជាមិនគួរភ្លេចឡើយ។ បណ្ឌិត អៀ សុផល ថា របបក្រុងភ្នំពេញនឹងមិនរៀនសូត្រមេរៀននេះឡើយ ហើយថា ផ្ទុយទៅវិញ អ្វីដែលរបបក្រុងភ្នំពេញរៀនសូត្រនោះ គឺរបៀបបង្កើនការគ្រប់គ្រងតាមបែបផ្តាច់ការ កាន់តែខ្លាំងឡើងៗនៅក្នុងប្រទស តាមរយៈការឈានទៅប្រើច្បាប់ដាក់ប្រទេសក្នុងស្ថានភាពមានអាសន្ន ដែលនឹងអនុញ្ញាតឱ្យរបបនេះ បំបិទចោល សំឡេងរិះគន់ទាំងស្រុងតែម្ដង។
សម្រាប់អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា វិញ លោកកត់សម្គាល់ថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ចិនបានផ្តល់អាទិភាព ដោយផ្តល់ជំនួយវេជ្ជសាស្ត្រនេះ ដល់ប្រទេសទាំងឡាយណាដែលមានប្រវត្តិទំនាក់ទំនងល្អនឹងខ្លួន មុននឹង ឈានទៅផ្តល់ជំនួយបែបនេះ ដល់បណ្ដារដ្ឋផ្សេងៗដែលមានទំនាក់ទំនងធម្មតា៖ «ចិនធ្វើបែបនេះ គឺទីមួយអាចបង្ហាញឱ្យឃើញពីទឹកចិត្ត សប្បុរសធម៌។ ទីពីរអាចបង្ហាញឱ្យឃើញពីសកម្មភាពរបស់ខ្លួនដើម្បីពង្រីកឥទ្ធិពល នៅលើឆាកអន្តរជាតិក្នុងពេលដែលពិភពលោកជួបហានិភ័យទាំងអស់គ្នា»។
លោក ឯម សុវណ្ណារ៉ា នៅមិនទាន់ហ៊ានវាយតម្លៃថា ជំនួយមនុស្សធម៌របស់ចិននេះ មានបង្កប់នូវចេតនានយោបាយអាក្រក់ ឬល្អយ៉ាងណានោះទេ ព្រោះលោកយល់ថា ពិភពលោកទាំងមូល កំពុងស្ថិតក្នុងដំណាក់កាលហានិភ័យនៅឡើយ។
យ៉ាងណាក៏ដោយ សម្រាប់ស្ថាប័នស្រាវជ្រាវអំពីទំនាក់ទំនងការបរទេស Council on Foreign Relations ដែលមានមូលដ្ឋាននៅបុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក មើលឃើញពីហេតុផលនៅពីក្រោយជំនួយសប្បុរសធម៌របស់ចិននាពេលនេះ ថាក្រុងប៉េកាំងកំពុងព្យាយាមលាងជម្រះរូបភាពមិនល្អរបស់ខ្លួន ក្រោយពីមានការរិះគន់ថា ចិនបានព្យាយាមលាក់បាំងរឿងវិបត្តិជំងឺនេះក្នុងដំណាក់កាលដំបូង នៅគ្រាដែលមេរោគនេះ ត្រូវគេរកឃើញនៅក្រុងវូហាន (Wohan) កាលពីខែវិច្ឆិកា។ ហើយចិនត្រូវបានពិភពលោកស្តីបន្ទោស ដោយសារតែមិនបានផ្ដល់សញ្ញាព្រមានដល់ពិភពលោកឱ្យបានដឹងទុកជាមុន ទាន់ពេលវេលា។ របាយការណ៍របស់ស្ថាប័នស្រាវជ្រាវអំពីទំនាក់ទំនងការបរទេស Council on Foreign Relations សរសេរថា ក្នុងចំណោមកំហុសធំៗរបស់ចិននៅពេលមានការផ្ទុះឡើង នៃជំងឺនេះ នៅក្រុងវូហាន គឺចិនខកខានមិនបានផ្តល់ដំណឹងនេះ ទៅកាន់ពិភពលោកឱ្យដឹងជាមុនឡើយ។ អាជ្ញាធរមូលដ្ឋានរបស់ចិនទៀតសោត បានលាក់បាំងព័ត៌មានអំពីមេរោគនេះ មិនឱ្យសាធារណជន និងរដ្ឋាភិបាលមជ្ឈិមរបស់ខ្លួនបានដឹង ហើយបានបំបិទមាត់ក្រុមវេជ្ជបណ្ឌិត ដែលហ៊ាននិយាយការពិត អំពីរឿងនេះ។
អ្នកជំនាញជនជាតិហ្វីលីពីន អំពីកិច្ចការប្រទេសចិន លោក រ៉ូម៉ែល បានឡៅ (ឬommel Banlaoi) មើលឃើញថា តាមរយៈការផ្តល់ជំនួយម៉ាស និងវេជ្ជសាស្ត្រក្នុងអំឡុងពេលមានការផ្ទុះជំងឺនេះ ក្រុងប៉េកាំង មានបំណងចង់កសាងមុខមាត់ និងរូបភាពរបស់ខ្លួន ឱ្យពិភពលោកមើលឃើញថា ខ្លួនជាមហាអំណាចមួយ ប្រកបដោយការទទួលខុសត្រូវ និងចេះអាណិតអាសូរប្រទេសដទៃ។ លោកប្រាប់សារព័ត៌មាន BernaNews របស់អាស៊ីសេរីថា ចិនចង់ប្រាប់ទៅកាន់ពិភពលោកថា ខ្លួនអាចផ្ដល់មេរៀនចាំបាច់នានា តាមរយៈបទពិសោធន៍របស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគនេះ។
ក្រៅពីការព្យាយាមកសាងមុខមាត់នៅលើឆាកអន្តរជាតិ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាបេក្ខជនអនុបណ្ឌិតនៅសាកលវិទ្យាល័យ អ៊ុកស្វ៊ត (Oxford University) នៃចក្រភពអង់គ្លេស ត្រូវសារព័ត៌មាន The Diplomat ស្រង់ប្រសាសន៍ថា តាមរយៈជំនួយសម្ភារៈវេជ្ជសាស្ត្រ របស់ចិនដ៏ច្រើននេះទៅដល់បណ្ដាប្រទេសនានា ក្នុងពេលកំពុងមានវិបត្តិជំងឺកូវីដ១៩នេះ ចិនចង់ទទួលបានលទ្ធភាពចូលទៅពិនិត្យមើល ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងបណ្ដារដ្ឋនានា ដែលបានទទួលយកជំនួយពីចិននេះ។
យ៉ាងណាក៏ដោយ ការផ្តល់ជំនួយ និងសម្ភារៈវេជ្ជសាស្ត្ររបស់ចិនក្នុងពេលពិភពលោក កំពុងជួបវិបត្តិនេះ ក៏ត្រូវប្រទេសមួយចំនួនរិះគន់ថា សម្ភារៈវេជ្ជសាស្ត្ររបស់ចិនមួយចំនួន ខូចគុណភាព ប្រើការមិនកើត។ តួយ៉ាង ដូចជានៅសាធារណរដ្ឋឆែក កាលពីពេលថ្មីៗនេះ បានទទួលឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩ ពីចិន ហើយឧបករណ៍ទាំងនោះ បង្ហាញលទ្ធផល មិនត្រឹមត្រូវ។ តំណាងរាស្ត្រ និងជាសមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិក លោក ម៉ៃឃ័ល ម៉ាកខូល (Michael McCaul) ថ្មីៗនេះ បានស្តីបន្ទោសចិន ដោយសារតែមានសេចក្តីរាយការណ៍នានាថា ចិនបានលក់សម្ភារៈវេជ្ជសាស្ត្រខូចគុណភាព ដល់ប្រទេសដែលកំពុងរងការវាយប្រហារខ្លាំងដោយជំងឺកូវីដ១៩ ក្នុងនោះមានដូចជា សាធារណរដ្ឋឆែក និងប្រទេសអេស្ប៉ាញជាដើម។ លោកថា ខណៈគណបក្សកុម្មុយនិស្តចិន កំពុងប៉ុនប៉ង បង្វែរពីរឿងស្តីបន្ទោស ទៅជាថាខ្លួនអ្នកការពារសុខភាពពិភពលោកនោះ ឥឡូវនេះការពិតនៅពីក្រោយយុទ្ធនាការឃោសនាបែបនេះ បានស្តែងចេញឱ្យគេឯងបានឃើញជាក់ច្បាស់ហើយ។
អាស៊ីសេរី បានព្យាយាមទាក់ទងអ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល កាលពីថ្ងៃទី៣១ មីនា ដើម្បីចង់ដឹងថា ជំនួយវេជ្ជសាស្ត្ររបស់ចិនដល់កម្ពុជាទាំងនេះមានខូចគុណភាពដែរឬទេ តែអ្នកស្រីថាជាប់រវល់ប្រជុំ។ រីឯលោក លី សុវណ្ណ អ្នកនាំពាក្យមួយរូបទៀតនៃក្រសួងសុខាភិបាល មិនទទួលទូរស័ព្ទ។រដ្ឋាភិបាលក្រុងភ្នំពេញ តែងតែទាត់ចោលរាល់កង្វល់ និងអនុសាសន៍នានារបស់អ្នកជំនាញ ជុំវិញបញ្ហា និងវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ១៩នេះ ជាពិសេសពាក់ព័ន្ធនឹងប្រទេសចិន ដែលជាចំណុចស្នូលដំបូងនៃការផ្ទុះរាលដាលឡើងនៃជំងឺដ៏កាចសាហាវមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
