អ្នក​ប្រើ​​បណ្ដាញ​សង្គម​ចង់​ឲ្យ​រដ្ឋាភិបាល​ប្រើ​យន្តការ​តុលាការ​អន្តរ​ជាតិ​ដោះ​ស្រាយ​បញ្ហា​កោះ​​គជ់

0:00 / 0:00

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចង់​ឲ្យ​រដ្ឋាភិបាល​ប្រើ​យន្តការ​តុលាការ​អន្តរជាតិ ដើម្បី​ដោះ​ស្រាយ​បញ្ហា​កោះ​គជ់ ខណៈ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គ្រួសារ​ត្រកូល « ហ៊ុន» ពីរ​នាក់​ឪពុក និង​កូន​ថា កុំ​ឲ្យ​ពលរដ្ឋ​ខ្វល់​រឿង​កោះ​គជ់ ហើយ​បាន​ចោទ​ប្រកាន់​លើ​អ្នក​ដែល​ប្រតិកម្ម​រឿង​កោះ​គជ់​ថា ជា​ក្រុម​ប្រឆាំង​ ជ្រុល​និយម ដែល​មាន​បំណង​យក​រឿង​នេះ​ ដើម្បី​កេង​ចំណេញ​នយោបាយ តាម​រយៈ​ការ​ញុះញង់​ប្រជាពលរដ្ឋ​ឱ្យ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល។

ពលរដ្ឋ​ខ្មែរ​ក្នុង​ស្រុក និង​នៅ​ទូទាំង​ពិភពលោក កំពុង​ព្រួយ​បារម្ភ​រឿង​បាត់​បង់​ទឹកដី​ទៅ​ប្រទេស​ជិត​ខាង រួម​មាន ថៃ និង​វៀតណាម​ជា​ដើម ជា​ពិសេស បញ្ហា​កើត​ជម្លោះ​ថ្មី​ចុង​ក្រោយ​នេះ​ទៀត គឺ​រឿង​ការ​គ្រប់គ្រង​តំបន់​កោះ​គជ់ លើ​ឈូង​សមុទ្រ​ខ្មែរ-ថៃ។

ការ​ព្រួយ​បារម្ភ​នេះ ដោយ​សារ​ពួក​គាត់​មើល​ឃើញ​រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​បង្ហាញ​គោល​ជំហរ​ច្បាស់​លាស់​នៅ​ឡើយ ជុំវិញ​ដំណោះស្រាយ​លើ​ភាព​ចម្រូង​ចម្រាស​នៃ​ការ​គ្រប់គ្រង​កោះ​គជ់។

Koh_Kuch_beach_111824_8.jpgOpens in new window
ទិដ្ឋភាព​ឆ្នេរនៅ​កោះ​គជ់ ថត​ថ្ងៃ​ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។​ ចុចលើរូបថតនេះ ដើម្បីទៅមើលរូបផ្សេងទៀត

ចំណែក​រដ្ឋាភិបាល​ថៃ គេ​បាន​ដាក់​គោល​ដៅ​ច្បាស់​លាស់​ហើយ​ថា ទោះបី​ករណី​នេះ​ឈាន​ដល់​ការ​ប្រកាស​សង្គ្រាម​ក៏​ដោយ គឺ​ដាច់​ខាត ​ត្រូវតែ​ដណ្ដើម​កោះ​គជ់​មក​គ្រប់​គ្រង់​ផ្ដាច់​មុខ​ឲ្យ​ទាល់​តែ​បាន។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​យូធូប​ម្នាក់ ( @SrHe-l6b) បាន​បញ្ចេញ​មតិ​ដោយមាន​ក្ដី​កង្វល់​ជុំវិញ​រឿង​នេះ​ថា « ក្នុង​នាម​ខ្ញុំ​ជា​កូន​ខ្មែរ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ទឹក​ដីខ្មែរ​យើង​ណាស់ ដូច្នេះ​ហើយ ក្នុង​នាម​ខ្ញុំ​ជា​កូន​ខ្មែរ​ស្នើ​សុំ​រដ្ឋាភិបាល​ខ្មែរ​ដោះស្រាយ​វិវាទ​ព្រំដែន​ទឹក​ខ្មែរ​ថៃ​ឲ្យ​បាន​ច្បាស់​លាស់ »

ចំណែក​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​ដាក់​ឈ្មោះ ថា រ៉ា ចិត្ត ( Ra Chet) បញ្ចេញ​មតិ​ដោយ​បង្ហាញ​ក្ដី​កង្វល់​ជុំវិញ​រឿង​នេះ​ដែរ​ថា៖ «មនុស្ស​ស្លាប់ អាច​កើត​ឡើង​វិញ​បាន តែ​ទឹក​ដី បើ​បាត់​បង់​ហើយ​មិន​អាច​កើត​ឡើង​វិញ​បាន​ទេ ត្រូវ​ចូល​រួម​ថែ​រក្សា ការពារ ទាំង​អស់​គ្នា សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ»។

រី​ឯ​អ្នក​ប្រើ​បណ្ដាញ​សង្គម​យូធូប​ម្នាក់​ទៀត ដាក់​ឈ្មោះ​ថា ជឿន សុខលុច បាន​បញ្ចេញ​មតិ​របៀប​លេងសើច​បន្តិច។

គាត់​សរសេរ​ថា « បើ​សួរ​ថា កោះ​គជ់ និង​កោះ​មាន់ មួយ​ណា​ឆ្ងាញ់​ជាង ? ខ្ញុំ​ថា កោះ​មាន់​ឆ្ងាញ់​ជាង តែ​បើ​សួរ​ថា កោះ​គជ់​ជា​របស់​ខ្មែរ ឬ​របស់​ថៃ ខ្ញុំ​សូម​មិន​ឆ្លើយ ទុក​ឲ្យ​អ្នក​ជាតិ​និយម​ខ្លះ​ឆ្លើយ​ចុះ។

គាត់​សរសេរ​បន្ត​ថា សូម​កុំ​បារម្ភ​ថា ជា​របស់​នរណា អ្វី​ដែល​ត្រូវ​បារម្ភ​នោះ​គឺ៖

- តើ​ភាគី​កម្ពុជា​ទទួល​ផល​ចំណេញ និង​បាន​ទាញ​ប្រយោជន៍​អ្វី​ខ្លះ ក្រោយ​ការ​យល់​ព្រម​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់​គ្នា (MOU) ឆ្នាំ២០០១ រវាង​ទ្វេភាគី តើ​វា​សម​តុល្យ​គ្នា​ទេ ?

- តើ​ភាគី​ទាំង​ពីរ ( កម្ពុជា ថៃ ) អាច​ដោះ​ស្រាយ​ជម្លោះ នៅ​តំបន់​ត្រួត​ស៊ីគ្នា (OCA) (Overlapping Claims Areas) បាន​ដែរ​ឬ​ទេ ?

- ប្រសិន​បើ​ភាគី​ថៃ​ថា​កោះ​គជ់​ជា​របស់​ខ្លួន តើ​កម្ពុជា​មាន​សេណារីយ៉ូ ដើម្បី​ការពារ​និង​ទាមទារ​កោះ​នោះ​មក​វិញ​ស្រប​ច្បាប់​អន្តរជាតិ LOSC ឆ្នាំ១៩៨២ ដែរ​ឬ​ទេ

ដោយ​ឡែក អ្នក​ប្រើបណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​ដាក់​ឈ្មោះ​ថា ផល្លា ជុន ( Phalla Chhun) គាត់​បញ្ចេញ​ទស្សនៈ​ថា មេដឹកនាំ​ខ្មែរ​ខួរ​យួន (វៀតណាម) ទើប​សៀម​គេ​ហ៊ាន សៀម​គេ​ដឹង​មេ​ដឹក​នាំ​ខ្មែរ​គិតតែ​រឿង​អំណាច​ ចង់​បាត់​ដី​ បាត់​អី​បាត់​ទៅ កុំ​ឱ្យ​តែ​បាត់​អំណាច​អញ»។

ចំណែក​អ្នក​ប្រើបណ្ដាញ​សង្គម​យូធូប ដែល​ដាក់​ឈ្មោះ​ថា ម៉ាចាន់សុភាឧត្តម ( @machansopheaoudom8577) បាន​បញ្ចេញ​មតិ​របៀប​ផ្តល់​ជា​ដំណោះ​ស្រាយ​ជុំវិញ​រឿង​នេះ​ថា «ខ្ញុំ​បាទ​ឲ្យ​ចំណុច​ពីរ គឺ​ត្រូវ​តែ​ដោះស្រាយ​ដែន​សមុទ្រ​រវាង​ប្រទេស​ទាំង​ពីរ មួយ​ទៀត គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ចេញ​បំភ្លឺ​នឹង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ៗ​ជុំវិញ​រឿង​បញ្ហា​ព្រំដែន​ទឹក​សមុទ្រ​ត្រួត​ស៊ីគ្នា។

ចំណែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នៅ​ថ្ងៃ​ទី២១ វិច្ឆិកា បាន​ថ្លែង​ថា ការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា​រក្សា​ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហា​កោះ​​គជ់​នេះ គឺ​ដោយ​ផ្អែក​លើ​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ និង​ការ​ទទួល​ខុស​ត្រូវ ចំពោះ​ជាតិ និង​ប្រជាពលរដ្ឋ ចំពោះ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ ដោយ​លោក​អះអាង​ថា មិន​មែន​ធ្វើ​តាម​ការ​រុញ​ច្រាន​របស់​ក្រុម ដែល​លោក​ហៅ​ថា ជា​អ្នក​ប្រឆាំង​ជ្រុល​និយម​នោះ​ឡើយ។

លោក ហ៊ុន ម៉ាណែត៖ « ព្រំដែន​សមុទ្រ យើង​មិន​ទាន់​ឯកភាព​គ្នាទេ ចរចាគ្នា​ច្រើន​ដង​ហើយ តែ​មិន​ទាន់​មាន​ការ​ឯកភាព។ បើ​មិន​ទាន់​មាន​ការ​ឯកភាព ថា តើ​យើងបាត់​ស្អី ? ចេះ​តែ​ថា ក្បត់​ជាតិ បាត់ កោះ បាត់​ស្អី បើមិនទាន់មាន​ការ​ឯកភាព​គ្នា​ផង​ហ្នឹង ហើយ​ឱ្យ​ទៅ​ប្ដឹង ICJ ម៉េច បើ​យើង​មិនទាន់​មាន​ការឯកភាព​ស្អី​ផង។ ប្ដឹង​ស្អី ? គេ​សួរ​ប្ដឹង​រឿង​អី ? ហើយ​ឱ្យ​រដ្ឋាភិបាល​មិន​នៅ​ស្ងៀម ឱ្យរដ្ឋាភិបាល​លើក រវល់​តែ​តតាំង​រឿង​ទៅ​ពន្យល់ ICJ ស្អី។ វា​អត់​មាន​រឿង រឿង​ផ្ទះ​គេសោះ ឯង​យក​មក ចង់​ដុត​នៅ​ក្នុង ( ប្រទេស

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត យ៉ាង​ដូច្នេះ អ្នក​ប្រើ​បណ្ដាញ​សង្គម​យូធូប ដែល​ដាក់​ឈ្មោះ​ថា ភារម្យ សុខ (@PhearomSok) បាន​បញ្ចេញ​ទស្សនៈ​ថា « កុំ​យក​ភ្លើង​ចូល​ផ្ទះ ? តែ​នេះ​គេ​យក​ភ្លើង​មក​ដុត​ផ្ទះ​យើង​ណា កុំ​និយាយ​បោក​រាស្ត្រ គេ​មិន​ជឿ​ទេ »

ដោយ​ឡែក អ្នក​ប្រើ​ហ្វេសប៊ុក ដែល​មាន​ឈ្មោះ​ថា សុវឌ្ឍិន ម៉ម (Sovathin Mam) ក៏​ទំនង​បញ្ចេញ​មតិ​ឆ្លើយ​តប​នឹង​ការ​ថ្លែង​ប្រតិកម្ម​ទៅ​នឹង​គណបក្ស​ប្រឆាំង ជុំវិញ​ជម្លោះ​កោះ​គជ់​នេះ​ដែរ​ថា «ចោទ​អ្នក​ប្រឆាំង​ថា​ក្បត់​ជាតិ ​ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ឃើញ​ថា​អ្នក​ប្រឆាំង​កាត់​ដី​អោយ​បរទេស​ណា​ទេ!

ចំណែក​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ទៀត ដែល​មាន​ឈ្មោះ​ថា ស្រុក​សម្ដេច (Srok Samdeach) បើ​ហ៊ាន​ធ្វើ លោក ហ៊ុន ម៉ាណែត នឹង​ឡើង​កូដ មិន​បាច់​ចាប់​អ្នក​តវ៉ា​ដាក់គុក​ទេ»។

នៅ​ចុង​ក្រោយ គឺ​ជា​ទស្សនៈ​របស់​ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ផ្សេង​ទៀត ដែល​មាន​ឈ្មោះ​ថា ស៊ូ ខេមរិន្ទ ( Sou Khemrin )។ លោក​ជា​អ្នក​កវីនិពន្ធ លោក​សរសេរ​ចេញ​មក​ជា​អត្ថបទ​កំណាព្យ មាន​ចំណង​ជើង​ថា «កោះ​គជ់» ជា​បទ​ព្យាង្គ៧ ដូច​ត​ទៅ​នេះ៖

នឹក​រឿង​កោះ​គជ់ មុជ​ទឹក​ភ្នែក ចិន្ដា​សង្វេគ​ប្រវត្តិសាស្ត្រ ស្ដាប់​ពាក្យ​បណ្ឌិត ឥត​អៀន​ខ្មាស បែក​ន័យ​ព្រាត់​ប្រាស ផ្ដាស​ចោល​ខ្មែរ។

កោះ​គជ់ កោះកេរ ឆ្នេរ​មិន​ឆ្ងាយ នៅ​កៀក​នឹង​ម្ដាយ ម្ដេច​ប្រួល​ប្រែ? បណ្ឌិត​ត្រូវ​ព្រួយ ស្ទួយ​មើល​ថែ ឱ្យ​គជ់​នៅតែ ក្បែរ​កោះ​កុង។

កុំ​ឆ្លង​ដល់​ត្រើយ ឆ្លើយ​លែង​ត្រង់ ក្បាល​តាម​គេ​ចង់ បង់​សំយុង ប្រយោជន៍​តិចតួច លួច​ចូល​ទ្រុង ងងឹត​សូន្យ​សុង លង់​ក្បត់​សាសន៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។