"​អាស៊ានជា​ផ្នែក​មួយ​នៃ​បញ្ហាជាជាង​ដំណោះស្រាយ ដោយសារកម្ពុជា និង​ឡាវ ទោ​ទន់​ខ្លាំង​ទៅ​រក​ចិន"

ដោយ មាន ឫទ្ធិ
2020-11-07
Share
អាស៊ាន ចិន បាងកក ៦២២ កិច្ច​ប្រជុំ​អាស៊ាន-ចិន នា​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​​ពី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។
រូប​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នក​ជំនាញ​យល់ឃើញ​ផ្សេងគ្នា​ជុំវិញ​ទស្សនៈ​ដែល​ថា សមាគម​អាស៊ាន​គួរតែ​បណ្ដេញ​កម្ពុជា និង​ឡាវ​ចេញពី​សមាជិកភាព​របស់​ខ្លួន ដោយសារតែ​ប្រទេស​ទាំងពីរ​នេះ មាន​ជំហរ​គាំទ្រ​មហាអំណាច​ចិន​។ អំណះអំណាង​ជុំវិញ​បញ្ហា​បណ្ដេញ​កម្ពុជា និង​ឡាវ​ចេញពី​សមាគម​អាស៊ាន​នេះ កើតមានឡើង​សាជាថ្មី ស្រប​ពេល​ដែល​សមាគម​មួយ​នេះ ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​នេះ ដែល​ប្រទេស​វៀតណាម​ធ្វើ​ជា​ម្ចាស់ផ្ទះ។

អ្នក​ជំនាញ​តំបន់​អាស៊ីអាគ្នេយ៍ លោក ក្រិកហ្គោរី ផលីង (Gregory Poling) ពន្យល់​ប្រាប់​អាស៊ីសេរី ថា តំបន់​អាស៊ាន ចាំបាច់​ត្រូវតែ​សម្រុះសម្រួល​គ្នា លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​តំបន់​មេគង្គ​ដែល​កំពុងតែ​កើន​កម្ដៅ​។ លោក ក្រិកហ្គោរី ផលីង ដែល​ជា​នាយក​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​លំហ​សមុទ្រ (AMTI) របស់​មជ្ឈមណ្ឌល​សិក្សា​អំពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ (CSIS) មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ា​ស៊ីន​តុ​ន (Washington) សហរដ្ឋអាមេរិក ព្រមាន​ថា បើ​មិន​ដូច្នោះ​ទេ រដ្ឋ​សមាជិក​នៃ​តំបន់​អាស៊ាន​មួយ​ចំនួន នឹង​មើល​ឃើញ​ថា សមាគម​អាស៊ាន​គឺជា​ផ្នែក​មួយ​នៃ​បញ្ហា ជាជាង​ដំណោះស្រាយ ក្នុង​ពេលដែល​កម្ពុជា និង​ឡាវ​កំពុង​តែ​មាន​ជំហរ​ទោ​ទន់​ខ្លាំង​ទៅ​រក​មហាអំណាច​ចិន​៖ «នៅ​ក្នុង​រឿងរ៉ាវ​សមុទ្រ​ចិន​ខាងត្បូង បើសិនជា​វា​ទំនង​កាន់តែ​ខ្លាំង​ថា កម្ពុជា និង​ឡាវ ហើយ​អាច​ថា ថៃ នៅតែ​បដិសេធ​មិន​គាំទ្រ​ដល់​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត ពេលនោះ អាស៊ាន​ខ្លួនឯង​នឹង​ក្លាយ​ជា​បញ្ហា​សម្រាប់​រដ្ឋ​សមាជិក​ដទៃ​ទៀត ដូចជា​សម្រាប់​ប្រទេស​វៀតណាម ប្រទេស​ហ្វីលីពីន ប្រទេស​ឥណ្ឌូណេស៊ី​។ ប្រទេស​អស់ទាំង​នេះ នឹង​ចាប់ផ្ដើម​មើល​ឃើញ​ថា អាស៊ាន​គឺជា​ផ្នែក​មួយ​នៃ​បញ្ហា ហើយ​មិនមែន​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​នោះ​ទេ​។ នេះ​នឹង​ក្លាយ​ជា​រឿងរ៉ាវ​ដ៏​អាក្រក់​មួយ​សម្រាប់​សមាគម​នេះ»

អ្នក​ជំនាញ​រូប​នេះ ពុំ​មាន​ជំនឿ​ថា សមាគម​អាស៊ាន អាច​នឹង​ឈាន​ទៅ​បណ្ដេញ​សមាជិកភាព​កម្ពុជា និង​ឡាវ​ចេញពី​សមាគម​នេះ​បាន​ឡើយ​។ ក៏ប៉ុន្តែ លោក​យល់ថា អ្វី​ដែល​ទំនងជា​អាច​កើតមានឡើង​នោះ គឺ​រដ្ឋ​សមាជិក​មួយ​ចំនួន​របស់​អាស៊ាន​កំពុងតែ​យក​បញ្ហា​ជាច្រើន​ទៅ​និយាយ​នៅ​ក្រៅ​រង្វង់​យន្តការ​របស់​អាស៊ាន ដែល​លោក​យល់ថា អាច​ជា​រឿង​មួយ​ល្អ​ដើម្បី​ដាក់​សម្ពាធ​ដល់​សមាគម​នេះ និង​ដល់​កម្ពុជា​ដែល​តែង​រណប​ចិន​៖ «ការ​ធ្វើ​ដូច្នេះ​មិនមែន​ជា​រឿងរ៉ាវ​អាក្រក់​នោះ​ទេ ព្រោះ​វា​អាច​ជា​ការ​ដាក់​សម្ពាធ​ទៅលើ​សមាគម​អាស៊ាន និង​ដាក់​សម្ពាធ​ទៅលើ​ប្រទេស​មួយ​ចំនួន​ដូចជា​កម្ពុជា ដែល​តែងតែ​ខ្លាច​ប្រទេស​ចិន​យ៉ាង​ខ្លាំង ជាជាង​ផ្តល់​ការ​គាំទ្រ​ដល់​បណ្ដា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​ខ្លួន​នោះ»

រីឯ អ្នកវិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍ថា អាស៊ាន​អាច​បណ្ដេញ​កម្ពុជា និង​ឡាវ​ចេញពី​សមាគម​របស់​ខ្លួន​បាន ដរាបណា​មានការ​រំលាយ​ចោល​ធម្មនុញ្ញ​ចាស់​របស់​អាស៊ាន​ជាមុន​សិន​។ លោក​ផ្ដល់​អំណះអំណាង​ថា ការ​រំលាយ​ចោល​ធម្មនុញ្ញ​ចាស់​របស់​អាស៊ាន​នេះ អាច​ធ្វើ​ទៅ​បាន​ដោយ​មិន​ចាំបាច់​មានការ​ឯកភាព​ជា​រួម ឬ​កុងសង់ស៊ីស ពី​សំណាក់​គ្រប់​សមាជិក​អាស៊ាន​ទាំងអស់​នោះ​ទេ​៖ «ការ​រំលាយ​នេះ វា​អត់​អាច​ទាល់តែ​សមាជិក​ណាមួយ​ព្រមព្រៀង​នោះ​ទេ​។ វា​អាច​ធ្វើ​ទៅ​បាន​ឧទាហរណ៍​ថា សមាជិក​ទាំង​១០ សមាជិក ៨​ទៀត គេ​លាលែង​ចេញពី​អាស៊ាន ប្រទេស​មួយៗ​ហ្នឹង​សភា​គេៗ​ឲ្យ​សច្ចាប័ន​ដក​ខ្លួន​ចេញពី​សមាគម​អាស៊ាន អា​ហ្នឹង​ក៏​វា​អាច​ទៅរួច​ដែរ»

អំណះអំណាង​ជុំវិញ​ការ​បណ្ដេញ​កម្ពុជា និង​ឡាវ ចេញពី​សមាគម​អាស៊ាន​កើតមានឡើង​ជាថ្មី​ម្តង​ទៀត ស្រប​ពេល​ដែល​សមាគម​អាស៊ាន​កំពុង​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​លើក​ទី​៣៧ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​មាន​ប្រទេស​វៀតណាម​ធ្វើជា​ប្រធាន​ប្តូរ​វេន​នេះ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៥ វិច្ឆិកា ខាងមុខ។

ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP របស់​រដ្ឋាភិបាល រាយការណ៍​កាលពី​ថ្ងៃ​ទី​០៦ វិច្ឆិកា ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​មិន​អាច​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​អាស៊ាន​នេះ​បានទេ ក្រោម​ហេតុផល​ថា លោក​កំពុង​អនុវត្ត​វិធានការ​ចត្តាឡឺស័ក​រយៈពេល​១៤​ថ្ងៃ ក្រោយពី​លោក​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស និង​ពាណិជ្ជកម្ម ហុងគ្រី (Hungary) ដែល​ក្រោយមក​បាន​រក​ឃើញថា​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​។ បើ​តាម AKP លោក ហ៊ុន សែន បាន​ពន្យល់​ក្នុង​សារ​ជា​សំឡេង​ថា បើ​ទោះ​ជា​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ​ក៏ដោយ វា​អាច​មាន​ហានិភ័យ​ខ្ពស់​ដល់​អ្នក​សារព័ត៌មាន និង​មន្ត្រី​ដទៃ​ទៀត​របស់​លោក​ដែល​នឹង​ចូលរួម​កិច្ចប្រជុំ​នេះ​។ យ៉ាងណា លទ្ធផល​ធ្វើតេស្ត​នៅ​ពុំ​ទាន់​រក​ឃើញ​ថា លោក ហ៊ុន សែន កើត​ជំងឺ​កូវីដ​១៩ នៅឡើយ​ទេ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​រឿង​អវត្តមាន​របស់​លោក ហ៊ុន សែន នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ​បាន​ទេ ដោយសារតែ​លោក​ពុំ​លើក​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃ​​​​ទី​០៦ វិច្ឆិកា​។ យ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP រាយការណ៍​ថា លោក ហ៊ុន សែន បាន​សុំ​ឲ្យ​មានការ​យោគយល់​ពី​សម​ភាគី និង​ដៃគូ​អាស៊ាន ជុំវិញ​បញ្ហា​អវត្តមាន​របស់​លោក ហើយ​ថា លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​តំណាង​ឲ្យ​រូបលោក​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ ដោយសារ​តែ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ក៏​កំពុង​អនុវត្ត​វិធានការណ៍​ចត្តាឡឺស័ក​រយៈពេល ១៤​ថ្ងៃ​ដែរ។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល មើល​ឃើញ​ថា អវត្តមាន​របស់​លោក ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ អាច​ដោយសារតែ​ការ​លើកឡើង​របស់​អតីត​អ្នកការទូត​ប្រទេស​សិង្ហបុរី លោក ប៊ីឡាហារី កូស៊ីកាន (Bilahari Kausikan) ដែល​បាន​ថ្លែង​កាលពី​ចុងខែ​តុលា​ថា កម្ពុជា និង​ឡាវ​គួរតែ​ត្រូវ​បាន​បណ្ដេញ​ចេញពី​សមាគម​អាស៊ាន​។ កាលណោះ អតីត​អ្នកការទូត​សិង្ហបុរី​រូប​នោះ បាន​ផ្តល់​អំណះអំណាង​ថា នេះ​គឺ​ដោយសារតែ កម្ពុជា និង​ឡាវ មាន​ទំនោរ​ឃ្លីងឃ្លោង​ងាក​ទៅ​រក​កំហុស​ដូច​កាលពី​ចុង​ទសវត្សរ៍​ទី​៦០ និង​៧០ ដែល​លោក​ចង់​សំដៅ​ថា ប្រទេស​ទាំងពីរ​នេះ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ប្រទេស​ចិន​កុម្មុយនិស្ត។ ទស្សនៈ​របស់​អតីត​អ្នកការទូត​សិង្ហបុរី​រូប​នេះ បាន​បណ្ដាល​ឲ្យ​មាន​សង្គ្រាម​ប៉ាកា​ជាមួយ​មន្ត្រី​ការទូត​កម្ពុជា​មួយ​ចំនួន​។

ក្នុង​នោះ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក កៅ គឹមហ៊ួន បាន​បញ្ចេញ​ទស្សនៈ​ជា​លក្ខណៈ​បុគ្គល​ផ្ទាល់ខ្លួន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​ហៅ​ការ​អំពាវនាវ​របស់​អ្នកការទូត​សិង្ហបុរី​រូប​នោះ ថា​ជា​សកម្មភាព​«​បំផ្លាញ​ស្មារតី​នៃ​សមាហរណកម្ម​អាស៊ាន​» និង​ថា​ជា​សកម្មភាព «​បញ្ឆោត​យក​ចំណេញ​»​លើ​ប្រទេស​កម្ពុជា។

បញ្ហា​អវត្តមាន​របស់​លោក ហ៊ុន សែន នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ខាងមុខនេះ ត្រូវ​អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត សេង សារី លើក​ហេតុផល​ថា នឹង​ធ្វើ​ឲ្យ​ខាតបង់​ប្រយោជន៍​មួយ​ចំនួន​ធំ​របស់​កម្ពុជា ស្រប​ពេល​ដែល​ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ាន កំពុង​តែ​មាន​មន្ទិលសង្ស័យ​មក​លើ​កម្ពុ​ជា ក្នុង​រឿង​មាន​ទំនាក់ទំនង​ពិសេស​ស្អិតល្មួត​ជាមួយ​មហាអំណាច​ចិន​តែម្ដង​៖ «វា​ជា​រឿង​ដែល​ខាតបង់​ប្រយោជន៍​មួយ​ចំនួន​ធំ ហើយ​ជាពិសេស​អំឡុង​ពេល​ដែល​សមាជិក​អាស៊ាន​ផ្សេងទៀត ក៏​កំពុងតែ​សម្លឹង​មើល​កម្ពុជា​ថា ជា​ប្រទេស​ដែល​មាន​និន្នាការ​ទៅលើ​ការ​គាំទ្រ​ទៅលើ​មហាអំណាច​ចិន ហើយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​សន្តិសុខ​អាស៊ាន​...​។ កិច្ចប្រជុំ​អាស៊ាន​លើក​នេះ វា​ជា​ឱកាស​មួយ​ដែល​កម្ពុជា​អាច​ចូលរួម​បំភ្លឺ​ទៅលើ​អ្វី​ដែល​ជា​មន្ទិល​សង្ស័យ​របស់​សមាជិក​ដទៃ​ទៀត​។ អ៊ីចឹង ការ​ខកខាន​លើក​នេះ វា​អាច​ធ្វើ​ឲ្យ​មន្ទិលសង្ស័យ​របស់​សមាជិក​ដទៃ​នៅតែ​បន្ត​សង្ស័យ​លើ​កម្ពុជា​យើង»

បណ្ឌិត សេង សារី ពន្យល់​បន្ថែម​ថា ចិន​អាច​នឹង​ពិចារណា​ឡើងវិញ​អំពី​ទម្ងន់​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ប្រសិនបើ​កម្ពុជា​បាត់បង់​សមាជិកភាព​ចេញពី​តំបន់​អាស៊ាន​មែន​នោះ។ កាល​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​កន្លង​ទៅ កម្ពុជា ធ្លាប់​បាន​ចេញ​មុខការ​ពារ​ចិន​ជា​ចំហ នៅ​ក្នុង​រឿង​ជម្លោះ​រ៉ាំរ៉ៃ​ដណ្ដើម​ប្រជុំ​កោះ​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង រវាង​ប្រទេស​ចិន និង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​។ ជាជាង​គាំទ្រ​ប្រទេស​អាស៊ាន​គ្នា​ឯង កម្ពុជា​បាន​រារាំង​មិន​ឲ្យ​សមាគម​អាស៊ាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ណាមួយ​ថ្កោលទោស​ប្រទេស​ចិន​បាន នៅ​ក្នុង​វិបត្តិ​ជម្លោះ​ដណ្ដើម​អធិបតេយ្យ​លើ​ប្រជុំ​កោះ​ទាំងនេះ​។ ជំហរ​របស់​កម្ពុជា​នេះ ធ្វើ​ឲ្យ​មានការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​ប្រទេស​ដែល​ពាក់ព័ន្ធ​ទាំងនេះ។

ជា​ដំណោះស្រាយ​លើ​បញ្ហា​បែកបាក់​នៅ​ក្នុង​តំបន់​អាស៊ាន​នេះ អ្នក​ជំនាញ ក្រិកហ្គោរី ផលីង ផ្ដល់​អនុសាសន៍​ថា ជា​រឿង​សំខាន់​ដែល​សមាគម​នេះ​ត្រូវ​ទទួលស្គាល់​អំពី​ភាព​នៅ​មាន​កម្រិត​របស់​ខ្លួន ដែល​ថា អាស៊ាន​ពុំ​មាន​សមត្ថភាព​អាច​ដោះស្រាយ​បញ្ហា​នយោបាយ និង​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ ជាពិសេស​បញ្ហា​ទាំងឡាយ​ណា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​ចិន​បាន​នោះ​ឡើយ​។ លោក​ថា ដូច្នេះ​ហើយ សមាគម​អាស៊ាន​ចាំបាច់​ត្រូវ​យក​បញ្ហា​អស់​ទាំងនោះ ទៅ​ដោះស្រាយ​នៅ​ក្រៅ​រង្វង់​យន្តការ​អាស៊ាន​។ លោក​បន្ត​ថា អាស៊ាន​មិន​ត្រូវ​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ឬ​បញ្ហា​តំបន់​មេគង្គ​នោះ​ទេ ក៏ប៉ុន្តែ អាស៊ាន​គួរតែ​ផ្ដោត​លើ​បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល