ក្រុម​អ្នក​ជំនាញ​ថា ប្រទេស​ចិន​នឹង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​កម្ពុជា​កាន់​តែ​ខ្លាំង ក្រោម​គម្រោង BRI ដែល​ខ្វះ​តម្លាភាព

0:00 / 0:00

ក្រុម​អ្នក​ជំនាញ​មិន​រំពឹង​ថា កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណេញ​ជា​ដុំ​កំភួន ឬ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​តម្លាភាព និង​អភិបាល​កិច្ច​ល្អ​ពី​គម្រោង​ផ្លូវ​សូត្រ ឬ​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ (BRI) របស់​ចិន (China) ឡើយ។ ការ​លើកឡើង​នេះ គឺ​នៅ​ស្រប​ពេល​ដែល​ប្រទេស​ចិន​កំពុង​រៀប​ចំ​ វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ (BRF) លើក​ទី៣ ដ៏​ធំ​នៅ​រដ្ឋធានី​ប៉េកាំង (Beijing) ដែល​មាន​មេដឹកនាំ​ពិភព​លោក​មក​ពី​ជាង ១៣០ប្រទេស​ចូល​រួម ក្នុង​នោះ​រួម​ទាំង​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត របស់​កម្ពុជា​ផង។

ក្រុម​អ្នក​ជំនាញ​មិន​រំពឹង​ថា លោក ហ៊ុន ម៉ាណែត ក្លាហាន​ហ៊ាន​ថ្លែង​សារ​ក្នុង​វេទិកា​របស់​ចិន ដើម្បី​ជំរុញ​ឱ្យ​ភាគី​ចិន​គិតគូរ​ពី​តម្លាភាព​នៃ​ប្រាក់​កម្ចី​ពី​ចិន វាយតម្លៃ​លើ​ផល​ប៉ះពាល់​បរិស្ថាន និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​បណ្ដា​ប្រទេស​នានា មុន​នឹង​អនុវត្ត​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ (BRI) របស់​ខ្លួន​ឡើយ។

លោក ហ៊ុន ម៉ាណែត បាន​ដឹកនាំ​មន្ត្រី​គ្រាក់ៗ​របស់​លោក​ទៅ​ដល់​ប្រទេស​ចិន​កាល​ពី​រសៀល​ថ្ងៃ​ទី១៦ ខែតុលា ដើម្បី​ចូល​រួម​វេទិកា​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ (BRI) លើកទី៣ ចាប់​ពី​ថ្ងៃ​ទី១៧ ដល់​ថ្ងៃ​ទី១៨ ខែតុលា។ លោក​បាន​ចាប់​ផ្ដើម​ជួប​ក្រុមហ៊ុន​នៃ​រដ្ឋ​អំណាច​ចិន​បណ្ដើរៗ ក្នុង​នោះ​លោក​បាន​ជួប​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន ឆៃណា ដាតាង ខូផូរ៉េតសិន (China Datang Corporation Ltd) លោក ចូវ ឡី (Zou Lei) នៅ​រសៀល​ថ្ងៃ​ទី១៦ ខែតុលា។ លោក ហ៊ុន ម៉ាណែត អះអាង​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ក្រុមហ៊ុន​នៃ​រដ្ឋ​អំណាច​ចិន​នេះ ប្ដេជ្ញា​ថា នឹង​បង្កើន​ទុន​វិនិយោគ​ចំនួន ៦រយ​លាន​ដុល្លារ (៦០០) លើ​គម្រោង​ថាមពល​វារីអគ្គិសនី​នៅ​កម្ពុជា និង​ដើម្បី​រួម​ចំណែក​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រដ្ឋាភិបាល​កម្ពុជា។

ក្រុម​អ្នក​ឃ្លាំមើល​វាយតម្លៃ​ថា ការណ៍​ដែល​កម្ពុជា​ប្ដេជ្ញា​គាំទ្រ និង​ចូល​វេទិកា​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ (BRI) របស់​ចិន​នា​ពេល​នេះ ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា សមត្ថភាព​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ពុំ​អាច​រស់​ខ្វះ​ចិន​បាន​ឡើយ ហើយ​វា​ក៏​ជា​ឱកាស​សម្រាប់​កម្ពុជា​ថ្លែង​សរសើរ​ពី​គំនិត​ផ្ដួចផ្ដើម​របស់​ចិន ដើម្បី​ទាក់​ម៉ូយ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​នៃ​រដ្ឋ​អំណាច​ចិន​បន្ត​មក​វិនិយោគ​នៅ​កម្ពុជា។

អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ បណ្ឌិត រ៉ូ វណ្ណៈ ប្រាប់​វិទ្យុអាស៊ីសេរី​ថា គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ (BRI) របស់​ចិន គឺជា​យុទ្ធសាស្ត្រ​នៃ​មហិច្ឆតា​ចង់​ក្លាយ​ជា​មហា​អំណាច​ពិភព​លោក ហើយ​របប​ក្រុង​ប៉េកាំង​បាន​ព្យាយាម​ពង្រីក និង​ពង្រឹង​ឥទ្ធិពល​សេដ្ឋកិច្ច យោធា និង​នយោបាយ​របស់​ខ្លួន​ក្នុង​តំបន់។ បណ្ឌិត រ៉ូ វណ្ណៈ វាយ​តម្លៃ​ថា នា​រយៈពេល ១០ឆ្នាំ​មក​នេះ កម្ពុជា​ទទួល​សមិទ្ធផល​ពី​គម្រោង BRI របស់​ចិន​គួរ​ឱ្យ​កត់​សម្គាល់​តាមរយៈ​ក្រុមហ៊ុន​ចិន​ចូល​មក​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ពន្ធ ព្រលាន​យន្តហោះ រថភ្លើង និង​ផ្លូវ​ល្បឿន​លឿន​ជាដើម។ ទោះ​យ៉ាង​ណា លោក​ថា ប្រាក់​កម្ចី​ពី​ប្រទេស​ចិន​ដែល​កម្ពុជា និង​បណ្ដា​ប្រទេស​ក្រីក្រ​ខ្ចី​យក​មក​អភិវឌ្ឍន៍​ស្រប​តាម​គំនិត​ផ្ដួចផ្ដើម​ចិន គ្មាន​តម្លាភាព និង​មិន​ធ្វើ​ឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​ទទួល​បាន​អភិបាលកិច្ច​ល្អ​ឡើយ។

បណ្ឌិត រ៉ូ វណ្ណៈ៖«ការ​ខ្វះ​តម្លាភាព និង​អភិបាលកិច្ច​ល្អ​ហ្នឹង​វា​ជា​ប្រភព​នៃ​អំពើ​ពុក​រលួយ។ អំពើ​ពុករលួយ​ជា​ជំងឺ​មហារីក​សង្គម​ដែល​អាច​ធ្វើ​ឱ្យ​រដ្ឋ​មួយ​ពុក​ផុយ ហើយ​ស្ថាប័ន​រដ្ឋ​ហ្នឹង អាច​ក្លាយ​ជា​ស្ថាប័ន​មួយ​ដែល​មិន​មាន​ប្រសិទ្ធភាព និង​មិន​មាន​ប្រសិទ្ធផល ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ តែ​អ្វី​ដែល​គួរ​ផ្ដោត​ចាប់​អារម្មណ៍ តើ​យើង​ប្រើប្រាស់​កម្ចី មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ ផល​មាន​តម្លាភាព និង​គណនេយ្យ​ភាព និង​ការ​ទទួល​ខុសត្រូវ​បាន​កម្រិត​ណា?គេ​មើល​ឃើញ​ហើយ​ថា កម្ចី​របស់​ចិន ឬ​ទុន​វិនិយោគ​ចិន​ពោរពេញ​ដោយ​ភាព​មិន​ថ្លា មិន​មាន​តម្លាភាព»។

ចំណែក អ្នក​តាម​ដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី មាន​ប្រសាសន៍​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូល​រួម​វេទិកា​ខ្សែ​ក្រវាត់ និង​ផ្លូវ និង​ប្ដេជ្ញា​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​របស់​ប្រទេស​ចិន​ឥត​ងាករេ​នា​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​ទទួល​បាន​ការ​គាំពារ​បន្ថែម​តាមរយៈ​ក្រុមហ៊ុន​ចិន​ចូល​មក​វិនិយោគ​ស្រប​តាម​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ (BRI)។ ជា​ថ្នូរ​មក​វិញ​លោក​ថា របប​ក្រុង​ប៉េកាំង​ក៏​នឹង​ផ្ដល់​ប្រាក់​កម្ចី​ដល់​កម្ពុជា​បន្ថែម និង​ប្រកាស​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ទាំង​ក្នុង​វេទិកា​តំបន់ និង​នៅ​លើ​ឆាក​អន្តរជាតិ។ លោក​ព្រួយបារម្ភ​ថា ការណ៍​ដែល​កម្ពុជា​ផ្អៀង​ទៅ​ចិន​ខ្លាំង និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ក្របខ័ណ្ឌ​គម្រោង BRIជាមួយ​ប្រទេស​ចិន ដោយ​ខ្វះ​តម្លាភាព គឺ​ជា​ការ​ជំរុញ​ឱ្យ​កម្ពុជា​ពឹង​ផ្អែក​ចិន​កាន់​តែ​ខ្លាំង ដែល​អាច​នាំ​ឱ្យ​កម្ពុជា​ជាប់​បំណុល​ចិន​កាន់​តែ​ច្រើន និង​ធ្វើ​ឱ្យ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​ប្រឈម​នឹង​ការ​បំផ្លិច​បំផ្លាញ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត។

លោក សេង វណ្ណលី៖ «ការ​សាងសង់​គម្រោង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ពន្ធ​ខ្នាត​ធំ​ដូចជា​ទំនប់ ផ្លូវ​ថ្នល់ និង​កំពង់ផែ អាច​ផ្ដល់​ប៉ះពាល់​អវិជ្ជមាន​ដល់​បរិស្ថាន​រួម​បញ្ចូល ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​បំផ្លិចបំផ្លាញ​ទី​ជម្រក​សត្វព្រៃ របស់​កម្ពុជា​ផង​ដែរ។ ទី​បី ការ​កង្វះ​តម្លាភាព​ក្រោយ​ពី​ទំនាក់ទំនង​កម្ពុជា និង​ចិន ចាប់ផ្ដើម​ជិត​ដិត​ខ្លាំង មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​បាន​លើកឡើង​ថា ការ​វិនិយោគ​របស់​ចិន​ភាគច្រើន​ខ្វះ​តម្លាភាព​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ផ្ដល់​ប្រាក់​កម្ចី ការ​ជ្រើសរើស​គម្រោង​ក្នុង​ដំណើរ​ការ​ដេញ​ថ្លៃ ដោយសារ​តែ​រដ្ឋាភិបាល​កន្លង​មក​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បង្កើត​យន្តការ ដើម្បី​ត្រួតពិនិត្យ​គ្រប់គ្រង ទៅ​លើ​ការ​ប្រើប្រាស់​កម្ចី​ឱ្យ​មាន​តម្លាភាព»។

សមិទ្ធផល​ដែល​កម្ពុជា​ទទួល​បាន​ពី​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ (BRI) ក្នុង​រយៈពេល ១០ឆ្នាំ​មក​នេះ រួម​មាន​គម្រោង​ធំៗ មួយ​ចំនួន​ដូចជា ព្រះលាន​យន្តហោះ​ថ្មី​នៅ​ខេត្ត​សៀមរាប តម្លៃ​ជាង ១ពាន់​លាន​ដុល្លារ ដែល​រដ្ឋាភិបាល​បើក​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​ទទួល​ជើង​ហោះហើរ​ជា​លើកដំបូង​ក្នុង​ថ្ងៃ​តែមួយ​ដែល​លោក ហ៊ុន ម៉ាណែត ទៅ​ចូលរួម​វេទិកា​នៅ​ចិន​នៅ​ថ្ងៃទី១៦ ខែតុលា ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ ក្រោម​ទឹក​ប្រាក់​ជាង ២រយ​ពាន់​លាន​ដុល្លារ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ទៅ​បាវិត ក្រោម​ទឹក​ប្រាក់ ១ពាន់ ៤រយ​លាន​ដុល្លារ (១.៤០០) ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ក្រោម​ទឹកប្រាក់​ជាង ១រយ ៥០លាន​ដុល្លារ (១៥០) គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ និង​ការ​វិនិយោគ​លើ​​វិស័យ​សុខាភិបាល ជាដើម។ គិត​ត្រឹម​ដំណាច់​ត្រីមាស​ទីពីរ​ឆ្នាំ២០២៣ កម្ពុជា​ជំពាក់​បំណុល «មិត្ត​ដែក​ថែប»ចិន​ប្រមាណ ៤ពាន់​លាន​ដុល្លារ​អាមេរិក ស្មើនឹង​ជិត​ពាក់​កណ្ដាល​នៃ​បំណុល​ដែល​កម្ពុជា​ខ្ចី​បុល​ពី​បរទេស​សរុប​ជាង ១ម៉ឺន​លាន​ដុល្លារ។

នៅ​មុន​វេទិកា​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ (BRI) រដ្ឋាភិបាល​ចិន បាន​ចេញ​ផ្សាយ​សៀវភៅ​ស​ (White Paper) ថា គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​នឹង​បន្ត​សម្រប​សម្រួល​ពាណិជ្ជកម្ម ការ​វិនិយោគ និង​សមាហរណកម្ម​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​ដែល​ចូល​រួម​គាំទ្រ។ រដ្ឋ​អំណាច​ក្រុង​ប៉េកាំង​អះអាង​ថា គម្រោង​នេះ បាន​ចូល​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ និង​បន្ត​ចូល​រួម​វិនិយោគ​ឱ្យ​ប្រទេស​ដែល​ចូល​រួម​ទទួល​បាន​ការ​អភិវឌ្ឍ​ថ្មីៗ​បន្ថែម​ទៀត។

ទោះ​យ៉ាង​ណា ការ​ស្រាវជ្រាវ​ចុង​ក្រោយ​មួយ​ដោយ​សាកលវិទ្យាល័យ​បូស្តុន (Boston University) នៅ​សហរដ្ឋអាមេរិក រក​ឃើញ​ថា បើ​ទោះ​បី​ជា​គម្រោង BRI របស់​ចិន ជួយ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​គួរ​ឱ្យ​កត់​សម្គាល់​ក៏​ដោយ ក៏​គម្រោង BRI របស់​ចិន​បង្ក​ឱ្យ​មាន​ហានិភ័យ​ជាច្រើន​ដល់​ប្រទេស​ទទួល ក្នុង​នោះ​មាន​ដូចជា ការ​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក ការ​បំពុល​ខ្យល់​អាកាស ហានិភ័យ​ដល់​ជីវចម្រុះ និង​ដី​ធ្លី​របស់​ជនជាតិ​ដើម​ភាគតិច ជាដើម។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ មាន​ប្រសាសន៍ ប្រទេស​ចិន​កុម្មុយនិស្ត​ពុំ​បាន​ជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា និង​ប្រទេស​លើ​ពិភពលោក ឱ្យ​មាន​ប្រសិទ្ធភាព និង​ប្រកប​ដោយ​ភាព​ស្មោះត្រង់​ឡើយ តាមរយៈ​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​នេះ។ លោក​លើកឡើង​ថា ភស្តុតាង​ជាក់ស្ដែង នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា រួម​ទាំង​ប្រទេស​អាស៊ាន​មាន​ឱនភាព និង​អតុល្យភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន ដោយសារ​តែ​មិន​អាច​នាំចេញ​ទំនិញ​ទៅ​លក់​នៅ​ប្រទេស​ចិន​បាន​ច្រើន ដូច​ប្រទេស​ចិន​នាំចូល​ផលិតផល​យក​មក​លក់​នៅ​កម្ពុជា និង​ប្រទេស​អាស៊ាន​បាន​ច្រើន​កប់​ពពក​ឡើយ។

លោក គឹម សុ៖«ពិត​មែន​ហើយ(BRI)គឺ​ជា​គម្រោង​ដ៏​ធំ​សម្របសម្រួល​ពាណិជ្ជកម្ម វិនិយោគ និង​សមាហរណកម្ម​ហិរញ្ញវត្ថុ គឺ​ដើម្បី​គោលដៅ​សេដ្ឋកិច្ច​របស់​ចិន​រីក​ពេញ​ពិភពលោក លើ​បណ្ដាញ​គមនាគមន៍​របស់​ចិន ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ។ បង្ហូរ​លុយ​យ័ន​របស់​ចិន​ក្នុង​ទីផ្សារ​ពិភព​លោក ពង្រីក​សក្ដានុពល​រូប​ប័ណ្ណ​របស់​ចិន ហើយ​ដឹក​យក​វត្ថុ​ធាតុ​ដើម​ពី​ជុំវិញ​ពិភព​លោក​ទៅ​អភិវឌ្ឍ​ឧស្សាហកម្ម​របស់​ចិន រួច​ចិន​នាំ​ទំនិញ​របស់​ខ្លួន ទៅ​លក់​ទីផ្សារ​ពិភពលោក គឺ​ពិភព​របស់​ចិន សេដ្ឋកិច្ច​ចិន»។

គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និងផ្លូវ (BRI) រង​ការ​រិះគន់​ថា ជា​មហិច្ឆតា​ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច និង​នយោបាយ​របស់​ចិន​ក្នុង​គោល​បំណង​ក្លាយ​ជា​មហា​អំណាច​ពិភពលោក និង​គាបសង្កត់​ប្រទេស​កំពុង​អភិវឌ្ឍ​ឱ្យ​ជាប់​អន្ទាក់​បំណុល​ចិន​វ័ណ្ឌក។ តាមរយៈ​គម្រោង​នេះ ប្រទេស​ចិន​បាន​ផ្ដល់​ភាព​ងាយស្រួល​ដល់​ប្រទេស​កម្ពុជា រួម​ទាំង​ប្រទេស​ក្រីក្រ​មួយ​ចំនួន​តាមរយៈ​ការ​ស្នើ​សុំ​កម្ចី​ពី​ចិន​យក​អភិវឌ្ឍ ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​ជាតិ និង​អន្តរជាតិ រិះគន់​ថា ក្រុមហ៊ុន​ចិន​ដែល​ចូល​មក​អភិវឌ្ឍ​ពុំ​បាន​ខ្វាយខ្វល់​ពី​ការ​គោរព​សិទ្ធិមនុស្ស និងគិតគូរ​ពី​ផល​ប៉ះពាល់​បរិស្ថាន​ឡើយ។ កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត ប្រទេស​ក្រីក្រ​មួយ​ចំនួន ដូចជា ឡាវ (Laos) ស្រីលង្កា (Sri Lanka) និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​តំបន់​ទ្វីប​អាហ្វ្រិក បាន​បាត់បង់​អធិបតេយ្យ​ជាតិ​របស់​ខ្លួន ដោយសារ​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន​កេង​ប្រវ័ញ្ច​ធនធាន​ធម្មជាតិ គ្រប់គ្រង​កំពង់ផែ ឬ​តំបន់​សំខាន់​ក្នុង​ប្រទេស​របស់​ខ្លួន​ជា​ថ្នូរ​នឹង​ការ​ដោះ​បំណុល​ចិន។

អ្នក​ជំនាញ​ភូមិសាស្ត្រនយោបាយ​បណ្ឌិត រ៉ូ វណ្ណៈ មាន​ប្រសាសន៍​ថា គោលនយោបាយ​អភិវឌ្ឍ​របស់​ចិន​ប្រកាន់​ភ្ជាប់​អភិបាលកិច្ច​ល្អ និង​តែងតែ​គិតគូរ​ពី​ផល​ប៉ះពាល់​បរិស្ថាន​ក្នុង​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ លោក​ថា សម្រាប់​គោលនយោបាយ​អភិវឌ្ឍ​នៅ​ក្រៅ​ប្រទេស​ខ្លួន​វិញ ប្រទេស​ចិន​កុម្មុយនិស្ត​ពុំ​បាន​ខ្វាយខ្វល់​អំពី​ផល​ប៉ះពាល់​បរិស្ថាន បញ្ហា​សិទ្ធិមនុស្ស លើក​កម្ពស់​អភិបាលកិច្ច​ល្អ​នោះ​ទេ ដោយ​ធ្វើ​យ៉ាងណា​ដើម្បី​តែ​សម្រេច​មហិច្ឆតា​ក្នុង​ការ​គ្រប់គ្រង​ពិភពលោក​ប៉ុណ្ណោះ។

ប្រទេស​ចិន​កំពុង​រៀបចំ​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​បី​នេះ គឺ​នៅ​ស្រប​ពេល​ដែល​នៅ​ក្នុង​ប្រទេស​ចិន​ខ្លួនឯង កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច និង​វិបត្តិ​អចលន​ទ្រព្យ​អូស​បន្លាយ។ នៅ​ក្នុង​វេទិកា​នេះ គ្មាន​ឡើយ​វត្តមាន​របស់​ក្រុម​មេដឹកនាំ​ពី​ប្រទេស​លោក​ខាងលិច​ដែល​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ចូល​រួម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។