អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយវាយតម្លៃថា ការប្រកាសរបស់កម្ពុជាគាំទ្រគោលនយោបាយចិនតែមួយគឺកម្ពុជាចង់បង្ហាញពីភក្ដីភាពរបស់ខ្លួនផ្គាប់ចិត្តមិត្តដែកថែបចិន (China)។ ការលើកឡើងនេះ ស្របពេលក្រសួងការបរទេសកម្ពុជាប្រកាសជំហរជាថ្មីទៀតក្នុងការប្រកាន់ខ្ជាប់ «គោលនយោបាយចិនតែមួយ» ដើម្បីឆ្លើយតបនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅកោះតៃវ៉ាន់ (Taiwan) ដោយគណបក្សមាននិន្នាការប្រឆាំងចិនបន្តជាប់ឆ្នោត។
ក្រោយចេញលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតៃវ៉ាន់ (Taiwan) ដែលបង្ហាញថា គណបក្សកាន់អំណាចដែលមាននិន្នាការប្រឆាំងប្រទេសចិនកុម្មុយនិស្តបន្តឈ្នះឆ្នោតលើគណបក្សដទៃទៀត រដ្ឋាភិបាលកម្ពុជាហាក់ឈានមុខគេក្នុងការប្រកាសប្រាប់ដល់មិត្តដែកថែបរបស់ខ្លួនជាថ្មីទៀតអំពីជំហរនយោបាយចិនតែមួយ។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ បណ្ឌិត រ៉ូ វណ្ណៈ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៥ ខែមករាថា ការប្រកាសជំហររបស់កម្ពុជាគាំទ្រគោលនយោបាយចិនតែមួយ គឺជាសារនយោបាយសំខាន់មួយរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក្នុងការបង្ហាញពីភាពស្មោះស្ម័គ្រនឹងប្រទេសចិនឥតងាករេ ដើម្បីបន្តរក្សាទំនាក់ទំនងល្អ និងការបន្តទទួលបានផលប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ច ការទូត និងនយោបាយ ពីភាគីចិន។
លោក រ៉ូ វណ្ណៈ យល់ឃើញថា កម្ពុជាអាចឆ្លៀតឱកាសប្រកាសផ្គាប់ចិត្តចិន ដើម្បីជាថ្នូរមកវិញស្នើឱ្យចិនជួយគាំទ្រគណបក្សប្រជាជនដឹកនាំកម្ពុជាបន្តទៀត។
លោក រ៉ូ វណ្ណៈ៖ « អ៊ីចឹង! ជាយុទ្ធសាស្ត្រប្រទេសកម្ពុជារបស់គណបក្សកាន់អំណាចត្រូវប្រកាន់ជំហរគោលនយោបាយចិនតែមួយនេះ ដើម្បីបង្ហាញពីសមានចិត្ត ដើម្បីទទួលបាននូវការគាំទ្រ និងការសាទរពីភាគីចិន ក្នុងករណីដែលប្រទេសកម្ពុជាត្រូវបានគេចោទប្រកាន់ថា លម្អៀងទៅរកចិនធ្វើឱ្យដំណើរការប្រជាធិបតេយ្យធាក់ថយក្រោយ អ៊ីចឹង បង្អែកដ៏រឹងមាំខាងសេដ្ឋកិច្ច ការទូត និងនយោបាយ កន្លងមកដែលគាំទ្រគណបក្សកាន់អំណាចពីរទសវត្សរ៍នេះ ជាឱកាសសម្រាប់គណបក្សកាន់អំណាចនៅតែអាចឈរជើងរឹងមាំ ក្នុងសង្វៀននយោបាយកម្ពុជា ដែលមានចិនខ្នងបង្អែកដ៏រឹងមាំ » ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១៤ ខែមករា បានចេញសេចក្ដីថ្លែងការណ៍ដោយបានបញ្ជាក់ជំហរជាថ្មីទៀតថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយចិនតែ និងទទួលស្គាល់ថា សាធារណរដ្ឋប្រជាមានិតចិន ឬPRCជាអាជ្ញាធរស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល។
ការប្រកាសរបស់កម្ពុជាបែបនេះ ឆ្លើយតបនឹងការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសមាជិកសភាតៃវ៉ាន់ ដោយលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី១៣ មករា បង្ហាញថា បេក្ខភាពប្រធានាធិបតីតៃវ៉ាន់មកពី គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (Democratic Progressive Party) ដែលកំពុងកាន់អំណាចបានឈ្នះឆ្នោតគណបក្សពីរផ្សេងទៀតគឺ គណបក្សគួមីងតាង (Kuomintang) និងគណបក្សប្រជាជនតៃវ៉ាន់ (Taiwan's People Party) ដែលជាគណបក្សប្រឆាំងមាននិន្នាការទៅរកចិន។ លទ្ធផលនៃការបោះឆ្នោតនេះ បង្ហាញថា ពលរដ្ឋតៃវ៉ាន់នៅតែជ្រើសរើសយកសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ជាជាងរណបជាមួយនឹងប្រទេសចិនកុម្មុយនិស្ត។
ក្រោយចេញលទ្ធផលបោះឆ្នោតនៅតៃវ៉ាន់ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អេនថូនី ប៊្លីនខេន (Antony Blinken) បានថ្លែងសាទរតាមរយៈបណ្ដាញសង្គមអ៊ិច (X) ចំពោះបេក្ខភាពប្រធានាធិបតីតៃវ៉ាន់មកពីគណបក្សកាន់អំណាចទទួលបានជ័យជម្នះក្នុងការជ្រើសរើសជាប្រធានាធិបតី និងសាទរចំពោះប្រជាពលរដ្ឋតៃវ៉ាន់ដែលចូលរួមបោះឆ្នោតដោយសេរី យុត្តិធម៌ និងបង្ហាញពីភាពរឹងមាំនៃប្រព័ន្ធប្រជាធិបតេយ្យរបស់ពួកគេ។ ជាការឆ្លើយតប ក្រសួងការបរទេសចិន ថ្កោលទោសអាមេរិកដែលថ្លែងសារអបអរសាទរបេក្ខភាពប្រធានាធិបតីមកពីគណបក្សកាន់អំណាចក្នុងការទទួលបានជ័យជម្នះ និងចាត់ទុកការថ្លែងនោះ បំពានធ្ងន់ធ្ងរទៅនឹងគោលការណ៍ចិនតែមួយ របស់ទីក្រុងប៉េកាំង (Beijing) និងសេចក្ដីថ្លែងការណ៍រួមរវាងចិននិងអាមេរិកកាលពីពេលកន្លងមក។
ជុំវិញរឿងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី មានប្រសាសន៍ថា ការថ្លែងសារនយោបាយរបស់កម្ពុជាម្ដងហើយម្ដងទៀត រឿងប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយនេះ គឺកម្ពុជាចង់បង្ហាញពីភក្ដីភាពទៅកាន់ប្រទេសចិន និងចង់បញ្ជាក់ប្រាប់តៃវ៉ាន់ថា កម្ពុជានឹងមិនទទួលស្គាល់ពីឯករាជ្យរបស់តៃវ៉ាន់ឡើយ។ លោកបន្ថែមថា ចិនទំនងជាខកចិត្ត និងព្រួយបារម្ភចំពោះការឈ្នះឆ្នោតរបស់គណបក្សកាន់អំណាចតៃវ៉ាន់ ដែលអាចបង្កភាពតានតឹងបន្ថែមក្នុងការជំរុញឱ្យតៃវ៉ាន់មានឯករាជ្យ។
លោក សេង វណ្ណលី៖ « ចិនគាត់សន្និដ្ឋានថា គណបក្សគួមីងតាង ( Kuomintang) រួមជាមួយបេក្ខជនឯករាជ្យពីគណបក្ស ( TPP) នឹងបង្កើតរដ្ឋាភិបាលចម្រុះហើយលទ្ធភាពអាចនឹងឈ្នះគណបក្សគ្រប់គ្រងអំណាចបច្ចុប្បន្នគឺគណបក្ស ( DPP) តែផ្ទុយទៅវិញលទ្ធផលនេះឆ្លុះបញ្ចាំងឱ្យឃើញថា ជនជាតិតៃវ៉ាន់ភាគច្រើនចង់ឃើញរដ្ឋាភិបាលរបស់តៃវ៉ាន់ ព្យាយាមទាមទារឯករាជ្យភាពពីចិន ក៏ដូចជាជំរុញរបៀបវារៈ ធ្វើយ៉ាងណាកាត់បន្ថយឥទ្ធិពលរបស់ចិន នៅក្នុងនយោបាយរបស់តៃវ៉ាន់។ អ៊ីចឹង! បានយើងឃើញមានការឆ្លើយតបចិនចេញសារគំរាមប្រទេសផ្សេងទៀតដែលមានគោលបំណងលូកលាន់កិច្ចការផ្ទៃក្នុងចិន។ កម្ពុជាក៏ជាប្រទេសមួយចេញសារលឿនជាងគេចំពោះការគោរព គោលការណ៍ចិនតែមួយ »។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក អាន សុខខឿន ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី១៥ ខែមករា។
ប្រទេសចិន និងកោះតៃវ៉ាន់ បានបំបែកចេញពីគ្នាក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលរៀងៗខ្លួន ចាប់តាំងពីឆ្នាំ១៩៤៩ មក ក្រោយរដ្ឋាភិបាលចិនកុម្មុយនិស្តបានឈ្នះសង្គ្រាមស៊ីវិលនៅចិនដីគោក ខណៈកោះតៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលដែលមានទំនោរទៅរកលទ្ធិប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។