គ្រួសារ​មន្ត្រី​បក្ស​ភ្លើងទៀន​ខេត្ត​ត្បូងឃ្មុំ​បន្ត​ទទូច​ឱ្យ​ស៊ើបអង្កេត​ការ​ស្លាប់​លោក ហែម ហឿន

0:00 / 0:00

គ្រួសារ​មន្ត្រី​គណបក្ស​ភ្លើងទៀន នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​អាជ្ញាធរ​អះអាង​ថា ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្នាក់​ឯង គ្រោង​រៀបចំ​ពាក្យ​បណ្ដឹង ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​បើក​ការស្រាវជ្រាវ រក​មូលហេតុ​ពិតប្រាកដ។ សង្គម​ស៊ីវិល ជំរុញ​ឱ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​រឿង​នេះ​បន្ថែម​ទៀត ដើម្បី​បកស្រាយ​ឱ្យ​គ្រួសារ​ជនរងគ្រោះ និង​មហាជន​អស់ចិត្ត។

សាច់ញាតិ​របស់​គណបក្ស​ភ្លើងទៀន​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ជា​ជំទប់​ទី​២​ឃុំ​ត្រមូង លោក ហែម ហឿន លើកឡើង​ថា ការ​ស្លាប់​របស់​លោក ហែម ហឿន កាលពី​ថ្ងៃទី ២៤ ខែកញ្ញា កន្លង​មក​នេះ មាន​ចំណុច​សង្ស័យ​ជាច្រើន ដែល​ធ្វើ​ឱ្យ​ពួកគាត់​មិន​អាច​ទទួល​យក​ការ​បកស្រាយ​របស់​អាជ្ញាធរ​បាន​ឡើយ។

ប្រពន្ធ​របស់ លោក ហែម ហឿន គឺ​លោកស្រី ឈឿន ចាន់ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៧ កញ្ញា ថា លោកស្រី​មិនទាន់​ទទួល​ព័ត៌មាន​បន្ថែម​ពី​អាជ្ញាធរ ជុំវិញ​លទ្ធផល​ការស៊ើបអង្កេត លើ​ករណី​ស្លាប់​របស់​ប្ដី​លោកស្រី​នៅឡើយ។ លោកស្រី​លើកឡើង​ថា ការ​បកស្រាយ​របស់​អាជ្ញាធរ ដែល​ថា​ប្ដី​របស់​លោកស្រី ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នោះ មាន​ចំណុច​ជាច្រើន ដែល​លោកស្រី​មិន​យល់ស្រប ព្រោះ​ផ្ទុយ​ពី​ចរិតលក្ខណៈ​របស់​ប្ដី​លោកស្រី មាន​ដូចជា ប្ដី​របស់​លោកស្រី​តែងតែ​ប្រយ័ត្នប្រយែង ក្នុង​ការ​បើកបរ ដោយ​មិន​បើក​ឱ្យ​ហួស​ពី​ល្បឿន​កំណត់ ឬ​បើកបរ​ទាំង​មាន​ជាតិ​ស្រវឹង និង​គ្មាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ​នោះ​ឡើយ ហើយ​ត្រង់​ចំណុច​ផ្លូវ​ដែល​ប្ដី​លោកស្រី​ជួប​គ្រោះថ្នាក់​នោះ ក៏​មិន​មាន​ការ​លំបាក​នោះ​ដែរ។

លោកស្រី ឈឿន ចាន់៖ «អ៊ីចឹង​បាន​ថា ខ្ញុំ​មិន​អស់ចិត្ត​។ ក្នុង​ចិត្ត​ខ្ញុំ​នៅ​មន្ទិល​នៅ​ឡើយ។ ខ្ញុំ​ជា​ប្រពន្ធ ខ្ញុំ​តែងតែ​ដាស់តឿន​គាត់​ដែរ​ថា ឯង​អើយ​!មុន​និយាយ​អ្វីមួយ ចេញ​អ្វីមួយ ធ្វើ​អ្វីមួយ ខ្លួនឯង​ធ្វើ​ឱ្យ​ហ្មត់ចត់​ណា​ឯង ព្រោះ​យើង​មិនដឹង​នរណា​គេ​ស្រលាញ់ នរណា​ស្អប់​យើង​។ គាត់​ថា ឯង​មិនបាច់​និយាយ​ទេ​រឿង​ហ្នឹង ខ្ញុំ​ដឹង​ហើយ ព្រោះ​អី​ខ្ញុំ​ធ្វើ​ខាង​ហ្នឹង ខ្ញុំ​ដឹង​ជាង​ឯទៀត»។

ទោះជា​យ៉ាងណា លោកស្រី ឈឿន ចាន់ បញ្ជាក់​ថា លោកស្រី​នឹង​រៀបចំ​ពាក្យបណ្ដឹង ដើម្បី​ស្នើ​ទៅ​អាជ្ញាធរ​ឱ្យ​ស៊ើបអង្កេត​ករណី​នេះ​ជា​បន្ត ក្រោយ​បញ្ចប់​ពិធីបុណ្យ​គម្រប់​ខួប ៧​ថ្ងៃ​របស់​ប្ដី នៅ​ថ្ងៃទី ២៩ ខែ​កញ្ញា។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​លោក ឡោ ចាន់ណា នាយ​ប៉ុស្តិ៍​ឃុំ​ត្រមូង និង​អធិការ​រង​នគរបាល​ស្រុក​មេមត់ ទទួល​បន្ទុក​ផែន​ចរាចរណ៍​លោក យឹម គីមស៊ន ដើម្បី​បកស្រាយ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី២៧ ខែ​កញ្ញា ដោយ​លោក​ប្រាប់​ថា រវល់​ជាប់​ប្រជុំ។

ជុំវិញ​រឿង​នេះ មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស និង​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម លោក ឡេង សេងហាន យល់ឃើញ​ថា ដោយសារ ជនរងគ្រោះ គឺ​លោក ហែម ហឿន កន្លងមក​ធ្លាប់​ទទួលរង​ការ​គំរាមកំហែង​ផ្នែក​នយោបាយ ហើយ​ដែល​កត្តា​នេះ គឺជា​ហេតុផល​ដែល​គ្រួសារ​ជនរងគ្រោះ មានការ​សង្ស័យ​ថា មាន​ភាព​មិន​ប្រក្រតី​។ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ ស៊ើបអង្កេត​រឿង​នេះ​បន្ថែម ដើម្បី​បកស្រាយ​ឱ្យ​គ្រួសារ​ជនរងគ្រោះ និង​មហាជន​អស់ចិត្ត និង​លែង​មាន​ការសង្ស័យ។

លោក ឡេង សេងហាន៖ «វា​ពិបាក​ដែរ ដោយសារ​កន្លែង​កើត​ហេតុ​អត់​មាន​នរណា​បានឃើញ​ជាក់លាក់ ថា គាត់​យ៉ាងម៉េច​។ អ៊ីចឹង​ទៅ​គ្រាន់តែ​យើង​ដាក់​ការ​សង្ស័យ​ថា មុន​កើតហេតុ គាត់​ចេញ​ពី​ជួប​ជាមួយ​សកម្មជន​របស់​គាត់ ទីមួយ​។ ទី​ពីរ គាត់​ជា​មនុស្ស​សកម្ម ហើយ​គាត់​ត្រូវ​បាន​គេ​ឃ្លាំមើល​កន្លង​មក»។

លោក ហែម ហឿន គឺជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឃុំ​ត្រមូង ស្រុក​មេមត់ កាលពី​ឆ្នាំ​២០១៧។ បច្ចុប្បន្ន​លោក​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ឃុំ និង​ជា​ជំទប់​ទី​២ ឃុំ​ត្រមូង មកពី​គណបក្ស​ភ្លើងទៀន។

ប្រពន្ធ​លោក ហែម ហឿន ស្នើ​ឱ្យ​អាជ្ញាធរ​បើក​ការស៊ើបអង្កេត ដើម្បី​រក​ភស្តុតាង​មក​បញ្ជាក់​ថា ករណី​នេះ​បណ្ដាល​មក​ពី​គ្រោះថ្នាក់​ចរាចរណ៍ ឬក៏​ជាប់​ទាក់ទង​នឹង​រឿង​នយោបាយ ពីព្រោះ​កាល​ពី​នៅ​មាន​ជីវិត ប្ដី​របស់​លោកស្រី​ធ្លាប់​រង​ការ​ធ្វើទុក្ខបុកម្នេញ និង​ព្រួយបារម្ភ​អំពី​សុវត្ថិ​ភាពជា​បន្ត​បន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។